ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​បេឡារុស ស្នើ​ឱ្យ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​បច្ចុប្បន្ន


រូបឯកសារ៖ មេដឹកនាំ​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​បេឡារុស គឺ​អ្នក​ស្រី​ Sviatlana Tsikhanouskaya ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រដ្ឋធានី​វីលនីញូស ប្រទេស​លីទុយអានី កាលពី​ថ្ងៃពុធ ទី៧ ខែកក្កដា ឆ្នាំ២០២១។

មេដឹកនាំ​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​បេឡារុស​ គឺអ្នក​ស្រី​ Sviatlana Tsikhanouskaya ​ដែល​កំពុង​ធ្វើ​ទស្សន​កិច្ច​ក្នុង​សហរដ្ឋ​អាមេរិក​ កាលពី​ថ្ងៃអង្គារ​ បាន​ស្នើ​ឲ្យ​សហ​រដ្ឋ​អាមេរិក​ ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​បេឡារុស​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី​ Alexander Lukashenko ​ដោយ​ការដាក់​ទណ្ឌកម្ម។​

អ្នក​ស្រី​បាន​ប្រាប់​វីអូអេ​ថា​ «ទណ្ឌកម្ម​មិន​មែន​ជា​អាវុធ​ទិព្វ​ទេ​ប៉ុន្តែ​វា​អាច​ជួយ​បញ្ឈប់​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​បេឡារុស ​និង​ធ្វើ​ឲ្យ​តំណាង​របប​ដឹកនាំ​បច្ចុប្បន្ន​ចាប់​ផ្តើម​ការ​សន្ទនា​ជា​មួយ​សង្គម​ស៊ីវិល»។​

អ្នក​ស្រី​បាន​ថ្លែង​យ៉ាង​ដូច​នេះនៅ​ខាង​ក្រៅ​សេតវិមាន​ បន្ទាប់​ពី​ជួប​ជា​មួយ​ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក ​Jake Sullivan ​ដែល​ជា​កិច្ច​ប្រជុំ​មួយ​នៃ​កិច្ច​ប្រជុំ​ជា​ច្រើន​នៅ​សប្តាហ៍​នេះ​ជា​មួយ​មន្ត្រី​រដ្ឋបាល​របស់​លោកប្រធានាធិបតី​ ​Joe Biden ​និង​សមាជិក​សភា។

អ្នកស្រី​បាន​ប្រាប់​វីអូអេ​ថា​ «ខ្ញុំ​បាន​ស្នើ​សុំ​អាមេរិក​ធ្វើ​ជា​អ្នក​ធានា​នូវ​ឯករាជ្យ​ភាព​របស់​យើង​ ប្រឆាំង​ដើម្បី​ឯករាជ្យ​ភាព​របស់​យើង​ ប្រសិន​បើ​វា​រង​ការ​គំរាម​កំហែង។​ឯករាជ្យ​របស់​យើង​មាន​តម្លៃ​ខ្ពស់​បំផុត​សម្រាប់​ប្រជា​ពលរដ្ឋ​បេឡារុស»។ ​

អ្នក​ស្រី​ថា​ អ្នក​ស្រី​បាន​ស្នើ​ឲ្យ​សហ​រដ្ឋ​អាមេរិក​ផ្តល់​ការ​គាំទ្រ​បន្ថែម​ទៀត​ដល់​ក្រុម​សង្គម​ស៊ីវិល​ នៅ​ក្នុង​ប្រទេស​បេឡារុស​ ហើយ​វា​អាស្រ័យ​លើ​ប្រទេស​ប្រជា​ធិបតេយ្យ​នានា​ ក្នុង​ការ​ជួយ​គាំទ្រ​ដល់អ្នក​ដែល​កំពុង​ធ្វើ​ការ​តស៊ូ​ឥឡូវ​នេះ»។

អ្នក​នាំពាក្យ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​អ្នកស្រី​ Emily Horne ​បាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ស្តីពី​ជំនួប​កាលពី​ថ្ងៃ​អង្គារ​ថា​ «សហ​រដ្ឋ​អាមេរិក​ រួម​ជា​មួយ​ដៃគូ​និង​សម្ព័ន្ធ​មិត្ត​ នឹង​បន្ត​ធ្វើ​ឱ្យ​របប​ដឹកនាំ​របស់​លោក​ប្រធានាធិបតី​ Lukashenko ទទួល​ខុស​ត្រូវ​នូវ​សកម្មភាព​ដែល​ខ្លួន​បាន​ធ្វើ​ ​ដោយ​ដាក់​ទណ្ឌ​កម្ម៕

សេចក្តី​រាយ​ការណ៍​នេះ​រួម​ចំណែក​ដោយ​លោក ​Mykhailo Komadovsky នៃ ​VOA ភាសារុស្ស៊ី

XS
SM
MD
LG