ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Lukashenko និយាយ​ថា​លោក​បាន​​បង្វែរ​ការ​ចុះ​ថត​យន្តហោះ​​ដោយ​ស្រប​ច្បាប់


រូប​ឯកសារ៖ ប្រធានាធិបតី​បេឡារុស​លោក Alexander Lukashenko ចូល​រួម​កិច្ចប្រជុំ​មួយ​នៅ​ទី​ក្រុង​ប៉េកាំង​ នៅ​ឆ្នាំ​២០១៧។

ប្រធានាធិបតី​បេឡារុស​លោក Alexander Lukashenko បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា លោក​បាន«ធ្វើ​សកម្មភាព​ស្រប​ច្បាប់ដើម្បី​ការពារ​ប្រជាជន» តាម​រយ:​ការ​បង្វែរ​ជើង​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Ryanair នៅ​លើ​ដែនអាកាស​របស់​បេឡារុស ជា​សកម្មភាព​បាន​ធ្វើ​មាន​ការ​ខឹង​សម្បារ​ទូទាំង​សាកលលោក។ នេះបើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ជើង​ហោះ​ហើរ​ពីរដ្ឋធានី​អាថែន​(Athens) របស់ប្រទេស​ក្រិក ទៅ​កាន់​រដ្ឋធានី​វីលនីញូស (Vilnius) ប្រទេសលីទុយអានី ដែលដឹកសកម្មជន​ប្រឆាំង​ដែល​គេ​ស្វែង​រក​ចាប់​ខ្លួន​ត្រូវ​បាន​បង្ខំ​ឲ្យ​ចុះ​ចត​ក្នុង​រដ្ឋធានី​មីនស្កិ៍ (Minsk) របស់​បេឡារុស កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​គេ​សន្មត​ថា​មាន​ការ​គំរាមកំហែង​ដោយ​គ្រាប់បែក បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​សហគមន៍​អឺរ៉ុប​ជា​ច្រើន​បញ្ឈប់​ការហោះហើរ​លើ​ដែន​អាកាស​ប្រទេស​បេឡារុស។

តាម​ទីភ្នាក់ងារ​ព័ត៌មានBelta របស់​រដ្ឋ​បេឡារុស លោក Lukashenko បាន​និយាយ​ក្នុង​ពេល​ថ្លែង​សុន្ទរកថា​ទៅ​កាន់​សមាជិក​សភា​បេឡារុស​ថា៖ «ខ្ញុំ​បាន​ធ្វើ​សកម្មភាព​ដោយ​ស្រប​ច្បាប់​ដើម្បី​ការពារ​ប្រជាជន​របស់​យើង»។

មេដឹក​នាំ​បុរស​ខ្លាំង​រូប​នេះ ដែល​ដឹកនាំ​ប្រទេស​អស់​រយ:​ពេល​ជាង​ពីរ​ទសវត្ស​មក​ហើយ​នោះ ក៏​បាន​និយាយ​ដែរ​ថា​«ការ​វាយប្រហារ» មក​លើ​ប្រទេស​របស់​លោក​បាន​ហួស​«បន្ទាត់​ក្រហម» ហើយ។

លោក Lukashenko បាន​និយាយ​ទៀត​ថា៖ «ដូច​ដែល​យើង​ទស្សន៍ទាយ អ្នក​ដែល​ស្អប់​យើង​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​បាន​ប្ដូរ​វិធីសាស្ត្រ ដើម្បី​វាយ​ប្រហារ​ប្រទេស​របស់​យើង»។

លោក Lukashenko បន្ថែមទៀត​ថា វា​ជា​ការ​ភូត​កុហក​សុទ្ធសាធ​ដែល​ថា «យន្តហោះចម្បាំង MiG-29 បាន​បង្ខំ​ហើយ​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​ចុះចត​ជា​បន្ទាប់​នៅ​ក្នុងទីក្រុង Minsk។

សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ថា ខ្លួន​បាន​ពិនិត្យ​មើល​នូវ​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​របប​របស់​លោក Lukashenko បន្ទាប់ពី​ឧបទ្ទវហេតុ​យន្តហោះ​នេះ។

មេដឹកនាំ​អឺរ៉ុប ក៏​បាន​ទាមទារ​ឲ្យ​ដោះលែង​លោក Roman Protasevich សកម្មជន​ប្រឆាំង​ដែល​បាន​ស្ថិត​នៅ​លើ​យន្តហោះ​នោះ​ហើយ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​បេឡារុស​នៅ​ក្នុង​ទីក្រុង Minsk៕

XS
SM
MD
LG