ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Blinken៖ សមាជិក​អាស៊ាន​ជាច្រើន​គាំទ្រ​ការ​ដាក់​សម្ពាធ​លើ​របប​យោធា​មីយ៉ាន់ម៉ា​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា


រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងអំឡុងកិច្ចប្រជុំកំពូលនៃរដ្ឋមន្ត្រីអាស៊ាន នៅ​ទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៣។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងអំឡុងកិច្ចប្រជុំកំពូលនៃរដ្ឋមន្ត្រីអាស៊ាន នៅ​ទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៣។

ក្រុម​រដ្ឋមន្ត្រី​ការបរទេស​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅកាត់​ថា ​អាស៊ាន ​បាន​ថ្កោលទោស​ជា​ថ្មី​ម្តង​ទៀត​ចំពោះ​អំពើ​ហិង្សា​ដែល​កំពុង​បន្ត​កើត​ឡើង​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែល​បង្ក​ឡើង​ដោយ​ការ​បង្ក្រាប​ដ៏​បង្ហូរ​ឈាម​របស់​របប​យោធា​លើ​គូ​ប្រជែង​ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ។

នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​មួយ​ក្នុង​ទីក្រុង​ហ្សាការតា​នៃ​ប្រទេស​ឥណ្ឌូណេស៊ី រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក លោក Antony Blinken បាន​ស្វែងរក​ការ​គាំទ្រ​ក្នុង​ចំណោម​សម្ព័ន្ធមិត្ត ដើម្បី​ប្រឆាំង​នឹង​ការ​គាំទ្រ​របស់​ចិន​ចំពោះ​របប​យោធា និង​ការ​ឈ្លានពាន​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។

លោក Antony Blinken បាន​សង្កត់​ធ្ងន់​ថា សហរដ្ឋអាមេរិក​មាន​ចក្ខុវិស័យ​ដូច​នឹង​សមាជិក​អាស៊ាន​ចំពោះ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​សេរី បើកចំហ រុងរឿង សុវត្ថិភាព ដែល​មាន​ការ​ត​ភ្ជាប់​គ្នា​ និង​ភាព​ធន់​នឹង​វិបត្តិ។

ប៉ុន្តែ​ ប្រទេស​មីយ៉ាន់ម៉ា​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន​នេះ ដោយសារ​តែ​របប​យោធា​មិន​បាន​គោរព​តាម​កិច្ចព្រមព្រៀង​ដែល​មាន​អាយុកាល​ ២ ឆ្នាំ​ ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​ដែល​បង្ក​ឡើង​ដោយ​រដ្ឋ​ប្រហារ​យោធាកាលពីឆ្នាំ ២០២១។ លោក Blinken បាន​ថ្លែង​យ៉ាង​ដូច្នេះ​ចំពោះ​បញ្ហា​ដែល​បង្ក​ឡើង​ដោយ​ប្រទេស​មីយ៉ាន់ម៉ា និង​កូរ៉េ​ខាង​ជើង។

លោក Antony Blinken ថ្លែង​ថា៖ «ដោយសារ​របប​យោធា​មីយ៉ាន់ម៉ា​បន្ត​ប្រព្រឹត្ត​អំពើ​ឃោរឃៅ និង​ធ្វើ​ឱ្យ​ខូច​ដល់​ស្ថិរភាព​ក្នុង​តំបន់ មាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ក្នុង​កិច្ចប្រជុំ​ថ្ងៃ​នេះ​ក្នុង​ការ​បន្ត​ដាក់​សម្ពាធ​លើ​របប​នេះ​ឱ្យ​បញ្ចប់​អំពើ​ហិង្សា និង​ឱ្យ​គោរព​តាម​ការ​ប្តេជ្ញាចិត្ត​ក្រោម​កិច្ច​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​ទាំង​ ៥ ​ចំណុច​របស់​អាស៊ាន។ អាវុធ​ប្រល័យ​លោក​និង​កម្មវិធី​មីស៊ីល​ផ្លោង​ខុស​ច្បាប់​របស់​កូរ៉េ​ខាង​ជើង​ ក៏​គំរាម​កំហែង​ដល់​តំបន់ និង​របប​ប្រឆាំង​ការ​រីក​សាយភាយ​ជា​សកល​ផង​ដែរ»។

រូបឯកសារ៖ មេបញ្ជាការយោធាមីយ៉ានម៉ាលោក Min Aung Hlaing ចូលរួមក្បួនព្យុហយាត្រាមួយ នៅរដ្ឋធានីណៃពិដោ នៃប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១។
រូបឯកសារ៖ មេបញ្ជាការយោធាមីយ៉ានម៉ាលោក Min Aung Hlaing ចូលរួមក្បួនព្យុហយាត្រាមួយ នៅរដ្ឋធានីណៃពិដោ នៃប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១។

ក្រុម​អ្នក​ជំនាញ​ថា វិបត្តិ​មីយ៉ាន់ម៉ា​ធ្វើ​តេស្ត​លើ​ការ​រួបរួម​គ្នា​របស់​អាស៊ាន ដោយ​សមាជិក​ជា​ប្រទេស​នៅ​ជាប់​សមុទ្រ​ទំនង​ជា​មាន​ជំហរ​តឹងរ៉ឹង​លើ​របប​យោធា​ ជាង​ប្រទេស​ដី​គោក​ ដូច​ជា​ប្រទេស​ថៃ​ជា​ដើម។

អ្នក​ជំនាញ​ម្នាក់​ប្រាប់ VOA ថា ចិន​បាន​ជំរុញ​យ៉ាង​ខ្លាំង​ឱ្យ​ប្រទេស​ដី​គោក​ជិត​ខាង​របស់​ខ្លួន​មាន​ទំនាក់​ទំនង​ជាមួយ និង​ទទួល​យក​របប​យោធា​មីយ៉ាន់ម៉ា។

លោក Jason Tower នាយក​វិទ្យាស្ថាន​សន្តិភាព​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​មីយ៉ាន់ម៉ា ថ្លែង​ប្រាប់​វីអូអេ​តាម​បណ្តាញ Zoom ថា៖ «ខ្ញុំ​គិត​ថា តួនាទី​ដ៏​ធំ​មួយ​គឺ​កម្រិត​នៃ​ឥទ្ធិពល​ដែល​ចិន​មាន​ជាមួយ​ប្រទេស​ជិត​ខាង​ខ្លួន​ជាច្រើន និង​ការ​ព្យាយាម​ធ្វើ​ឱ្យ​យោធា [មីយ៉ាន់ម៉ា] កាន់​តែ​មាន​ភាព​រឹងមាំ​ឡើង​វិញ និង​ជំរុញ​ឱ្យ​ប្រទេស​ជិត​ខាង​ដើរ​តាម​គន្លង​របស់​ខ្លួន​ ក្នុង​ការ​ផ្តល់​ភាព​ស្រប​ច្បាប់​ផ្នែក​នយោបាយ​ដល់​យោធា ​ធ្វើ​ទំនាក់​ទំនង​ជាមួយ​យោធា ​និង​ធ្វើ​ជំនួញ​ជាមួយ​យោធា​ជាដើម»។

លោក​រដ្ឋមន្ត្រី​ការបរទេស​ Blinken បាន​ថ្លែអ​ថា លោក​បានសន្ទនា​ប្រកប​ដោយ​ភាព​ស្មោះត្រង់​និង​ស្ថាបនា​ជាមួយ​អ្នក​ការ​ទូត​កំពូល​របស់​ចិន លោក Wang Yi លើ​បញ្ហា​ជាច្រើន រួម​ទាំង​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​ប្រឆាំង​នឹង​អ៊ុយក្រែន និង​ទំនាក់ទំនង​នៅ​ដៃ​សមុទ្រ​តៃវ៉ាន់។

ប៉ុន្តែ​លោកបាន​ថ្លែង​យ៉ាង​ដូច្នេះ​អំពី​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ លោក Sergey Lavrov។

លោក​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា វា​សមស្រប​ក្នុងការ​លើក​ឡើង​ថា​ ផ្អែក​លើ​អ្វី​ដែល​យើង​បាន​ឮ​ពី​លោក​រដ្ឋមន្ត្រី​ការបរទេស Lavrov នៅ​ថ្ងៃ​នេះ ការ​អន្តរាគមន៍ និង​ការ​ចូលរួម​របស់​លោក​មិន​មាន​លក្ខណៈ​ស្ថាបនា ឬ​ផ្តល់​ផ្លែផ្កា​លើ​បញ្ហា​ណា​មួយ​នោះ​ទេ។ មិន​ដូច​សហរដ្ឋអាមេរិក និង​ប្រទេស​ដទៃ​ទៀត​ លោក​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បង្ហាញ និង​របៀបវារៈ​អវិជ្ជមាន​ទាំង​ស្រុង ដែល​លោក​បាន​ចាត់​ទុក​ថា រាល់​បញ្ហា​ទាំង​អស់​នៅ​ក្នុង​ពិភពលោក​បង្ក​ឡើង​ដោយ​សហរដ្ឋអាមេរិក»។

លោក Blinken ​បាន​ថ្លែង​ថា គ្មាន​សញ្ញា​ណា​មួយ​បង្ហាញ​ថា រុស្ស៊ី​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ​ទំនាក់​ទំនង​ការ​ទូត​ប្រកប​ដោយ​អត្ថន័យ ដើម្បី​បញ្ចប់​សង្គ្រាម​ដ៏​មិន​សម​ហេតុផល​របស់​ខ្លួន​នៅ​អ៊ុយក្រែន​នោះ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG