ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden នៅ​រក្សា​ទុក​ជំហរ​ពាណិជ្ជកម្ម​តឹងរ៉ឹង​របស់​លោក Trump ចំពោះ​ប្រទេស​ចិន


រូបឯកសារ៖ រថយន្ត​ដឹកទំនិញ នៅ​កំពង់ផែ​ទឹកជ្រៅ Yangshan ក្នុង​ទីក្រុង​សៀងហៃ​នៃ​ប្រទេស​ចិន នៅ​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​អ្នកស្រី Gina Raimondo បាន​សន្យា​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Joe Biden នឹង​បន្ត​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​ខ្លាំងក្លា​ដែល​រដ្ឋបាល​របស់​លោក​អតីត​ប្រធានាធិបតី Donald Trump បាន​អនុវត្ត​ជាមួយ​នឹង​ប្រទេស​ចិន។

អ្នកស្រី​បាន​និយាយ​ថា អ្នកស្រី​នឹង​ធ្វើការ «ឲ្យ​បាន​ខ្លាំងក្លា​តាម​ដែល​អាច​ធ្វើ​បាន​ដើម្បី​ការពារ​អ្នក​ធ្វើការ​និង​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក​ពី​ការ​អនុវត្ត​មិន​ត្រឹមត្រូវ​របស់​ប្រទេស​ចិន»។

ថ្លែង​ក្នុង​អំឡុងពេល​សន្និសីទ​កាសែត​នៅ​សេតវិមាន អ្នកស្រី Raimondo បាន​បញ្ជាក់​ថា ការ​យក​ពន្ធគយ​ដែល​បាន​ធ្វើ​ឡើង​ក្នុង​រដ្ឋបាល​លោក Trump និង​ដែល​ត្រូវ​បាន​គណបក្ស​ប្រជាធិបតេយ្យ​រិះគន់​នៅពេល​នោះ «តាម​ពិត បាន​ជួយ​ស្រោចស្រង់​ការងារ​ក្នុង​ឧស្សាហកម្ម​ដែក​ថែប​និង​អាលុយមីញ៉ូម​នៅ​សហរដ្ឋ​អាមេរិក»។

សរុប​មក សហរដ្ឋ​អាមេរិក​នៅ​រក្សាទុក​ការ​យក​ពន្ធគយ​លើ​ទំនិញ​នាំ​ចូល​ចំនួន ៦៦% ពី​ប្រទេស​ចិន​ដដែល។ អ្នកស្រី Raimondo បាន​លើកឡើង​ថា ពន្ធគយ​នាំចូល​ទាំង​នោះ​ គឺជា​ការ​ចាំបាច់​ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ស្មើ​គ្នា​នៅ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ។

កាលពី ៣ ឆ្នាំ​មុន លោក Trump បាន​យក​ពន្ធគយ​ចំនួន ២៥% លើ​ដែក​ថែប និង ១០% លើ​អាលុយមីញ៉ូម ដែល​នាំចូល​មកពី​ប្រទេស​ភាគ​ច្រើន ដោយ​បាន​អះអាង​ថា វា​គឺជា​បញ្ហា​សន្តិសុខ​ជាតិ​ដើម្បី​ធានា​ថា ផលិតកម្ម​លោហធាតុ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​អាច​នៅ​បន្ត​ដង្ហើម​បាន។

ឱនភាព​ទំនិញ​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​ប្រទេស​ចិន​ បាន​កើនឡើង ១១,៤% ចាប់ពី​ខែ​មករា​មក រហូត​ទៅ​ដល់​ចំនួន ៣០ ពាន់ ៣ រយ​លាន​ដុល្លារ​នៅ​ក្នុង​ខែ​កុម្ភៈ។ នេះ​បើ​យោង​តាម​ស្ថិតិ​ដែល​បាន​ចេញផ្សាយ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ។

ការ​ស្ទង់មតិ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew កាលពី​ឆ្នាំ​មុន បាន​រកឃើញ​ថា ពលរដ្ឋ​អាមេរិកាំង​ជិត ៩ នាក់ ក្នុង​ចំណោម ១០ នាក់ ចាត់ទុក​ប្រទេស​ចិន​ថា ​ជា​គូ​ប្រជែង​ឬ​ជា​សត្រូវ ជាជាង​ជា​ដៃគូ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG