ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន​និង​អាមេរិក​សម្តែង​​ក្តី​បារម្ភ​ដូច​គ្នា​​អំពី​​ចិន​​នៅ​​ពេល​រដ្ឋមន្ត្រី​ប្រទេស​ទាំង​ពីរ​​ជួប​​ប្រជុំ​នៅ​​តូក្យូ


នាយករដ្ឋមន្ត្រី​ជប៉ុន លោក Yoshihide Suga (ស្ដាំ) រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken (កណ្ដាល) និង​រដ្ឋមន្ត្រី​ការពារ​ប្រទេស​​របស់​សហរដ្ឋ​អាមេរិក លោក Lloyd Austin (ឆ្វេង) ថតរូប​ជុំ​គ្នា​ ក្នុង​ជំនួប​មួយ​នៅ​ទីក្រុង​តូក្យូ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។
នាយករដ្ឋមន្ត្រី​ជប៉ុន លោក Yoshihide Suga (ស្ដាំ) រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken (កណ្ដាល) និង​រដ្ឋមន្ត្រី​ការពារ​ប្រទេស​​របស់​សហរដ្ឋ​អាមេរិក លោក Lloyd Austin (ឆ្វេង) ថតរូប​ជុំ​គ្នា​ ក្នុង​ជំនួប​មួយ​នៅ​ទីក្រុង​តូក្យូ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​និង​ការបរទេស​មក​ពី​សហរដ្ឋ​អាមេរិក​និង​ជប៉ុន បាន​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​អង្គារ​នេះ​ អំពី​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន​ចំពោះ​មហិច្ឆតា​នៃ​ការ​ទាមទារ​ទឹកដី​កាន់​តែ​ខ្លាំង​ឡើង​របស់​ចិន​ នៅ​ក្នុង​សមុទ្រ​ចិន​ខាង​កើត​និង​ខាង​ត្បូង។ រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Joe Biden កំពុង​ព្យាយាម​ធ្វើ​ការ​បញ្ជាក់​ឡើង​វិញ​ដល់​សម្ព័ន្ធមិត្ត​សំខាន់ៗ​នៅ​ក្នុង​តំបន់​អាស៊ី។ នេះបើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken និង​រដ្ឋមន្ត្រី​ការពារ​ប្រទេស​លោក​ Lloyd Austin បាន​ជួបសមភាគី​ជប៉ុន​គឺ លោក Toshimitsu Motegi រដ្ឋមន្ត្រី​ការបរទេស​និង​លោក Nobuo Kishi រដ្ឋមន្ត្រី​ការពារ​ប្រទេស ​នៅ​ក្នុង​ការ​ប្រជុំ​ដែល​មាន​ឈ្មោះ​ថា «២បូក​និង​២» នៅ​ថ្ងៃ​អង្គារ​នេះ។ លោក Blinken បាន​ថ្លែង​បើក​ការ​ប្រជុំ​ថា រដ្ឋមន្ត្រី​របស់​សហរដ្ឋ​អាមេរិក​មក​ទីនេះ​ ដើម្បី​បញ្ជាក់​ឡើង​វិញ​ពី​ការ​តាំង​ចិត្ត​របស់​អាមេរិក​ដល់​សម្ព័ន្ធភាព ហើយ​នឹង​ធ្វើ​ឲ្យវា​កាន់តែ​រឹងមាំ​ឡើង។

លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ក៏​បាន​បញ្ជាក់​ដែរ​ថា រដ្ឋបាល​របស់​លោក Biden បាន​តាំងចិត្ត​ធ្វើការ​ជាមួយ​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក ​ហើយ​នឹង​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​និង​គាំទ្រ​តម្លៃ​រួម​នៃ​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ពេល​ដែល​ពួកគេ​ប្រឈម​បញ្ហា​សំខាន់ៗ​ពី​ចិន​និង​កូរ៉េ​ខាង​ជើង។

លោក Blinken បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «យើង​ជឿជាក់​លើ​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស​និង​នីតិរដ្ឋ» ក៏ប៉ុន្តែ​គុណតម្លៃ​ទាំង​នេះ​កំពុង​រង​ការ​គំរាមកំហែង​នៅ​ក្នុង​តំបន់ ​«មិន​ថា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ឬ​ចិន»។ លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក បាន​បញ្ជាក់​ទៀត​ថា សហរដ្ឋ​អាមេរិក​នឹង​ធ្វើការ​ជាមួយ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ដើម្បី​ជួយ​ធ្វើ​ឲ្យ​សម្រេច​«ចក្ខុវិស័យ​រួម​មួយ​នៃ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិកដែល​សេរី​និង​បើក​ចំហ»។

ការ​សម្រេច​ចិត្ត​របស់​លោក​ប្រធានាធិបតី Joe Biden ដើម្បី​បញ្ជូន​រដ្ឋមន្ត្រី​សំខាន់ៗ​ទៅប្រទេស​ជប៉ុន​ក្នុងដំណើរ​ទស្សនកិច្ច​ទៅ​បរទេស​លើក​ទី១​របស់​អស់​លោក ជា​ជាង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ក្រុម​មន្ត្រី​ជប៉ុន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ​មាន​អត្ថន័យ​យ៉ាង​ជ្រាល​ជ្រៅ​សម្រាប់​ជប៉ុន​ ដែល​ចាត់ទុក​សម្ព័ន្ធភាព​របស់​ខ្លួន​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ថា​ជាគោល​នយោបាយ​ការទូត​និង​សន្តិសុខចម្បង​របស់​ខ្លួន។

ដោយ​ឡែក​ ទី​ភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Yoshihide Suga បាន​ទទួល​ការ​ចាក់​វាក់សាំង​បង្ការ​កូវីដ១៩​ដូស​ទី១​នៅ​ថ្ងៃ​អង្គារ​នេះ​ ដើម្បី​ប្រុងប្រៀប​ជួប​ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នៅ​ខែ​ក្រោយ ដោយ​លោក Suga បានក្លាយ​ជា​មន្ត្រី​រដ្ឋាភិបាលដំបូងរបស់​ជប៉ុន​ដែល​បាន​ចាក់​វ៉ាក់សាំង​ជា​សាធារណៈ។

មន្ត្រីជប៉ុន​ប្រមាណ​ពី​៨០​ទៅ​៩០នាក់ផ្សេង​ទៀត​ ក៏​នឹង​ត្រូវ​ចាក់​វ៉ាក់សាំង​មុន​ពេល​ធ្វើ​ដំណើរ​នៅ​ដើម​ខែ​មេសា​ទៅ​កាន់​សហរដ្ឋ​អាមេរិក ​ដែល​នៅ​ទី​នោះ​ លោក​នាយក​រដ្ឋមន្ត្រី Suga នឹង​ក្លាយ​ជា​មេដឹកនាំ​ពិភពលោក​លើក​ដំបូងដែល​ជួប​ជាមួយ​លោក​ប្រធានាធិបតី Biden ចាប់តាំង​ពី​លោក​បាន​ក្លាយ​ជា​ប្រធានាធិបតី៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG