ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ទទួល​ទឹកប្រាក់ ៤៣ លាន​ដុល្លារ​ពី​អង្គការ​អន្តរជាតិ​ដើម្បីពង្រឹង​ភាព​​ធន់​នឹង​អាកាសធាតុ​ដល់​​កសិករ


រូបឯកសារ៖ កសិករដកសន្ទូង ក្នុងរដូវធ្វើកសិកម្ម នៅជាយក្រុងភ្នំពេញ កាលពីថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២០។
រូបឯកសារ៖ កសិករដកសន្ទូង ក្នុងរដូវធ្វើកសិកម្ម នៅជាយក្រុងភ្នំពេញ កាលពីថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២០។

ខណៈ​ជាប្រទេស​មួយ​ក្នុង​តំបន់​ដែល​ងាយ​នឹង​រងគ្រោះ​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ កម្ពុជា​ កាលពី​ថ្ងៃពុធ ទទួល​បាន​ការ​បណ្តាក់​ទុន​ជា​ទឹកប្រាក់​ចំនួន ៤៣ លាន​ដុល្លារ ពី​អង្គការ​ស្បៀង​អាហារ​និង​កសិកម្ម​នៃ​អង្គការ​សហប្រជាតិ (FAO) និងមូលនិធិ​អាកាសធាតុ​បៃតង (Green Climate Fund) ​ដើម្បី​ពង្រឹង​ភាព​ធន់​នឹង​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ដល់​កសិករ​។

គម្រោង «ភាព​ជា​ដៃ​គូ​សាធារណៈសង្គមឯកជនសម្រាប់​កសិកម្ម​បែប​អេកូឡូស៊ីនិងភាព​ធន់​ទៅ​នឹង​ជីវភាព​រស់​នៅតាម​តំបន់​ភាគ​ខាង​ជើង​បឹង​ទន្លេ​សាប» ហៅកាត់ថា (PEARL) ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​ការដឹកនាំ​របស់​ក្រសួង​បរិស្ថាន​កម្ពុជា និង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដោយ​មាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ពី​អង្គការ​ស្បៀង​អាហារនិង​កសិកម្ម​នៃ​អង្គការ​សហប្រជាជាតិ (FAO) ដើម្បី​បង្កើន​សមត្ថភាព របស់​កសិករខ្នាត​តូច​នៃ​សហគមន៍មូលដ្ឋានប្រមាណ ៤សែន ៥ម៉ឺន​នាក់ នៅ​តំបន់​អាង​ទន្លេ​សាប​ខាង​ជើង ដែល​រង​គ្រោះពី​ការគំរាមកំហែង​នៃ​ការប្រែប្រួល​អាកាសធាតុ។

អាង​ទន្លេ​សាប​ខាង​ជើង ជា​តំបន់​កសិកម្ម​ដ៏​សំខាន់​មួយរបស់​ប្រទេស​កម្ពុជាដែលផ្តល់​ធនធាន​ផ្គត់ផ្គង់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ជាង ៣ លាន​នាក់។ ក៏​ប៉ុន្តែ​តំបន់​នេះ ​ងាយ​រង​គ្រោះ​បំផុត ដោយ​សារ​ទឹក​ជំនន់ និង​គ្រោះ​រាំង​ស្ងួត ដែល​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​ទទួល​រង​ការប្រែប្រួល​អាកាសធាតុ​ខ្លាំង។ នេះ​បើ​យោង​តាម​អង្គការ​ FAO។

លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បានលើក​ឡើង​ថា ការអនុម័ត​គម្រោង PEARL នេះ ជា​ជំហាន​ដ៏​សំខាន់​មួយដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈមនានារបស់​កសិករ​ខ្នាត​តូច​នៅ​ក្នុង​តំបន់។

លោក​ត្រូវបានដក​ស្រង់សម្តី​ក្នុង​ន័យ​ដើម​ថា៖ «គម្រោង​នេះ​ដើរ​ស្រប​តាម​គោលការណ៍​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ការពារប្រជាពលរដ្ឋ​ភាគច្រើន​ដេល​ងាយ​រង​គ្រោះពី​ផល​ប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ និង​ធានា​បាន​នូវ​ភាព​ធន់​នឹង​អាកាសធាតុ និង​ការអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នៃ​វិស័យ​កសិកម្ម»។

ទន្ទឹម​នឹង​នេះ​ដែរ លោក​ ខៀវ បូរិន អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ថ្លែងថា គម្រោង PEARL នេះ​ នឹង​ជួយ​លើក​កម្ពស់​ប្រភព​ចំណូល ការអភិរក្ស និង​ការពារ​ធនធាន​ធម្មជាតិ បរិស្ថាន និង​ជីវៈ​ចម្រុះ​នៅ​កម្ពុជានៅ​តាម​សហគមន៍​មូលដ្ឋាន។

ដោយ​ឡែក​ អ្នកស្រី Rebekah Bell តំណាងអង្គការ​ FAO ប្រចាំនៅកម្ពុជា បាន​សង្កត់​ធ្ងន់អំពី​សារៈសំខាន់​នៃ​គម្រោង​ ដែល​ផ្តោត​ចម្បង​លើ​កសិករ​ខ្នាត​តូច​ ដែល​ភាគច្រើន​ជា​ស្ត្រី។

អ្នក​ស្រីត្រូវបាន​ដកស្រង់​សម្តីក្នុង​ន័យដើម​ថា៖ «គម្រោង​នេះ​ជួយ​កសិករ​ខ្នាត​តូច និង​ភាគី​វាយ​តម្លៃ​ផលិតផល​កសិកម្ម​ក្នុង​ស្រុក​ ​ឱ្យ​ទទួល​បានឱកាស​ពង្រីក​ទីផ្សារ និង​ឧបករណ៍​ផ្សេង​ៗទៀត ដែល​នឹង​កាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះ​របស់​ពួកគេ ពីផល​ប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ ស្រប​ពេល​ដែល​គម្រោង​នេះ​នឹង​កែលម្អ​ផលិតកម្ម​កសិកម្ម និង​ជីវភាព​រស់នៅ»។

គម្រោង PEARL ដែល​ជា​គម្រោង​ទី​ ២ ​ដែល​គាំទ្រ​ដោយមូលនិធិអាកាសធាតុ​បៃតង (GCF) ដល់​ប្រទេស​កម្ពុជា រួម​មាន​ជំនួយ​ឥត​សំណង​ជាទឹកប្រាក់​ចំនួន ៣៦,២ លាន​ដុល្លារ​ពី GCF និងជា​ទឹកប្រាក់ ៦,៦ លាន​ដុល្លារ ដែល​ជា​សហហិរញ្ញប្បទាន​ពីក្រសួង​បរិស្ថាន​និង​ក្រសួង​កសិកម្ម​របស់​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ FAO។ គម្រោង​ PEARL នៅ​កម្ពុជា​នេះ នឹង​ដំណើរការ​ទៅ​ក្នុង​រយៈពេល ៦ ឆ្នាំ៕

XS
SM
MD
LG