ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី Ginsburg​ ជា​ស្រ្តី​ដំបូង​ដែល​សព​របស់​លោកស្រី​​​ត្រូវ​តម្កល់​​​នៅ​វិមាន​សភា​អាមេរិក


សពរបស់ចៅក្រម​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​​លោកស្រី Ruth Bader Ginsburg ត្រូវបានតម្កល់នៅវិមានរដ្ឋសភាសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។
សពរបស់ចៅក្រម​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​​លោកស្រី Ruth Bader Ginsburg ត្រូវបានតម្កល់នៅវិមានរដ្ឋសភាសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។

ចៅក្រម​តុលាការ​កំពូល​សហរដ្ឋ​អាមេរិកលោកស្រី Ruth Bader Ginsburg (រូថ បេឌរ ហ្គីនស៍ប៊ក) បាន​ក្លាយ​ជា​ស្ត្រី​ទីមួយ​ដែល​សព​របស់​លោកស្រី​ ត្រូវ​តម្កល់​នៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក​ ក្រោយត្រូវ​បាន​គេ​ដឹកពី​តុលាការ​កំពូល មក​វិមាន​សភា នៅ​ព្រឹក​ថ្ងៃ​សុក្រ។

ពិធី​បុណ្យ​សព​ក្នុង​លក្ខណៈ​ឯកជន​គ្រួសារ​របស់​លោក​ស្រី​និង​ភ្ញៀវកិត្តិយស ​ដែល​ត្រូវ​បាន​អញ្ជើញ​ចូលរួមប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​សុក្រ ​ក្នុង​សាល​រូប​ចម្លាក់ជាតិនៃ​វិមាន​សភា​សហរដ្ឋ​អាមេរិក ដែល​នៅ​ទី​នោះ​មឈូសសព​លោក​ស្រី ត្រូវ​គេ​តម្កល់​ពីលើ​ទម្រ​ឈើ​ដែល​ត្រូវ​បាន​គេ​សង់​ឡើង សម្រាប់ដាក់​សពអតីត​ប្រធានាធិបតី​អាមេរិក​លោក Abraham Lincoln បន្ទាប់​ពី​រូប​លោក​ត្រូវ​បាន​គេ​លួច​ធ្វើ​ឃាត​ក្នុង​ឆ្នាំ​ ១៨៦៥ នោះ។

បេក្ខជន​ប្រធានាធិបតី​អាមេរិក​មកខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden និង​ភរិយា​របស់​លោក​គឺ​លោកស្រី Jill Biden ក៏​បានចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​លោកស្រី Ginsburg ដែរ។

ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ បានកម្រិតចំនួន​ភ្ញៀវ​ដែលត្រូវ​បានអញ្ជើញ​ឲ្យចូលរួមនៅ​ក្នុង​ពិធី​បុណ្យ​សព​នេះ។​

សេចក្តី​ថ្លៃង​ការណ៍​របស់​តុលាការ​កំពូលលើក​ឡើង​ថា ​សព​របស់​លោក​ស្រី Ginsburg នឹង​ត្រូវ​បញ្ចុះ​នៅ​សប្តាហ៍​ក្រោយជាលក្ខណៈ​ឯកជន​មួយ ក្នុងទី​បញ្ចុះ​សពជាតិ​នៅ​ស្រុក Arlington ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន។

សព​របស់​លោកស្រី Ginsburg ត្រូវ​បាន​គេ​តម្កល់​នៅ​អគារ​តុលាការកំពូលឲ្យ​សាធារណជន​អាច​ចូល​គោរព​បានអស់​រយៈពេល ​២ ​ថ្ងៃមក​ហើយ។​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ លោកប្រធានាធិបតី​អាមេរិក​លោក Donald Trump ​និង​ភរិយា​របស់​លោក ​គឺ​លោកស្រី Melania បាន​ទៅ​គោរព​វិញ្ញាណ​ក្ខន្ធ​របស់​លោកស្រី Ginsburg នៅ​ឯ​អគារ​តុលា​ការ​កំពូល ហើយ​ត្រូវ​បាន​អ្នកប្រឆាំង​រូប​លោកនៅ​ទី​នោះ ស្រែក​ប្រឆាំង​លោក ​និង​ពាក្យ​ថា​ «បោះ​ឆ្នោត​ទម្លាក់​លោក​ចេញ​ទៅ»។

លោក ​ត្រាំ បាន​ពាក់​ម៉ាស់​ព័ណ៌​ខ្មៅ និង​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ នៅ​ពេលលោកកំពុង​ធ្វើ​ពិធី​ស្មិងស្មាធិ៍​គោរព​សព​លោកស្រី Ginsburg នោះ។​

លោក​ស្រី Ginsburg បាន​ស្លាប់កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ​ក្នុង​អាយុ​ ៨៧ ​ឆ្នាំ​ ដោយ​មហារីក​លំពែង​ ក្រោយ​បម្រើ​ការងារ​ជា​ចៅក្រម​របស់តុលាការកំពូលសហរដ្ឋ​អាមេរិក អស់​រយៈពេល​ ២៧ ​ឆ្នាំ​មក។ លោកស្រី​បាន​ក្លាយ​ជា​និយមិត្តរូប​នៃ​អ្នក​ទាមទារ​យុត្តិធម៌​សម្រាប់​សិទ្ធិ​ស្ត្រី៕

XS
SM
MD
LG