ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

លោក Biden យល់ព្រម​ចរចា​ជាមួយ​លោក Putin ប្រសិន​បើ​រុស្ស៊ី​មិន​ឈ្លានពាន​​អ៊ុយក្រែន


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Joe Biden (ស្ដាំ) និង​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​​សហរដ្ឋអាមេរិក-​រុស្ស៊ី នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ថ្ងៃទី១៦​ ខែ​មិថុនា ឆ្នាំ២០២១។ (AFP)

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោកJoe Biden ​សុខចិត្ត​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin «ជា​គោលការណ៍» ​ប្រសិន​បើ​រុស្ស៊ី​មិន​ចាត់​វិធានការ​ខាង​យោធា​ណា​មួយ»។ នេះ​បើ​តាម​ការប្រកាស​របស់​សេតវិមាន​កាលពី​យប់​ថ្ងៃ​អាទិត្យ។

សេចក្តីថ្លែងការណ៍​មួយ​ពី​អ្នកនាំពាក្យ​សេតវិមានលោកស្រី Jen Psaki បាន​បញ្ជាក់​ថា រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken និង​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergey Lavrov នឹង​ធ្វើ​ការចរចា​ជាមុន​សិន នៅ​សប្តាហ៍​នេះ​នៅ​ទ្វីប​អឺរ៉ុប។

ការទាក់ទង​ខាង​ការទូត​នេះ កើត​មាន​ឡើង​នៅពេល​ដែល​សហរដ្ឋ​អាមេរិក បាន​ព្រមាន​ពី​ការឈ្លានពាន​ដ៏​ធំ​មួយ​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន ដោយពួក​មន្ត្រី​បញ្ជាក់​យ៉ាង​ច្បាស់​ថា សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​បស្ចិមប្រទេស​របស់​ខ្លួន បាន​ប្រុងប្រៀប​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង​លើ​ប្រទេស​រុស្ស៊ី​ ខណៈ​ដែល​នៅ​តែ​ផ្តល់​អាទិភាព​លើ​សេចក្តី​សម្រេច​ដោយ​សន្តិវិធី​ដល់​វិបត្តិ​ដែល​បាន​កើត​មាន​ឡើង​ជា​ច្រើន​ខែ​មកហើយ​នោះ។

លោក​ស្រី Psaki បាន​បញ្ជាក់​ថា៖ «យើង ជានិច្ចកាល​តែង​ប្រុងប្រៀប​ខ្លួន​សម្រាប់​ដំណោះស្រាយ​ការទូត។ យើង​ក៏ប្រុងប្រៀប​ខ្លួន​ដើម្បី​ដាក់​ទណ្ឌកម្ម​ដែល​ផ្តល់​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ​ ប្រសិន​បើរុស្ស៊ី​សម្រេច​ធ្វើ​សង្គ្រាម​ជំនួស​វិញ។ ហើយ ក្នុង​ពេល​នេះ រុស្ស៊ី​ទំនង​ជា​បន្ត​ការប្រុងប្រៀប​ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​លើ​អ៊ុយក្រែន​នៅ​ពេល​ឆាប់ៗ​ខាង​មុខ»។

លោក Biden បាន​ពិភាក្សា​តាម​ទូរស័ព្ទ​អំពី​ស្ថានភាព​នេះ​កាលពី​ថ្ងៃ​អាទិត្យ​ជាមួយ​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ហើយ​នឹង​នៅ​ក្នុង​ជំនួប​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក៕

XS
SM
MD
LG