ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​កំពុង​រៀប​ចំ​កន្លែង​បូជា​សព​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវីដ​១៩ តាម​បញ្ជា​នាយក​រដ្ឋមន្រ្តី


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន (កណ្ដាល) អញ្ជើញ​មក​ដល់​កន្លែង​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ចំនួន ៦ សែន​ដូស​ពី​ប្រទេស​ចិន នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន (កណ្ដាល) អញ្ជើញ​មក​ដល់​កន្លែង​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ចំនួន ៦ សែន​ដូស​ពី​ប្រទេស​ចិន នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។

ខណៈ​មានការ​ឆ្លង​រាត​ត្បាត​ជំងឺ​កូវីដ​១៩ ដែល​ជាប់ពាក់​ព័ន្ធ​នឹងព្រឹត្តិការណ៍​ឆ្លង​សហគមន៍​២០​កុម្ភៈ​ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជាជា​បន្ទាន់​ឲ្យ​ក្រុម​អាជ្ញាធរ​រាជ​ធានី​ខេត្ត​ ត្រៀម​ឈាបនដ្ឋាន ឬ​កន្លែង​បូជា​សព​សម្រាប់​អ្នក​ស្លាប់​ដោយ​ជំងឺ​នេះ​ ដោយ​មិន​ឲ្យ​មាន​ការ​បញ្ចុះ​សព​ឡើយ។

ក្រុម​មន្ត្រី​សាសនា​កម្ពុជា​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា អាជ្ញាធរ​ពាក់​ព័ន្ធ​ខេត្ត និង​មន្ត្រី​សង្ឃ​បាន​កំពុង​រៀបចំ​ឲ្យ​មាន​ទីតាំង​ឈាបនដ្ឋាន​ជាក់​លាក់​មួយ​នៅ​តាម​កន្លែង​ដែល​មាន​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ សម្រាប់​បូជា​សព​អ្នក​ដែល​បាន​ស្លាប់​ដោយ​សារ​ជំងឺ​នេះ។

រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា លោក សេង សុមុនី ដែល​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ផង​ផង​នោះ ប្រាប់​វីអូអេ​ថា ៖«អាជ្ញាធរ​មាន​សមត្ថកិច្ច​លោក​ក៏​សហការ​គ្នា​ការ​ងារ​ហ្នឹង។ សហការ​ជាមួយ​នឹង​ស្ថាប័ន​ជំនាញ​ធម្មការ​ និង​ព្រះ​មេគុណ​ ដើម្បី​សិក្សា។​ យើង​ឃើញ​ជាក់​ស្តែង​ អភិបាល​ខេត្ត​លោក​ ព្រះ​មេគុណ​លោក​បាន​ចង្អុល​បង្ហាញ​ក្នុង​ការ​រៀបចំនៅ​ទីតាំង​ សម្រាប់​ធ្វើ​ឈាបនដ្ឋាន​ហ្នឹង​គឺ​មាន​វត្ត​មួយ​ចំនួននៅ​តាម​បណ្តា​ខេត្ត​ហ្នឹង​គឺ​យើង​មាន​បាទ​ មិន​ជា​បញ្ហា​អី​ទេ​ លោក​សហការ​គ្នា​បាន​ល្អ​ តាម​ដែល​ព័ត៌មាន​យើង​ទទួល​បាន»។

រដ្ឋលេខាធិការ​រូប​នេះ​ឲ្យ​ដឹង​បន្ថែមថា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ មាន​ឈាបនដ្ឋាន​មួយ​ក្នុង​វត្ត​ឫស្សីសាញ់​ស្ថិត​ក្នុង​ខណ្ឌ​ដង្កោដែល​ត្រូវ​បាន​រៀបចំ​សម្រាប់​បូជា​សព​ទូទៅ។​ ប៉ុន្តែ​ករណី​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវីដ​នេះ​ អាជ្ញាធរ​កំពុង​សិក្សា​រក​កន្លែងផ្សេង​ទៀត ដើម្បី​បញ្ចៀស​ការ​ឆ្លង​នៅ​ពេល​បូជា។

«ជាក់​ស្តែង​យើង​រាជធានី​ភ្នំពេញ​កន្លង​មក​ គឺ​យើង​មាន​ទីតាំង​រួម​សម្រាប់​បូជា​មួយ​នៅ​វត្ត​ឫស្សី​សាញ់​នោះ​ ហើយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​លោក​នឹង​សិក្សា​បន្ត​ទៅ​ទៀត​ថា​ គួរ​រៀប​ចំ​កន្លែង​ណា​ ដើម្បី​ឲ្យ​មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​យុទ្ធសាស្ត្រ​ជា​ការ​គ្រប់​គ្រង​ស្ថានភាព​ហ្នឹង»។ ​

លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ ចំពោះការ​រៀបចំ​ឈាបនដ្ឋាន​នៅ​ខេត្ត​ផ្សេង​ទៀត​ ដូច​ជា​ខេត្ត​ព្រះ​សីហនុ​ ដែល​មាន​កម្រិត​ឆ្លង​ជំងឺ​កូវីដ​ខ្ពស់​បន្ទាប់​ពី​រាជធានី​ភ្នំពេញ។ លោក​ឲ្យដឹង​ថាពិធីបុណ្យ​សព​អាច​ធ្វើ​បាន​ក្នុងពេល​បូជា​ ដោយ​មានការ​កំណត់​ពី​ប្រមាណ​២០​នាក់​ ឬតិច​ជាង​នេះ​ អាស្រ័យ​លើ​ទី​ធ្លា​នៃ​ឈាបនដ្ឋាន​នោះ។

ក្នុង​សារ​ជាសំឡេង​ផ្ញើជូន​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ និង​ថ្នាក់ដឹកនាំរាជធានី​ខេត្ត​កាល​ពី​ថ្ងៃ​អង្គារ​ លោក​ ហ៊ុន សែន​ មាន​ប្រសាសន៍​ថា​ កម្ពុជា​សម្រេច​យក​ការ​បូជា​សព​របស់​អ្នក​ជំងឺ​កូវីដ​១៩ ព្រោះ​ជា​ករណី​ពិសេស​ និង​ជា​វិធានការ​គ្រប់​គ្រង​ការ​ឆ្លង​រាតត្បាត​បន្ថែម​ទៀត និង​បញ្ចៀស​ផល​វិបាក​នៃ​ការ​គ្រប់គ្រង​ដីធ្លី។

«ចំណុច​នេះ​គឺ​គេ​អាច​យល់​បាន​បើ​ទោះ​បី​ថា​ ទំនៀម​ទម្លាប់​ជន​ជាតិ​ខ្លះ​ មិន​អាច​ធ្វើការ​បូជា​ក៏​ដោយ​ ប៉ុន្តែ​ករណី​ពិសេស​សម្រាប់​ជំងឺ​កូវីដ​នេះ​ យើង​ត្រូវ​តែ​ធ្វើ​ការ​បូជា​ជា​ចាំបាច់»។

លោក​នាយករដ្ឋមន្ត្រី​បន្ថែម​ថា៖​«យើង​មិន​មែន​ខ្វះ​ដី​កប់​ទេ​ ក៏​ប៉ុន្តែ​ដើម្បី​ធានានូវ​វិធានការ​មួយ​ សម្រាប់​ការ​គ្រប់​គ្រង​ដីធ្លី​ ក៏ដូច​ជា​កុំ​ឲ្យ​មាន​កើត​ពាស​ពេញ​ជាមួយ​នឹង​ការ​ដាក់​សព​នៅ​កន្លែង​នេះ​បន្តិច​ នៅ​កន្លែង​នោះ​បន្តិច»។ ​

គ្រូ​ចិន​សែ​មួយ​ចំនួន​ដែល​ផ្តល់​បទ​សម្ភាសន៍​ជា​មួយ​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ យល់​ថា​ការ​បូជា​សព​អ្នក​មាន​ជាប់​ខ្សែ​ចិន​ដែលមាន​ជំងឺ​កូវីដ​១៩​នោះ​ នឹង​មិន​បង្ក​ការ​ឆ្គាំឆ្គង​តាម​ជំនឿរបស់​ជន​ជាតិ​ចិន​ទេ។

ពួក​គេ​និយាយ​ថា​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​ដែល​រួត​រឹត​ដោយ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​នេះ​ ការ​បូជា​គឺជា​ជម្រើស​សម​ស្រប​មួយ​ ហើយ​ដូនតា​ក៏​មិន​ប្រកាន់​ដែរ​ បើ​សិន​បូជា​រួច​ហើយ​ រក្សា​ទុក​ធាតុ​ក្នុង​ទី​កន្លែង​ស័ក្តិសម​មួយ។

លោក​គ្រូ ហ៊ា ហាប់​ និយាយ​ថា​បងប្អូន​ខ្មែរ​កាត់​ចិន​គួរ​សម្រប​ខ្លួន​តាម​កាលៈទេសៈ​ដែល​ប្រទេស​កំពុង​ប្រឈម​នឹង​ជំងឺ​ឆ្លង​រាត​ត្បាត​ ដូច្នេះ​ការ​ស្វែង​រក​ហុងស៊ុយ​ពី​ការ​បញ្ចុះ​សព​សាច់​ញាតិ ​គួរ​ទុក​មួយ​អន្លើ​សិន។

«ធម្មតា​ច្រើន​តែ​បញ្ចុះ​ហើយ​ តែ​ធ្វើ​ម៉េច​ បើ​ប្រទេស​ជាតិ​យើង​វា​មាន​បញ្ហា​ ចឹង​យើង​កុំ​ស្វែង​រក​ហុង​ស៊ុយ​អី។ គេ​បញ្ចុះ​ហ្នឹង​ទីមួយ​ គឺ​ចង់​ហុងស៊ុយ​ ទីពីរ​ទៅ​តាម​ទំនៀម​ទម្លាប់​ពី​ដូន​ពី​តា​គេ​ គេ​ស្រួល​ឆេង​ម៉េង​យ៉ាង​ណា​យ៉ាង​ណី។ តែ​បើ​ឥឡូវ​យើង​វា​មានជួប​បញ្ហា​ហ្នឹង​ហើយ​ យើង​ក៏​មិន​អាច​ទៅ​ធ្វើ​បាន​តាម​ចិត្ត​យើង​ដែរ​ ​គឺ​យើង​តម្រូវ​ទៅ​តាម​ជាក់​ស្តែង​នៅ​ក្នុង​ប្រទេស​យើង»។

លោក​បន្ថែម​ថា​នៅ​ប្រទេស​ចិន​ ក៏​មាន​ការ​បូជា​សព​អ្នក​ស្លាប់​ដោយ​ជំងឺកូវីដ​១៩ដែរ។ ហើយ​បើបែរ​មក​និយាយ​ពី​ការ​ដាក់​ធាតុវិញនោះ លោក​ថា​ សាច់​ញាតិ​អាច​ស្នើ​ពី​អាជ្ញាធរ​ដើម្បី​យក​មក​រក្សា​ទុក​ សម្រាប់​ធ្វើ​ពិធី​ទៅ​តាម​ទំនៀម​ទម្លាប់​ប្រពៃ​ណី​ចិន។

ចំណែក​គ្រូចិន​សែ​ម្នាក់​ទៀត លោក ​អ៊ៅ ណន​ ​អាយុ​៧០​ឆ្នាំ​ ពន្យល់​ថា​ការ​បូជា​សព​សាច់​ញាតិ​ពលរដ្ឋ​ខ្មែរ​កាត់​ចិន មិន​មាន​ន័យ​ថា​នឹងធ្វើ​ឲ្យ​គ្រួសារ​នៃ​សព​ជួប​រឿង​មិន​ល្អ​ទេ។ លោក​ថាសាច់​ញាតិ​សព​អាច​យក​ធាតុ​មក​រក្សា​ទុក​ក្នុង​ចេតិយ​ ឬ​ទី​ណា​មួយទៅ​តាម​ក្បួន​ប្រពៃណី​ចិន ក្រោយ​ការ​រក្សា​ទុក​ធាតុ​នោះ​នៅ​ទី​អារាម ឬ​កន្លែង​ណា​មួយ​សមរម្យ​រយៈ​ពេល​៣​ឆ្នាំ។

«បូជា​មាន​តែ​ដាក់​នៅ​កន្លែង​ ព្រះ​អង្គ​អី​ចឹង​ទៅ​ណា។ ផ្ញើ​នឹង​វត្ត​លោក​ កុដិ​លោក​អ៊ីចឹង​ទៅ​ ឬ​ក៏​យើង​យក​មក​ដាក់​នៅ​ជិត​ផ្ទះ​យើង​ធ្វើ​ជា​ចេតិយ​ ធ្វើ​ជា​តូប​មួយ​ឲ្យ​តូច​តិម​មក​ ល្មម​មក​ យើង​ដាក់​ទៅ​គ្រប់៣​ឆ្នាំ​បាន​យក​ទៅ​ដាក់​នៅ​ក្នុង​ចេតិយ​ដែល​យើង​ធ្វើ​បាន។ បើ​សិន​ជា​មាន​ធាតុ​គេ​ចាស់​ ប៉ុន្តែ​បើ​អត់​មាន​ធាតុ​ចាស់​ទេ​ គេ​នឹង​យក​ទៅដាក់​បាន​ភ្លាម​អាហ្នឹង ប៉ុន្តែ​មិន​ឲ្យ​ធាតុ​ចាស់​ចូល​ទៅ​ក្នុង​ហ្នឹង​ទេ»។

កាល​ពី​ថ្ងៃ​ទី​៤​ ខែ​មីនា​ ឆ្នាំ​២០២១​នេះ​ បុរស​ជន​ជាតិ​ចិន​ម្នាក់​ឈ្មោះ​ឡាយ ប៊ីនស៊ាង(Lay Binxiang)​អាយុ​៣៤​ឆ្នាំ មក​ពី​ប្រទេស​ចិន​ ​បាន​ស្លាប់​ក្នុង​ពេល​កំពុង​ទទួល​ការ​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​១៩​ ​ព្រែក​ព្នៅ នៅ​ទីក្រុង​ភ្នំពេញ។ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ពន្យល់​ថា​ ជន​ជាតិ​ចិន​ដែល​បាន​ស្លាប់​នោះ​ គឺ​ជា​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ហើយ​នៅ​អំឡុង​ពេល​ព្យាបាល​ សារធាតុ​ញៀន​បាន​រើ​ឡើង​បណ្តាល​ឲ្យ​គាំង​បេះ​ដូង​ស្លាប់​តែ​ម្តង។

បន្ទាប់​ពី​ការ​ស្លាប់​របស់បុរស​ជន​ជាតិ​ចិន​ម្នាក់​នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​បញ្ជា​បន្ទាន់​មួយ ដោយ​ឲ្យ​យក​អ្នក​សម្រាក​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​១៩ព្រែក​ព្នៅ មក​សណ្ឋា​គារ​ Great Duke ដែល​ជា​អតីត​សណ្ឋាគារ​អាំង​ទែរ​កុង​ទីណង់តាល់​វិញ។

គិត​ត្រឹម​ថ្ងៃពុធ​ទី​១០​ខែ​មីនា​នេះ​ អ្នក​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​១៩​ក្នុង​ព្រឹត្តិការណ៍​សហគមន៍២០ កុម្ភៈ​ មាន​ចំនួន​សរុប​៦១៣​នាក់។ ចំនួន​សរុបនេះ​ រាប់​ទាំងអ្នកឆ្លង​ថ្មី​ដែល​ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ​ថា​មាន​ចំនួន៦៤​នាក់។ ក្នុង​ពេល​កំពុង​ឆ្លង​សហគមន៍​ទ្រង់​ទ្រាយ​ធំ​នេះ កម្ពុជា​ក៏​កំពុង​បន្ត​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ផង​ដែរ៕

XS
SM
MD
LG