ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកបោះឆ្នោត​ក្រុង​បាត់ដំបង​រំពឹងថាបាន​ការអភិវឌ្ឍ​មានតម្លាភាព​ និង​សេវា​សាធារណៈ​​ប្រសើរ​ជាង​មុន​​ពី​ចៅសង្កាត់ជាប់​ឆ្នោត


ទិដ្ឋ​ភាព​ទូទៅ​ថ្ងៃបោះឆ្នោតជ្រើសរើស​ក្រុម​​ឃុំសង្កាត់ឃុំសង្កាត់នៅ​ការិយាល័យ​បោះ​ឆ្នោត​អូរ​តាគាំ១​ក្នុង​ក្រុង​បាត់​ដំបង នៅ​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (លាស់ លីបលីប​/​វីអូអេ)
ទិដ្ឋ​ភាព​ទូទៅ​ថ្ងៃបោះឆ្នោតជ្រើសរើស​ក្រុម​​ឃុំសង្កាត់ឃុំសង្កាត់នៅ​ការិយាល័យ​បោះ​ឆ្នោត​អូរ​តាគាំ១​ក្នុង​ក្រុង​បាត់​ដំបង នៅ​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (លាស់ លីបលីប​/​វីអូអេ)

លោក​ សួន​ ផានិត្យ​ បាន​នាំ​សាច់ញាតិ​មកបោះឆ្នោត​ក្នុងមណ្ឌ​ល​បោះឆ្នោត​រៀបចំ​នៅ​សាលា​បឋម​សិក្សា​អូរ​តាគាំ១​ នៅសង្កាត់​ទួល​តាឯក​ ក្រុង​បាត់ដំបង​ ខេត្តបាត់​ដំបង​ បន្ទាប់​ពីលោក​បាន​បោះ​ឆ្នោត​រួច​ហើយ​នៅ​មណ្ឌល​បោះ​ឆ្នោតផ្សេង​ទៀត​កាល​ពី​ព្រឹកថ្ងៃអាទិត្យ​នេះ។

​មាន​លំនៅ​ឋាន​ក្នុង​ភូមិ​កម្មករ សង្កាត់​ស្វាយ​ប៉ោ​ លោក​ ផានិត្យ​ អាយុ​២៧ឆ្នាំ​ ថ្លែង​នៅ​ក្នុង​មណ្ឌល​បោះ​ឆ្នោតក្នុងសង្កាត់​ទួល​តាឯកថា​ មេ​ឃុំ​ជាប់​ឆ្នោត​គួរ​ផ្តល់​ភាព​កក់ក្តៅ​បន្ថែម​ទៀត​ ដល់​ពលរដ្ឋ​រស់​នៅតាម​ភូមិ​ឃុំ​ ជុំវិញ​ការ​ផ្តល់​សេវា​រដ្ឋបាល​នានា។

លោក​ប្រាប់​អ្នក​យកព័ត៌​មាន​ឱ្យ​សំឡេង​សហ​រដ្ឋអាមេរិក​វីអូអេថា៖ «សម្រាប់​ខ្ញុំ ខ្ញុំ​សំណូម​ពរ​ឱ្យ​ចៅ​សង្កាត់ ហើយ​មេភូមិ​ ព្យាយាម​ផ្តល់​ភាពកក់​ក្តៅ​សម្រាប់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ច្រើន​ជាងមុន​បន្តិច»។

ពលរដ្ឋ​ក្នុង​សង្កាត់​ស្វាយប៉ោ​រូបនេះ​ បន្ថែមថា​ អាជ្ញាធរ​ភូមិ​ឃុំ​ គួរ​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ​ផង​ដែរ​ ក្នុង​ពេល​សម្រេច​ចិត្ត​ធ្វើការ​អភិវឌ្ឍ​គម្រោង​ណាមួយ​។ លោក​ សួន​ ផានិត្យ ​និយាយ​ថា៖

