ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​Joe Biden​ នឹង​ផ្សព្វផ្សាយ​​គម្រោង​​ហេដ្ឋារចនាសម្ព័ន្ធ​​ដែល​មាន​ទឹក​ប្រាក់​២​ទ្រីលាន​ដុល្លារ


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​សុន្ទរកថា​អំពី​ការ​ឆ្លើយតប​នឹង​ជំងឺ​កូវីដ១៩ នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​សុន្ទរកថា​អំពី​ការ​ឆ្លើយតប​នឹង​ជំងឺ​កូវីដ១៩ នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។

ប្រធានាធិបតី​អាមេរិក​លោក Joe Biden ​នឹង​ធ្វើ​ដំណើរទៅ​កាន់​ទីក្រុង ​Pittsburgh ​រដ្ឋ Pennsylvania​ នៅ​ថ្ងៃ​ពុធ​នេះ​ដើម្បី​ផ្សព្វផ្សាយផែនការ​ហេដ្ឋារចនា​សម្ព័ន្ធ​ដែលមាន​តម្លៃ​២​ទ្រី​លាន​ដុល្លារ​ដែល​រួម​មាន​ការ​កសាង​ប្រព័ន្ធផ្លូវ​ ស្ពាន ទឹកប្រើប្រាស់​ ប្រព័ន្ធ​អគ្គិសនី​ និង​តំបន់​ឆ្លង​កាត់​ជាដើម។​ ​

មន្ត្រីជាន់​ខ្ពស់​នៃ​រដ្ឋបាល​អាមេរិក​ម្នាក់​ បាន​ប្រាប់​អ្នកយក​ព័ត៌មាននៅ​យប់ថ្ងៃ​អង្គារ​ថា​គម្រោង​នេះ​ នឹង​ត្រូវ​អនុវត្ត​ចប់ក្នុង​រយៈ​ពេល​ប្រមាណ​៨​ឆ្នាំ។​

មន្ត្រី​នោះ​លើក​ឡើង​ថា៖​«នេះ​ជា​គម្រោង​វិនិយោគ​ដែល​មាន​តម្លៃ​ខ្ពស់។​ ជា​គម្រោង​ដែល​អ្នក​ជំនាញ​ជា​ច្រើនបាន​លើក​បង្ហាញពី​ការចូលរួម​ចំណែក​ក្នុង​ការស្តារ​និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​លើ​វិស័យ​សេដ្ឋកិច្ច​ជាតិ។​ យើងគិត​ថា​ នេះ​ជា​គម្រោង​វិនិយោគក្នុង​នាម​ជា​ប្រទេសមួយ​ដែល​យើង​ត្រូវ​ធ្វើ»។​

ប្រធានាធិបតី​ Biden​ បាន​ស្នើ​ផ្តល់ប្រាក់​លើ​គម្រោង​នេះ​ តាម​រយៈការផ្លាស់​ប្តូរការយក​ពន្ធ​លើ​ក្រុមហ៊ុន​ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការបង្កើន​ពន្ធ​លើ​ក្រុមហ៊ុន​ពី​២១%​ទៅ​២៨%​ផង​ដែរ។

អ្នកនាំពាក្យ​សេតវិមាន​ អ្នកស្រី​ Jen Psaki បាន​និយាយ​នៅ​ថ្ងៃ​អង្គារថា​ រដ្ឋបាល​លោក Biden​ បើក​ចំហ​ដល់​ការផ្តល់​គំនិតជុំវិញ​ការផ្តល់ថវិកា​ទៅ​លើ​គម្រោង​នេះ​ ប៉ុន្តែ​ការបារម្ភ​ពី​ស្ថានភាព​ហេដ្ឋារចនា​សម្ព័ន្ធរបស់​ប្រទេស​អាមេរិក​ ត្រូវ​បាន​លើក​ឡើង​ដោយមនុស្ស​ជា​ច្រើនមក​ពី​គ្រប់​និន្នាការ​នយោបាយ​ទាំង​អស់។​ ​

សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​ បាន​ជំទាស់​ទៅ​លើ​ផែន​ការបង្កើន​ពន្ធដារ​របស់លោក Biden ​ដោយ​និយាយ​ថា​ ​បញ្ហា​នេះ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បុគ្គលិក​អ្នកធ្វើការ​ ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ចុះ​ខ្សោយ​ និង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​ថមថយក្នុងការប្រកួត​ប្រជែង​លើ​ទី​ផ្សារ​ពិភពលោក​ជាដើម៕

XS
SM
MD
LG