មន្ត្រីអាជ្ញាធរទំនងជាកំពុងប្រើប្រាស់សត្វឆ្កែដើម្បីស្វែងរកចាប់ខ្លួនជនជាតិដើមតំបន់ភ្នំវៀតណាមដែលកំពុងលាក់ខ្លួននៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដើម្បីស្វែងរកសិទ្ធិជ្រកកោនទៅកាន់ប្រទេសទី៣ខណៈដែលមានជនភៀសខ្លួនបានកើនដល់ចំនួន៣២នាក់កំពុងលាក់ខ្លួននៅទីនោះ។
លោកឆាយ ធី អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគិរី បានឲ្យដឹងថាក្រុមជីវពលភូមិបានប្រើសត្វឆ្កែនៅថ្ងៃព្រហស្បតិ៍នេះដើម្បីតាមប្រម៉ាញ់ជនម៉ុងតាញ៉ាវៀតណាមនៅក្នុងព្រៃ។
លោកបានបន្ថែមថា៖
«តាមអ្នកភូមិដែលរាយការណ៍មកសមាគមអាដហុកយើង បញ្ជាក់ថាមានសន្តិសុខភូមិប្រើប្រាស់ឆ្កែបណ្តើរតាមព្រៃដើម្បីរុករកជនភៀសខ្លួនដែលកំពុងលាក់ខ្លួនដោយសារកម្លាំងប៉ូលិសមិនអាចរុកតាមតំបន់ព្រៃបាន»។
ជនម៉ុងតាញ៉ា ដែលជាជនជាតិដើមចារ៉ាយវៀតណាមចំនួន១៣នាក់បានភៀសខ្លួនជាលើកដំបូងមកកាន់ព្រៃនៃខេត្តរតនគិរីកាលពីចុងឆ្នាំ២០១៤ដើម្បីគេចពីការធ្វើទុកបុកម្នេញរបស់អាជ្ញាធរវៀតណាមហើយអាជ្ញាធរវៀតណាមបានស្នើឲ្យអាជ្ញាធរកម្ពុជាចាប់ពួកគេបញ្ជូនត្រឡប់ទៅវិញ។នេះបើយោងតាមសេចក្តីរាយការណ៍នានា។
ជនជាតិតំបន់ភ្នំទាំង១៣នាក់កំពុងស្ថិតក្រោមការគាំពាររបស់រដ្ឋាភិបាលកម្ពុជានៅក្នុងទីក្រុងភ្នំពេញដោយមានកិច្ចសហការរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន។
លោកនាយឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមានប្រសាសន៍ថាជនម៉ុងតាញ៉ាពីប្រាំទៅប្រាំមួយនាក់បានទទួលការសម្ភាសន៍ដើម្បីវាយតម្លៃពីលក្ខខណ្ឌនៃការទទួលបានសិទ្ធិជាជនភៀសខ្លួនសម្រាប់ទៅរស់នៅប្រទេសទី៣។ក៏ប៉ុន្តែ លោកបញ្ជាក់ថានៅមិនទាន់មានការវាយតម្លៃចុងក្រោយនៅឡើយ។
ក្នុងពេលនេះមានជនភៀសខ្លួនតំបន់ភ្នំវៀតណាមចំនួន៣២នាក់កំពុងលាក់ខ្លួនក្នុងព្រៃនៃឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ក្នុងនោះមានស្ត្រីបីនាក់។ពួកគេមានអាយុចាប់ពី២០ឆ្នាំឡើងទៅ។ជនភៀសខ្លួនចុងក្រោយបានមកដល់ខេត្តរតនគិរីកាលពីថ្ងៃទី១០ខែកុម្ភៈនិងមានគ្នាចំនួន៩នាក់។
លោកនាយឧត្តមសេនីយ៍ខៀវ សុភ័គ មានប្រសាន៍ថាអាជ្ញាធរមាននាទីក្នុងការស្វែងរកការពិតលើអ្នកលាក់ខ្លួនទាំង៣២នាក់នេះ។ ប៉ុន្តែលោកបញ្ជាក់ថាលោកមិនបានទទួលដំណឹងអំពីវិធានការប្រើសត្វឆ្កែដើម្បីតាមចាប់ជនជាតិចារ៉ាយវៀតណាមទាំងនេះទេ។
«បើមានការលាក់ខ្លួនយើងត្រូវរកហើយដើម្បីដឹងថាពិតឬមិនពិត»។
លោកងួន កឿន ស្នងការនគរបាលខេត្តរតនគិរីមិនធ្វើអត្ថាធិប្បាយណាមួយនោះទេដោយលោកថ្លែងថាកំពុងជាប់ប្រជុំ។
យ៉ាងហោចណាស់មានជនភៀសខ្លួនវៀតណាមបានមកដល់ក្រុងភ្នំពេញដោយខ្លួនឯងចំនួន១០នាក់ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះដើម្បីជួបជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិដើម្បីជនភៀសខ្លួនដើម្បីជួយពួកគេ។
លោកស្រីវីវៀន តាន់( Vivian Tan) អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន(UNHCR)ប្រចាំតំបន់មានប្រសាសន៍តាមសារអេឡិកត្រូនិក(អ៊ីម៉ែល)នៅថ្ងៃនេះថាអង្គការសហប្រជាជាតិ«បន្តធ្វើការតស៊ូមតិជាមួយក្រុមអាជ្ញាធរកម្ពុជាដើម្បីឲ្យជនភៀសខ្លួនម្នាក់ៗដែលចង់ស្វែងរកសិទ្ធិជ្រកកោនមានលទ្ធភាពទៅដល់ប្រព័ន្ធគ្រប់គ្រងជនភៀសខ្លួនរបស់ជាតិនៃ ប្រទេសកម្ពុជាដូចដែលជនភៀសខ្លួនចំនួន១៣នាក់ដំបូងដែរ»៕