«ដូច​ជា​ការ​ផ្តល់​ដំណឹង​ដល់​ប្រជាពលរដ្ឋ​សម្រាប់​ការ​ធ្វើ​អីមួយ ដូច​ជាការ​ធ្វើ​ផ្លូវ​ អីផ្សេងៗ​អ៊ីចឹង​ណា៎ បង ហើយ​គាត់​អត់បាន​ផ្តល់​ដំណឹង​ឱ្យ​យើង។​ ហើយដូច​ជាការ​ប្រជុំ​ភូមិឃុំ​ ឬមួយ​ពេលដែល​គេទម្លាក់​គម្រោង​អី​មួយ​ គាត់​អត់​បាន​ប្រាប់​ប្រជាពលរដ្ឋ​ថា​ យើង​ត្រូវ​ធ្វើអីៗ​ អ៊ីចឹង​ណា៎បង​»។

ក្រុង​បាត់​ដំបង​របស់​ខេត្តបាត់ដំបង​មាន​សង្កាត់​ចំនួន១០​ ​ហើយ​បើ​និយាយ​ជារួម​គឺ​ខេត្ត​បាត់​ដំបង​ទាំង​មូល​មាន​ឃុំ​សង្កាត់សរុប​ចំនួន​១០៣​។ គណ​បក្ស​យ៉ាង​ហោច​ណាស់​ចំនួន​៨​ បាន​ដាក់​បេក្ខជ​ន​ឈរ​ឈ្មោះ​នៅ​ឃុំ​សង្កាត់​ទូទាំង​ខេត្ត​ និង​ក្រុង​បាត់​ដំបង​។​ ក្នុង​ចំណោម​គណ​បក្ស​ទាំង​៨នោះ​ មាន​តែ​គណ​បក្ស​សំខាន់ៗ​ពីរ​តែ​ប៉ុណ្ណោះ​គឺ​ គណ​បក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​ភ្លើងទៀន​ដែល​បាន​ដាក់​បេក្ខជន​គ្រប់​ឃុំ​សង្កាត់។

អ្នក​បោះ​ឆ្នោត​មួយរូប​ទៀត​មកពី​ភូមិ​អូរតា​គាំ​១​ សង្កាត់​ទួល​តាឯក​ និយាយ​ថា​ លោក​មាន​គណ​បក្ស​ស្ថិត​ក្នុងចិត្ត​ដែល​លោក​សម្រេច​ផ្តល់​សន្លឹក​ឆ្នោត​ជូន​។ ទោះ​ជា​យ៉ាង​ណា​ ​លោក កែវ​ ជី​ អាយុ​៣៤​ឆ្នាំ​ និយាយ​ថា​ មេឃុំ​រូប​ណា​ដែល​ជាប់​ឆ្នោត​នៅ​សង្កាត់​លោក​ គួរ​ពង្រឹង​គុណ​ភាព​សេវា​សាធា​រណៈ​ជូន​ប្រជា​ពល​រដ្ឋ​។

ប្រធាន​គណៈកម្មការរៀប​ចំការ​បោះ​ឆ្នោត​សង្កាត់​ទួល​តាឯក​ លោក​ សូ សុង​ ផ្ដល់​បទសម្ភាសន៍ដល់​វីអូអេ ក្នុង​ក្រុង​បាត់ដំបង​ ថ្ងៃ​ទី​៥ ខែ​មិថុនា​ ឆ្នាំ​ ២០២២​។ (ហ៊ុល រស្មី/វីអូអេ)​
ប្រធាន​គណៈកម្មការរៀប​ចំការ​បោះ​ឆ្នោត​សង្កាត់​ទួល​តាឯក​ លោក​ សូ សុង​ ផ្ដល់​បទសម្ភាសន៍ដល់​វីអូអេ ក្នុង​ក្រុង​បាត់ដំបង​ ថ្ងៃ​ទី​៥ ខែ​មិថុនា​ ឆ្នាំ​ ២០២២​។ (ហ៊ុល រស្មី/វីអូអេ)​

លោកលើក​ឡើង​ក្រោយ​បោះឆ្នោត​រួច​ថា​៖ «មេឃុំ​ដែល​គាត់​បាន​ជ្រើសរើស​ដោយ​សំឡេង​ឆ្នោត​ហ្នឹងដែល​គាត់​មាន​សិទ្ធិ​មាន​អំណាច​ទាក់ទងនឹង​សេវា​រដ្ឋបាល​សូម​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ជាងមុន ទាក់​ទង​មាន​វេទិកា​សាធារណៈ​ដើម្បី​ស្តាប់​បញ្ហា​ពី​ប្រជា​ពល​រដ្ឋ​ឱ្យបាន​ច្រើន​ ដើម្បី​ឱ្យ​ប្រជា​ពល​រដ្ឋ​មាន​ការ​ចូលរួម​ច្រើន​ ហើយ​សហការ​ជាមួយអាជ្ញាធរភូមិឃុំ»។​

អ្នក​ស្រី ​សិន​ ម៉ៅ ​បានចូលរួមបោះឆ្នោត​រៀងរាល់​អាណត្តិ​ដែល​មាន​ការរៀប​ចំបោះឆ្នោត​ឃុំ​សង្កាត់​។ក្នុង​អាណត្តិ​នេះ​ អ្នក​ស្រីចង់​ឃើញ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​ឱ្យ​បាន​កាន់តែ​ច្រើនឡើង​ និង​ប្រឹង​ប្រែង​អភិវឌ្ឍន៍​ភូមិ​ឃុំ​បន្ថែម​ទៀត​។

អ្នកស្រី​ប្រាប់​វីអូអេ​ថា​៖ «មេឃុំ​ជាប់ឱ្យ​គាត់​ជួយ​ប្រជាជន​ក្រីក្រ​ ឱ្យ​ដឹងពីការងារ សុខទុក្ខ​របស់​ ប្រជាជន អីអ៊ីចឹង​ទៅណា៎ ខ្ញុំ​សុខចិត្ត​ថា បោះជូន​ខ្ញុំ​អត់​ខានមួយ​អាណត្តិ​ទេ។​»។

​អំឡុង​ពេល​នៃការ​ចាប់​ផ្តើម​បោះឆ្នោត​នៅព្រឹកថ្ងៃអា​ទិត្យ​ មាន​ពល​រដ្ឋ​មួយ​ចំនួន​មិនបាន​បោះ​ឆ្នោត​ ព្រោះ​មិន​មាន​អត្តសញ្ញាណ​បណ្ណជាប់​នឹង​ខ្លួន​ បើទោះ​មាន​បង្កាន់​ដៃ​សម្រាប់​ចូលរួម​ការ​បោះ​ឆ្នោត។​ ពល​រដ្ឋ​ខ្លះ​ទើប​តែ​គ្រប់អាយុ​បោះឆ្នោត​ និងមាន​បណ្ណ​បោះ​ឆ្នោត​ដែរ តែក៏មិន​ត្រូវបាន​អនុញ្ញាត​ដោយ​មន្ត្រី​រៀបចំ​បោះ​ឆ្នោតឱ្យ​បាន​ចូលរួម​បោះឆ្នោត​ ដោយ​សារ​ពួកគាត់​គ្មាន​អត្ត​សញ្ញាណ​បណ្ណ​។

ប្រធាន​គណៈ​កម្មការរៀប​ចំការ​បោះ​ឆ្នោត​សង្កាត់​ទួល​តាឯក​ លោក សូ សុង​ បកស្រាយ​ហេតុ​ផល​ដែល​ពល​រដ្ឋ​ខ្លះ​មាន​បង្កាន់​ដៃ​បោះឆ្នោត​ តែ​បែរ​ជាមិន​បាន​បោះ​ឆ្នោត​យ៉ាង​ដូច្នេះ៖

«អ្នក​ដែល​បោះឆ្នោត​បាន​ទី១​ត្រូវ​មាន​ឈ្មោះ​ក្នុង​បញ្ជីបោះឆ្នោត។​ទី២​ ត្រូវ​មាន​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ដែល​នៅ​មាន​សុពល​ភាព។​ ទី​៣​ ត្រូវ​តែ​មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណបណ្ណ​បម្រើ​ឱ្យ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់​អាណត្តិទី​៥​ឆ្នាំ​២០២២។​នោះគឺគាត់​បោះ​បាន​ហើយបាទ​»។​

