ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ក្រុង​ភ្នំពេញ​សំឡឹង​រក​កន្លែង​ចាក់​សំរាម​ថ្មី


ក្រុម​វាគ្មិន​អង្គុយ​ស្ដាប់​សំណួរ​អ្នកចូលរួម អំឡុង​ពេល​កិច្ចពិភាក្សា​មួយ​ស្ដីពី​ការគ្រប់គ្រង​សំរាម ដែល​រៀបចំ​ឡើង​នៅ​ស្ថាន​សហ​ប្រតិបត្តិ​ការងារ The Factory ក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)
ក្រុម​វាគ្មិន​អង្គុយ​ស្ដាប់​សំណួរ​អ្នកចូលរួម អំឡុង​ពេល​កិច្ចពិភាក្សា​មួយ​ស្ដីពី​ការគ្រប់គ្រង​សំរាម ដែល​រៀបចំ​ឡើង​នៅ​ស្ថាន​សហ​ប្រតិបត្តិ​ការងារ The Factory ក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)

បើ​យោង​តាម​តួលេខ​របស់​រដ្ឋាភិបាល​ ​មាន​សំណល់រឹង​ប្រមាណ​ ​១លាន៧សែន​តោន​ ​ត្រូវ​បាន​គេ​ប្រមូល​នៅ​ទូទាំង​ប្រទេស​ ​កាលពី​ឆ្នាំ២០១៨ ក្នុង​នោះ​៦០ភាគរយ​គឺជា​សំរាម​ក្នុង​រាជ​ធានីភ្នំពេញ។

កំណើ​ន​យ៉ាង​គំហុក​នៃ​បរិមាណ​សំរាម​ក្នុង​រាជ​ធានី​ភ្នំពេញ ​នឹង​ធ្វើ​ឲ្យ​ទីក្រុង​រដ្ឋ​បាល​និង​ពាណិជ្ជ​កម្ម​របស់​ប្រទេស​កម្ពុជា​នេះ​ប្រឈម​នឹងកង្វះ​ខាតទីលាន​ចាក់​សំរាម ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ទៀត។ នេះ​បើ​យោង​តាម​មន្ត្រី​ផ្លូវ​ការ​ក្រុង​ភ្នំពេញ។

រូបឯកសារ៖ គំនរ​សំរាម​ដែលភាគច្រើនជាថង់ប្លាស្ទិក ត្រូវ​បានទុក​ចោល​នៅ​ជិតផ្សារ​ដើមគរ នាព្រឹកថ្ងៃ ៣ ខែកក្កដា ឆ្នាំ២០១៥។ (អ៊ុច នីដា/VOA)
រូបឯកសារ៖ គំនរ​សំរាម​ដែលភាគច្រើនជាថង់ប្លាស្ទិក ត្រូវ​បានទុក​ចោល​នៅ​ជិតផ្សារ​ដើមគរ នាព្រឹកថ្ងៃ ៣ ខែកក្កដា ឆ្នាំ២០១៥។ (អ៊ុច នីដា/VOA)

លោក​ ​នួន​ ​សំ​ណា​វុធ​ ​នាយក​ទីចាត់ការ​គ្រប់គ្រង​សំណល់​និង​បរិស្ថាន​ ​នៃ​សាលា​រាជធានី​ភ្នំពេញបាន​ថ្លែង​ក្នុងវេទិកា​ស្តី​ពី​សំរាម​ដែលរៀបចំ​ដោយ​មូលនិធិ​ ​Konrad​ ​Adenauer​ ​របស់​អា​ឡឺម៉​ង់​ ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ ថា​សំរាម​ក្នុង​រាជ​ធានី​ភ្នំពេញ​បាន​កើន​ពីរង្វង់​២៦០០​តោន​ក្នុង​មួយ​ថ្ងៃ​នៅ​ឆ្នាំ​២០១៨ ដល់រង្វង់​២៩០០​តោន​ក្នុង​មួយ​ថ្ងៃ​នៅ​ឆ្នាំ​២០១៩​នេះ។ ពោល​គឺកើនឡើង​៣០០​តោន​ក្នុង​មួយ​ថ្ងៃ។

ជាមួយ​គ្នា​នេះទីលាន​ចាក់​សំរាម​ទំហំជាង​៣០ហិក​តា​ក្នុង​ខណ្ឌមាន​ជ័យ ប៉ែក​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ ​នឹង​ត្រូវ​ពេញ​ហៀរ​មិន​អាច​ទទួលយក​សំរាម​បាន​ទៀត​នៅ​ឆ្នាំ​២០២១។ នេះ​បើ​យោង​តាម​លោក​ នួន​ សំណាវុធ។​

«វា​ជា​បញ្ហា​កង្វល់​ដែរ​ ដែល​ទីលាន​ចាក់​សំរាម​របស់​យើង​នឹង​ពេញ​នៅ​ឆ្នាំ២០២១​ខាង​មុខ​នេះ»។​

បើ​យោង​តាម​តួលេខ​របស់​រដ្ឋាភិបាល​ ​មាន​សំណល់រឹង​ប្រមាណ​ ​១លាន៧សែន​តោន​ ​ត្រូវ​បាន​គេ​ប្រមូល​នៅ​ទូទាំង​ប្រទេស​ ​កាលពី​ឆ្នាំ២០១៨ ក្នុង​នោះ​៦០ភាគរយ​គឺជា​សំរាម​ក្នុង​រាជ​ធានីភ្នំពេញ។ សម្រាប់រយៈពេល៨ខែ​ដើមឆ្នាំ២០១៩នេះ​ សំរាម​ក្នុង​រាជ​ធានីភ្នំពេញ​ប្រមូល​បាន​៦៦​ម៉ឺន​តោន ខណៈ​ដែល​សំរាម​ប្រមូល​បាន​កាល​ពី​ឆ្នាំ​២០១៨​មាន​ត្រឹម​តែ​៩០​ម៉ឺន​តោន​តែ​ប៉ុណ្ណោះ។​

​លោក​ ​នួន​ ​សំ​ណា​វុធ​ លើក​ឡើង​ថា​កង្វះការ​វិនិយោគ​លើ​ការកែច្នៃ​សំរាម​ដើម្បី​ផលិត​ ​ជា​អគ្គីស​នី​ ឬ​ដើម្បី​បម្រើ​ឲ្យ​ផល​ប្រយោជន៍​ផ្សេង​ទៀត​បាន​ធ្វើ​ឲ្យការ​ចាក់​បំពេញ​ទី​កន្លែង​ចាក់​សំរាម​បច្ចុប្បន្នកាន់​តែ​ឆាប់​ពេញ ហើយកន្លងមក មាន​ក្រុមហ៊ុន​ឯកជន​យ៉ាងតិច៥០​ ​បាន​មក​ទាក់ទង​សាលា​រាជធានី​ភ្នំពេញ​ ​ដើម្បី​សិក្សា​លើ​ការ​វិនិយោគ​លើ​ការកែច្នៃសំរាម​នេះ​ ​តែក្រុម​ហ៊ុន​ទាំង​នោះ​បាន​ដក​ខ្លួន​ទៅ​វិញ ក្រោយ​ពី​រក​ឃើញថា​ពួក​គេទំនងជា​មិន​អាច​រកប្រាក់ចំណេញពី​ការ​កែច្នៃ​សំរាម​នេះទេ។

លោក​ ​នួន​ ​សំ​ណា​វុធ ឲ្យបន្ថែមថា​ បច្ចុ​ប្បន្ន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​កំពុង​ស្វែង​រកទី​តាំង​ចាក់​សំរាមថ្មី​ដែល​មាន​ទី​តាំង​នៅ​ក្នុង​ខេត្តកណ្តាល។ ទីតាំងថ្មី​ដែល​នឹង​មាន​ទំហំ​ប្រមាណ​៣០​ហិកតា​ដូច​គ្នា​នឹង​ទីកន្លែង​ចាក់​សំរាម​ចាស់​ដែរ។

នាយក​ទីចាត់ការ​គ្រប់គ្រង​សំណល់​និង​បរិស្ថាន​ ​នៃ​សាលា​រាជធានី​ភ្នំពេញ​ដដែល​បញ្ជាក់​ថា​ក្នុង​ពេល​នេះ​ក្រុម​អ្នក​បច្ចេក​ទេស​កំពុង​ពិភាក្សា​លើ​ផល​ប៉ះពាល់ផ្នែកបរិស្ថានរបស់​ទីតាំង​ចាក់​សំរាម​ថ្មី។

លោក​ ​ង៉ែត​ ​បុល​ ​អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សំណល់រឹង​ ​នៃ​ក្រសួងបរិស្ថាន​ ​បាន​លើកឡើង​ថា​ ​ការគ្រប់គ្រង​សំណល់​សំរាម​នៅ​ទូទាំង​ប្រទេសនៅមាន​កម្រិត ​ខណៈ​បរិមាណ​នៃ​សំណល់រឹង​កាន់តែ​មានការ​កើនឡើង​ពី​មួយថ្ងៃ​ទៅមួយ​ថ្ងៃ៕

XS
SM
MD
LG