ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ​នឹង​ចូលរួម​កិច្ចប្រជុំ​G20​ រីឯ​លោកស្រី​​Harris​ ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​និង​អាស៊ី​ខាង​កើត​​


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ​Joe Biden និង ​លោកស្រី​អនុប្រធានាធិបតី ​Kamala Harris នៅ​ក្នុង​អំឡុង​ថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​ទៅ​កាន់​សភាជាតិ​ កាល​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ​Joe Biden និង ​លោកស្រី​អនុប្រធានាធិបតី ​Kamala Harris នៅ​ក្នុង​អំឡុង​ថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​ទៅ​កាន់​សភាជាតិ​ កាល​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣។

លោក​ប្រធានាធិបតី ​Joe Biden ​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច ជឿនលឿន​ចំនួន​២០​ឬ​ G-20 នៅ​ក្នុង​រដ្ឋធានី​ញូវដែលី (New Delhi) ​ប្រទេស​ឥណ្ឌា ​ប៉ុន្តែ​លោក​នឹង​មិន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាមេរិក​អាស៊ាន ​និង​កិច្ចប្រជុំ​កំពូល​អាស៊ី​ខាងកើត ​នៅ​ទីក្រុង​ហ្សាការតា (Jakarta) ​ប្រទេស​ឥណ្ឌូណេស៊ី​ទេ។ លោក​បញ្ជូន​លោកស្រី​អនុប្រធានាធិបតី ​Kamala Harris ​ទៅ​ចូលរួម​វិញ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សេតវិមាន​កាលពី​ថ្ងៃអង្គារ។

ដើម្បី​ជា​ការបង្ហាញ​អំពី​សារៈ​សំខាន់​ដែល​លោក Biden ​បាន​ដាក់​លើ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី Narendra Modi ​លោក Biden ​នឹង​ស្ថិត​នៅក្នុង​ប្រទេស​ឥណ្ឌា​ពី​ថ្ងៃ​ទី៧ ​ដល់​ថ្ងៃទី​១០ ​ខែកញ្ញា ​គឺ​លោក​ ទៅ​ដល់​២ថ្ងៃ​មុន​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​មេដឹកនាំ​នៃ​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​ក្នុង​ពិភពលោក​ទាំង​២០។ មេដឹកនាំ​នៃ​ប្រទេស​ទាំងនេះ ​នឹង​ចាប់​ផ្តើម​កិច្ចប្រជុំ​របស់​ពួកគេ ​នៅ​ថ្ងៃ​ទី៩ ​និង ​ទី១០ ​ខែកញ្ញា។ ពួកគេ​នឹង​ពិភាក្សា​អំពី​បញ្ហា​ពិភពលោក​ រួមមាន​ទាំង​ការ​ងាក​ទៅ​រក​ការប្រើប្រាស់​ថាមពល​ស្អាត ​ការសម្រួល​ការ​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​និង​សង្គម ​ដោយសារ​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយក្រែន ​និង​ការ​បង្កើន​សមត្ថភាព​របស់​ធនាគារ​អភិវឌ្ឍន៍​ពហុភាគី។

ពេល​ស្ថិត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ​លោក Biden ​នឹង​បញ្ជាក់​ឡើងវិញ​អំពី​ការ​តាំងចិត្ត​របស់​សហរដ្ឋ​អាមេរិក ​ចំពោះ​ក្រុម​ប្រទេស ​G-20​ ថា​ជា​វេទិកា​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច ​ដោយ​មាន​រួម​ទាំង​ការធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​នៅ​ឆ្នាំ២០២៦។ នេះ​បើ​តាម​សម្តី​របស់​លោក​ Jake Sullivan ​ទីប្រឹក្សា​សន្តិសុខ​ជាតិ ​ប្រាប់​អ្នកកាសែត​ក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃអង្គារ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ លោក​Antony Blinken ​បាន​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាមេរិក​អាស៊ាន ​កាលពី​ខែ​កក្កដា។ កិច្ចប្រជុំ​អាស៊ី​ខាងកើត​ជា​កិច្ចប្រជុំ​ថ្នាក់​តំបន់​មួយ ​ដែល​អាស៊ាន​រៀបចំ​ជា​រៀងរាល់​ឆ្នាំ។ ដៃគូ​នៃ​កិច្ចប្រជុំ​នេះ​មាន​រួម​សហរដ្ឋ​អាមេរិក ​ចិន​និង​រុស្ស៊ី។

លោក Sullivan ​បាន​ច្រានចោល​ការរិះគន់​ដែល​ថា​ការ​មិន​ចូលរួម​របស់​លោក Biden ​ក្នុង​កិច្ចប្រជុំ​ទាំងនេះ ​នាំឱ្យ​មាន​ការយល់ឃើញ​ថា​សហរដ្ឋ​អាមេរិក​កំពុងតែ​បណ្តោយ​ឱ្យ​ចិន​មាន​ឥទ្ធិពល​ក្នុង​តំបន់​នេះ។ នេះ​ជា​ការរិះគន់​ដូចគ្នា ​លើ​លោក​ប្រធានាធិបតី ​កាលពី​ខែឧសភា ​ដែល​នៅ​ពេលនោះ​ការ​ជាប់​រវល់​ក្នុង​ការចរចា​អំពី​ការ​បង្កើន​ពិដាន​បំណុលរបស់​ប្រទេស​អាមេរិក ​បាន​បង្ខំ​ឱ្យ​លោក​ Biden ​លុបចោល​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ប៉ាពូអាស៊ីនូវែលហ្គីណេ ​ដែល​អាច​និយាយ​ថា​ជា​ទស្សនកិច្ច​លើក​ទីមួយ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ម្នាក់​ទៅកាន់​ប្រទេស​នោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG