ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីភ្នាក់ងារ​រដ្ឋាភិបាល​ទទួល​បន្ទុក​កិច្ចការ​ផ្ទេរ​តំណែង​ប្រធានាធិបតី មិន​ទាន់​ទទួល​ស្គាល់​ថា លោក Biden ឈ្នះ​ការបោះឆ្នោត


ប្រធានាធិបតីជាប់ឆ្នោត​លោក Joe Biden រួមជាមួយ​ដោយ​អនុប្រធានាធិបតី​ជាប់ឆ្នោត​អ្នកស្រី Kamala Harris ថ្លែង​នៅ​មហោស្រព The Queen នៅ​ថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីក្រុង Wilmington រដ្ឋ Delaware។
ប្រធានាធិបតីជាប់ឆ្នោត​លោក Joe Biden រួមជាមួយ​ដោយ​អនុប្រធានាធិបតី​ជាប់ឆ្នោត​អ្នកស្រី Kamala Harris ថ្លែង​នៅ​មហោស្រព The Queen នៅ​ថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីក្រុង Wilmington រដ្ឋ Delaware។

ដោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បដិសេធ​មិន​ព្រម​ចុះចាញ់​នៅ​ក្នុង​ការ​បោះឆ្នោត ហើយ​អះអាង​ថា​ មាន​ការ​លួច​បន្លំ​នៅ​ក្នុង​ការ​រាប់​សន្លឹក​ឆ្នោត រដ្ឋបាល​របស់​លោក​មិន​ទាន់​ចាប់ផ្តើម​ជួយ​លោក Joe Biden ដែល​ត្រូវ​គេ​ព្យាករណ៍​ថា​ ជា​អ្នក​ឈ្នះ នៅ​ក្នុង​ដំណាក់កាល​ដំបូងៗ​នៃ​ការ​ឈាន​ទៅ​ការ​កាន់កាប់​រដ្ឋាភិបាល​នោះ​ទេ។

ទីភ្នាក់ងារ​សេវា​ទូទៅ គឺជា​ទីភ្នាក់ងារ​របស់​រដ្ឋាភិបាល ដែល​មាន​តួនាទី​ទទួល​ស្គាល់​លោក Biden ជា​ផ្លូវការ​ថា​ ជា​ប្រធានាធិបតី​ថ្មី និង​មាន​តួនាទី​ចាប់ផ្តើម​ការ​ផ្ទេរ​អំណាច​ដែល​ធ្វើ​ឡើង​ជា​ផ្លូវការ​នៅពេល​ដែល​លោក Biden ត្រូវ​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី ២០ ខែ​មករា​ខាង​មុខ។ ទីភ្នាក់ងារ​នេះ​ ក៏​មាន​តួនាទី​រៀបចំ​កន្លែង​ធ្វើការ​សម្រាប់​ក្រុម​ចាត់ចែង​កិច្ចការ​ផ្ទេរ​អំណាច​របស់​លោក Biden នៅ​ទូទាំង​រដ្ឋាភិបាល ក៏ដូចជា​ជួយ​ក្នុង​កិច្ចការ​សំខាន់ៗ​ផ្សេង​ទៀត​ផងដែរ។

ក៏ប៉ុន្តែ ប្រធាន​ទីភ្នាក់ងារ​នេះ អ្នកស្រី Emily Murphy ដែល​ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​លោក Trump មិន​ទាន់​បាន​ចាប់ផ្តើម​ដំណើរការ​នេះ​ទេ។

អ្នក​នាំពាក្យ​ទីភ្នាក់ងារ​សេវា​ទូទៅ​នេះ បាន​និយាយ​ថា ទីភ្នាក់ងារ​នេះ​ នឹង​មិន​ចាប់ផ្តើម​កិច្ចការ​ដំណើរការ​ផ្ទេរ​អំណាច​នោះ​ទេ រហូត​ទាល់តែ​ជ័យជម្នះ​នៃ​ការ​បោះឆ្នោត​របស់​លោក Biden ត្រូវ​បាន​បញ្ជាក់​ថា​ ត្រឹមត្រូវ​តាម​ច្បាប់ ក៏​ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ថា​តើ​ដំណើរការ​នេះ​ អាច​កើត​ឡើង​នៅ​ពេល​ណា ដោយសារតែ​ការ​រាប់​សន្លឹក​ឆ្នោត​នៅ​កំពុង​បន្ត​ធ្វើ​នៅ​តាម​រដ្ឋ​មួយ​ចំនួន​នៅ​ឡើយ។

លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​មាន​ភាព​ស្រពិចស្រពិល​នៅឡើយ​នៅ​ក្នុង​រដ្ឋ​មួយ​ចំនួន​តូច ហើយ​ស្ថាប័ន​សារព័ត៌មាន​ធំៗ​បាន​ព្យាករណ៍​ថា លោក Biden គឺ​ជា​អ្នក​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នេះ៕

XS
SM
MD
LG