បើទោះបីជាមកដល់ពេលនេះរដ្ឋាភិបាលកម្ពុជាមិនទាន់បានវាយតម្លៃអំពីឋានៈជនជាតិកុលសម្ព័ន្ធភ្នំវៀតណាមថាជាជនភៀសខ្លួនពិតប្រាកដឬមួយយ៉ាងណាក៏ដោយ ក៏មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានអះអាងថារដ្ឋាភិបាលបានថែទាំពួកគេយ៉ាងដិតដល់ បើប្រៀបធៀបនឹងជនភៀសខ្លួនកម្ពុជានៅព្រំដែនថៃកាលពីក្នុងអំឡុងទសវត្សរ៍១៩៨០។
លោកនាយឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមានប្រសាសន៍ថា ជនជាតិកុលសម្ព័ន្ធភ្នំវៀតណាមទាំង១៣នាក់ត្រូវបានដាក់ឲ្យស្នាក់នៅក្នុងសណ្ឋាគារទំនើបមួយ មានការទទួលទាន ហូបចុកគ្រប់គ្រាន់ប្រសើរជាងជនភៀសខ្លួនខ្មែរកាលពីអំឡុងទសវត្ស១៩៨០នៅតាមបណ្តោយព្រំដែនកម្ពុជាថៃ។
លោកនិយាយថា៖ «សំខាន់អ្នកទាំងអស់ហ្នឹងបានរស់ហើយ។ បើប្រៀបធៀបជនភៀសខ្លួនពលរដ្ឋខ្មែរទាំងអស់ដែលធ្លាប់មានពិសោធន៍ អ្នកទាំងអស់ហ្នឹងគាត់គ្រាន់បើជាងពលរដ្ឋខ្មែរយើង ហើយសុខភាពក៏ល្អ ស្អីក៏ល្អ ដេកសុទ្ធតែសណ្ឋាគារ មានជីវភាពរស់នៅល្អជាងពលរដ្ឋខ្មែររស់នៅតំបន់ជនបទដែលកំពុងប្រកបអាជីវកម្ម»។
ក្រុមជនជាតិកុលសម្ព័ន្ធតំបន់ភ្នំវៀតណាម ឬហៅថា ម៉ុងតាញ៉ាទាំង១៣នាក់ត្រូវគេដឹងថា បានរត់គេចពីការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរវៀតណាម និងបានចូលមកជ្រកកោនក្នុងព្រៃនៃខេត្តរតនគីរីនៅប៉ែកឦសានប្រទេស កម្ពុជាចាប់តាំងពីចុងខែតុលាមកម្ល៉េះ។
មន្ត្រីអង្គការសហប្រជាជាតិ និងមន្ត្រីក្រសួងមហាផ្ទៃបានប្រទះឃើញពួកគេនៅក្នុងព្រៃកាលពីពាក់កណ្តាលខែធ្នូនេះ ហើយពួកគេត្រូវបានដឹកជញ្ជូនមកកាន់រាជធានីភ្នំពេញភ្លាមៗបន្ទាប់ពីបានរកឃើញ។
លោកនាយឧត្តមសេនីយ៍ខៀវ សុភ័គមានប្រសាសន៍ថា អ្នកទាំង១៣នាក់ត្រូវបានសម្ភាសបានភាគច្រើនហើយ តែរដ្ឋាភិបាលមិនទាន់បានវាយតម្លៃថា ពួកគេជាជនភៀសខ្លួនពិតប្រាកដ ឬយ៉ាងណានៅឡើយទេ។
លោកបានបញ្ជាក់ថា កម្ពុជាត្រូវការពេលវេលាបន្ថែមទៀត មិនត្រូវវាយតម្លៃទាំងតក់ក្រហល់ទេ។
លោកនិយាយថា៖ «មិនមែនជារឿងត្រូវរហ័សរហួន ប្រញាប់ប្រញាល់រកប្រទេសទីបីឲ្យគាត់នៅនោះទេ ហើយមិនទាន់ដឹងថា អ្នកទាំងអស់ហ្នឹងជាជនភៀសខ្លួន៥១ ឬក៏អន្តោប្រវេសន៍ទេ។ យើងកំពុងវាយតម្លៃ»។
វីអូអេបានព្យាយាមទាក់ទងសុំការបំភ្លឺពីមន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន តែមិនអាចទាក់ទងបានទេនៅថ្ងៃពុធនេះ។
ក៏ប៉ុន្តែមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស កាលពីសប្តាហ៍មុន បានកោតសរសើរក្រសួងមហាផ្ទៃរបស់ប្រទេសកម្ពុជាក្នុងកិច្ចសហការស្វែងរកជនជាតិភាគតិចតំបន់ភ្នំវៀតណាមដែលភៀសខ្លួនចូលក្នុងព្រៃនៃខេត្តរតនគីរី។ ក៏ប៉ុន្តែមន្ត្រីដដែលនោះបានព្រមានឲ្យប្រទេសកម្ពុជាអនុវត្តតាមគោលការណ៍ច្បាប់ត្រឹមត្រូវនៅថ្ងៃអនាគត។
លោកស្រី Ravina Shamdasani អ្នកនាំពាក្យរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់សិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស មានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍កាលពីសប្តាហ៍មុនថា អង្គការសហប្រជាជាតិ«អរគុណក្រសួងមហាផ្ទៃសម្រាប់កិច្ចសហប្រតិបត្តិការក្នុងរយៈពេលពីរខែកន្លងមកនេះ បើទោះជាមានការលំបាកជាមួយអាជ្ញាធរខេត្តក៏ដោយ»។
មន្ត្រីអង្គការសហប្រជាជាតិដដែលពិពណ៌នាអំពីការខ្វះខាតផ្នែកការពារ និងចំណីអាហារសម្រាប់ជនភៀសខ្លួន និងបញ្ជាក់ថា នៅពេលដែលជនភៀសខ្លួនទាំង១៣នាក់ត្រូវបានរកឃើញនៅក្នុងព្រៃនៃខេត្តរតនគីរីនោះ«ពួកគេមានស្ថានភាពស្គាំងស្គម អស់កម្លាំងខ្លាំង សក់កន្ទ្រីងកន្រ្ទើង និងមានជំងឺជាច្រើន ក្រោយពីពួកគេបានស្ថិតនៅក្នុងព្រៃអស់រយៈពេលប្រាំពីរសប្តាហ៍ ដោយដេកផ្ទាល់នឹងដី ដោយមានចំណីអាហារបន្តិចបន្តួចតែប៉ុណ្ណោះ៕