កងកម្លាំងក្រុមហ៊ូធី (Houthi) នៅក្នុងប្រទេសយេម៉ែនបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ពួកគេបានបាញ់រ៉ុក្កែតនិងដ្រូនដាក់កប៉ាល់របស់ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ នេះគឺជាយុទ្ធនាការនៃការវាយប្រហារថ្មីចុងក្រោយបង្អស់របស់ក្រុមហ៊ូធីលើការដឹកជញ្ជូនតាមសមុទ្រដើម្បីគាំទ្រប៉ាឡេស្ទីននៅក្នុងសង្គ្រាមនៅតំបន់ហ្កាហ្សា (Gaza)។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមដែលមានសម្ព័ន្ធភាពជាមួយប្រទេសអ៊ីរ៉ង់នេះបាននិយាយថាខ្លួនបានដៅការវាយប្រហារលើកប៉ាល់មួយគ្រឿងរបស់ចក្រភពអង់គ្លេសនិងនាវាចម្បាំងមួយចំនួនរបស់សហរដ្ឋអាមេរិកនៅសមុទ្រក្រហម និងថាខ្លួនបានវាយប្រហារលើកប៉ាល់ ២ គ្រឿងរបស់អ៊ីស្រាអែលនៅសមុទ្រអារ៉ាប់និងមហាសមុទ្រឥណ្ឌាដែលកំពុងធ្វើដំណើរទៅកាន់កំពង់ផែអ៊ីស្រាអែល។
ប្រតិបត្តិការទាំងនេះបានកើតឡើងក្នុងអំឡុងពេលបីបួនថ្ងៃចុងក្រោយនេះ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រុមហ៊ូធីលោកYahya Saree នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សាយតាមទូរទស្សន៍។
ចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារសងសឹកទៅវិញប្រឆាំងនឹងក្រុមហ៊ូធី។
កងកម្លាំងសហរដ្ឋអាមេរិកបានកម្ទេចប្រព័ន្ធបាញ់មីស៊ីលចល័តពីដីទៅលើអាកាសមួយគ្រឿងនៅក្នុងតំបន់ដែលត្រួតត្រាដោយក្រុមហ៊ូធីនៃប្រទេសយេម៉ែនកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ នេះបើតាមការបញ្ជាក់របស់បញ្ជាការដ្ឋានសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការតំបន់មជ្ឈិមបូព៌ានិងអាស៊ីកណ្ដាល (CENTCOM)។
កងទ័ពសហរដ្ឋអាមេរិកបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកមួយគ្រឿងនៅពីលើសមុទ្រក្រហម និងបានបន្ថែមថា នាវាក្រុមចម្រុះបានចាប់សញ្ញាឃើញនិងបាញ់កម្ទេចមីស៊ីលមួយគ្រាប់ដែលបាញ់ចូលមក។ មិនមានសេចក្តីរាយការណ៍ណាមួយថាមានអ្នករងគ្រោះឬក៏ការខូចខាតណាមួយទេ។
ការវាយប្រហាររបស់ក្រុមហ៊ូធីកន្លងមកបានបង្អាក់ដល់ការដឹកជញ្ជូនអន្តរជាតិកាត់តាមព្រែកជីកស៊ុយអេ ដោយបង្ខំឱ្យកប៉ាល់ដឹកទំនិញនានាធ្វើដំណើរកាន់តែឆ្ងាយនិងចំណាយកាន់តែច្រើនព័ទ្ធតាមទ្វីបអាហ្វ្រិកភាគខាងត្បូងវិញ៕
ក្រុមហ៊ូធីនៅយេម៉ែនថា ខ្លួនបានវាយប្រហារលើកប៉ាល់បស្ចិមប្រទេស
- Reuters
ទីក្រុងគែរ ប្រទេសអេហ្ស៊ីប —
វេទិកាបញ្ចេញមតិ