ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

លោក​ Biden បាន​​​តែងតាំង​​​ជនជាតិ​​អាមេរិកាំង​ដើម​កំណើត​​គុយបា​​ម្នាក់​ឱ្យ​កាន់​​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​​​សន្តិសុខ​មាតុភូមិ


លោក Alejandro Mayorkas ថ្លែងនៅពេលដែលប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ប្រកាសតែងតាំងបណ្តាបេក្ខជននិងមន្ត្រីសន្ដិសុខជាតិរបស់លោកនៅទីស្នាក់ការប្រធានាធិបតីជាប់ឆ្នោតក្នុងទីក្រុង Wilmington រដ្ឋ Delaware។ (Reuters)

ឥស្សរជន​ដែល​លោកប្រធានាធិបតី​ជាប់​ឆ្នោត Joe Biden ស្នើ​ឈ្មោះ​តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​ ត្រូវបាន​គេ​ពិព័ណនា​ថាជា​មនុស្សមិនសូវ​និយាយ​ស្តី និយាយ​ត្រង់ៗ​ និងមានចិត្ត​មេត្តា។

លោក Alejandro Mayorkas ជាជនជាតិ​អាមេរិកាំង​ដើម​កំណើតគុយបា​និង​ជាអតីតមន្ត្រីរដ្ឋបាល​លោកអូបាម៉ា​នឹង​ក្លាយ​ជា​ជនអំ​បូរ​អាមេរិក​ឡាទ្ទីនទីមួយ ដែលនឹង​ដឹកនាំក្រសួង​សន្តិសុខ​មាតុភូមិ ប្រសិន​បើ​មានការ​យល់ព្រមពី​ព្រឹទ្ធសភា។ ក្រសួង​នេះបានត្រូវ​បង្កើតនៅ​ក្រោយ​ការ​វាយ​ប្រហារ​ភេរវកម្មកាល​ពី​ថ្ងៃ​ទី​១១កញ្ញា​ឆ្នាំ​២០០១ ​លើ​សហរដ្ឋ​អាមេរិក។​ ក្រសួង​នេះជាទីភ្នាក់ងារសហព័ន្ធ​ធំទីបី​របស់​ប្រទេស​ជាតិ។

«លោក Alejandro Mayorkas ជា​បុរស​មិន​សូវនិយាយ​ស្តី​តែ​លោក​ជាមនុស្ស​ធ្វើ​តាមពាក្យ​សម្តី​លោក ​ដែលជារឿង​សំខាន់​ណាស់»។ នេះ​ជា​សម្តី​របស់​អ្នកស្រី Gaby Pacheco នាយិកា​ខាង​ការគាំទ្រ​គមនាគមន៍និងការអភិវឌ្ឍន៍សម្រាប់​អង្គការ​ TheDream.US ដែលជា​អង្គការ​មិន​រក​កម្រៃ​មួយដែល​ជួយ​ផ្តល់​លុយកាក់​ដល់​ពួក​យុវជនគ្មាន​ឯកសារ​តាមរយៈ​អាហារូបករណ៍មហាវិទ្យាល័យ។

អ្នកស្រី Pacheco ជា​អតី​ត​អ្នក​បាន​ទទួល​ផលប្រយោជន៍ពី​កម្មវិធី DACA ដែល​ជា​កម្មវិធី​មួយ​ក្នុង​ពេលលោក​អូបាម៉ា​កាន់តំណែង​ប្រធានាធិបតីដែលអនុញ្ញាតឱ្យ​ពួក​ជន​អន្តោប្រវេសន៍ដែល​បាន​មក​ដល់​សហរដ្ឋ​អាមេរិក​ពីតូច​ ដោយ​គ្មាន​សំបុត្រស្នាមឱ្យ​ឋិត​នៅ​ក្នុង​ប្រទេសអាមេរិក​បានដោយ​ត្រឹមត្រូវតាមច្បាប់ និងសិក្សា​ដោយ​មិន​បាច់​ភ័យ​ខ្លាចអំពី​ការបញ្ជូន​ត្រឡប់ទៅ​ប្រទេស​កំណើត​ពួក​គេ​វិញ។ អ្នកស្រី Pacheco បានជួប​ជា​មួយ​លោក Mayorkas តាមរយៈ​ការងារគាំទ្រ​ DACA របស់​អ្នក​ស្រី​នៅ​ពេល​លោក​ជាជំ​នួយការជាន់​ខ្ពស់​នៃ​សេវា​ខាងការ​ចូល​សញ្ជាតិ​និង​អន្តោប្រវេសន៍​សហរដ្ឋ​អាមេរិក​ហៅ​កាត់​ថា USCIS។

អ្នក​ស្រី​ Pacheco បាន​និយាយ​ថា៖ «យើង​បានជួបលោក​ជាលើក​ដំបូង​នៅពេលដែល​លោក​បានមកកាន់​ការិយាល័យនៃវេទិកា​អន្តោប្រវេសន៍​ជាតិ...បន្ទាប់​មក​យើងបាន​ទៅ​ការិយាល័យ​USCIS ហើយ​ជួប​ជា​មួយ​ពួក​មន្ត្រី​ដើម្បី​ស្វែង​រក​វិធី​អនុវត្ត​កម្មវិធី​DACA»។

នៅ​ក្នុង​រដ្ឋបាល​លោក​អូបាម៉ា​ លោក Mayorkas ជា​ជនជាតិ​អាមេរិកាំង​ដើមកំណើត​គុយបាដែល​មានឋានៈ​ខ្ពស់បំផុត​ដោយ​លោក​បានកាន់​តំណែង​ជាអនុរដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិនៅ​ពេល​លោក Jeh Johnson ជា​រដ្ឋមន្ត្រី​ក្រសួង​នេះ។ នៅ​មុន​នោះ​ លោក​បានបម្រើការ​ជា​នាយក USCIS ដោយលោក​មើលការខុសត្រូវ​លើប្រព័ន្ធ​នៃ​ការ​ចូល​សញ្ជាតិនិង​អន្តោប្រវេសន៍។

លោក Mayorkas បាន​ដើរតួនាទី​យ៉ាង​សំខាន់ក្នុងការរៀបចំកម្មវិធី DACA ហើយ​អ្នកស្រី Pacheco បាន​ថ្លែង​ថា​លោកជា​មនុស្ស​ម្នាក់​ក្នុង​បណ្តាមនុស្ស​មួយ​ចំនួន​តូចដែលទទួល​ស្គាល់​ការងារ​គាំពារអន្តោប្រវេសន៍​។ លោក​ត្រួតត្រា​មើលការអនុវត្តន៍និង​ដោះស្រាយបញ្ហាភ័ស្តុភារនិងបញ្ហាច្បាប់​សម្រាប់​អនុវត្តកម្មវិធីនេះប្រមាណពីរ​ខែក្រោយ​ការប្រកាស​កម្មវិធី​នេះ។​

អ្នកស្រី Pacheco បាននិយាយ​បន្ថែមថា៖ «លោក Mayorkas ឈ្លាសវៃ​ណាស់​ក្នុងរបៀប​លោក​និយាយ តែ​លោក​សរសើរនៅពេល​មានការ​ត្រូវសរសើរ​ហើយ​ខ្ញុំ​យល់​ថា​នៅ​ពេល​ខ្លះពួកអ្នក​នយោបាយភ្លេចពួក​មនុស្ស​ដែលធ្វើការ​នៅក្រោយ​ឆាក​ទាំងឡាយ​»។

ពីប្រទេស​គុយបា​មក​កាន់​សហរដ្ឋ​អាមេរិក

លោក Mayorkas ជា​កូន​ប្រុសរបស់​ពួក​ជន​ភៀសខ្លួនគុយបាអំបូរ ​Juif ដែលបានរត់​គេចខ្លួន​ជា​មួយ​លោក​ចេញ​ពី​ការគ្រប់គ្រង​កុម្មុយនិស្តរបស់​លោក Fidel Castro កាល​ពី​ឆ្នាំ១៩៦០។ លោក​បានរស់នៅក្នុង​ក្រុង ​Miami នៅពេល​លោកជា​កុមារ​តែ​គ្រួសារ​លោក​បាន​ផ្លាស់​ទីលំនៅ​ទៅ​រដ្ឋ California​ ដែល​ក្រោយ​មក​លោក​បានចាប់​ផ្តើមអាជីព​ជា​រដ្ឋ​អាជ្ញា​នៃរដ្ឋាភិបាល​សហព័ន្ធ​។

នៅ​ក្នុង​សារ tweet មួយ​កាលពីថ្ងៃ​ចន្ទទី២៣វិច្ឆិកា​ លោក​ Mayorkas បាន​និយាយ​ថា៖ «នៅពេល​នេះខ្ញុំ​បានទទួលការស្នើ​ឈ្មោះតែងតាំងជារដ្ឋមន្ត្រីក្រសួងសន្តិសុខ​មាតុភូមិ​និងត្រួត​ត្រា​ការការពារ​ជនជាតិអាមេរិកាំងទាំង​អស់និងពួក​ជន​ដែល​រត់​គេច​ខ្លួន​ចេញពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញក្នុង​ការស្វែង​រកជីវភាព​ល្អ​ប្រសើរជាងមុន​សម្រាប់ពួក​គេ​ផ្ទាល់និង​ពួក​ជនជា​ទី​ស្រឡាញ់​របស់​ពួក​គេ»។

លោក Al Cardenas ដែល​ជាជនជាតិ​អាមេរិកាំង​ដើមកំណើត​គុយបានិង​ជា​អតីត​ប្រធាន​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ ឋ​Florida បាននិយាយ​នៅ​ក្នុង​សារ tweet មួយ​ថា៖ «នេះ​ជា​ការ​ផ្លាស់ប្តូរដែល​ត្រូវការ»។

រដ្ឋបាលលោក Trump បានចេញ​បទបញ្ជា​នីតិ​ប្រតិបត្តិ​ជាង​៤០០ ដែល​បាន​កែប្រែ​ប្រព័ន្ធ​អន្តោប្រវេសន៍​របស់​ប្រទេស​អាមេរិក។ គេ​រំពឹង​ថាលោក​ប្រធានាធិបតី​ជាប់​ឆ្នោត Joe Biden នឹង​លប់ចោល​គោលនយោបាយ​ទាំងនោះ​ជា​ច្រើន ដោយ​មានរួម​បញ្ចូលការ​លុប​ចោលការ​រឹតត្បិតការ​ធ្វើ​ដំណើរ​សម្រាប់​ប្រទេស​១៣និងការផ្អាក​ការបញ្ជូនមនុស្សទៅ​ប្រទេស​ពួក​គេវិញ​សម្រាប់​រយៈពេល​១០០ថ្ងៃ នៅពេល​រដ្ឋបាល​លោក​រៀបចំ​គោលការណ៍​ណែនាំ​ថ្មី។

អ្នកស្រី Pacheco បាននិយាយ​ថា «ខ្ញុំ​មិន​មែនឆោតល្ងង់​ទេ។​យើងនឹង​ឱ្យ​លោក​ Mayorkas ទទួល​ខុស​ត្រូវនិងជំរុញលោក​ឱ្យ​ធ្វើអ្វីៗដោយ​ត្រឹមត្រូវ​តែ​វាមិនពិបាក​ដូចកាល​ពី​ពេល​មុនទេ»។

ការ​រិះគន់

បើតាមរបាយការណ៍​មួយរបស់​អគ្គាធិការ​ក្រសួង​សន្តិសុខមាតុភូមិ​កាលពី​ឆ្នាំ២០១៥​ថា​ លោក Mayorkas មាន​ទាក់​ទិន​ក្នុងករណីជា​មួយ​ពួក​មនុស្ស​មានអំណាច «ខាងនយោបាយ»​ ដែលចូល​រួមក្នុងកម្មវិធីវិនិយោគ​ទិដ្ឋាការរបស់​ប្រទេស។ លោកត្រូវបាន​ចោទ​ប្រកាន់​ថា​ ​ប្រើតំណែង​របស់​លោក​ដើម្បី​ពន្លឿន​ដំណើរការ​ដាក់ពាក្យសុំ​ទិដ្ឋាការ។

អ្នកនាំ​ពាក្យ​ម្នាក់នៃក្រុម​អន្តរកាលរបស់លោក Biden បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា​លោក​អគ្គាធិការមិន​បានរក​ឃើញ​អ្វីខុស​ច្បាប់​ទេ​ហើយ​បានសម្រេច​ថាសកម្មភាព​របស់លោក Mayorkas «ត្រឹម​ត្រូវ​តាម​ច្បាប់ក្នុង​តួនាទី​របស់លោក»។

មនុស្ស​ខ្លះបាន​និយាយ​ថា​ការ​ស្នើ​ឈ្មោះ​តែងតាំងលោក Mayorkas ជាសញ្ញាមួយ​នៃ​បំណង​របស់លោក Biden ក្នុង​ការយកនរណា​ម្នាក់ដែល​មានបទ​ពិសោធន៍ពិតប្រាកដ​ខាង​អន្តោប្រវេសន៍ឱ្យ​មកដឹកនាំ​ក្រសួង​សន្តិសុខ​មាតុភូមិ។

លោក Todd Schulte ដែលជា​ប្រធាន​នៃ​អង្គការ​ FWD.us ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ទៅ​កាន់ពួក​អ្នក​កាសែត​ថា៖ «លោក Mayorkas មាន​ការ​គោរព​ខ្ពង់​ខ្ពស់ចំពោះ​សហគមន៍​ធុរកិច្ច ចំពោះ​សន្តិសុខជាតិ​ចំពោះ​ពួក​អ្នក​ជំនាញខាង​គោល​នយោបាយ​ការបរទេស​ចំពោះ​ពួកអ្នក​កែ​ទម្រង់​អន្តោប្រវេសន៍​ចំពោះ​ពួកមន្ត្រីជាប់​ឆ្នោតនិង​ចំពោះ​ពួក​អ្នក​រដ្ឋការប្រចាំ​អាជីព​នៅ​ក្នុង​ក្រុមអ្នក​មានមនោគម​វិជ្ជា​ផ្សេងៗ​គ្នា»។

FWD.us ជា​អង្គការ​មួយ​ដែល​មិន​ប្រកាន់​គណបក្ស​នយោបាយ​ដែល​ត្រូវបង្កើត​ឡើង​ដោយពួក​សមាជិក​នៃសហគមន៍ធុរកិច្ចនិង​បច្ចេកវិទ្យា។ អង្គការ​នេះ​ស្វែងរក​ការ​កែ​ទម្រង់ប្រព័ន្ធ​អន្តោប្រវេសន៍និង​ប្រព័ន្ធ​យុត្តិធ៌ម​ព្រហ្មទណ្ឌ។

ប្រែសម្រួលដោយលោក ឈឹម សុមេធ

XS
SM
MD
LG