ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាជន​បង្ហាញ​ក្តី​សង្ឃឹម​ និង​ការ​បារម្ភ​​​ ក្រោយ​ប្រាសាទ​សំបូរ​ព្រៃគុក​ ​ចុះ​បញ្ជី​បេតិកភណ្ឌ​ពិភពលោក


ទេសចរមកទស្សនារមណីយដ្ឋានប្រាសាទសំបូរព្រៃគុក កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧។ តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក​ គឺ​ជា​ប្រាសាទ​ខ្មែរ​ទី៣ ដែល​ត្រូវ​បាន​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ UNESCO​ កាល​ពី​ដើម​ខែ​កក្កដា​ ឆ្នាំ​២០១៧។ (ស៊ុន ណារិន/VOA)
ទេសចរមកទស្សនារមណីយដ្ឋានប្រាសាទសំបូរព្រៃគុក កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧។ តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក​ គឺ​ជា​ប្រាសាទ​ខ្មែរ​ទី៣ ដែល​ត្រូវ​បាន​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ UNESCO​ កាល​ពី​ដើម​ខែ​កក្កដា​ ឆ្នាំ​២០១៧។ (ស៊ុន ណារិន/VOA)

មួយ​សប្តាហ៍ ​ក្រោយពី​ប្រាសាទ​សំបូរ​ព្រៃគុក​​ចុះ​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ​និង​ក្រោយ​ពី​រដ្ឋាភិបាល​អបអរសាទរឋានៈ​ថ្មី​របស់​ប្រាសាទ​បុរាណ​នេះ ​ប្រជាពលរដ្ឋ​​បង្ហាញ​ក្តី​សង្ឃឹម​ផង​ និង​ការ​បារម្ភ​​ផង។

កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា តំបន់​ប្រាសាទ​សំបូរព្រៃគុក ​ក្នុង​ខេត្ត​កំពង់ធំ​ត្រូវ​បាន​អង្គការ​យូណេស្កូ​ចុះ​បញ្ជី​ជា​បេតិកភណ្ឌ​ពិភព​លោក​ ​ហើយរដ្ឋាភិបាលកម្ពុជាបានប្រារព្ធ​ពិធីអបអរ​សាទរ​ឋានៈ​ថ្មី​របស់​ប្រាសាទ​បុរាណ​នេះ។​ ចំណែក​ប្រជាជន​ដែល​រស់​នៅ​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុកវិញ បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា​ ជីវភាព​របស់​ពួកគេ​នឹង​មាន​ភាព​ល្អ​ប្រសើរឡើង​ នៅ​ពេល​ភ្ញៀវ​ទេសចរ​ច្រើន​ចូល​មក​តំបន់​នេះ។​ ទោះជាយ៉ាងណា​ ប្រជាជន​មួយ​ចំនួន​វិញ​បាន​បង្ហាញ​ក្តី​បារម្ភ​ថា ការ​អភិវឌ្ឍ​នៅ​តំបន់​ប្រាសាទ​នាពេល​ខាង​មុខ​នឹង​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ពួកគេ។​

ប្រជាជន​នៅ​ក្នុង​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក​បាន​លើក​ឡើង​ថា​ ពួ​កគេ​បានដឹងអំ​ពី​ការ​ចុះ​បញ្ជី​តំបន់​ប្រាសាទ​មួយ​នេះ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ​ កាល​ពី​ថ្ងៃ​ទី​៨ ​ខែ​កក្កដា​ ឆ្នាំ​២០១៧។​

ទេសចរម្នាក់ឡើងជណ្តើរទៅកាន់ប្រាសាទមួយក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧។ តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក​ គឺ​ជា​ប្រាសាទ​ខ្មែរ​ទី៣ ដែល​ត្រូវ​បាន​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ UNESCO​ កាល​ពី​ដើម​ខែ​កក្កដា​ ឆ្នាំ​២០១៧។ (ស៊ុន ណារិន/VOA)
ទេសចរម្នាក់ឡើងជណ្តើរទៅកាន់ប្រាសាទមួយក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧។ តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក​ គឺ​ជា​ប្រាសាទ​ខ្មែរ​ទី៣ ដែល​ត្រូវ​បាន​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ UNESCO​ កាល​ពី​ដើម​ខែ​កក្កដា​ ឆ្នាំ​២០១៧។ (ស៊ុន ណារិន/VOA)

​ប្រជាជន​ដែល​រស់​នៅ​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក​បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា ​ការ​ចុះ​បញ្ជី​នេះ​នឹង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ច្រើន​មក​ទស្សនា​ប្រាសាទ ​ហើយ​ប្រជាជន​អាច​ទាញ​ផល​ប្រយោជន៍​បាន​ពី​ទេសចរណ៍​ តាម​រយៈ​ការ​លក់ដូរ​នានា​ នៅ​តំបន់​នោះ។​

លោក មួន ស៊ូរ អាយុ​៥៧ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់​នៅក្នុង​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក បាន​ដឹក​គោឲ្យ​ស៊ីចំណី​នៅ​ក្នុង​ព្រៃ​ក្បែរ​ប្រាសាទ​នានា កាល​ពីថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)
លោក មួន ស៊ូរ អាយុ​៥៧ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់​នៅក្នុង​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក បាន​ដឹក​គោឲ្យ​ស៊ីចំណី​នៅ​ក្នុង​ព្រៃ​ក្បែរ​ប្រាសាទ​នានា កាល​ពីថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

​ពេល​កំពុង​ដឹក​គោ​ស៊ីស្មៅ ​និង​រុក្ខជាតិ​នៅ​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក​ ​លោក ​មួន ស៊ូរ ​អាយុ​៥៧​ឆ្នាំ​បាន​ថ្លែង​ប្រាប់ ​VOA ​ថា ​លោក​នឹង​ប្រកប​មុខ​របរ​ដឹក​ភ្ញៀវ​ទេសចរ​តាម​រទេះ​គោ ​ទស្សនាប្រាសាទ​នានា​ នៅ​ពេល​មាន​ភ្ញៀវទេសចរ​ច្រើនមក​លេង។​

លោក​មាន​ប្រសាសន៍​ថា៖​

«ភ្ញៀវ​ច្រើន ​ខ្ញុំ​ទុក​គោ ​បររទេះ​ដឹក​បារាំង​ទៅ!​ អ្ហេ!​ ​បើ​ជាប់​បាន​លុយ​ដែរ​ហ្នឹង»។​

លោក​បន្ត​ថា ​លោក​នឹង​លក់​ដូង​ និង​ធ្វើ​នំនេក​មួយ​ចំនួន​ផង​ដែរ​ សម្រាប់​ភ្ញៀវ​ទេសចរ។​ លោក​បង្ហាញ​ក្តី​សង្ឃឹម​ថា ​ការ​បញ្ចូល​ប្រាសាទ​នេះ​ជា​បេតិកភណ្ឌ​ពិភព​លោក​នឹង​ជួយ​ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជាជន​នៅ​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុកមាន​ភាព​ល្អ​ប្រសើរ។​

ជា​រៀង​រាល់​ថ្ងៃ ​ក្នុង​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក​ដែល​មាន​ប្រាសាទ​ទៅ​ដល់​ជាង​២០០​ ​ប្រជាជន​មួយ​ចំនួន​បាន​ដឹក​គោ​ឲ្យ​ស៊ី​ស្មៅនៅ​ទី​នោះ ​ក្បែរប្រាសាទ​នានា។​

ពេល​កំពុង​ដឹក​គោ​ស៊ីស្មៅ​នៅ​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក ​ ប្រជា​ពលរដ្ឋ​ម្នាក់​ទៀត​គឺ​អ្នកស្រី​ផល ម៉ៅ​ អាយុ​៤៨ឆ្នាំ​ ដែល​ជា​អ្នក​ស៊ីឈ្នួល​មើល​គោ​ឲ្យ​គេ​ បាន​ថ្លែង​ប្រាប់​ VOA​ ថា​ អ្នកស្រី​សង្ឃឹម​ថា​ នឹង​អាច​លក់​វត្ថុ​អនុស្សាវរីយ​តិចតួច​សម្រាប់​ភ្ញៀវ​ទេសចរ ​ដូចជា​ការ​លក់​មួក​ស្លឹក​ត្នោត​ជា​ដើម។​

