ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី​រ៉ូណា ស្មីត​មក​កម្ពុជា​ផ្តោត​លើ​សិទ្ធិនយោបាយ​និង​ការបោះឆ្នោត​


រូបឯកសារ៖ អ្នកស្រី​ រ៉ូណា ស្មីត​ អ្នករាយការណ៍​ពិសេស​ររបស់អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​កម្ពុជា។
រូបឯកសារ៖ អ្នកស្រី​ រ៉ូណា ស្មីត​ អ្នករាយការណ៍​ពិសេស​ររបស់អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​កម្ពុជា។

ដំណើរ​ទស្សន​កិច្ច​នេះ​​ចំពេលដែល​​ប្រទេស​កម្ពុជា​ កំពុង​​ប្រឈម​ការ​ប៉ុន​ប៉ង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ ដោយ​សហភាព​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​ ក្រោយការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ការបោះឆ្នោត​ព្រឹទ្ធ​សភា​ដែល​គ្មាន​វត្តមាន​របស់​គណបក្ស​ប្រឆាំង។

អ្នកស្រី​ រ៉ូណា ស្មីត​ (Rhona Smith) ​អ្នករាយការណ៍​ពិសេស​របស់​អ.ស.ប.​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​កម្ពុជា​ នឹង​ផ្តោត​លើ​បញ្ហា​ជាច្រើន​ ដែលរួមមាន​ ការ​បោះឆ្នោត​ សិទ្ធិនយោបាយ​ និង​សេរីភាព​ជា​មូលដ្ឋាន​ ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​អ្នក​ស្រី​មក​កាន់​ប្រទេស​នេះ​ជាលើក​ទីប្រាំ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់របស់​តំណាង​ប្រ​ចាំប្រទេសនៃ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្សនៅកម្ពុជា​(OHCHR)។

លោក​សាយម៉ឹន វ៉កឃើ (Simon Walker) ​តំណាងប្រចាំ​ប្រទេស​នៃ​ការិយាល័យ​OHCHR ​នៅ​កម្ពុជា បាន​បញ្ជាក់​ប្រាប់​ឲ្យVOA​ដឹង​តាម​សារ​អេឡិកត្រូនិក​ (Email) ​នៅថ្ងៃ​សុក្រនេះ​ថា​ អ្នកស្រី​ ស្មីត ​នឹង​ដាក់​បញ្ហា​ទាំង​នេះ​ ឲ្យស្ថិត​ក្នុង​បរិការណ៍នៃ​បញ្ហា​នានា​ផ្សេងទៀត​ដែល​កំពុង​កើតឡើង​សព្វ​ថ្ងៃ​ រួមមាន​ដំណើរ​ការ​អភិវឌ្ឍ​ជាច្រើន​ នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ និង​សិទ្ធិសង្គម។

លោកវ៉កឃើ​បាន​បន្ថែមថា៖

«នៅ​ក្នុង​បរិការណ៍​នេះ​ ​អ្នករាយការណ៍​ពិសេស​ នឹង​ពិនិត្យ​លើ​ចំណង​ទាក់​ទង​នានា​ រវាងការ​គោរព​សិទ្ធិមនុស្ស​ ជា​កត្តា​មូលដ្ឋាន​ នៅក្នុងការ​សម្រេច​បាន​សិ្ថរភាព​ និង​កិច្ច​អភិវឌ្ឍន៍»។

ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​ ស្មីត​ នៅកម្ពុជា​មាន​រយៈពេល​ ១០​ថ្ងៃ​ ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ៥ ដល់​ថ្ងៃ​ទី​ ១៤​ ខែមីនា ឆ្នាំ​ ២០១៨។ ដំណើរ​ទស្សន​កិច្ច​នេះចំពេលដែលប្រទេស​កម្ពុជា​ កំពុងប្រឈម​ការ​ប៉ុន​ប៉ង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ ដោយ​សហភាព​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​ ក្រោយការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ការបោះឆ្នោត​ព្រឹទ្ធ​សភា​ដែល​គ្មាន​វត្តមាន​របស់​គណបក្ស​ប្រឆាំង។

លោក​ សុខ ឥសាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​ និង​ជាតំណាងរាស្ត្រ​មួយរូប​មិនផ្តល់​ការ​អធិប្បាយ​អំពី​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​រដ្ឋាភិបាល​ក្នុងការ​ជួបជាមួយ​អ្នកស្រី​ ស្មីតទេ ដោយ​លោក​បាន​បង្វែរ​សំណួរ​ទៅលោក​ផៃ ស៊ីផាន​ អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី។

ក៏​ប៉ុន្តែ​នៅពេល​ VOA ​សួរ​លោក​ថា​ តើ​រដ្ឋាភិបាល​នឹង​មាន​ការពិចារណា​យ៉ាងណា​ ប្រសិន​បើ​អ្នក​ស្រី​ស្មីត​ ​ចោទសួរ​ពីការ​បិទសិទ្ធិ​របស់​គណបក្ស​ប្រឆាំង​ក្នុង​ការ​ចូលរួម​ការ​បោះឆ្នោត​ខាងមុខនេះ​ លោក​ សុខ ឥសាន ​មាន​ប្រសាសន៍​ថា​ មតិ​យោបល់​ពីមជ្ឈដ្ឋាន​ណាក៏ដោយ​ ក៏មិន​អាចធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​រាន​មាន​ជីវិត​បានឡើយ។

«មិន​អា​ចមាន​មតិ​ណាមួយ​ ឬការទិះតៀន​ណាមួយ​ឲ្យរំលង​នីតិរដ្ឋ​ហ្នឹង​ អាច​សម្រេច​ផល​បាន​ទេ ពី​ព្រោះ​បញ្ហា​ដែល​កើត​ឡើង​នេះ​ មិនមែនកើត​ឡើង​ដោយសារ​បក្សកាន់អំណាច​ទៅគាបសង្កត់​ ឬ​ធ្វើ​ទុក្ខ​បុកម្នេញ​ គណបក្ស​ប្រឆាំង​ទេ​ គឺគណបក្ស​ប្រឆាំង​បង្កើត​កំហុស​ខ្លួន​ឯង​ ដូច្នេះ​ត្រូវទទួល​ខុស​ត្រូវ​ ចំពោះមុខ​ច្បាប់​ដោយ​ខ្លួន​ឯងទេ​បាទ​»។

VOA មិន​ទាន់​អាចសុំការ​អធិប្បាយ​ពី​លោក​ ផៃ​ ស៊ីផាន​ អ្នកនាំពាក្យរដ្ឋាភិបាល​បាន​ទេ​ នៅថ្ងៃ​សុក្រ​នេះ។

យោងតាមសេចក្តី​ជូន​ដំណឹង​អំពី​ដំណើរ​របស់​អ្នកស្រី ស្មីត​ ដែលVOA ​បាន​ទទួល​កាលពីយប់​ថ្ងៃ​ព្រហស្បតិ៍​ បាន​បញ្ជាក់​ឲ្យដឹងថា​ ក្នុងអំឡុង​ពេល​ទសន្សកិច្ច​រយៈពេល​ ១០ថ្ងៃ​នេះ​ ក្រៅពី​ការគ្រោង​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ អ្នកស្រី​ក៏គ្រោង​ជួប​តំណាង​សង្គម​ស៊ីវិល​ និង​សមាជិក​សហគមន៍​ការ​ទូតនានាផងដែរ។

លោក​ ស៊ឹង សែនករុណា​ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ លោក​នឹង​លើក​ឡើង​ពី​ការវិវត្ត​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​ ​និង​ការរឹតត្បិត​សេរីភាព​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល ក្នុងការ​បំពេញ​ការងារ​នៅតាម​សហគមន៍​ ដែលបាន​ស្ថិត​ក្រោមការ​ឃ្លាំមើល​របស់​អាជ្ញាធរ​។

«យើង​បាន​ត្រៀម​ហើយ​ថា​ យើង​នឹង​លើកអំពីស្ថានភាព​សិទ្ធិមនុស្ស​បច្ចុប្បន្ន ជាពិសេស​យើ​ង​ផ្តោត​ទៅលើ​សិទ្ធិពលរដ្ឋ​ និង​សិទ្ធិនយោបាយ​នេះ​ហើយ​ ដែលកំពុង​ប្រឈម​ ​ហើយ​យើង​នឹង​លើកឡើង​ផងដែរ​ អំពីការងារ​ប្រឈម​របស់​យើង​ ដែល​ជា​ពិសេស​នោះ​គឺ​ ពេលដែល​យើង​ប្រតិបត្តិការ​សកម្ម​ភាព​ហ្នឹង​ត្រូវមានការ​ឃ្លាំមើល​ពី​សំណាក់​អាជ្ញាធរ​មានសមត្ថកិច្ច​តែង​តែ​ទៅ​ មិនមែន​រំខានទេ​ គ្រាន់​តែ​គាត់​តែង​បង្ហាញ​វត្តមាន​ចឹង​ វាហាក់​ដូច​ជា​រូបភាព​មួយ​ ធ្វើ​ឲ្យពលរដ្ឋ គាត់​មានការ​បារម្ភ​ ហើយ​ភ័យ​ខ្លាច​នឹង​បញ្ចេញ​មតិ​ផ្សេង​ៗ​ នៅពេល​ដែល​ចូលរួម​ក្នុង​សកម្មភាព​ ការងារ​យើង​នៅ​ក្នុង​មូលដ្ឋាន​ហ្នឹង​បាទ»។

ចំណែក​ឯ​ លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ មានប្រសាសន៍ថា លោកចង់​ឃើញ​អ្នក​ស្រី​ ស្មីត​ ធ្វើការ​សម្រុះសម្រួល​ឲ្យរដ្ឋាភិបាល​កម្ពុជា​ បាន​ឈានដល់​ចំណុចរួមគ្នាមួយ​ជាមួយ​សហភាព​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​ ដើម្បី​ស្តារស្ថានការណ៍​នយោបាយ​កម្ពុជា​ឡើងវិញ​ ដែលនឹង​ទប់​មិន​ឲ្យមានចំណាត់​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហគមន៍​កាន់​លទិ្ធប្រជាធិបតេយ្យ​ធំៗ​ទាំងពីរនេះ។

«ពាក់​ព័ន្ធ​នឹង​ស្ថានភាព​នយោបាយ​ បើ​វាពាក់​ព័ន្ធ​មកដល់​ការ​ងារ​យើង​ ក៏យើង​ចង់​ឲ្យ​គាត់​ជូយ​ធ្វើ​ម៉េច​ ដើម្បី​ជជែក​ពិភាក្សា​ជាមួយ​ខាង​រដ្ឋាភិបាល​កម្ពុជា​ ឬក៏ខាង​រដ្ឋាភិបាល​នៃ​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​ហ្នឹង​ដើម្បី​ឲ្យ​ធ្វើ​ម៉េច​រក​ចំណុចរួម​ដើម្បី​ដោះស្រាយ​បញ្ហា​ ដើម្បី​កុំ​ឲ្យ​វា​មាន​ភាពតាន​តឹង​ ឬក៏អាគំនិត​ផ្ទុយគ្នា​ហ្នឹង​វា​អាច​ខាត​ប្រយោជន៍​ទៅដល់​ កម្ពុជា​យើង​ឬក៏ខាត​ប្រយោជន៍​ទៅដល់​ខាង​កម្មករ​តែ​ម្តង»។

បន្ទាប់​ពីការ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ម​ក​កម្ពុជា​ជាលើក​ទីប្រាំនេះ អ្នកស្រីស្មីត​ គ្រោងនឹងធ្វើរាយ​ការណ៍​អំពីបញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទស​នេះ​ ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អ.ស.ប​ នៅខែ​កញ្ញាខាងមុខនេះ។

មុនពេល​នៃ​ការ​ធ្វើទស្សនកិច្ច​របស់​អ្នកស្រី​ ស្មីតនៅកម្ពុជា​ ប្រេសិត​អ.ស.ប​ រូបនេះ និង​លោក​ដេវីត​ ខាយ​ (David Kaye) អ្នករាយការណ៍​ពិសេស​របស់​ អ.ស.ប​ ទទួល​បន្ទុក​ការ​លើកកម្ពស់​ និងការ​ពារ​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ​ និងយោបល់​ បាន​ចេញ​សេចក្តីប្រកាស​រួមមួយកាលពីពេល​ថ្មីៗ​នេះ​ ឆ្លើយ​តបទៅនឹង​ការ​កែ​ប្រែ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ចុងក្រោយនេះ​ថា​ អាចជា​ការ​ដាក់​កម្រិត​យ៉ាង​ខ្លាំង​ទៅលើ​លទ្ធិប្រជាធិបតេយ្យ​ និង​នៅមុនការ​បោះឆ្នោត​ជាតិ​នៅឆ្នាំនេះ​ និង​នៅពេល​អនាគត។ ​ពួកគេ​បាន​និយាយ​ថា ការ​ធ្វើ​វិសោធនកម្ម​នេះ ​មាន​លក្ខណៈ​មិន​ច្បាស់លាស់ និង​មិន​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ៕

XS
SM
MD
LG