ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​​ឆ្លង​ជំងឺ​កូវីដ​ចំនួន​ ៤៩​ ករណី​បន្ថែម​ទៀត​ នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​​​ពី​ផល​ប៉ះ​ពាល់​សេដ្ឋកិច្ច


រូបឯកសារ៖ ពលរដ្ឋ​កម្ពុជា​មួយចំនួន​ឈរ​មើល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ មក​ទទួល​​ការ​ចាក់​​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​​ របស់​ក្រុមហ៊ុន​ AstraZeneca​ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​​ ភ្នំពេញ​ ថ្ងៃទី៤​ ខែមីនា​ ឆ្នាំ២០២១។​ (ហ៊ាន សុជាតា/​វីអូអេ​)

ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​ចំនួន​៤៩​នាក់​ បន្ថែម​ទៀត គិត​ត្រឹម​ថ្ងៃ​ទី​៩ ខែ​មីនា​នេះ ដែល​ជា​ករណី​ឆ្លង​ខ្ពស់​ជាង​គេ ចាប់​តាំង​ពី​ផ្ទុះ​ឆ្លង​សហគមន៍​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ​មក។ ការ​រក​ឃើញ​ករណី​ឆ្លង​ថ្មី​នេះ នាំ​ឲ្យ​រដ្ឋាភិបាលដាក់​ចេញ​វិធានការ​បន្ថែម​ទៀត​ ​ដើម្បី​ទប់​ទល់​នឹង​ការ​ឆ្លង​ជំងឺ​នៅ​ក្នុង​សហគមន៍ ខណៈ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះពាល់​លើ​សេដ្ឋកិច្ច​ក្នុង​ប្រទេស។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន កាល​ពី​យប់​ថ្ងៃច័ន្ទ​ បាន​បញ្ចេញ​សារ​មួយ ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ដែល​រក​ឃើញ​ជិត​៥០​ករណី ដែល​ក្នុង​នោះ​មាន​ឆ្លង​ក្នុង​ចំណោម​មន្ត្រី​នគរបាល មន្ត្រី​រាជការ និង​សិល្បករ​ផង​ដែរ។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «ថ្ងៃ​នេះ​សភាពការណ៍​នៅ​ក្នុង​ប្រទេស​យើង​ ពិត​ជា​មិន​ធម្មតា ដែល​រហូត​មក​ដល់​ម៉ោង​នេះ​ ការ​រកឃើញ​នូវ​កូវីដ​១៩ ចំនួន​អ្នក​ឆ្លង​ថ្មី​ រហូត​ទៅ​ដល់​៤៩​នាក់​ គិត​តែ​នៅ​ក្នុង​ខេត្ត នៅ​ទីក្រុង​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​មក​ពី​ខេត្ត​ព្រៃវែង និង​មាន​ផ្នែក​ខ្លះ​នៅ​ក្នុង​ខេត្ត​កណ្តាល​តែ​ប៉ុណ្ណោះ»។​

នៅ​ក្នុង​សារ​ពិសេស​ខាង​លើ លោក ហ៊ុន​ សែន តម្រូវ​ឲ្យ​មន្ត្រី​រាជ​ការ​ស៊ីវិល​យ៉ាង​ហោច​ណាស់​៩០% ​ធ្វើ​ការ​ងារ​ពី​ផ្ទះ ក្នុង​រយៈ​ពេល​យ៉ាងតិច​៧​ថ្ងៃ​ ដោយ​រង់​ចាំ​មើល​សភាពការណ៍​បន្ត​ទៀត។ លោក​ក៏​បាន​ស្នើ​ទៅ​កាន់​ស្ថាប័ន​ឯកជន​ឲ្យ​កាត់​បន្ថយ​បុគ្គលិក​ និង​បែង​ចែក​ផ្លាស់​វេន​គ្នា ដើម្បី​កាត់​បន្ថយ​ចំនួន​បុគ្គលិក​នៅ​កន្លែង​ធ្វើ​ការ​ និង​ការ​កក​ស្ទះ​តាម​ដង​ផ្លូវ។​

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ក៏​ស្នើ​ឲ្យ​ព្រឹទ្ធ​សភាអនុម័ត​ឲ្យ​បាន​ឆាប់​នូវ​ច្បាប់​ស្តីពី​វិធាន​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ដែល​រដ្ឋសភា​បាន​អនុម័ត​កាល​ពី​សប្តាហ៍​មុន។ សេចក្តី​ព្រាង​ច្បាប់​នេះ ត្រូវ​បាន​រិះគន់​ថា​ដាក់​ទោស​ទណ្ឌ​ធ្ងន់ធ្ងរ​ដល់​អ្នក​រំលោភ​បំពាន ដែល​មាន​រហូត​ដល់​២០​ឆ្នាំផង​ដែរ។​

កម្ពុជា​មាន​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ចំនួន​៥៤៩​នាក់ គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ។ ការ​ឆ្លង​នេះ​បាន​រាល​ដាល​ដល់​បណ្តា​ខេត្ត​ផ្សេងៗ។

សណ្ឋាគារ The Great Duke ត្រូវ​បាន​ប្រែ​ផ្លាស់​ជា​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ១៩ ក្រោម​បទបញ្ជា​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)
សណ្ឋាគារ The Great Duke ត្រូវ​បាន​ប្រែ​ផ្លាស់​ជា​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ១៩ ក្រោម​បទបញ្ជា​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)

ចំនួន​កើន​ឡើង​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ នាំ​ឲ្យ​មាន​ការ​បិទ​សកម្មភាព​សេដ្ឋកិច្ច​និង​កន្លែង​កម្សាន្ត​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស ស្រប​ពេល​មាន​ការ​រឹត​ត្បិតការ​ធ្វើ​ដំណើរ​ចេញ​ពី​ខេត្ត​ព្រះសីហនុ។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់​ងារ​ទេសចរណ៍​កម្ពុជា​ ប្រាប់​VOA​ថា​វិស័យ​បដិ​សណ្ឋារកិច្ច​ និង​ទេសចរណ៍ ដែល​កំពុង​រង​ផល​ប៉ះ​ពាល់​ពី​ជំងឺ​កូវីដ​១៩​រួច​ស្រាប់​ទៅ​ហើយ នឹង​កាន់​តែ​ធ្លាក់​ចុះ​ដុន​ដាប​បន្ថែម​ទៀត​ ពីព្រោះ​តែ​ការ​បាត់​បង់​ការងារ​ និង​ការ​ថយ​ចុះ​ចំនួន​ភ្ញៀវ​ទេសចរ ដោយ​សារ​ការ​ឆ្លង​សហគមន៍ ដោយ​មិន​ទាន់​ដឹង​ប្រភព​នេះ។

​លោក​ស្រី​ថ្លែង​ថា៖ «ដោយ​មាន​ការ​រីករាល​ដាល​បន្ថែម​ទៀត​អញ្ចឹង កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ​អញ្ចឹង យើង​ក្រឡេក​មើល​វិស័យ​បដិសណ្ឋារកិច្ច និង​ទេស​ចរណ៍​វិញ យើង​កាន់​តែ​ដុនដាប​ទៅ​ថែម​ទៀត​ហើយ។ កន្លង​មក​ យ៉ាង​ហោច​ណាស់​មិន​មាន​ការ​រីក​រាល​ដាល​អ្វី ​ក៏​យើង​អាច​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​បាន។ ទេសចរណ៍​ក្នុង​ស្រុក​អាច​ជួយ​បាន​អញ្ចឹង​ទៅ​ណា។ ស្ថានការណ៍​កាន់​តែ​អាក្រក់​ទៅ​ដែល​យើង​មិន​អាច​ធ្វើ​ការងារ​បាន ហើយ​ក៏​មាន​ការ​ហាម​ឃាត់​នៅ​ក្នុង​ការ​ចេញ​ដើរ​ហើយ​ទៀត»។

​ស្រប​ពេល​ដូចគ្នា​នេះ​ដែរ លោក​ស្រី​ក៏​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ជួយ​ជ្រោមជ្រែង​វិស័យ​ទេសចរណ៍​បន្ថែម​ទៀត ក្នុង​ស្ថានភាព​ដ៏​លំបាក​មួយ​នេះ។

លោក​ យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពល​រដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព មាន​ប្រសាសន៍​ថា​បញ្ហា​ចោទ​បង្ក​ឡើង​ដោយ​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩ នៅ​ក្នុង​សហគមន៍​សា​ជា​ថ្មី​នេះ ​គឺ​ជីវភាព​របស់​ពលរដ្ឋ​និង​សេដ្ឋកិច្ច។

លោកបាន​មាន​ប្រសាសន៍​ថា៖ «ហើយ​ដែល​រឿង​ដែល​ធំ​គឺ​របរ​រក​ស៊ី​របស់​គាត់​ ដែល​មិន​អាច​ប្រកប​របរ​រក​ស៊ី​បាន​ ជា​ពិសេស​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ជំនួញ​តូច​តាច​នឹង​គ្នា លក់​ដូរ​កំប៉ិក​កំប៉ុក។ កាល​ណា​អត់​មាន​ចលនា​មនុស្ស ​អត់​មាន​អ្នក​ទិញ​ហើយ​បាទ»។

ពាក់ព័ន្ធ​នឹង​ការ​វិធាន​ការ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​ ​ស្នើ​ឡើង​ដោយ​រដ្ឋាភិបាល​ចំពោះ​វិស័យ​ឯកជន​ លោក យង់ គិមអេង បាន​លើកឡើង​ថា​លោក​នឹង​ពិចារ​ណា​ឲ្យ​ក្រុម​ការងារ​នៃ​មជ្ឈមណ្ឌល​របស់​លោក​ធ្វើ​ការ​ពី​ផ្ទះ ប្រសិន​បើ​ស្ថាន​ភាព​ឆ្លង​ជំងឺ​កូវីដ​១៩ កាន់​តែ​អាក្រក់​ជាង​នេះ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG