ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​​តាលីបង់នៅ​​អាហ្វហ្គានីស្ថាន​ សន្យា​ថា​នឹង​មិន​សង​សឹក​ចំពោះ​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ដែល​ធ្លាប់​បម្រើ​ការ​ងារ​ឲ្យ​កង​កម្លាំង​យោធា​បរទេស


រូបឯកសារ៖ អតីតសមាជិក​ក្រុម​សកម្មប្រយុទ្ធ​តាលីបង់​កាន់​អាវុធ​របស់​ពួកគេ​ក្នុង​អំឡុងពេល​នៃ​ការ​ប្រារព្ធពិធី​រួម​គ្នា​មួយ​ជាមួយ​នឹង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ក្នុង​ក្រុង Herat ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១២។
រូបឯកសារ៖ អតីតសមាជិក​ក្រុម​សកម្មប្រយុទ្ធ​តាលីបង់​កាន់​អាវុធ​របស់​ពួកគេ​ក្នុង​អំឡុងពេល​នៃ​ការ​ប្រារព្ធពិធី​រួម​គ្នា​មួយ​ជាមួយ​នឹង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ក្នុង​ក្រុង Herat ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១២។

ក្រុម​ឧទ្ទាម​តាលីបង់​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​ស្នើ​ដល់​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ដែល​ធ្លាប់​បម្រើ​ការ​ងារក្នុង​ពេល​កន្លង​មក​ឲ្យ​កងកម្លាំង​យោធារបស់​អង្គការ​អូតង់ និង​សហរដ្ឋ​អាមេរិក​ដែល​នឹង​ត្រូវ​ចាក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ក្នុង​ពេល​ឆាប់ៗ​នេះ មិន​ត្រូវ​ចាកចេញ​ពី​ប្រទេស​របស់​ខ្លួន​ ដោយ​សារ​តែ​ការ​ភ័យ​ខ្លាច​ពី​ការ​សង​សឹក​របស់​ក្រុម​តាលីបង់​នោះ​ទេ។

ការ​សន្យា​របស់​ក្រុម​ឧទ្ទាម​តាលីបង់​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​អ្នក​បម្រើ​ការ​ងារ​ជន​ជាតិ​អាហ្វហ្គានីស្ថាន​រាប់​ពាន់​នាក់​ដែល​ភាគ​ច្រើន​ជា​អ្នក​បក​ប្រែ ឲ្យកង​កម្លាំង​សហរដ្ឋ​អាមេរិក​ និងកង​សម្ព័ន្ធ​មិត្ត​អាមេរិក​នោះ បាន​បារម្ភ​ចំពោះ​ការ​សង​សឹក​របស់​ក្រុម​តាលីបង់​ហើយ​កំពុង​នាំគ្នា​សម្រុក​ទៅ​សុំ​ទិដ្ឋាការ​ឬ​វីហ្សា​ទៅ​កាន់សហរដ្ឋអាមេរិក។

ក្រុម​ឧទ្ទាម​តាលីបង់​បាន​បញ្ជាក់​នៅ​ក្នុងសេចក្តី​ថ្លែងការណ៍​មួយ​ដែល​ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​ក្រុម​អ្នក​កាសែត​និង​បាន​បង្ហោះ​លើ​គេហទំព័រផ្លូវ​ការ​របស់​ខ្លួនកាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​ថា «ក្រុម​តាលីបង់​នឹង​មិន​ធ្វើ​បាប​ឬ​រំខាន​ដល់​ពួក​គេ​នោះ​ឡើយ ប៉ុន្តែ​ស្នើ​សុំ​ឲ្យ​ពួក​គេត្រឡប់​ទៅ​រក​ជីវភាព​ធម្មតា​ឡើងវិញ​ ហើយ​ប្រសិន​បើ​ពួកគេ​មាន​ជំនាញ​នៅ​ក្នុង​វិស័យ​ណា​មួយជា​ពិសេស​នោះ ពួក​គេ​អាច​ចូល​រួម​បម្រើប្រទេស​ជាតិ​បាន។ ពួក​គេ​នឹង​មិន​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ដោយ​សារ​យើង​នោះ​ទេ»។

សហរដ្ឋ​អាមេរិក​និងប្រទេសសម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ត្រូវគេ​រំពឹង​ថា នឹងដក​កងទ័ព​របស់​ខ្លួន​ដែល​នៅ​សេស​សល់​ទាំង​អស់​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​ត្រឹម​ថ្ងៃ​ទី​១១ ខែ​កញ្ញា​ខាង​មុខ​នេះ។ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក បាន​សម្រេច​នូវកិច្ច​ព្រមព្រៀង​មួយ ជា​មួយក្រុម​តាលីបង់​កាល​ពី​ខែ​កុ​ម្ភៈ ឆ្នាំ​២០២០​ដើម្បី​បញ្ចប់នូវ​អ្វី​ដែល​ជា​សង្គ្រាម​ដ៏​យូរ​បំផុត​មួយ​នៅ​ក្នុង​ប្រវតិ្តសាស្ត្រ​អាមេរិក​។

ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ដែល​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​មាន​ចំនួន​ប្រមាណ​១៨.០០០​នាក់ កំពុង​រង់​ចាំដំណឹង​នៃការ​ដាក់​ពាក្យ​សុំ​យក​ទិដ្ឋាការ​អន្តោប្រវេសន៍​ពិសេស​ដើម្បី​ចេញ​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក ស្រប​ពេល​ដែល​មាន​ការ​បារម្ភ​ថា រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Joe Biden មិនអាច​ដំណើរ​ការពាក្យ​សុំ​របស់​គេ​បាន​ទាន់​ពេល​វេលា​នោះ​ទេ។ លោកBidenបាន​ទទួល​រង​នូវ​សម្ពាធដើម្បី​ធ្វើ​ការ​ងារ​នេះ​ឲ្យ​បាន​លឿន​ដើម្បីជួយ​ពលរដ្ឋអាហ្វហ្គានីស្ថាន ដែល​បាន​ប្រថុយ​ជីវិតរបស់​ពួក​គេ ​ក្នុង​ការ​បម្រើកង​យោធា​អាមេរិក​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ក្នុង​ពេល​កន្លង​មក​នោះ៕

XS
SM
MD
LG