អាជ្ញាធរតាមបណ្តាខេត្តមួយចំនួនដែលកំពុងរងការជន់លិចទឹកលើកឡើងថា បើកម្រិតទឹកនៅតែមិនស្រកស្រុតចុះនៅតាមភូមិ ឃុំ ស្រុកតទៅទៀតនោះ នឹងធ្វើឱ្យប្រជាពលរដ្ឋប្រឈមមុខនឹងហានិភ័យនៃការខូចខាតដំណាំស្រូវ និងដំណាំផ្សេងទៀត។
បើតាមអាជ្ញាធរក្នុងខេត្តមួយចំនួនរួមមានខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ កម្រិតខូចខាតនៃដំណាំដាំដុះអាចមានខ្ពស់ ឬក៏ខូចទាំងអស់តែម្តង បើស្ថានភាពទឹកជំនន់អូសបន្លាយពេលយូរតទៅទៀត។
អភិបាលខេត្តបាត់ដំបងលោក សុខ លូ ប្រាប់វីអូអេ នៅថ្ងៃព្រហស្បតិ៍នេះថា ស្ថានភាពទឹកដែលបានជន់លិចក្នុងខេត្តបាត់ដំបងកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣បានស្រកទៅវិញ ប៉ុន្តែលោកថា ចាប់ពីថ្ងៃទី៣ រហូតមកដល់ថ្ងៃព្រហស្បតិ៍នេះ ស្ថានភាពទឹកបានជន់លិចបន្តទៀត ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «និយាយជារួមទឹកជំនន់នៅខេត្តបាត់ដំបងនេះ កាលពីថ្ងៃ២ មានការជន់លិចមួយចំនួនហើយក៏បានស្រកទៅវិញ ហើយថ្មីៗនេះ ថ្ងៃ៣ ថ្ងៃ៤ ជាបន្តបន្ទាប់នេះក៏មានភ្លៀងបន្ថែមទៀត។ ជាពិសេសខេត្តនៅជាប់ព្រំដែនថៃនេះ គឺមានទឹកឡើងជាគំហុក ឃើញថាប៉ះពាល់ដល់បណ្តាស្រុកមួយចំនួននៅជាប់ព្រំដែនថៃឯណោះ។ និយាយជារួមវាខូចខាតដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋយើងគឺ យើងនិយាយរឿងប៉ះពាល់ប្រហែលជាង ៤ពាន់ហិតាជាងប៉ុណ្ណឹង ហើយយើងមិនទាន់សន្និដ្ឋានថាខូចប៉ុណ្ណាទេ»។
អភិបាលខេត្តបាត់ដំបងរូបនេះបន្ថែមថា ចាប់តាំងពីទឹកជន់លិចជាបន្តបន្ទាប់មកនោះ ដំណាំរបស់ប្រជាពលរដ្ឋក្នុងស្រុកមួយចំនួនក្នុងខេត្តបាត់ដំបងក្នុងនោះមានស្រុកបាណន់ ថ្មគោល បវេល ឯកភ្នំ កំរៀង និងរតនមណ្ឌលត្រូវរងការខូចខាត ហើយបើការជន់លិចនេះមិនថយចុះទេ ដំណាំរបស់ប្រជាពលរដ្ឋនឹងត្រូវរងការខូចខាតទាំងស្រុង។
លោកលើកឡើងថា៖ «អ៊ីចឹងចំនួនហ្នឹង បើថាទឹកមិនស្រកទៅឆាប់ទេ នៅប៉ុន្មានថ្ងៃខាងមុខនេះ អាចស្រូវរបស់គាត់នឹងខូចហើយ។ ហើយប៉ះតាមបណ្តាឃុំមួយចំនួនទៀត អាហ្នឹងយើងបានមើលឃើញជាក់ស្តែង ជារួមគឺយើងមានការប៉ះពាល់ហេដ្ឋារចនាសម្ពន្ធច្រើនដែល យើងកំពុងតែតាមដាន ហើយក្រុមការងារកំពុងតែពិនិត្យចុះមើល»។
ទោះយ៉ាងណា លោកថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ មិនទាន់មានករណីដែលពលរដ្ឋបានស្លាប់ដោយសារទឹកជំនន់នោះឡើយ។
ជាមួយគ្នានេះដែរ អភិបាលខេត្តពោធិ៍សាត់ លោកខូយ រីដា ប្រាប់វីអូអេថា ស្ថានភាពជន់លិចមានការប្រែប្រួល ព្រោះទឹកដែលបានជន់លិចនៅតាមតំបន់ខ្លះក្នុងខេត្តបានស្រកវិញជាបណ្តើរៗ ហើយអាជ្ញាធរកំពុងចុះតាមដានស្ថានភាពជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «មកដល់ពេលនេះគឺស្រកអស់ហើយ។ វានៅសល់តែតំបន់មួយចំនួនដែលវាចូលហើយវាចេញមកវិញវាពិបាក វានៅដក់នៅហ្នឹងខ្លះតិចតួច។ វាអត់មានការលិចលង់អីៗវាផុតអស់ហើយ [នៅ]តែយើងជួយអន្តរាគមន៍ពិនិត្យមើលសុខភាព ជីវភាពពលរដ្ឋរបស់យើងតាមបណ្តាក្រុងស្រុកទាំងអស់ ព្រោះខែនេះរដូវវស្សា តំណរដូវប្រជាពលរដ្ឋយើងខ្លះគាត់ជួបការលំបាក»។
លោកបន្តថា៖ «យើងនៅពិនិត្យមើលរឿងហ្នឹង ហើយយើងនៅវាយតម្លៃផលប៉ះពាល់ ការខូចខាតស្រូវរបស់គាត់ ថាយើងត្រូវស្តារមកវិញ ត្រូវព្រួសពូជត្រូវអី ត្រូវត្រៀមអន្តរាគមន៍គាត់តែប៉ុណ្ណឹងទេ»។
បើតាមលោកខូយ រីដា ចំនួនផ្ទះរបស់ប្រជាពលរដ្ឋដែលត្រូវខូចខាតមានប្រមាណ១៩ខ្នងផ្ទះ ហើយផ្លូវមួយចំនួនក៏រងការខូចខាតផងដែរ ដោយសារភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនីបាននៅឡើយទេ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង លើកឡើងថា ជំនន់ទឹកភ្លៀងបានធ្វើឱ្យដំណាំជាច្រើនរបស់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនានាទទួលរងការខូចខាត ដែលធ្វើឱ្យមានការលំបាកជាច្រើនកើតមានឡើង។ លោកបន្តថា ការដែលទឹកជំនន់ហូរលឿនគឺបណ្តាលមកពីមិនមានព្រៃឈើ ឬបាត់បង់បឹង ស្រះដែលអាចជួយកុំឱ្យល្បឿនទឹកហូរលឿន និងបង្កជាទឹកជំនន់លើសលប់បែបនេះ។
លោកថ្លែងថា៖ «អ្វីដែលជាបញ្ហាចម្បងខ្ញុំឃើញថា ចំពោះបញ្ហាទឹកជំនន់ដែលកើតមានជារៀងរាល់ឆ្នាំគឺឃើញថានៅតាមទីជនបទ ដោយសារតែទីមួយការដែលយើងមិនសូវមានព្រៃឈើណាជួយទប់ទល់កុំឱ្យល្បឿនទឹកលឿនពេក។ ទីពីរយើងឃើញថា តំបន់ជាយក្រុងខ្លះបាត់បង់នូវបឹងបួរ ដែលសម្រាប់ជួយរំដោះទឹក ដែលអាចធ្វើឱ្យលឿនដែរ»។
លោកបន្ថែមថា រដ្ឋាភិបាលគួរយកចិត្តទុកដាក់ទៅលើបញ្ហាជីវភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ដោយសារតែដំណាំរបស់ពួកគេត្រូវបានបំផ្លិចបំផ្លាញអស់។
លោកថ្លែងថា៖ «រឿងដែលគិតជាសំខាន់ចិញ្ចឹមគ្រួសាររបស់គាត់បន្ទាប់ពីទឹកស្រក អាចទាំងការផ្តល់ពូជ [ស្រូវ ដំណាំ] អាចទាំងការផ្តល់នូវការឧបត្ថម្ភណាមួយ ឬក៏ប្រសិនបើជីវភាពរបស់គាត់យ៉ាប់យ៉ឺនអាចបញ្ចូលគាត់ទៅក្នុងក្រុមនៃអ្នកក្រីក្រដែលអាចទទួលបាននូវការឧបត្ថម្ភពីរដ្ឋាភិបាលជាដើម ហ្នឹងក៏ជារឿងមួយដែលសំខាន់ដែរ»។
ក្រសួងធនធានទឹក និងឧតុនិយមនាថ្ងៃទី៥ ខែតុលានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយពីស្ថានភាពអាកាសធាតុក្នុងប្រទេសកម្ពុជាថា ស្ថានភាពភ្លៀងធ្លាក់នឹងអាចចុះថមថយចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលា ដោយក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យមជាមួយទំហំទឹកភ្លៀងគ្របដណ្តប់លើផ្ទៃដីពី ៤០-៥០%៕