ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិបត្តិ​បំណុល​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ស្ថិត​នៅ​លើ​របៀបវារៈ​នៃ​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រទេស G-20


​​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុអ្នកស្រី Janet Yellen បាន​មកដល់​កិច្ច​ប្រជុំ​ក្រុមប្រទេស G-20 ក្នុង​ទីក្រុង Gandhinagar​ ប្រទេស​ឥណ្ឌាកាលពីថ្ងៃទី​១៨ កក្កដា ឆ្នាំ២០២៣។(AP Photo/Ajit Solanki)
​​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុអ្នកស្រី Janet Yellen បាន​មកដល់​កិច្ច​ប្រជុំ​ក្រុមប្រទេស G-20 ក្នុង​ទីក្រុង Gandhinagar​ ប្រទេស​ឥណ្ឌាកាលពីថ្ងៃទី​១៨ កក្កដា ឆ្នាំ២០២៣។(AP Photo/Ajit Solanki)

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​ក្រុម​ប្រទេស G-20 និង​ប្រធាន​ធនាគារ​កណ្ដាល​នានា​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង Gandhinagar នៅ​ភាគ​ខាង​លិច​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​ពិភាក្សា​អំពី​មធ្យោបាយ​គាំទ្រ​សេដ្ឋកិច្ច​រអាក់រអួល​របស់​សាកលលោក​និង​ជួយ​ប្រទេស​នានា​ដែល​កំពុង​ប្រឹងប្រែង​ទប់ទល់​នឹង​វិបត្តិ​បំណុល។

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ឥណ្ឌា​អ្នកស្រី Nirmala Sitharaman បាន​និយាយ​ថា​ក្រុម​ប្រទេស ​G-20 មាន​ការ​ទទួល​ខុស​ត្រូវ «នៅ​ក្នុង​ការ​តម្រែតម្រង់​សេដ្ឋកិច្ច​សាកលលោក​ឆ្ពោះ​ទៅ​រក​ការ​រីក​ចម្រើន​ដ៏​រឹងមាំ មាន​ចីរភាព តុល្យភាព និង​ប្រកប​ដោយ​បរិយាប័ន្ន»។

ប្រទេស​ឥណ្ឌា ដែល​ជា​ប្រធាន​ក្រុម​ប្រទេស G-20 នៅ​ក្នុង​ឆ្នាំ​នេះ គឺ​ជា​អ្នក​រៀបចំ​កិច្ច​ប្រជុំ​នេះ។

ប្រធានបទ​ចម្បង​មួយ​នៃ​របៀបវារៈ​ប្រជុំ​នេះ​គឺ​ការ​សម្របសម្រួល​ឱ្យ​មាន​ការ​មូល​មតិ​គ្នា​លើ​ការ​រៀបចំ​លក្ខខណ្ឌ​បំណុល​ឡើង​វិញ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ណា​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី Sitharaman។

កិច្ច​ប្រជុំ​នេះ​គ្រោង​នឹង​ពិភាក្សា​អំពី​ផែនការ​រៀបចំ​លក្ខខណ្ឌ​បំណុល​ឡើង​វិញ​សម្រាប់​ប្រទេស​ស្រីលង្កា​និង​ប្រទេស​ហ្គាណា ដែល​មិន​អាច​សង​បំណុល​របស់​ខ្លួន​បាន​កាលពី​ឆ្នាំ​មុន។

ក្ដី​បារម្ភ​នៅ​លើ​ពិភពលោក​បាន​កើនឡើង ដោយសារតែ​តម្លៃ​កើនឡើង​ខ្លាំង​នៃ​ធញ្ញជាតិ​និង​អសន្តិសុខ​ថាមពល​នៅ​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ១៩ និង​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​បាន​បង្ខំ​ឱ្យ​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម​ជាប់​បំណុល​និង​ធ្វើ​ឱ្យ​ការ​រីក​ចម្រើន​នៅ​លើ​សាកលលោក​មាន​ភាព​យឺតយ៉ាវ។

ជាង​ពាក់​កណ្ដាល​នៃ​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​ទាំង​អស់​កំពុង​ជិត​ធ្លាក់​ចូល​ក្នុង​វិបត្តិ​បំណុល​ឬ​ក៏​កំពុង​ស្ថិត​ក្នុង​វិបត្តិ​បំណុល​រួច​ទៅ​ហើយ ដោយ​ចំនួន​នេះ​កើន​ឡើង​ពីរ​ដង​បើ​ប្រៀប​ជាមួយ​នឹង​ឆ្នាំ ២០១៥។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​អ្នកស្រី Janet Yellen។

អ្នកស្រី Yellen បាន​និយាយ​នៅ​ក្រៅ​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រទេស ​G-20 ​ថា៖ «ពិភពលោក​កំពុង​សម្លឹង​មើល​លើ​ក្រុម​ប្រទេស G-20 ឱ្យ​ធ្វើ​ឱ្យ​មាន​ដំណើរ​វិវឌ្ឍ​លើ​បញ្ហា​ប្រឈម​សំខាន់ៗ​ដូចជា​បញ្ហា​ប្រែប្រួល​អាកាសធាតុ​និង​ជំងឺ​រាតត្បាត​ផ្សេងៗ​ជាដើម​នៅ​ក្នុង​ផ្នែក​មួយ​នៃ​កិច្ចការ​របស់​យើង​ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​សាកលលោក​និង​គាំទ្រ​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍»៕

វីដេអូថ្មីៗបំផុត

ពាក្យក្នុងសារព័ត៌មាន៖ Ignite
សូម​រង់ចាំ

No media source currently available

0:00 0:01:32 0:00
XS
SM
MD
LG