ផល ម៉ៅ​ វ័យ​៤៨ឆ្នាំ​ ជា​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក​។ គាត់​មាន​មុខរបរ​ជា​អ្នកមើល​គោឲ្យ​ស៊ី​ស្មៅ​ក្នុង​បរិវេណ​តំបន់​ប្រាសាទ​ ដែល​ជួយ​គាត់​ឲ្យ​រក​ចំណូល​បាន​ ៣០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​ ថត​នៅ​ថ្ងៃទី១៣ ខែ​កក្កដា ឆ្នាំ២០១៧។ តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក​ គឺ​ជា​ប្រាសាទ​ខ្មែរ​ទី៣ ដែល​ត្រូវ​បាន​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ UNESCO​ កាល​ពី​ដើម​ខែ​កក្កដា​ ឆ្នាំ​២០១៧។ (ស៊ុន ណារិន/VOA)
ផល ម៉ៅ​ វ័យ​៤៨ឆ្នាំ​ ជា​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក​។ គាត់​មាន​មុខរបរ​ជា​អ្នកមើល​គោឲ្យ​ស៊ី​ស្មៅ​ក្នុង​បរិវេណ​តំបន់​ប្រាសាទ​ ដែល​ជួយ​គាត់​ឲ្យ​រក​ចំណូល​បាន​ ៣០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​ ថត​នៅ​ថ្ងៃទី១៣ ខែ​កក្កដា ឆ្នាំ២០១៧។ តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក​ គឺ​ជា​ប្រាសាទ​ខ្មែរ​ទី៣ ដែល​ត្រូវ​បាន​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ UNESCO​ កាល​ពី​ដើម​ខែ​កក្កដា​ ឆ្នាំ​២០១៧។ (ស៊ុន ណារិន/VOA)

ទោះជា​យ៉ាងណា ​អ្នកស្រី​បារម្ភ​ថា ​អ្នកស្រី​ពិបាក​នឹង​ទាញ​យក​ផល​ប្រយោជន៍​ពី​នោះ​ ដោយសារ​តែ​កម្រិត​នៃ​ការ​ចេះ​ដឹង​នៅ​ទាប។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​

«គេ​អ្នក​ចេះ​ដឹង​ គេ​មាន​ទាញ​ផល​បាន​ហើយ។​ បើ​អ្នក​ដូច​ខ្ញុំ​បាន​អី​ទាញ​បាន។​ បើ​យើង​ដើរ​មើល​គោ​(ឲ្យ​គេ)។​ អត់​មាន​មុខ​របរ​អី​ហ្នឹង​គេ​ផង!»​

តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក​នៅ​ចម្ងាយ​ប្រមាណ​២៤០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ។​

អ្នកទេសចរ​ពី​ភ្នំពេញ​ ដែល​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត​ក្នុង​ខេត្ត​សៀមរាប​ ឬ​ប្រាសាទ​ព្រះ​វិហារ​ក្នុង​ខេត្ត​ព្រះវិហារ​ អាច​ឈៀង​ចូល​ទស្សនា​ប្រាសាទ​សំបូរ​ព្រៃគុក ព្រោះ​ប្រាសាទ​នេះ​នៅ​តាម​ផ្លូវ​ទៅ​សៀមរាបនិងព្រះវិហារ។​

មុន​នឹង​ដល់​ទីតាំង​ប្រាសាទ​សំបូរ​ព្រៃគុក​ ​អ្នក​ធ្វើ​ដំណើរ​ត្រូវ​ឆ្លង​កាត់​តាម​ផ្លូវ​កៅស៊ូ​មួយ ទទឹង​ប្រហែល​៤​ម៉ែត្រ។​ សព្វ​ថ្ងៃ​នេះ ​ផ្លូវ​កៅស៊ូ​មួយ​នេះ​កំពុង​រង​ការ​ខូចខាត​មួយ​ចំនួន។​ ប្រជា​ពលរដ្ឋ​អះអាង​ថា ​ត្រូវ​មាន​ការ​ពង្រីក​ និង​ជួសជុល​បន្ថែម​ទៀត ​នៅ​ពេល​មាន​ភ្ញៀវ​ទេសចរ​ច្រើន​មក​លេង។​

ច្រកចូលរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ស្ថិតនៅឃុំសំបូរ ស្រុកប្រាសាទសំបូរ ដែលមានចម្ងាយ៣៥គីឡូម៉ែត្រពី ​ទី​រួម​ខេត្ត​កំពង់ធំ​ ថ្ងៃទី១៣ ខែ​កក្កដា​ ឆ្នាំ​២០១៧។​ (ស៊ុន ណារិន/ VOA)
ច្រកចូលរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ស្ថិតនៅឃុំសំបូរ ស្រុកប្រាសាទសំបូរ ដែលមានចម្ងាយ៣៥គីឡូម៉ែត្រពី ​ទី​រួម​ខេត្ត​កំពង់ធំ​ ថ្ងៃទី១៣ ខែ​កក្កដា​ ឆ្នាំ​២០១៧។​ (ស៊ុន ណារិន/ VOA)

ផុត​ពី​ផ្លូវ​កៅស៊ូ​ មុន​ទៅ​ដល់​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក​ អ្នក​ធ្វើ​ដំណើរ​ត្រូវ​ឆ្លង​កាត់​ផ្លូវ​ដី​ក្រហម​ ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ​កន្លះ​ទៀត ​ដែល​ពលរដ្ឋ​អះអាង​ថា ​នឹង​ពិបាក​ធ្វើ​ដំណើរ ​នៅ​រដូវ​វស្សា​ និង​មាន​ដី​ហុយ​នៅ​រដូវ​ប្រាំង។​

ទោះជាយ៉ាងណា ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ​ពួក​គេ​ហាក់​មិន​ចង់​ឲ្យ​មាន​ការ​ចុះ​បញ្ជី​ប្រាសាទ​សំបូរ​ព្រៃគុក​ជា​បេតិកភណ្ឌ​ពិភព​លោក​នោះ​ទេ ​ដោយសារ​ពួកគេ​បារម្ភ​អំពី​«ច្បាប់​តឹងរ៉ឹង»​សម្រាប់​ការ​សាង​សង់​ផ្ទះ​ និង​ការ​ធ្វើ​ចម្ការ​នៅ​តំបន់​នោះ។​

នាង​ នម ស៊ីណាត ​អាយុ​៣០​ឆ្នាំ ​ជា​អ្នក​លក់ដូរ​អាហារ​ នៅ​ហាង​មួយ​ក្នុង​តំបន់​ប្រាសាទ​នេះ​ បាន​ថ្លែង​ប្រាប់​ VOA ​ថា ​អ្នកនាង​បាន​ឮ​សូរ​ប្រជាជន​និយាយ​តៗ​គ្នា​ថា ​ពួក​គេ​មិន​ពេញចិត្ត​នឹង​ការ​បញ្ចូល​ប្រាសាទ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទេ ​ដោយសារ​បច្ចុប្បន្ន​នេះ​មាន​ភាព​តឹងតែង​រួច​ទៅ​ហើយ ទាក់​ទង​នឹង​ការ​ធ្វើ​ផ្ទះ​សម្បែង។​

នាង​ក៏​បាន​បង្ហាញ​ក្តី​បារម្ភ​ថា ​ការ​ចុះ​បញ្ជី​នេះ​នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រក​ស៊ី​របស់​អ្នកនាង​ ដោយសារ​អាច​នឹង​មាន​ការ​កំណត់ចំណត​រថយន្ត​នៅ​ឆ្ងាយ​ពី​ហាង​របស់នាង។​

នាង​មាន​ប្រសាសន៍​ថា៖​

«សម្រាប់​ខ្ញុំ​ ខ្ញុំ​មិន​គាំទ្រ​ឲ្យ​ចូល​ទេ​បង​ ដោយ​ខ្លាច​ថា ​គេ​ចង់​ឲ្យ​រថយន្ត​ឈប់​ឆ្ងាយ។​ ដូច្នេះ​ខា្លច​បាត់បង់​អតិថិជន»។​

នាង​បន្ត​ថា ​ផ្លូវ​នៅ​តំបន់​នេះ​មាន​ភាព​លំបាក​នៅ​ឡើយ​ ដោយសារ​តែ​ផ្លូវ​នៅ​តូច ​ហើយ​នៅ​រដូវ​វស្សា ​មាន​ភក់ ​ចំណែក​នៅ​រដូវ​ប្រាំង​វិញ​មាន​ដី​ហុយ។​

ប្រជា​ពលរដ្ឋ​ម្នាក់​ទៀត​គឺ​អ្នកស្រី​ ចាន់ អូន ​អាយុ​៥២​ឆ្នាំ ​មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​បាន​កំហិត​ការ​សាងសង់​ផ្ទះ​នៅ​ទី​នោះ​ ដោយ​ត្រូវ​សុំការ​អនុញ្ញាត​ជា​មុន សម្រាប់​ការ​សាងសង់​នានា។​ អ្នកស្រី​បន្ត​ថា ​ដី​ចម្ការ​របស់​អ្នកស្រី​ក៏​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ឈូសឆាយ​ព្រៃ​ដែរ ​នៅ​ពេល​នេះ។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​

«គេ​មិន​ឲ្យ​កាប់ព្រៃ ​និង​ចាក់គ្រឹះ​ធំៗ​ផ្សេងៗ​នៅ​តំបន់​នោះ​ទេ។ ​ចូល​បេតិកភណ្ឌ​ពិភពលោក​ ខ្ញុំ​ក៏​ត្រេក​អរ​ ប៉ុន្តែ​សុំ​ឲ្យ​ប្រជារាស្រ្ត​នៅ​បាន​សេចក្តី​សុខ​ល្អ ​ចង់​ធ្វើ​អ្វី ​អ្វី​ឲ្យ​បាន​ដូច​ពីមុន​មក»។​

អ្នកស្រី​ក៏​បាន​បង្ហាញ​ក្តី​បារម្ភ​អំពី​ការ​ផ្លាស់​ប្តូរ​ទីលំនៅ​របស់​ប្រជា​ពលរដ្ឋ​នៅ​ពេល​ខាងមុខ​ ដោយសារ​រដ្ឋាភិបាល​ចង់​បាន​តំបន់​នោះ​ទៅ​អភិវឌ្ឍ។​

ទោះជាយ៉ាងណា ​អ្នកស្រី​មាន​ប្រសាសន៍​ថា ​តាម​រយៈ​ការ​ចុះ​បញ្ជី​នេះ ​អ្នកស្រី​នឹង​អាច​ធ្វើ​នំចំណី ​និង​លក់ដូរ​របស់​របរ​មួយ​ចំនួន​ជូន​ភ្ញៀវ​ទេសចរ។​

ស្រ្តីជាអ្នកធ្វើនិងលក់វត្ថុអនុស្សាវរីយ៍ធ្វើដោយដៃនៅក្នុងបរិវេណតំបន់ប្រាសាទសំបូរព្រៃគុក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧។ តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក​ គឺ​ជា​ប្រាសាទ​ខ្មែរ​ទី៣ ដែល​ត្រូវ​បាន​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ UNESCO​ កាល​ពី​ដើម​ខែ​កក្កដា​ ឆ្នាំ​២០១៧។ (ស៊ុន ណារិន/VOA)
ស្រ្តីជាអ្នកធ្វើនិងលក់វត្ថុអនុស្សាវរីយ៍ធ្វើដោយដៃនៅក្នុងបរិវេណតំបន់ប្រាសាទសំបូរព្រៃគុក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧។ តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក​ គឺ​ជា​ប្រាសាទ​ខ្មែរ​ទី៣ ដែល​ត្រូវ​បាន​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ UNESCO​ កាល​ពី​ដើម​ខែ​កក្កដា​ ឆ្នាំ​២០១៧។ (ស៊ុន ណារិន/VOA)

ប្រជា​ពលរដ្ឋ​ម្នាក់​ទៀត​គឺ​អ្នកស្រី​ទី ភន ​អាយុ​៥៣​ឆ្នាំ ​ជា​អ្នក​លក់​កន្រ្ត​ធ្វើ​ពី​ដៃ ​មាន​ប្រសាសន៍​ថា​ អ្នក​ស្រី​មិន​ដឹង​ថា ​ការ​បញ្ចូល​ប្រាសាទ​នេះ​ជា​បេតិកភណ្ឌ​ពិភពលោក​នោះ​មាន​ន័យ​យ៉ាង​ណា​នោះ​ទេ។​អ្នកស្រី​លើក​ជា​សំណួរ​ថា ​តើ​ការ​ចុះ​បញ្ជី​នោះ​នឹង​ប៉ះពាល់​ដល់​ការ​លក់​ដូរ​របស់​អ្នកស្រី​ទៅ​ថ្ងៃ​ខាង​មុខ ​ឬ​យ៉ាងណា?​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​

«បើ​ចូល​ជា​បេតិកភណ្ឌ​ ខ្ញុំ​ដេក​នឹក​ឃើញ​ខ្លាច​លោ​គេ​មិន​ឲ្យ​លក់​ទេ​ដឹង​ អា​របស់​របរ​អញ្ចេះ។​ ពី​មុន​មក​ ​វា​បាន​លក់។​ ដល់​ពេលខ្លាច​ចូល​ទៅ ​គេ​មិន​ឲ្យ​លក់។​ បើ​បាន​គេ​ឲ្យ​លក់ ក៏​អរ​ទៅ»។​

ពេល​កំពុង​នាំ​ភ្ញៀវ​ទេសចរ​បរទេស​ពីរ​នាក់​ដើរ​មើល​ប្រាសាទ​ ​ មគ្គុទេសក៍​ទេសចរណ៍​ម្នាក់​គឺ​លោក​ ចេង ចិន្តា ​អាយុ​៣៥​ឆ្នាំ ​បាន​ថ្លែង​ប្រាប់​ VOA ថា ​សព្វថ្ងៃ ​នេះ​មិន​សូវ​ជា​មាន​ភ្ញៀវ​ទេសចរ​បរទេស​ច្រើន​មក​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក​នោះ​ទេ។ ​តាមរយៈ​ការ​ចុះ​បញ្ជី​នេះ​ ​លោក​សង្ឃឹម​ថា ​នឹង​មាន​ភ្ញៀវ​ទេសចរ​ច្រើន​មក​ទស្សនា ​ ហើយ​ធ្វើ​ឲ្យ​លោក​អាច​រក​ចំណូល​បាន​ច្រើន​ជាង​នេះ​ តាមរយៈ​ការ​ដំឡើង​តម្លៃ​សេវា​ជូន​ភ្ញៀវ​ទេសចរ​ទស្សនា​ប្រាសាទ។​

លោក​មាន​ប្រសាសន៍​ថា៖​

«(រកបាន)​៦​រៀល​ទៅ​៧​រៀល​(ដុល្លារ)​ហ្នឹង​ឯង​ ក្នុង​មួយ​ថ្ងៃ​ហ្នឹង។ ​មិន​ដឹង​ដែរ​ ខ្ញុំ​រំពឹង​ថា​ យើង​ដើរ​២​ម៉ោង ​អាច​ត្រឹម​១០​រៀល​ (ដុល្លារ)​ ក៏​ល្អ​ដែរ។​ មួយ​ថ្ងៃ​ត្រឹម​២៥​ ឬ​ក៏​២០​ដុល្លារ​ហ្នឹង»។​

មេឃុំ​សំបូរ​គឺ​លោក​ចេង វណ្ណា​មាន​ប្រសាសន៍​ថា ​លោក​រំពឹង​ថា ​ប្រជា​ពលរដ្ឋប្រមាណ​១​ពាន់​គ្រួសារ​ ក្នុង​ចំណោម​ពលរដ្ឋ​សរុប​ជាង​៣​ពាន់​គ្រួសារ ​នឹង​អាច​ទទួល​បាន​ផល​ប្រយោជន៍ពី​តំបន់​នេះ។​ លោក​សង្ឃឹម​ថា ​ចំណូល​មួយ​ចំនួន​ដែល​ទាញ​បាន​ពី​ទេសចរណ៍​នៅ​តំបន់​នោះ ​នឹង​អាច​ត្រូវ​បាន​បែង​ចែក​សម្រាប់​ការ​អភិវឌ្ឍ​នៅ​ក្នុង​ឃុំ។​

មេឃុំ​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ​បច្ចុប្បន្ន​នេះ ​ប្រជាជន​បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ថា ​ពួកគេ​ពិបាក​នឹង​សាងសង់​ផ្ទះ​ ដោយ​ត្រូវ​សុំ​ការ​អនុញ្ញាត​ជា​មុន​សិន។​

លោក​បាន​ថ្លែង​ប្រាប់​ VOA​ ថា៖​

«បើ​និយាយ​ពី​ការ​ព្រួយ​បារម្ភ​ គឺ​ព្រួយ​បារម្ភ​ច្រើន​ពីការ​ធ្វើ​ផ្ទះ​នេះ​ ​ឲ្យ​តែ​ដី​តំបន់​ជាប់​ ទាំង​៧ភូមិ​នេះ»។​

អភិបាល​ស្រុក​ប្រាសាទ​សំបូរ​គឺ​លោក​ខៀវ ប៉ាង​មាន​ប្រសាសន៍​ថា​ បច្ចុប្បន្ន​នេះ​ ​រថយន្ត​ធំៗ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​ប្រាសាទ​នោះ​ទេ។​ លោក​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ជួយ​ថែ​រក្សា​ព្រៃឈើ ​និង​បរិស្ថាន​នៅ​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក។ ​លោក​បន្ត​ថា ​រដ្ឋាភិបាល​ក៏​មាន​គម្រោង​អភិរក្ស​នៅ​តំបន់​នោះ​ ដូច្នេះ​ការ​សាងសង់​ផ្ទះ​ត្រូវ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ ​ដែល​ទទួល​បន្ទុក​លើ​ប្រាសាទ​សំបូរ​ព្រៃគុក។​

ក្រុម​ប្រាសាទ​សំបូរ​ព្រៃគុក​ដែល​ស្ថិត​នៅ​លើ​ដី​ប្រមាណ​២៥​គីឡូម៉ែត្រ​ការ៉េ​គឺជា​អតីត​រាជធានី​ខ្មែរ​សម័យ​ចេនឡា ​នា​សតវត្សរ៍​ទី៧ ​ដែល​មាន​វឌ្ឍនភាព​ឡើង​ក្នុង​រជ្ជកាល​ព្រះ​បាទ​ឥសាន​វរ្ម័ន​ទី១​ ដែល​មាន​ឈ្មោះ​ថា ​ឥសានបុរ​ ជា​មជ្ឈមណ្ឌល​សាសនា​ដ៏​សំខាន់​នា​សម័យ​មុន​អង្គរ​ និង​សម័យ​អង្គរ។​

ប្រជាជនខ្មែរ​អបអរសាទរ​ការដាក់ប្រាសាទ​សំបូរ​ព្រៃគុក​ ក្នុង​បញ្ជីរបេតិកភណ្ឌពិភពលោក​ នៅក្នុងក្នុង​ពហុកីឡាដ្ឋានជាតិ​អូឡាំពិក​នៅរាជធានីភ្នំពេញ​ នៅថ្ងៃទី​១៧​ ខែកក្កដា ឆ្នាំ​២០១៧។ (ខាន់​ សុគុំមនោ​/​ VOA)
ប្រជាជនខ្មែរ​អបអរសាទរ​ការដាក់ប្រាសាទ​សំបូរ​ព្រៃគុក​ ក្នុង​បញ្ជីរបេតិកភណ្ឌពិភពលោក​ នៅក្នុងក្នុង​ពហុកីឡាដ្ឋានជាតិ​អូឡាំពិក​នៅរាជធានីភ្នំពេញ​ នៅថ្ងៃទី​១៧​ ខែកក្កដា ឆ្នាំ​២០១៧។ (ខាន់​ សុគុំមនោ​/​ VOA)

កាល​ពី​ថ្ងៃ​ចន្ទ ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រារព្ធ​ពិធី​អបអរ​សាទរ​ការ​ចុះ​បញ្ជី​ប្រាសាទ​នេះ​ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ​ក្នុង​ទីក្រុង​ភ្នំពេញ។​

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​បាន​ថ្លែង​នា​ពេល​នោះ​ថា ​អង្គការ​យូណេស្កូ​នឹង​ជួយ​ទៅ​លើ​ការងារ​ជុសជុល ​និង​អភិរក្ស​ប្រាសាទ​នៅ​ពេល​ខាង​មុខ។​

លោក​បាន​ថ្លែង​ថា៖​

«យើង​មាន​នយោបាយ​ការ​បរទេស​ត្រឹមត្រូវ​ ដែល​ទាក់​ទាញ​ការ​គាំទ្រ​ពី​ប្រទេស​ជាមិត្ត​ និង​អង្គការ​អន្តរជាតិ ​ពិសេស​គឺ​យូណេស្កូ​ ទាំងការ​ដាក់​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភព​លោក ​ទាំងការ​ជួយ​ជំនួយ​ហិរញ្ញវត្ថុ ​បច្ចេក​ទេស ​ដើម្បី​ការ​ជួសជុល ​និង​អភិរក្ស​ ក៏ដូច​ជាការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស»។​

លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ថ្លែង​ទៅកាន់​មហាជន​ ក្នុង​ពិធី​អបអរសាទរ​ការដាក់ប្រាសាទ​សំបូរ​ព្រៃគុក​ ក្នុង​បញ្ជីបេតិកភណ្ឌពិភពលោក​ នៅរាជធានីភ្នំពេញ​ នៅថ្ងៃទី​១៧​ ខែកក្កដា ឆ្នាំ​២០១៧។ (អូន​ ឆេងប៉រ/​ VOA)
លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ថ្លែង​ទៅកាន់​មហាជន​ ក្នុង​ពិធី​អបអរសាទរ​ការដាក់ប្រាសាទ​សំបូរ​ព្រៃគុក​ ក្នុង​បញ្ជីបេតិកភណ្ឌពិភពលោក​ នៅរាជធានីភ្នំពេញ​ នៅថ្ងៃទី​១៧​ ខែកក្កដា ឆ្នាំ​២០១៧។ (អូន​ ឆេងប៉រ/​ VOA)

លោកហ៊ុន សែន​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ចូលរួម​ថែរក្សា​សម្បត្តិ​វប្បធម៌​ខ្មែរ​ ហើយ​ថា​រដ្ឋាភិបាល​នឹង​បន្ត​កិច្ច​ប្រឹងប្រែង ​ដើម្បី​ដាក់​បញ្ចូល​ប្រាង្គ​ប្រាសាទ ​និង​សម្បត្តិ​វប្បធម៌​ផ្សេង​ទៀត។​

លោក​បាន​បញ្ជាក់​បន្ថែម​ថា ​រដ្ឋាភិបាល​នឹង​ពិនិត្យ​មើល​ទៅ​លើ​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ចូល​ក្នុង​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក ​ហើយ​នឹង​ធ្វើ​ឲ្យ​មានទេសចរណ៍​ប្រសើរ​ឡើង​នា​ពេល​ខាងមុខ។​

លោកសែម ណម ​អ្នក​គ្រប់គ្រង​ឆ្មាំ​ការពារ​ប្រាសាទ ​បាន​និយាយ​ថា​ បច្ចុប្បន្ន​នេះ​ ការ​ថែរក្សា​ប្រាសាទ​មិន​ទាន់​បាន​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ ​ដោយសារ​ខ្វះ​ឆ្មាំ​ការពារ​ប្រាសាទ។

​លោក​បញ្ជាក់​ថា៖​

«កម្លាំង​មាន​តែ​២៤​នាក់​ទេ​ ហើយ​ប្រាសាទ​មាន​ទៅ​ដល់​២៩៣​ប្រាសាទ​ ដែល​តម្រូវ​ឲ្យ​មាន​ការ​បង្កើន​មនុស្ស»។​

លោក​បន្តថា ​បច្ចុប្បន្ន​នេះ ​ប្រជា​ពលរដ្ឋ​ជាង​៥០០​នាក់​បាន​ក្លាយ​ជា​សមាជិក​នៃ​សហគមន៍​អភិរក្ស​សំបូរ​ព្រៃគុក ​ដែល​ពួកគេ​អាច​ទាញ​ប្រយោជន៍​ពី​តំបន់​នោះ​បាន។​

បើតាម​លោក​សែម ណម​ ​បច្ចុប្បន្ន​នេះប្រាសាទ​សំបូរព្រៃ​គុកមានអ្នក​ទេសចរ​បរទេស​ប្រមាណ​១៨០០០​នាក់​ក្នុង​មួយ​ឆ្នាំ​ ​មក​ទស្សនា​ប្រាសាទ ​ដោយ​ពួកគេ​ត្រូវ​បង់​ប្រាក់​៣​ដុល្លារ​សម្រាប់​ការ​ចូល​ទស្សនា៕

XS
SM
MD
LG