ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេបញ្ជាការ​​​​​អាមេរិក​​​ថា​ ខ្លួន​នឹង​កម្រិត​ការ​វាយ​តាម​អាកាស​នៅ​អាហ្វហ្គានីស្ថាន​ដើម្បី​បង្ការ​ការវាយប្រហារ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​


រូបឯកសារ៖ លោកឧត្តមសេនីយ៍​ Frank McKenzie ​អគ្គបញ្ជាការ​នៃ​បញ្ជា​ការដ្ឋាន​​កណ្តាល​នៃ​កង​ទ័ព​អាមេរិក ​(កណ្ដាល) ធ្វើ​ទស្សនកិច្ច​ដោយ​មិន​ប្រកាស​ជា​មុន​ទៅទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។

សហរដ្ឋ​អាមេរិក​មិន​មាន​គម្រោង​ជួយដល់​កងកម្លាំង​អាហ្វហ្គានីស្ថាន​ដោយការវាយ​ប្រហារ​តាម​អាកាសទៀត​ទេ​ ក្រោយខ្លួនដក​កង​ទ័ព​ទាំង​ស្រុង​ចេញ​ពីប្រទេស​នេះ។

​ដោយ​ឡែក​ការ​វាយ​ប្រហារ​ប្រឆាំង​ភេរវកម្មនៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​វិញ​នឹង​កម្រិត​ទៅ​តាម​ស្ថាន​ភាព​ជាក់ស្តែង នៅ​ពេលគម្រោង​ភេរវកម្មត្រូវ​បាន​គេ​រក​ឃើញថា​ អាចកើត​មាន​ឡើង​លើ​ទឹក​ដី​អាមេរិក ឬ​ទឹក​ដី​របស់​សម្ព័ន្ធ​មិត្ត​នោះ។ ​នេះ​បើ​តាម​ការ​ថ្លែង​បញ្ជាក់​របស់​លោកឧត្តមសេនីយ៍​ Frank McKenzie ​អគ្គបញ្ជាការ​នៃ​បញ្ជា​ការដ្ឋានកណ្តាល​នៃ​កង​ទ័ព​អាមេរិក ​ដែល​បាន​ថ្លែង​ប្រាប់​វីអូអេក្នុងបទ​សម្ភាសន៍​ផ្តាច់មុខ​មួយ​ ខណៈ​លោក​កំពុង​ធ្វើ​ដំណើរតាម​យន្តហោះ​យោធា​ទៅ​កាន់តំបន់​នោះ។​

ការ​គូស​បញ្ជាក់​របស់​ឧត្តម​សេនីយ៍​យោធា​អាមេរិក​រូប​នេះ​ទំនង​ជា​ចង់​បដិសេធ​នូវព័ត៌មានរបស់​កាសែត​ The New York Times ដែល​បាន​ផ្សព្វ​ផ្សាយ​ថា​ មន្ទីរ​បញ្ចកោណនឹង​ពិចារណាស្វែង​រក​ការយល់ព្រម​ឲ្យ​ធ្វើការ​វាយ​ប្រហារ​តាម​អាកាសជួយកង​កម្លាំង​សន្តិសុខអាហ្វហ្គានីស្ថាន​ បើទីក្រុង​កាប៊ុល​ និង​ទី​ក្រុង​សំខាន់​ផ្សេងៗ​ទៀត​របស់ប្រទេស​អាហ្វហ្គានីស្ថាន​ប្រឈម​គ្រោះ​ថ្នាក់​ និង​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​ក្រុម​ឧទ្ទាម​តាលីបង់​នោះ។​ ​

ចាប់​តាំង​ពី​លោក​ Joe Biden ​ឡើង​កាន់​អំណាច​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មក​ លោក​បាន​បញ្ជាឲ្យ​ដក​កង​ទ័ព​អាមេរិក​ទាំង​អស់​ចេញ​ពីអាហ្វហា្គនីស្ថាន​ និង​បញ្ឈប់​ការគាំទ្រ​ផ្នែក​យោធារបស់​អាមេរិក​ដល់ការ​វាយ​ប្រហារ​ដែល​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត ​ប្រឆាំង​ក្រុមឧទ្ទាមហ៊ូទី​ក្នុង​ប្រទេស​យេម៉ែន ​ ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់​នោះ។ ​ទន្ទឹម​នឹង​នេះ​ដែរ​ មន្ទីរ​បញ្ចកោណក៏​បាន​ដកនាវា​ចម្បាំង​អាមេរិក​ ប្រព័ន្ធ​អាវុធ​ និង​កង​ទ័ពចេញ​ពី​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​ផង​ដែរ៕

XS
SM
MD
LG