បើ​តាម​លោក សូ​ សុង​ នៅ​មណ្ឌល​បោះឆ្នោត​ សង្កាត់​ទួល​តាឯក​ ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង​មាន​គណ​បក្ស​បី​ ដាក់​បេក្ខ​ជនឈរឈ្មោះ​ គឺខ្មែរស្រឡាញ់​ជាតិ គណ​បក្ស​ភ្លើង​ទៀន​ និងគណ​បក្ស​ប្រជា​ជន​កម្ពុជា​។ ​ហើយ​ការិយាល័យ​បោះឆ្នោត​មាន​ចំនួន៥​ ត្រូវបានរៀប​ចំ​សម្រាប់​អ្នកបោះ​ឆ្នោត​ចំនួនសរុប​៩៤​៣០​នាក់​។

អភិបាល​ក្រុង​បាត់ដំបង​លោក​ ផេង​ សិទ្ធី​ និយាយថា​ បរិយាកាស​បោះឆ្នោត​ក្នុងក្រុង​បាត់ដំបង​មាន​ភាព ស្ងប់​ស្ងាត់​ ហើយ​ការបោះឆ្នោត​ធ្វើឡើង​ដោយ​គ្មាន​ការគំរាម​កំហែង​ ថ្ងៃអាទិត្យ​ ទី​៥​ ខែ​មិថុនា ឆ្នាំ​២០២២​។ (ហ៊ុល រស្មី/វីអូអេ)
អភិបាល​ក្រុង​បាត់ដំបង​លោក​ ផេង​ សិទ្ធី​ និយាយថា​ បរិយាកាស​បោះឆ្នោត​ក្នុងក្រុង​បាត់ដំបង​មាន​ភាព ស្ងប់​ស្ងាត់​ ហើយ​ការបោះឆ្នោត​ធ្វើឡើង​ដោយ​គ្មាន​ការគំរាម​កំហែង​ ថ្ងៃអាទិត្យ​ ទី​៥​ ខែ​មិថុនា ឆ្នាំ​២០២២​។ (ហ៊ុល រស្មី/វីអូអេ)

ដោយ​ឡែក​អភិបាល​ក្រុង​បាត់​ដំបង​លោក​ ផេង​ សិទ្ធី​ លើក​ឡើង​នៅក្នុង​មណ្ឌល​បោះឆ្នោត​មួយ​ផ្សេង​ទៀត​ថា​ ដំណើរ​ការ​បោះឆ្នោត​ព្រឹកថ្ងៃអាទិត្យ​ ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ និង​សន្តិវិធី​ ពោល​គឺគ្មាន​ការគំរាម​កំហែងកើត​ឡើង​នោះទេ។

ក៏ប៉ុន្តែក្រុម​អ្នកយកព័ត៌មាន​របស់​សំឡេង​សហរដ្ឋ​អាមេរិក​ ត្រូវបាន​ស្នើឱ្យចាក​ចេញ​ពី​មណ្ឌល​បោះឆ្នោត​នៅ​សាលា​បឋម​សិក្សា​សម្តេច​ជា ស៊ីម​ ក្នុង​សង្កាត់​ព្រែក​ព្រះ​ស្តេច​ ក្រោយ​ការ​ផ្សាយ​ផ្ទាល់​តាមហ្វេសប៊ុក​ជិត​៣នាទី​ ក្នុង​មណ្ឌល​បោះ​ឆ្នោត​នោះ​។ មន្ត្រី​រៀប​ចំការ​បោះ​ឆ្នោត​ថា ​ក្រុម​អ្នក​យក​ព័ត៌មាន​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​ប្រធាន​មណ្ឌល​ដើម្បី​បាន​ថត​យក​ទិដ្ឋភាព​ទូទៅ​នៅ​ក្រៅ​ការិយាល័យ​បោះឆ្នោត។

បន្ទាប់​ពី​ការ​បោះឆ្នោតដែល​នឹង​បិទ​បញ្ចប់​ទៅ​នៅ​ម៉ោង​៣រសៀល​នេះ គេ​រំពឹង​ថា​ លទ្ធផល​បឋម​អំពី​គណ​បក្ស​ដែលនាំ​មុខ​ក្នុង​ការ​បោះឆ្នោត​តាម​ឃុំ​សង្កាត់​ក្នុង​ក្រុង​ និង​ខេត្ត​បាត់​ដំបង​នឹង​ត្រូវ​បាន​ប្រកាស​តាម​មណ្ឌល​បោះ​ឆ្នោត​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ​៕

XS
SM
MD
LG