ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​ប្រកាស​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ប្រទេស​បេឡារុស


រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីតាលី​លោក Luigi Di Maio (ឆ្វេង) ថ្លែង​ទៅ​កាន់​​ប្រធាន​ទទួល​បន្ទុក​​ការ​បរទេស​របស់​សភាព​អ៊ឺរ៉ុប​លោក Josep Borrell ក្នុង​អំឡុង​កិច្ចប្រជុំ​​រដ្ឋមន្ត្រី​ការ​បរទេស​អឺរ៉ុប​នៅ​ប្រទេស​លុចសំបួ​​ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២១។

រដ្ឋមន្ត្រី​ការបរទេស​សហភាព​អឺរ៉ុប​បាន​កំណត់​ពេល​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​អំពី​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ទៀត​ប្រឆាំង​រដ្ឋាភិបាល​បេឡារុស (Belarus)។ ការ​ដាក់​ទណ្ឌកម្ម​នៅ​ពេល​នេះ​សំដៅ​លើ​មន្ត្រី​ចំនួន​៧៨​នាក់​និង​យ៉ាង​ហោច​ណាស់​លើ​អង្គភាព​ដែល​កាន់កាប់​ដោយ​រដ្ឋាភិបាល​ចំនួន​៧ ដែរ។ សហរដ្ឋ​អាមេរិក​និង​ចក្រភព​អង់គ្លេស​ទំនង​ធ្វើ​តាម​ដោយ​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​របស់​ខ្លួន​នៅ​ក្នុង​រយៈពេល​បីបួន​ថ្ងៃ​បន្ទាប់​ទៀត។ នេះ​បើ​តាម​មន្ត្រី​របស់​សហភាព​អឺរ៉ុប។​

ការដាក់​ទណ្ឌកម្ម​ថ្មី​ធ្វើ​ឡើង​លើ​ក្រុម​មន្ត្រី​ដែល​សង្ស័យ​ថា​មាន​ការ​ទាក់ទិន​នៅ​ក្នុង​ការ​បង្ខំ​ឲ្យ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ​Ryanair ​ចុះចត​កាលពី​ខែ​មុន​និង​ការចូលរួម​នៅ​ក្នុង​ការបង្ក្រាប​លើ​ការតវ៉ា​របស់​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​បេឡារុស​ដែល​មាន​ការ​កើនឡើង​ចាប់តាំង​ពី​ខែ​សីហា​ឆ្នាំ​ទៅមក​នៅពេល​ដែល​មេដឹកនាំ​ប្រទេស​បេឡារុស លោក Alexander Lukashenko បាន​ប្រកាស​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ជា​ទូទៅ​ថា​មាន​ការលួច​បន្លំ។ លោក Lukashenko បាន​កាន់​អំណាច​ចាប់តាំង​ពី​ឆ្នាំ​១៩៩៤​មក។

ក្រុម​មន្ត្រី​សហភាព​អឺរ៉ុប​និយាយ​ថា​រដ្ឋមន្ត្រី​ការបរទេស​សហភាព​អឺរ៉ុប​ក៏​ទំនង​ផ្តល់​សញ្ញា​ដែរ​ថា​ការ​ដាក់​ទណ្ឌកម្ម​នឹង​រីក​កាន់តែ​ធំ​ឡើង​នៅ​ពេល​ឆាប់ៗ​នេះ​ដែល​រួម​បញ្ចូល​ទាំង​ការ​រឹតត្បិត​លើ​ការ​នាំ​ចេញ​ផលិតផល​ប៉ូតាស្យូម​និង​ប្រេង​ឥន្ធនៈ​របស់​បេឡារុស។ ការ​ដាក់​ទណ្ឌកម្ម​ទាំង​នោះ​នឹង​ត្រូវ​សម្របសម្រួល​ជាមួយ​សម្ព័ន្ធមិត្ត​បស្ចិមប្រទេស​ផ្សេង​ទៀត​រួម​មាន​សហរដ្ឋ​អាមេរិក​នៅ​ចុង​ខែ​នេះ។

ក្រុម​មន្ត្រី​ប្រទេស​លីទុយអានី (Lithuania) ក៏​បាន​បង្កើនការ​ចោទ​ប្រកាន់​ទ្វេដង​កាល​ពី​ថ្ងៃ​ចន្ទថា លោក Lukashenko ​បាន​យក​បញ្ហា​ជន​ចំណាក​ស្រុក​ជាអាវុធ​ហើយ​បាន​ស្ថិត​នៅ​ពីខាង​ក្រោយ​នៃ​ការកើនឡើង​នូវ​ជន​ស្វះស្វែង​សុំ​សិទ្ធិ​ជ្រកកោន​មក​ពី​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី​ដែល​បាន​ឆ្លង​កាត់​ព្រំដែន​ខុសច្បាប់​ចូល​ក្នុង​ប្រទេស​លីទុយអានី៕

XS
SM
MD
LG