ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden មាន​បំណង​បង្កើន​ពន្ធ​ប្រាក់​ចំណូល​លើ​ក្រុមហ៊ុន​សាជីវកម្ម


រូបឯកសារ៖ អ្នកនាំពាក្យ​សេតវិមាន​ អ្នកស្រី​ Jen Psaki បាន​ថ្លែង​អំពី​អត្រាពន្ធ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​មួយ​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១។
រូបឯកសារ៖ អ្នកនាំពាក្យ​សេតវិមាន​ អ្នកស្រី​ Jen Psaki បាន​ថ្លែង​អំពី​អត្រាពន្ធ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​មួយ​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden កំពុង​សម្លឹង​មើល​លើ​ការ​បង្កើន​អត្រា​ពន្ធ​ប្រាក់​ចំណូល​លើ​ក្រុមហ៊ុន​សាជីវកម្ម ដើម្បី​ជួយ​ចំណាយ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​លោក​ក្នុង​ទឹក​ប្រាក់ ២,៣ លាន​លាន​ដុល្លារ។ ប៉ុន្តែ​នៅ​ពេល​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​ធំៗ​និង​ល្បីៗ​រាប់សិប​ក្រុមហ៊ុន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក អាច​បញ្ចៀស​ដោយ​ស្រប​ច្បាប់​បាន​នូវ​ការ​បង់​ពន្ធ​ជូន​រដ្ឋាភិបាល​សហព័ន្ធ។

លោក Biden បាន​មាន​ប្រសាសន៍​ថា លោក​ចង់​បង្កើន​ពន្ធ​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​ពី ២១% ទៅ ២៨%។ អត្រា​ពន្ធ​នេះ​ ត្រូវបាន​កាត់​បន្ថយ​ពី​ចំនួន ៣៥% នៅ​ក្នុង​ឆ្នាំ ២០១៧ នៅ​ក្រោម​រដ្ឋបាល​របស់​លោក​អតីត​ប្រធានាធិបតី Donald Trump។

កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​អ្នកស្រី Janet Yellen បាន​អំពាវនាវ​ឲ្យ​មាន​ការ​កម្រិត​ពន្ធ​អប្បបរិមា​ជា​សាកល​មួយ។

នៅ​ក្នុង​សុន្ទរកថា​ថ្លែង​ទៅ​កាន់​ក្រុមប្រឹក្សា​កិច្ចការ​សាកលលោក Chicago (Chicago Council on Global Affairs) អ្នកស្រី​បាន​និយាយ​ថា ការ​យក​ពន្ធ​នេះ​នឹង​ត្រូវ​អនុវត្ត​លើ​ក្រុមហ៊ុន​ពហុ​ជាតិ មិន​ថា​ក្រុមហ៊ុន​ទាំង​នោះ​មាន​ទីស្នាក់ការ​កណ្ដាល​របស់​ខ្លួន​នៅ​ទីណា​នោះ​ទេ ដើម្បី​រារាំង​ប្រទេស​នានា​កុំឲ្យ​ព្យាយាម​យក​ប្រៀប​លើ​ប្រទេស​ផ្សេង​តាម​រយៈ​ការ​បន្ទាប​អត្រា​ពន្ធ​ដើម្បី​ទាក់ទាញ​ពាណិជ្ជកម្ម។

អ្នកស្រី Yellen បញ្ជាក់​ដូច្នេះ​ថា៖ «ការ​ប្រកួតប្រជែង​គឺជា​អ្វី​ដែល​លើស​ពី​វិធី​ដែល​ក្រុមហ៊ុន​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​សម្ដែង​ឡើង​ទៅ​ទៀត បើ​ប្រៀបធៀប​ជាមួយ​នឹង​ក្រុមហ៊ុន​ផ្សេង​ទៀត​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​ពង្រឹង​ខ្លួន​ជា​សាកល»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «វា​ជា​ការ​ធ្វើ​ឲ្យ​ប្រាកដ​ថា រដ្ឋាភិបាល​មាន​ប្រព័ន្ធ​ពន្ធដារ​ដែល​មាន​លំនឹង​មួយ ដែល​អាច​ប្រមូល​ចំណូល​បាន​គ្រប់គ្រាន់​ដើម្បី​វិនិយោគ​លើ​វិស័យ​សាធារណៈ​សំខាន់ៗ និង​ដើម្បី​ឆ្លើយតប​ចំពោះ​វិបត្តិ​នានា ហើយ​វា​ក៏​ជា​ការ​ធ្វើ​ឲ្យ​ច្បាស់​ផងដែរ​ថា ប្រជាពលរដ្ឋ​ទាំងអស់​រួម​ចំណែក​ដោយ​ស្មើ​ភាព​គ្នា​លើ​បន្ទុក​នៃ​ការ​ផ្គត់ផ្គង់​ថវិកា​ដល់​រដ្ឋាភិបាល»។

សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​រិះគន់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​លោក Biden ថា​ជា​គម្រោង​ដែល​ចំណាយ​ច្រើន​ជ្រុល និង​ងាក​ឆ្ងាយ​ចេញ​ពី​ការ​ជួសជុល​និង​ស្ថាបនា​ផ្លូវ​និង​ស្ពាន​ដែល​ធ្លាប់​ធ្វើ​កន្លង​មក។

មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា​លោក Mitch McConnell បាន​និយាយ​ថា សមាជិក​គណបក្ស​សាធារណរដ្ឋ​នឹង​មិន​គាំទ្រ​លើ​ការ​បង្កើន​ពន្ធ​ដើម្បី​ចំណាយ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​លោក Biden នោះ​ទេ៕

XS
SM
MD
LG