យ៉ាងតិចមានជនភាគតិចចារ៉ាយដែលបានភៀសខ្លួនពីប្រទេសវៀតណាមចំនួន៤នាក់ បានធ្វើដំណើរតាមរថយន្តតាក់ស៊ីពីខេត្តរតនគិរីមកកាន់ទីក្រុងភ្នំពេញដោយខ្លួនឯង ដើម្បីស្នើសុំអន្តរាគមន៍ពីមន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន។ នេះបើតាមការបញ្ជាក់ពីមន្ត្រីសិទ្ធិមនុស្ស។
លោក ឆាយ ធី អ្នកសម្របសម្រួលរបស់សមាគមសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគិរីមានប្រសាសន៍ថាជនភៀសខ្លួនទាំង៤នាក់នោះបានមកដល់ទីក្រុងភ្នំពេញហើយកាលពីថ្ងៃអាទិត្យ ហើយពួកគេកំពុងស្ថិតនៅក្រោមការការពារពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយ។
លោកបានបញ្ជាក់ថាពួកគេមានសុវត្ថិភាពល្អទេតែមិនទាន់ត្រូវបានរដ្ឋាភិបាលទទួលយកពួកគេដូចជនជាតិភ្នំម៉ុងតាញ៉ា១៣នាក់ផ្សេងទៀតដែលបានដឹកជញ្ជូនមកកាន់ទីក្រុងភ្នំពេញកាលពីចុងខែធ្នូឆ្នាំ២០១៤ទេ។
លោកនិយាយថា៖«គាត់ទៅដល់ភ្នំពេញដោយកំពុងតែលាក់ខ្លួននៅកន្លែងមានសុវត្ថិភាពមួយដែលជាកន្លែងអង្គការសង្គមស៊ីវិលមួយផងដែរ»។
ជនជាតិភាគតិចចារ៉ាយទាំង៤នាក់ដែលមន្ត្រីសិទ្ធិមនុស្សបានបញ្ជាក់ថាជាជនជាតិភ្នំម៉ុងតាញ៉ានោះបានស្ថិតនៅក្នុងក្រុមចំនួន៩នាក់ដែលបានភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញពីប្រទេសវៀតណាមមកកាន់ប្រទេសកម្ពុជាកាលពីដើមខែមករា។
ក្នុងចំណោមជនភៀសខ្លួនម៉ុងតាញ៉ាទាំង៩នាក់ក្រុមសមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនចំនួន៥នាក់ដែលរួមឪពុក ម្តាយ និង កូនតូចៗ ហើយបានបញ្ជូនត្រឡប់ទៅវៀតណាមវិញដោយចោទថាពួកគេជាអ្នកឆ្លងដែនខុសច្បាប់មកធ្វើចំការ។ ចំណែកឯ ៤នាក់ផ្សេងទៀតបានរត់រួចហើយបានធ្វើដំណើរពីក្នុងព្រៃនៃខេត្តរតនគិរីមកកាន់ទីក្រុងភ្នំពេញដោយខ្លួនឯង។
លោក អំ សំអាត ប្រធានក្រុមស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូបានបញ្ជាក់ថាកាលពីថ្ងៃច័ន្ទមន្ត្រីអង្គការសហប្រជាជាតិបាននាំខ្លួនជនជាតិម៉ុងតាញ៉ាទាំង៤នាក់មកនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃតែក្រសួងមិនទទួលយក។
គិតចាប់តាំងពីដើមខែមករារហូតមកដល់ពេលនេះមានជនជាតិភាគតិចចារ៉ាយចំនួន២៣នាក់ហើយបានភៀសខ្លួនពីប្រទេសវៀតណាម មកសំងំលាក់ខ្លួននៅក្នុងព្រៃនៃខេត្តរតនគិរីដើម្បីស្វះស្វែងសុំសិទ្ធិជ្រកកោនផ្នែកនយោបាយទៅកាន់ប្រទេសទី៣។
កាលពីចុងខែធ្នូជនជាតិភាគតិចចារ៉ាយឬហៅថាម៉ុងតាញ៉ាចំនួន១៣នាក់ត្រូវបានមន្ត្រីអង្គការសហប្រជាជាតិដឹកបញ្ជូនតាមរថយន្តពីខេត្តរតនគិរីមកកាន់ទីក្រុងភ្នំពេញ។ ឥឡូវនេះពួកគេកំពុងស្ថិតនៅក្រោមការគ្រប់គ្រងពីនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ។
លោក ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែតនៅថ្ងៃអង្គារនេះថាប្រសិនណាបើជនជាតិម៉ុងតាញ៉ាទាំង១៣នាក់សម្ភាសន៍ទៅរកឃើញថាពួកគេមិនមែនជាជនភៀសខ្លួន កម្ពុជានិងបញ្ជូនពួកគេទៅស្រុកកំណើតវិញ។
លោកនិយាយថា៖«កន្លងទៅ១៣នាក់នេះ។ ១៣នាក់ដែលយកមកបានន័យថាអ្នកហ្នឹងជាអ្នកស្វែងរកសិទ្ធិជ្រកកោនដូច្នេះយើងត្រូវធ្វើបទសម្ភាសន៍បញ្ជាក់រកឯកសារភស្តុតាងបានគ្រប់គ្រាន់។ បើសិនណារកឃើញថាពួកគាត់ជាជនភៀសខ្លួនមែនយើងត្រូវតែបញ្ជូនទៅប្រទេសទី៣ រកដៃគូប្រទេសទីបីដើម្បីគេទទួលយក»។
លោក ស ខេង បានបញ្ជាក់ថាបើប្រទេសទី៣មិនទទួលយកទេយើងមិនអាចបង្កើតជំរំក្នុងប្រទេសកម្ពុជាទេ៕