ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម្ចាស់​វិទ្យុ​សំបុក​ឃ្មុំ​លោក​ ម៉ម សូណង់ដូ ​ប្រកាស​វិល​ចូល​ឆាក​នយោបាយវិ​ញ


រូបឯកសារ៖ លោក ម៉ម សុណង់ដូ (កណ្តាល) អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​នៅ​ប្រទេស​កម្ពុជា​ដឹកនាំ​បាតុកម្ម​មួយ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​លោក​បើក​ស្ថានីយ៍​ទូរទស្សន៍​ថ្មី​មួយ​នៅ​ខាង​មុខ​ក្រសួង​ព័ត៌មាន​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃច័ន្ទ​ទី ២៧ ខែមករា ឆ្នាំ២០១៤។
រូបឯកសារ៖ លោក ម៉ម សុណង់ដូ (កណ្តាល) អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​នៅ​ប្រទេស​កម្ពុជា​ដឹកនាំ​បាតុកម្ម​មួយ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​លោក​បើក​ស្ថានីយ៍​ទូរទស្សន៍​ថ្មី​មួយ​នៅ​ខាង​មុខ​ក្រសួង​ព័ត៌មាន​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃច័ន្ទ​ទី ២៧ ខែមករា ឆ្នាំ២០១៤។

លោក​ ម៉ម សូណង់ដូ​ ដែល​បាន​លាលែង​ពី​តំណែង​ប្រធាន​គណ​បក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជា​ធិបតេយ្យ​របស់​លោក ​បាន​ប្រកាស​ចូល​នយោបាយ​ និង​​ធ្វើ​ជា​ប្រធាន​គណបក្ស​នេះ​វិញ។

ប្រធាន​វិទ្យុ​សំបុកឃ្មុំ​គឺ លោក​ ម៉ម សូណង់ដូ​ បាន​ថ្លែង​នៅថ្ងៃ​ច័ន្ទ​នេះ​ថា​ លោក​បាន​សម្រេច​ចិត្ត​ឈរ​ឈ្មោះ​ជា​បេក្ខជន​ដឹកនាំ​គណបក្ស​ដែល​លោក​បាន​បង្កើត​ ក្រោយការ​លាលែង​ជា​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិប​តេយ្យរបស់​លោក​អស់​រយៈ​ពេល​ជាង​៦​ខែ​មក​នេះ។​

លោក​ ម៉ម សូណង់ដូ​ ​ពលរដ្ឋ​ខ្មែរ​មាន​សញ្ជាតិ​បារំាង​ គឺ​ជា​អតីត​អ្នករិះគន់​រដ្ឋាភិបាល​មិន​សំចៃ​មាត់ ​និង​ជា​អតីត​អ្នក​គំាទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល​ តាម​បណ្តឹង​របស់​រដ្ឋាភិបាល​កាល​ពីខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៧។​

លោក​ ម៉ម សូណង់ ​វ័យ​៧៧​ឆ្នាំ​ បាន​រៀបរាប់​ពីការ​សម្រេច​ចិត្ត​របស់​លោក​យ៉ាង​ដូច្នេះ៖​

«រហូត​មក​ដល់​ពេល​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​ត្រូវ​គេ​រំលាយ។​ បើ​ត្រូវ​រំលាយ​ ពូ​ឃើញ​ថា​ មិន​មែន​ថា ​មាន​តែ​ពូ​ទេ​ ប៉ុន្តែ​ពូ​មាន​សមត្ថភាព​នឹងត្រឡប់ ទៅ​ធ្វើ​នយោបាយ​វិញ​ គឺ​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជា​ធិបតេយ្យ​ហ្នឹង​ដើម្បី​ដឹកនាំ​ទង់​ជ័យ​សង្គ្រោះ​ជាតិ​ ​តំណាង​អ្នក​ប្រជា​ធិបតេយ្យ​តទៅ​ទៀត»។​

លោក​បាន​ប្រាប់​ VOA ​បន្ត​ទៀត​ថា៖​

«ប៉ុន្តែ​ពូ​និយាយ​ថា​ លើក​ទង់​ជ័យ​បន្ត​ដំណើរ​របស់​សង្គ្រោះ​ជាតិ​ហ្នឹង​ មិន​មែន​ធ្វើ​តាម​សង្គ្រោះ​ជាតិទេ ​គឺ​សង្គ្រោះជាតិគេ​ធ្វើ​ប្រអប់​មួយ​របស់​គេ។ ​ប៉ុន្តែ​ឥឡូវ​ហ្នឹង​ បើ​ពូ​ចូល​ទៅ​ដឹកនាំ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជា​ធិបតេយ្យ​ត​ទៅ​ទៀត​ គឺ​ពូ​ប្តូរ​ប្រអប់​ ប្តូរ​ពុម្ព។ ពុម្ព​មិន​ធ្វើ​ដូច​ពួក​សង្គ្រោះ​ជាតិ​ដែល​បាន​ធ្វើ​ទេ​នែ៎!»

លោក​បាន​ពន្យល់​បញ្ជាក់​ថា​ ពុម្ព​ប្រជា​ធិបតេយ្យ​ដែល​លោក​នឹង​បង្កើត​នោះ​ គឺ​ការ​មិន​វាយ​ប្រហារ​គ្នា​ កសាង​សន្តិភាព ​មិត្តភាព​ជាមួយ​គូ​ប្រកួត​ ហើយ​មិន​លាប​ពណ៌ ​និង​មិន​មួល​បង្កាច់​គ្នា​ទៅវិញ​មក ក៏ដូច​ជា​តម្កល់​កិត្តិយស​ជា​ធំ។​ លោក​ថ្លែង​ថា៖​

«ឧទាហរណ៍​ ពូ​មិន​យក​កាំបិត​ទៅចាក់​គេ​ [ពេល]​គេ​កំពុង​ដេក​ទេ​ ហើយ​ពូ​ក៏មិន​យក​កាំបិទ​ទៅចាក់​ក្រោយ​ខ្នង​គេ​ដែរ។​

កាលពី​ខែ​សីហា​ ឆ្នាំ​២០១៧​ លោក​ ម៉ម សូណង់ដូ​ បាន​ប្រកាស​លា​លែង​ពី​តួនាទី​ជា​ប្រធាន​គណបក្សសំបុក​ឃ្មុំ​សង្គម​ប្រជា​ធិបតេយ្យនេះ​ ​បន្ទាប់​ពី​គណបក្ស​របស់​លោក​បាន​ទទួល​លទ្ធផល​មិន​ដូច​ការ​រំពឹង​ទុក​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ក្នុង​ឆ្នាំ​២០១៧។​

ក្រោយពី​លោក​បាន​ចាប់​ផ្តើម​ដំណើរ​ការ​គណបក្ស​នយោបាយ​របស់​លោក​សារ​ជាថី្ម​ ​ លោក​ ​ម៉ម សូណង់ដូ​ អតីត​អ្នក​គាំទ្រ​គណ​បក្ស​ប្រឆាំង បាន​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​លោក​ ​សម រង្ស៊ី ​និង​លោក​កឹម សុខា។​ ​លោក​អះអាង​ថា​ លោក​ទាំង​ពីរ​ជា​អ្នក​នយោបាយ​ដែល​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ​ជា​ជាង​ប្រយោជន៍​ជាតិ​ ខណៈ​ដែល​គណបក្ស​នេះ​បាន​ធ្វើ​ឲ្យ​លោក​ខក​ចិត្ត​ នៅ​ពេល​ដែល​មេ​ដឹកនាំ​គណបក្ស​នេះ​សម្រេច​ចូល​ធ្វើ​ការ​នៅ​ក្នុង​សភា​ជាតិ​ជាមួយ​គណបក្ស​កាន់​អំណាច។​

កាល​វិល​មក​វិញ​របស់​លោក ម៉ម សូណង់ដូ​ ត្រូវ​បាន​ស្វាគមន៍​ដោយ​គណបក្ស​ថ្មី​ថ្មោង​មួយ​ដែល​ឈ្នះ​បាន​អាសនៈ​មួយ​ចំនួន​តូច​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ កាលពី​ខែ​មិថុនា​ ឆ្នាំ​២០១៧។​

លោក​ សាម អ៊ីន​ អគ្គលេខាធិការ​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ហៅ​កាត់​ថា​ គ.ប.ម.​ ឬ​ GDP ​ថ្លែង​ថា៖​

«យើង​រីករាយ​ស្វាគមន៍គណបក្ស​ដទៃ​ទៀត​ ប៉ុន្តែ​យើង​ស្នើ​សុំ​ឲ្យមាន​ការ​រៀបចំ​បរិយាកាស​នយោបាយ​មួយ​សម្រាប់​ការ​ប្រកួត​ប្រជែង​មួយ​ដែល​ល្អ​ ដែល​ស្មើភាព ​ជាពិសេស​ទាក់​ទង​នឹង​ការ​លើក​ស្លាក​គណបក្ស​នយោបាយ​ សម្រាប់​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​ កុំ​ឲ្យមាន​ការ​រំខាន កុំឲ្យ​មាន​ការ​បង្កការ​លំបាក​ពី​អាជ្ញាធរ​ដែនដី​ ពីព្រោះ​មួយ​រយៈ​កន្លង​មក​នេះ​ យើង​មាន​បទ​ពិសោធន៍​ ដែល​យើង​ទទួល​បានការ​លំបាក ការ​រំខាន​មួយ​ចំនួន​ពីអាជ្ញាធរ​ដែនដី​នៅ​ក្រុង​ភ្នំពេញ​ នៅ​ខេត្ត​បាត់​ដំបង​ និង​នៅ​ខេត្ត​សៀមរាប​ ដែល​បង្កការ​រំខាន​ដល់​ស្លាក​គណបក្ស​នយោបាយ​របស់​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន»។​

លោក​ សាម អ៊ីន ​ក៏​មាន​ក្តី​បារម្ភ​ពី​ឯករាជ្យភាព​នៃ​ការ​ងារ​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ដែរ​ ​ហើយ​លោក​បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​បោះ​ឆ្នោត​ជាតិ​នេះ​ អនុញ្ញាត​ឲ្យ​មាន​ការ​ចូលរួម​នៃ​អ្នក​សង្កេត​ការណ៍​មក​ពី​គ្រប់​មូលដ្ឋាន​ ដើម្បី​ធានាថា ​ ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ខាង​មុខ​នេះត្រូវ​បាន​រៀប​ចំឡើង​ដោយ​សេរី​ ត្រឹមត្រូវ​ យុត្តិធម៌​ និង​មាន​តម្លាភាព។ ​លោក​ ម៉ម សូណង់ដូ​ មិន​រិះគន់​ស្ថាប័ន​បោះឆ្នោត​ជាតិ​នេះ​ទេ​ តែលោក​ថា​ ​គណបក្ស​លោក​មាន​គោល​នយោបាយ​កែ​ទម្រង់​ស្ថាប័ន​បោះ​ឆ្នោត​នេះ​ ឲ្យ​ស្ថិត​ក្រៅ​កណ្តាប់​ដៃ​របស់​ក្រុម​អ្នក​នយោបាយ។​

យ៉ាងណាក្តី ​អ្នក​វិភាគ​ស្ថាន​ការណ៍​នយោបាយ​កម្ពុជា​ក៏​បាន​ប៉ាន់ស្មាន​ទុក​ជា​មុន​ថា​ គណ​បក្ស​តូចៗ​ដែល​កើត​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​នេះ​នឹង​មិន​ទទួល​បាន​ចំណាប់​អារម្មណ៍​ពីអ្នក​បោះ​ឆ្នោត​ឡើយ។​ ពួក​គេ​ថ្លែង​ថា​ មាន​តែ​គណបក្ស​ធំៗ​ពីរ​ប៉ុណ្ណោះ​ ដែលអាច​ទាញ​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ខ្មែរ​បាន​ច្រើន​ ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល​តាម​បណ្តឹង​របស់​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក​ ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ ចាត់​ទុក​វត្តមាន​របស់​លោក​ ម៉ម សូណង់ដូ ​ថា​ ជា​ការ​អត់​ប្រយោជន៍ ​និង​គ្រាន់​តែ​ជា​ការ​ឆក់​ឱកាស​នៅ​ពេល​គ្មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក​ ​ម៉ម សូណង់ដូ​ ​កំពុង​រង់ចាំ​ការ​ផ្តល់​សេច​ក្តីទុក​ចិត្ត​ពី​សមាជិក​គណបក្ស​របស់​លោក​ ដើម្បី​ឡើង​ដឹកនាំ​គណបក្ស​របស់​លោក​វិញ។​ លោក​ថា​ គណបក្ស​លោក​នឹង​ធ្វើ​សមាជ​វិសាមញ្ញ​មួយ​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ​ ដើម្បី​ប្រជុំ​សម្រេច​យកលោក​មកធ្វើ​ជា​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជា​ធិបតេយ្យ។​

ចាប់​តាំង​ពី​ពេល​បង្កើត​គណបក្ស​ និង​ចូល​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​១៩៩៨​មក​ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិប​តេយ្យ​របស់​លោក​ ​ម៉ម សូណង់ដូ​ ​មិន​ដែលទទួល​បាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ជាតិ​នោះ​ទេ។​

កាលពីឆ្នាំ​២០១២​ លោក​ ម៉ម សូណង់ដូ​ ធ្លាប់​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​រយៈពេល​២០​ឆ្នាំ​ ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ការ​បះបោរ​នៅ​ក្នុង​ទំនាស់ដីធ្លី​មួយ​នៅ​ខេត្ត​ក្រចេះ​។ ​តែដោយសារ​តែ​ការ​ដាក់​សម្ពាធ​ពី​អង្គការ​សង្គម​ស៊ីវិល​អន្តរ​ជាតិ​ដែល​ធ្វើការ​លើ​កិច្ច​ការ​ពារ​សិទ្ធិ​មនុស្ស ​ទើប​លោក​ត្រូវ​បាន​ដោះ​លែង​នៅ​ខែ​មីនា​ ឆ្នាំ​២០១៣។​

សម្រាប់​ការ​វិល​ត្រឡប់​របស់​លោក​មក​កាន់​ឆាក​នយោបាយ​វិញ​នេះ​ លោក​ ម៉ម សូណង់ដូ ​បាន​ផ្តាំ​ផ្ញើ​ទៅ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ គ្មាន​ថ្ងៃ​ណា​នឹង​រស់​ឡើង​វិញឡើយ​ ហើយ​ក្រុម​មន្ត្រី​នៃ​គណបក្ស​នេះ​កំពុង​ធ្វើ​ប្រជាភិថុតិ​ ភូត​កុហក់​អ្នក​គាំទ្រ​ខ្លួនថា គណបក្ស​ដែល​ទទួល​បាន​ការគាំ​ទ្រ​ជាង​ ៤០​ភាគ​រយ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់ឆ្នាំ​ ២០១៧​នេះ​ នឹងរស់​ឡើងវិញ៕

XS
SM
MD
LG