ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយក្នុងបទសម្ភាសន៍មួយចាក់ផ្សាយកាលពីយប់ថ្ងៃអង្គារម្សិលមិញថា លោកមិនយល់ស្របចំពោះវិធីសាស្ត្រដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ប្រើក្នុងសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស់ (Hamas) នោះទេ និងថាអ៊ីស្រាអែលគួរតែអំពាវនាវឱ្យមានការផ្អាកការប្រយុទ្ធគ្នាដើម្បីសម្រួលដល់ការដឹកជញ្ជូនជំនួយមនុស្សធម៌។
បណ្តាញផ្សាយព័ត៌មាន Univision ជាភាសាអេស្ប៉ាញបានសម្ភាសន៍លោក Biden កាលពីថ្ងៃទី ៣ ខែមេសា ក្នុងពេលពីរថ្ងៃក្រោយមកបន្ទាប់ពីការវាយប្រហារមួយរបស់អ៊ីស្រាអែលបានសម្លាប់បុគ្គលិកអង្គការផ្តល់ជំនួយ World Central Kitchenចំនួន ៧ នាក់នៅក្នុងតំបន់ហ្កាហ្សា (Gaza)។
លោក Biden បានបញ្ជាក់ថា គ្មានលេសដែលថាមិនអាចផ្តល់អាហារនិងជំនួយថ្នាំពេទ្យដល់ពលរដ្ឋនៅតំបន់ហ្កាហ្សានោះទេ និងថាកិច្ចប្រឹងប្រែងទាំងនោះ «គួរតែធ្វើនៅពេលឥឡូវនេះ»។
លោក Biden បាននិយាយថា៖ «អ្វីដែលខ្ញុំស្នើគឺសុំឱ្យអ៊ីស្រាអែលគ្រាន់តែអំពាវនាវឱ្យមានបទឈប់បាញ់គ្នាមួយនិងអនុញ្ញាតឱ្យមានការដឹកជញ្ជូនស្បៀងអាហារនិងថ្នាំពេទ្យទាំងស្រុងចូលទៅទីនោះនៅក្នុងរយៈពេល ៦ ទៅ ៨ សប្ដាហ៍ខាងមុខនេះតែប៉ុណ្ណោះ»។
លោក Biden បានបន្ថែមថា៖ «ខ្ញុំបាននិយាយជាមួយភាគីទាំងអស់តាំងពីអារ៉ាប៊ីសាអូឌីតរហូតដល់ស៊ូដង់ និងអេហ្ស៊ីប។ ពួកគេត្រៀមរួចរាល់ហើយដើម្បីបញ្ជូនជំនួយចូល»។
សេតវិមានបានបញ្ជាក់កាលពីសប្តាហ៍មុនថា លោក Biden បានលើកឡើងស្រដៀងគ្នានេះពេលលោកនិយាយជាមួយលោក Netanyahu តាមទូរស័ព្ទ ដោយសង្កត់ធ្ងន់ថាស្ថានការណ៍មនុស្សធម៌នៅហ្កាហ្សា «មិនអាចទទួលយកបានទេ»៕
ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន Reuters ទីភ្នាក់ងារសារព័ត៌មាន AP និងទីភ្នាក់ងារសារព័ត៌មាន AFP។