ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សាធារណ​រដ្ឋ​គាំទ្រ​លោក​ ត្រាំ ​ក្នុង​​ជម្លោះ​លទ្ធផល​បោះឆ្នោត​និង​​អន្តរកាល​​ផ្ទេរ​អំណាច​


ប្រធាន​ព្រឹទ្ធសភា​​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Mitch McConnell ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​វិមាន​សភា​ រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

ទី​ភ្នាក់ងារ​ព័ត៌មាន AP រាយការណ៍​ថា​ រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Donald Trump ​កំពុង​រុញ​ស្ថានភាព​នៃ​អន្តរកាល​ផ្ទេរ​អំណាច ​ឲ្យ​ស្ថិត​ក្នុង​ភាព​ច្របូកច្របល់​ ដោយរារាំង​មន្ត្រី​រដ្ឋាភិបាល​របស់​លោក​ មិន​ឲ្យ​សហការ​ជាមួយ​ក្រុម​ការងារ​របស់​លោក Joe Biden​ ដែល​ត្រូវ​គេ​ព្យាករណ៍​ថា​នឹង​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ថ្មី​នោះ។ ហើយរដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​អាមេរិក លោក William Barr បានបញ្ជា​ឲ្យ​ក្រសួង​យុត្តិធម៌ធ្វើ​ការ​ស៊ើប​អង្កេត​ ពីការ​ចោទ​ប្រកាន់ៗ​នានា​ ទាក់ទង​នឹង​ការ​បន្លំ​សន្លឹក​ឆ្នោត​នោះ។​

មន្ត្រី​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​ ដែល​ក្នុង​នោះ​រួម​មាន​ប្រធាន​ព្រឹទ្ធសភា​ និង​ជា​មេដឹកនាំ​សំឡេង​ភាគ​ច្រើន​ លោក Mitch McConnell បានសម្តែង​ការ​គាំទ្រ​របស់​លោកចំពោះ​លោក​ ត្រាំ ​ក្នុងការ​ប្រយុទ្ធ​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត​នោះ។​ មានមន្រ្តីគណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​បានទទួលស្គាល់ជ័យជម្នះរបស់​លោកBiden ឬ​ថ្កោល​ទោស​លោក​ ត្រាំ ​ចំពោះ​ការបណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​លោក Mark Esper ​ចេញ​ពី​តំណែងកាល​ពី​ថ្ងៃ​ចន្ទ​នោះ។

សកម្មភាព​ទាំងនេះ​ បាន​បង្កើត​ឲ្យ​មាន​ភាព​មន្ទិល​សង្ស័យ ថា​តើ​ប្រទេស​អាមេរិក​នឹង​មានការ​ផ្ទេរ​អំណាច​មួយដោយ​រលូន​ដែរ​ឬ​យ៉ាង​ណា​ ដែល​ទម្លាប់​ផ្ទេរ​អំណាចនេះ​បាន​ចាក់​គ្រឹះអស់​រយៈពេល​យ៉ាងយូរ​មក​ហើយ​ក្នុងគន្លង​លទ្ធិ​ប្រជាធិបតេយ្យ​របស់អាមេរិក​នោះ។

តាម​ច្បាប់សហរដ្ឋ​អាមេរិក​ អង្គ​បោះឆ្នោត ឬ Electoral College រំពឹង​ថា​នឹង​ត្រូវ​ប្រកាស​ជា​ផ្លូវការពី​ជ័យជម្នះដែលត្រូវ​បាន​ព្យាករណ៍​របស់​លោក Joe Biden នៅ​ថ្ងៃ​ទី​១៤​ ​ខែ​ធ្នូ ខាង​មុខ ហើយបេក្ខជន​ជាប់​ឆ្នោត​របស់​គណបក្ស​ប្រជាធិបតេយ្យរូប​នេះ​ ​ត្រូវ​រំពឹង​ថានឹង​ស្បថ​ចូល​កាន់​មុខ​តំណែងនៅ​ចុង​ខែ​មករា​ ឆ្នាំ​២០២១៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG