អ៊ីស្រាអែលបានប្រកាសនៅថ្ងៃសុក្រនេះ នូវវិធានការបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការផ្តល់ជំនួយមនុស្សធម៌ទៅក្នុងតំបន់ហ្កាហ្សាតាមរយៈព្រំដែនភាគខាងជើងអ៊ីស្រាអែល។
វិធានការបណ្តោះអាសន្ននេះរួមមានការបើកឡើងវិញនូវច្រកឆ្លងកាត់ Erez និងការប្រើប្រាស់កំពង់ផែ Ashdod របស់អ៊ីស្រាអែលផងដែរ។ ច្រកឆ្លងកាត់ Erez ជាច្រកផ្លូវតែមួយគត់ ដែលមនុស្សអាចធ្វើដំណើរចូលចេញតំបន់ហ្កាហ្សា។ ទន្ទឹមនឹងនេះដែរ ការដឹកជញ្ជូនជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា នឹងត្រូវដំណើរការតាមរយៈកំពង់ផែ Ashdod របស់អ៊ីស្រាអែល។ ការដឹកជញ្ជូនជំនួយរបស់ហ្ស៊កដានីក៏នឹងត្រូវធ្វើឡើងតាមច្រកកំពង់ផែនេះផងដែរ។
ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការបង្កើនជំនួយនេះនឹងរារាំងវិបត្តិមនុស្សធម៌ និងជាការចាំបាច់ក្នុងការធានាការបន្តប្រយុទ្ធរបស់អ៊ីស្រាអែលដើម្បីសម្រេចគោលដៅនៃសង្គ្រាមនេះ»។
ការប្រកាសបើកច្រកចេញចូលបណ្តោះអាសន្នរបស់អ៊ីស្រាអែលនេះ កើតឡើងបន្ទាប់ពីមានការពិភាក្សាគ្នាដ៏តឹងតែងមួយតាមទូរសព្ទរវាងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកNetanyahu និងប្រធានាធិបតីអាមេរិកលោក Joe Biden។
លោកBiden បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu កាលពីថ្ងៃព្រហស្បតិ៍ថា ការបន្តការគាំទ្ររបស់អាមេរិកលើសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស់ នឹងពឹងផ្អែកទៅលើថាតើអ៊ីស្រាអែលនឹងដាក់ចេញនូវវិធានការថ្មីៗអ្វីខ្លះ ដើម្បីការពារពលរដ្ឋស៊ីវិលប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា និងបុគ្គលិកមនុស្សធម៌ដែលផ្តល់ជំនួយស្បៀងអាហារដល់ពួកគេនោះ។
ប៉ុន្មានថ្ងៃបន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលវាយប្រហារតាមអាកាស ដោយសម្លាប់បុគ្គលិកផ្តល់ជំនួយអន្តរជាតិចំនួន៧នាក់មក សេតវិមាននិយាយថា លោក Biden បានសង្កត់ធ្ងន់ជាមួយមេដឹកនាំអ៊ីស្រាអែលក្នុងការពិភាក្សាតាមទូរសព្ទថា «ការវាយប្រហារលើបុគ្គលិកផ្តល់ជំនួយ និងស្ថានភាពមនុស្សធម៌ជាទូទៅមិនអាចទទួលយកបានឡើយ»។
សេតវិមាននិយាយថា លោក Biden បានទាមទារឱ្យមានវិធានការថ្មីដើម្បីការពារជនស៊ីវិល និងបង្កើតឱ្យមានបទឈប់បាញ់ជាបន្ទាន់មួយ នៅក្នុងជម្លោះដែលមានរយៈពេលជិត៦ខែមកនេះ។
ក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកឯណោះវិញ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «បើយើងមិនឃើញមានការផ្លាស់ប្តូរ ដែលយើងចង់ឃើញទេនោះ វានឹងមានការផ្លាស់ប្តូរនៅក្នុងគោលនយោបាយរបស់យើង»។
គេនៅមិនទាន់ឃើញមានអត្ថាធិប្បាយជាសាធារណៈពីអ៊ីស្រាអែល លើការទាមទាររបស់អាមេរិកនៅឡើយទេ៕
ព័ត៌មានមួយចំនួននៃសេចក្តីរាយការណ៍នេះ ត្រូវបានស្រង់ចេញពីទីភ្នាក់ងារសារព័ត៌មានThe Associated Press ទីភ្នាក់ងារសារព័ត៌មានReuters និងទីភ្នាក់ងារសារព័ត៌មាន Agence France-Presse។
វេទិកាបញ្ចេញមតិ