ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​Biden នឹង​ចេញ​​​បទបញ្ជា​​នីតិ​ប្រតិបត្តិ​ដូច​លោក Trump ដែរ


លោក​ប្រធានាធិបតី Donald Trump បង្ហាញ​បទបញ្ជា​នីតិប្រតិបត្តិ​មួយ​ដែល​លោក​ទើប​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០២០។
លោក​ប្រធានាធិបតី Donald Trump បង្ហាញ​បទបញ្ជា​នីតិប្រតិបត្តិ​មួយ​ដែល​លោក​ទើប​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០២០។

តាមរយៈ​បទបញ្ជានីតិ​ប្រតិបត្តិមួយរបស់​ប្រធានាធិបតី​ ចេញ​កាល​ពី​ថ្ងៃទី២០ ​ខែ​មករា​ ឆ្នាំ២០១៧ គឺ​មួយ​សប្តាហ៍​ក្រោយ​លោក​បាន​ស្បថ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង លោក​ប្រធានាធិបតី Donald Trump បាន​ដាក់កំហិត​បណ្តោះអាសន្ន​លើអន្តោប្រវេសន៍​មក​ពី​ប្រទេស​ឥស្លាម​៧ ​ដែល​លោក​បាន​និយាយ​ថា​ ជា​កន្លែង​បណ្តុះបណ្តាល​ភេរវកម្ម។ ​ចំណាត់ការ​នេះ បាន​ត្រូវរិះគន់​ច្រើន​ដោយ​ពួកអ្នកការពារ​ជន​អន្តោប្រវេសន៍ ហើយបាន​ត្រូវរារាំងនៅ​ក្នុង​តុលាការ​ថែមទៀត​ផង និង​នាំឱ្យ​មាន​ការប្រយុទ្ធ​ខាង​ផ្លូវ​ច្បាប់អំពី​បទបញ្ជា​បន្តបន្ទាប់។

នេះ​ជា​ឧទាហរណ៍​មួយដែលប្រធានាធិបតី​ស.រ.អ.​បង្វែរ​ការ​ចេញ​គោលនយោបាយ​តាម​រយៈ​វិធានការនានារបស់​អំណាច​ប្រធានាធិបតី ​គឺ​រួម​មាន​បទបញ្ជានីតិ​ប្រតិបត្តិ សេចក្តី​ប្រកាស​និងអនុស្សារណៈ​ ដោយមិន​ឆ្លង​កាត់​សភា​និង​ដំណើរការនីតិប្បញ្ញត្តិ។​ លោក Trump បានពឹងពាក់ខ្លាំង​លើមធ្យោបាយ​នេះ ហើយ​លោក ​Joe Biden ដែល​ត្រូវ​សន្មត​ថា​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត ក៏​បាន​សន្យា​ថា ​នឹង​ធ្វើដូច្នេះដែរ។

នៅ​ពេលបន្ទាប់​មក បទបញ្ជាហាម​ប្រាម​អន្តោប្រវេស្តន៍​ដែល​ត្រូវ​កែ​សម្រួល​មួយ​របស់​លោក Trump បានទទួល​ការ​យល់​ព្រម​ពី​តុលាការ​កំពូល។ លោក John Woolley ជា​សហនាយក​នៃ​គម្រោងការតំណែងប្រធានាធិបតីអាមេរិកាំង (American Presidency Project) ​នៅ​សាកលវិទ្យាល័យ ​California នៅ​ក្រុង Santa Barbara។ លោក​បាន​និយាយ​ថា ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ក៏ការ​ហាមប្រាម​នេះ ទំនង​ជា​នឹង​ត្រូវប្រែ​ក្រឡះនៅក្រោយ​លោក Biden ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃ​ទី​២០​ ខែ​មករាដែល​ជាបទបញ្ជានីតិប្រតិបត្តិមួយ ​ក្នុង​បណ្តា​បទបញ្ជានីតិ​ប្រតិបត្តិជា​ច្រើន​របស់​ប្រធានាធិបតី​នៅ​ក្នុង​រដ្ឋបាល​ថ្មី​នៃ​គណបក្ស​ប្រជាធិបតេយ្យ។

លោក John Woolley បានថ្លែងថា៖ «ដោយសារបទបញ្ជាសឹង​តែ​ទាំង​អស់អាច​ត្រូវ​កែប្រែ​វិញ​បាន​ដោយ​បទបញ្ជាមួយ​ទៀត យើង​មាន​ទំនុកចិត្តខ្លាំង​ថា ​លោក Joe Biden នឹង​ចេញបទបញ្ជានីតិ​ប្រតិបត្តិ​ច្រើន»។

លោក George Washington ​ប្រធានាធិបតីស.រ.អ.ទី​មួយ បាន​ចេញ​ផ្សាយ​ដំបូង​គេ​នូវអ្វី​ដែល​បន្ទាប់​មក ​បានត្រូវ​គេ​ហៅ​ថា​បទបញ្ជានីតិ​ប្រតិបត្តិរបស់​ប្រធានាធិបតី ដោយផ្តល់​ការ​ណែនាំ​ដល់​ក្រសួង​នានា​របស់​រដ្ឋាភិបាល។

នៅក្នុងអំឡុង​សង្គ្រាមស៊ីវិល​លោក Abraham Lincoln បានដោះលែងក្រុម​ទាសករ​ដោយ​ប្រើសេចក្តី​ប្រកាសនៃ​ការរួច​ផុត​ពី​ទាសភាព (Emancipation Proclamation)​ដែល​មានបទបញ្ជានីតិ​ប្រតិបត្តិ​ពីរ​ដាច់ដោយ​ឡែក​ពី​គ្នា។

លោក Franklin Roosevelt បាន​ចុះ​ហត្ថលេខា​លើបទបញ្ជានីតិ​ប្រតិបត្តិ​ច្រើន​ជាង​ប្រធានាធិបតីណាៗទាំង​អស់​ គឺ​ជាង​៣.៧០០​បទបញ្ជា​ នៅ​មុន​លោកទទួល​អនិច្ចកម្ម នៅ​ពេល​កាន់​តំណែងក្នុងអាណត្តិ​ទី​បួន។ បទបញ្ជានីតិ​ប្រតិបត្តិ​ជា​ច្រើន​របស់​លោក​ មាន​គោលដៅចាត់ចែង​កិច្ចការ​ប្រទេសនៅក្នុង​អំឡុង​មហាវិបត្តិសេដ្ឋកិច្ចដែល​ហៅ​ថា Great Depression។ ​បទបញ្ជានីតិ​ប្រតិបត្តិ​ឯ​ទៀតៗ មានគោលដៅកេណ្ឌ​ប្រទេស​ជាតិ​ក្នុង​សង្គ្រាម​លោកលើក​ទី​ពីរ។ បទបញ្ជានីតិ​ប្រតិបត្តិ​ជា​ច្រើន​គ្រាន់ជា​ការ​ណែនាំខាង​រដ្ឋបាល។

លោក Trump បាន​ចេញ​បទបញ្ជានីតិ​ប្រតិបត្តិ​១៩៥ រហូត​ដល់​ខែ​វិច្ឆិកា​ ឆ្នាំ​២០២០ ​នៅក្នុងអាណត្តិ​តែ​មួយ ​ដោយមាន​ចំនួនប្រហែលនឹងប្រធានាធិបតីកាល​ពី​ពេល​ថ្មីៗ​នេះ​ដែរ។

លោក Kenneth Mayer ជា​អ្នក​វិទ្យាសាស្ត្រ​នយោបាយនៅ​ឯ​សាកលវិទ្យាល័យWisconsin-Madison។ លោក​បានពន្យល់​ថា អំណាច​នៃ​ការ​ធ្វើ​សកម្មភាព​ជា​ឯកតោភាគីរបស់​ប្រធានាធិបតីនេះ មិន​មាន​ចែងនៅ​ក្នុង​រដ្ឋធម្មនុញ្ញសហរដ្ឋ​អាមេរិកទេ​ដែល​គ្រាន់​តែនិយាយ​ថា ​ប្រធានាធិបតីជា​អ្នក​ទទួល​បន្ទុក​ខាង​សាខានីតិ​ប្រតិបត្តិ​របស់​រដ្ឋាភិបាល។

លោកបាននិយាយ​ថា៖ «បទបញ្ជានីតិ​ប្រតិបត្តិទាំង​នេះ ​ជាការ​អនុវត្ត​ធម្មតា​មួយ​នៃ​អំណាច​ទូលំទូលាយ​របស់​នីតិ​ប្រតិបត្តិ​»។

​បទបញ្ជានីតិ​ប្រតិបត្តិ​ខ្លះ មានគោលដៅ​ខាង​សន្តិសុខ​ជាតិដោយមានរួម​បញ្ចូល​បទបញ្ជានីតិ​ប្រតិបត្តិមួយត្រូវចុះ​ហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី Franklin Roosevelt ដែលនៅ​ពេល​ក្រោយមក ​បាន​ត្រូវ​រិះ​គន់ខ្លាំងទាក់​ទិននឹង​ការឃុំឃាំងពលរដ្ឋ​អាមេរិកាំង​ដើម​កំណើតជប៉ុន នៅ​ក្នុងជំរំ​នៅ​ពេល​មានសង្ក្រាមលោកលើក​ទី​ពីរ។

លោកប្រធានាធិបតី George W. Bush បាន​ចេញ​បទបញ្ជាចម្រូងចម្រាសដើម្បី​សម្រួលការ​ប្រមូលព័ត៌មាន​ពីការ​ស៊ើបការណ៍​សម្ងាត់​ក្នុង​សង្គ្រាមប្រឆាំង​នឹងភេរវកម្ម គឺ​បទបញ្ជាដែល​អនុញ្ញាត​ឱ្យ​មាន​ការ​ថត​សំឡេងដោយ​មិន​ចាំបាច់​មាន​ដីកា នូវ​ការ​សន្ទនា​គ្នា​ជាអន្តរជាតិ ​ដែ​ល​នៅ​ពេល​ខ្លះ​ មានទាក់​ទិន​ជា​មួយក្រុមពលរដ្ឋ​អាមេរិកាំង។

លោក Trump បាន​ប្រើ​ប្រាស់អំណាច​ប្រធានាធិបតី​ដោយ​មិន​ឆ្លង​តាម​សភា​ដើម្បី​ដក​ស.រ.អ. ចេញ​ពី​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ ដែល​ជាកិច្ចព្រមព្រៀង​មួយ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ឡើង​កម្តៅ​អាកាសធាតុ​ជុំវិញ​ពិភពលោក។ លោកបាន​ជូន​ដំណឹង​ទៅ​អង្គការ​សហប្រជាជាតិអំពីសេចក្តី​សម្រេច​នេះកាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ គឺ​មួយ​ឆ្នាំមុន​ការ​សម្រេច​ដក​ថយ​នេះ បានចូល​ជា​ធរមានកាល​ពី​ថ្ងៃទី៤ ខែ​វិច្ឆិកា ​ឆ្នាំ​នេះ។ លោក Biden សន្យា​ថា​ នឹង​ប្រែក្រឡះ​ការ​ដក​ខ្លួន​ថយ​នេះ​វិញ។

អ្នកស្រី ​Kim Wehle ដែលជា​សាស្ត្រាចារ្យនៅ​មហាវិទ្យាល័យ​ច្បាប់នៃ​សាកលវិទ្យាល័យ​Baltimore បាន​និយាយ​ថា៖ «ការ​បែងចែក​អំណាច​និងសំណួរ​ខាង​រដ្ឋធម្មនុញ្ញ​ បាន​ត្រូវ​ដក​ចេញ​ពី​ចំណង​ជើង​ព័ត៌មាន​សំខាន់ៗ​ ជា​រៀង​រាល់​ថ្ងៃ»។

ចំណាត់ការប្រធានាធិបតី ក៏ជាចំណង​ជើង​ព័ត៌មាន​សំខាន់ៗ​ដែរ​កាល​ពី​សម័យ​មុនៗ ​ដូច​ជា​នៅ​ពេល​លោក​ប្រធានាធិបតី Harry Truman បានបញ្ជា​ឱ្យមាន​ក្រុម​ទាហាន​ចម្រុះ​ពូជសាសន៍នៅ​ក្នុងកងយោធា​ស.រ.អ. កាលពីឆ្នាំ១៩៤៨។

ចំណាត់​ការ​ខ្លះ​របស់​ប្រធានាធិបតី ​បាន​នាំ​ឱ្យ​មាន​ការ​ខ្វែងគំនិត​គ្នា​ជា​មួយ​សាខា​មួយ​ទៀត​នៃ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​ដូច​ជានៅពេល​លោក​ប្រធានាធិបតី Truman ​បាន​ធ្វើជាតូបនីយកម្ម​រោងចក្រ​ដែកថែប​ នៅ​ពេល​មាន​សង្គ្រាម​កូរ៉េ។

លោកស្រី ​Kim Wehle ដែលជា​សាស្ត្រាចារ្យ​ច្បាប់​បានថ្លែងថា៖ ​«ពេល​នោះជា​ការប៉ុនប៉ងដើម្បី​កាន់កាប់​ឧស្សាហកម្មឯកជន ដោយមានគោល​ដៅ​បម្រើ​កិច្ច​ខិតខំប្រឹង​ប្រែង​ក្នុង​សង្គ្រាម»។

លោក​ស្រី​បាននិយាយ​បន្ថែម​ថា៖ «តុលាការ​[ពេល​នោះ]​ បានថ្លែង​ថា ធ្វើ​ដូច្នេះមិន​បានទេ»។

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG