ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ថា វា​ជា «ភាព​អាម៉ាស់» ដែល​លោក Trump មិន​សុខចិត្ត​ចុះចាញ់​ការ​បោះឆ្នោត


លោក Joe Biden ដែល​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​ថ្លែង​អំពី​​ច្បាប់​ថែ​ទាំ​សុខភាព Affordable Care Act ឬ Obamacare ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ក្នុង​ទីក្រុង Wilmington រដ្ឋ Delawareកាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២០។

លោក Joe Biden ដែល​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា លោក​មិន​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​មិន​សុខចិត្ត​ចុះចាញ់​របស់​លោក​ប្រធានាធិបតី Donald Trump នោះ​ទេ ក៏ប៉ុន្តែ លោក​គិត​ថា វា​ជា «ភាព​អាម៉ាស់» សម្រាប់​លោក Trump និង​ប្រទេស​ជាតិ។

លោក Biden បាន​បញ្ជាក់​ថា៖ «ខ្ញុំ​គិត​ថា វា​នឹង​មិន​ជួយ​ដល់​កេរតំណែល​របស់​លោក​ប្រធានាធិបតី Trump ទេ»។ លោក Biden បាន​ថ្លែង​ដូច្នេះ​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​ទីក្រុង Wilmington រដ្ឋ Delaware ដែល​ជា​កន្លែង​ដែល​លោក​កំពុង​ធ្វើ​ការ​លើ​ដំណើរការ​អន្តរកាល​របស់​លោក​ឆ្ពោះ​ទៅ​ការ​កាន់​អំណាច និង​កំពុង​រៀបចំ​ផែនការ​ដំណាក់កាល​ទី ១ របស់​លោក ក្រោយ​ពេល​ដែល​លោក​រំពឹង​ថា​នឹង​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី​២០ ខែ​មករា​ខាង​មុខ។

លោក​ប្រធានាធិបតី Trump ដែល​មិន​បាន​ផ្តល់​ភស្តុតាង​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត ឬ​ភាព​មិន​ប្រក្រតី​នៃ​ការ​រាប់​សន្លឹក​ឆ្នោត បាន​ដាក់​ពាក្យ​បណ្តឹង​ជាង ១០ នៅ​ក្នុង​បណ្តា​រដ្ឋ​មួយ​ចំនួន ដើម្បី​ព្យាយាម​ទាត់ចោល​នូវ​ជ័យជម្នះ​របស់​លោក Biden ដែល​ត្រូវ​គេ​ព្យាករណ៍​ទុក​នោះ។

ក៏ប៉ុន្តែ លោក Biden បាន​និយាយ​ថា៖ «យើង​បាន​ចាប់ផ្តើម​ដំណើរការ​អន្តរកាល​នៃ​ការ​ផ្ទេរអំណាច​រួច​ហើយ» ហើយ​ការ​បដិសេធ​មិន​ព្រម​ចុះចាញ់​របស់​លោក Trump «មិន​បាន​ផ្លាស់ប្តូរ​ថាមភាព​វិវឌ្ឍ​នេះ​ទេ»។

លោក Biden កំពុង​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​ដំបូង​លើ​ការ​ដោះស្រាយ​បញ្ហា​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ដែល​បាន​សម្លាប់​ពលរដ្ឋ​អាមេរិកាំង​ជាង ២៣៨.០០០ នាក់ ដែល​ជា​ចំនួន​ច្រើន​បំផុត​ជាង​ប្រទេស​ណាៗ​ទាំងអស់។

លោក Biden បាន​លើកឡើង​ថា លោក​ប្រហែល​ជា​ធ្វើ​ការ​តែងតាំង​បុគ្គល​មួយ​ចំនួន​សម្រាប់​មុខ​តំណែង​សំខាន់ៗ​នៅ​ក្នុង​រដ្ឋបាល​របស់​លោក មុន​ពេល​ថ្ងៃ​ឈប់​សម្រាក «ទិវា​ថ្លែង​អំណរគុណ (Thanksgiving)» ចូល​មក​ដល់​នៅ​ថ្ងៃ​ទី ២៦ ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

ចំណែក​ឯ​លោក Trump វិញ នៅ​ក្នុង​ការ​ព្យាយាម​តវ៉ា​ប្រឆាំង​លទ្ធផល​បោះឆ្នោត បាន​ធ្វើ​ឲ្យ​មន្ត្រី​រដ្ឋបាល​របស់​លោក​មិន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុម​តំណាង​របស់​លោក Biden ដើម្បី​រៀបចំ​ដំណើរការ​ផ្ទេរ​អំណាច៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG