ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​បេឡារុស​​គ្រោង​ប្រើ​ទស្សនកិច្ច​នៅ​​​សហរដ្ឋ​អាមេរិក​សុំ​ការ​គាំទ្រ​​​


រូប​ឯកសារ៖ មេដឹកនាំ​​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​បេឡារុស​អ្នក​ស្រី ​Sviatlana Tsikhanouskaya ថត​នៅ​រដ្ឋធានី​​ហែលស៊ិនគី​នៃ​ប្រទេស​ហ្វាំងឡង់ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០២១។
រូប​ឯកសារ៖ មេដឹកនាំ​​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​បេឡារុស​អ្នក​ស្រី ​Sviatlana Tsikhanouskaya ថត​នៅ​រដ្ឋធានី​​ហែលស៊ិនគី​នៃ​ប្រទេស​ហ្វាំងឡង់ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០២១។

ក្នុង​ដំណើរ​ទស្សន​កិច្ចជា​ផ្លូវ​ការ​លើក​ទី១មក​កាន់​សហ​រដ្ឋ​អាមេរិកមេដឹកនាំគណបក្ស​ប្រឆាំង​នៅ​ប្រទេស​បេឡារុស​អ្នក​ស្រី ​Sviatlana Tsikhanouskaya ​សង្ឃឹម​ថានឹង​អាច​ជំរុញ​ឲ្យ​សហ​រដ្ឋ​អាមេរិក​ធ្វើ​សកម្ម​ភាព​គាំទ្រ​សកម្មជនប្រជា​ធិបតេយ្យ​និង​ក្រុម​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​របស់​អ្នក​ស្រី។ ​

ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​វីអូអេអ្នក​ស្រី​គូស​បញ្ជាក់​ថា៖ ​«ខ្ញុំ​សូម​អំពាវនាវ​ឲ្យសហ​រដ្ឋ​អាមេរិក​ជួយ​គាំទ្រ​យើង។ការ​ជួយ​របស់​អាមេរិក​សំខាន់​ណាស់​ក្នុង​ពេល​ដែលរបប​មួយ​កំពុង​តែ​បំផ្លាញអ្វីៗ​គ្រប់​យ៉ាង​នៅ​ក្នុង​ប្រទេស​បេឡារុស​បំផ្លាញ​ប្រព័ន្ធ​ព័ត៌មាន​បំផ្លាញ​អង្គការ​ទាំង​អស់។​វា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ជួយ​គាំទ្រ​មនុស្ស​ទាំង​អស់​នោះ»។

នៅ​ពេល​មក​ដល់​សហ​រដ្ឋអាមេរិក​អ្នក​ស្រី​ Tsikhanouskaya​ បាន​ជួប​ប្រជុំជា​មួយ​ក្រុម​អ្នក​គាំទ្រ​នៅ​Freedom Plaza ​គឺទីលាន​សេរីភាព​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។​ អ្នក​ស្រីមាន​គម្រោង​ជួប​ជាមួយមន្ត្រីក្រសួង​ការ​បរទេសមន្ត្រីសេតវិមាន​ សមាជិក​សភានិង​ជួប​ជា​មួយអ្នកស្រី​ Samantha Power​ប្រធាន​ទី​ភ្នាក់ងារ​សហ​រដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ឬ​ហៅ​កាត់​ថា​USAID​ផង​ដែរ។​

អ្នកស្រី​ Tsikhanouskaya​ បាន​ចាកចេញ​ពី​ប្រទេស​បេឡារុស​ជា​មួយ​កូន​តូចៗ​ពីរ​នាក់​បន្ទាប់​ពី​ការបង្ក្រាបយ៉ាង​ឃោរឃៅ​ទៅ​លើ​ក្រុម​អ្នក​ប្រឆាំង​តវ៉ា​ដោយ​សន្តិវិធី​នៅ​ក្នុង​ប្រទេស​បេឡារុសក្រោយ​ការបោះ​ឆ្នោត​ដ៏​ចម្រូង​ចម្រាស​កាល​ពី​ថ្ងៃ​ទី​៩​ខែ​សីហា​ឆ្នាំ​មុន។​ប្រធានាធិបតី​កំពុង​កាន់​អំណាចគឺ​លោក​Alexander Lukashenko​ បាន​ប្រកាស​ជ័យ​ជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​នោះ​៦​អាណត្តិ​ជាប់ៗ​គ្នា។​

បញ្ហា​ដ៏​ក្តៅ​គគុក​សម្រាប់​ប្រទេស​បេឡារុស​មាន​ប្រជាធិបតេយ្យ​ក៏​ដូច​ជា​សម្រាប់​អ្នកស្រី​Tsikhanouskaya ​ផ្ទាល់គឺ​ការ​ដោះ​លែង​អ្នក​ទោស​នយោបាយជាង​៥០០​នាក់​ដែល​អាជ្ញាធរ​បាន​ចាប់​ក្នុង​ការបង្ក្រាប។ក្នុង​ចំណោមនោះក៏​មាន​ស្វាមី​របស់​អ្នក​ស្រីផង​ដែរ។

​អ្នក​សង្កេត​ការណ៍មួយ​ចំនួន​និយាយ​ថា​ដំណើរ​ទស្សន​កិច្ច​របស់អ្នក​ស្រី​នឹង​ត្រូវ​បានតាម​ដានដោយ​យក​ចិត្ត​ទុក​ដាក់​ពី​ប្រធានាធិបតី​រុស្ស៊ី​លោក ​Vladimir Putin​ ដែល​ចង់​បន្ត​មាន​ឥទ្ធិពល​ជា​ខ្លាំង​ទៅ​លើ​អ្វី​ដែល​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​បេឡារុស៕

XS
SM
MD
LG