ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​Biden ​និង​ក្រុម​មន្ត្រី​អាហ្វហ្គានីស្ថាន​នឹង​ជួប​គ្នា​នៅ​សេតវិមាន​


ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​​លោក Ashraf Ghani (កណ្តាល) ថត​រូប​ជាមួយ​មេដឹកនាំ​ព្រឹទ្ធសភា​អាមេរិក​ពី​គណបក្ស​ទាំងពីរ​​គឺ​លោក ​Chuck Schumer (ឆ្វេង) ​និង​លោក ​Mitch McConnell ​នៅ​វិមាន​សភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២១។
ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​​លោក Ashraf Ghani (កណ្តាល) ថត​រូប​ជាមួយ​មេដឹកនាំ​ព្រឹទ្ធសភា​អាមេរិក​ពី​គណបក្ស​ទាំងពីរ​​គឺ​លោក ​Chuck Schumer (ឆ្វេង) ​និង​លោក ​Mitch McConnell ​នៅ​វិមាន​សភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២១។

លោក​ប្រធានាធិបតី ​Joe Biden ​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​អាហ្វហ្គានីស្ថានលោក Ashraf Ghani ​និង​លោក ​Abdullah Abdullah ​ប្រធាន​ផ្នែក​រក្សា​សន្តិភាព​នៅឯ​សេតវិមាន​ នៅ​ថ្ងៃ​សុក្រ​នេះ។​

ការ​ជួប​ទល់មុខ​គ្នា​រវាង​លោក​ប្រធានាធិបតី ​Biden​ និង​ក្រុម​មន្ត្រី​អាហ្វហ្គានីស្ថាន​កើត​មាន​ឡើង​មុន​ការ​ដក​កងទ័ព​សហ​រដ្ឋ​អាមេរិក​និង​អង្គការ​អូតង់​ចេញពី​អាហ្វហ្គានីស្ថានត្រឹមថ្ងៃ​ទី១១​ខែ​កញ្ញា​ ស្រប​ទៅ​តាម​បទ​បញ្ជា​របស់​លោក​Biden​ឲ្យបញ្ចប់​អ្វី​ដែល​លោក​បាន​ពណ៌នា​ថា«សង្គ្រាម​ជារៀង​រហូត»។

អ្នកស្រី​ Jen Psaki ​លេខា​ព័ត៌មាន​សេតវិមាន​បាន​និយាយ​នៅ​ដើម​សប្តាហ៍​នេះ​ថា​លោក ​Biden​រីករាយ​នឹង​ស្វាគមន៍​មេដឹកនាំ​អាហ្វហ្គានីស្ថានហើយ​នឹង​បញ្ជាក់ឡើង​វិញ​ពី​ការ​គាំទ្រ​ខាង​ការទូត​សេដ្ឋកិច្ច​និង​មនុស្សធម៌​របស់​សហរដ្ឋ​អាមេរិក​ដល់​ប្រទេស​ដែល​ហែក​ហួរ​ដោយ​សង្គ្រាម​នេះ។​

លោក ​Ghani​ និង​លោក ​Abdullah​ បាន​អញ្ជើញ​មក​ដល់​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ហើយ​បាន​ជួប​ជាមួយ​មេដឹកនាំ​ព្រឹទ្ធសភា​គឺ​លោក ​Chuck Schumer ​និង​លោក ​Mitch McConnell។

អ្នកស្រី​ Psaki​ បាន​និយាយ​ទៀត​ថា ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​Ghani​និង​លោក​វេជ្ជបណ្ឌិត ​Abdullah​ នឹង​សង្កត់​ធ្ងន់​ពី​ភាព​ជា​ដៃគូដ៏​រឹងមាំ​រវាង​សហរដ្ឋ​អាមេរិក​និង​អាហ្វហ្គានីស្ថាននៅ​ពេល​យោធា​បន្ត​ដក​ចេញ។​

អ្នក​ជំនួយការ​របស់​លោក​ Ghani​ បាន​និយាយ​ថា​លោក​នឹង​លើក​ពី​ចំណង​ទាក់ទង​នៅ​ថ្ងៃ​អនាគត​រវាង​ប្រទេស​ទាំង២​និង​ការ​បន្ត​ជួយ​កង​កម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន។

ការ​ដក​កងទ័ព​បរទេស​ដែល​ចាប់ផ្តើម​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១​ខែ​ឧសភា ​បាន​នាំ​ឲ្យ​មាន​ការ​ប្រយុទ្ធ​កាន់តែ​ខ្លាំង​ឡើង​ដែល​មិន​ធ្លាប់​មានពីមុន​មករវាង​កងកម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាននិង​ក្រុម​បះបោរ​តាលីបង់​ដែល​ប៉ះពាល់​ដល់​ការ​ចរចា​សន្តិភាព​យឺតយ៉ាវ​រវាង​ភាគី​ច្បាំង​គ្នា​របស់​អាហ្វហ្គានីស្ថាន​សម្រប​សម្រួល​ដោយ​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG