ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​ផ្អាក​សកម្មភាព​សាធារណៈ​ ខណៈ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​មិន​ធូរស្រាល


រូបឯកសារ៖ ពលរដ្ឋ​នាំ​គ្នា​ឈរ​នៅ​លើ​ផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង​ដោយ​មាន​ពាក់​ម៉ាស់​ការពារ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។
រូបឯកសារ៖ ពលរដ្ឋ​នាំ​គ្នា​ឈរ​នៅ​លើ​ផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង​ដោយ​មាន​ពាក់​ម៉ាស់​ការពារ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

ស្រប​ពេល​កំណើន​នៃ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​បន្ត​កើន​ឡើង ស្ថាប័ន​របស់​រដ្ឋាភិបាល​បាន​ចេញ​សេចក្តី​អំពា​វ​នាវ​ឲ្យផ្អាក​សកម្មភាព​សាធារណៈ ក្នុង​នោះ​មាន​ក្រសួង​អប់រំ​ដែល​បាន​ស្នើ​ឲ្យ​ម្ចាស់​អាជីវកម្ម​កន្លែង​ហាត់​ប្រាណ​ផ្អាក​ដំណើរ​ការ​របស់​ខ្លួន​សិន។

គិត​មក​ត្រឹម​ថ្ងៃ​អង្គារ​ទី​៩ ខែ​មីនា​នេះ​ ចំនួន​អ្នក​ឆ្លង​ដែល​ពាក់​ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ បាន​កើន​ឡើង​ជាង៥០០​នាក់។

ក្រសួង​អប់រំ យុវជន​ និង​កីឡា បាន​ស្នើ​ឲ្យ​ម្ចាស់​អាជីវកម្ម​ផ្អាក​ដំណើរ​ការ​អាជីវកម្ម​ក្លឹប​ហាត់​ប្រាណ​ និង​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​ការ​លេង​កីឡា ឬ​ការ​ហាត់​ប្រាណ​គ្រប់​ប្រភេទ​ ដែល​មាន​លក្ខណៈ​ប្រមូល​ផ្តុំ នៅ​រាជធានី​ភ្នំពេញ​ ខេត្ត​កណ្តាល​ ​ព្រះសីហនុ​ និង​ខេត្ត​ដែលពាក់​ព័ន្ធ​ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ​ រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី​ លើកលែង​តែ​ការ​ប្រកួត​កីឡា​ ដែល​មាន​ការ​ចាក់​ផ្សាយ​តាម​ទូរទស្សន៍។​

នៅ​ក្នុង​សេចក្តី​ប្រកាស​ដាច់​ដោយ​ឡែក​មួយ​ទៀតចុះ​ថ្ងៃ​ទី​៨​ ខែ​មីនា​ ក្រសួង​អប់រំ​បាន​ស្នើ​ឲ្យ​អង្គភាព​ជាតិ​នានា​នៃ​ក្រសួង​អប់រំ រឹត​បន្តឹង​វិធានការ​បង្ការ​ និង​ទប់​ស្កាត់​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩។

បើ​តាម​សេចក្តី​ណែនាំ​របស់​ក្រសួង​អប់រំ​ អង្គភាព​ជាតិ​របស់​ក្រសួង​អប់រំ​ ត្រូវ​មាន​វិធានការ​សំខាន់ៗមួយ​ចំនួន​ ដូច​ជា​ការ​អនុញ្ញាត​ឲ្យ​មន្ត្រី​អប់​រំ​ធ្វើ​ការ​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន​ តាម​ប្រព័ន្ធ​អនឡាញ​ និង​ត្រូវ​រៀបចំ​មន្ត្រី​ប្រចាំ​ការ​ក្នុង​ចំនួន​តិច(១០​ភាគរយ)។

លោក​ រស់​ សុវាចា​ អ្នក​នាំពាក្យ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ប្រាប់​VOA​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ គ្រប់​បុគ្គល​នៃ​ក្រសួង​អប់រំ​ មិន​អាច​បំពាន​ការ​ណែនាំ​របស់​រដ្ឋាភិបាល​ ដែល​ព្យាយាម​ទប់​មិន​ឲ្យ​មាន​ការ​រីក​រាលដាល​បន្ថែម​ទាំង​ការ​ចម្លង​ជំងឺ​កូវីដ​១៩​នៅ​តាម​សហគមន៍​ និង​តាម​ស្ថាប័ន​រដ្ឋ​ផ្សេង​ទៀត។

«ក្នុងន័យ​នេះ​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ក៏​ចូលរួម​អនុវត្ត​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​គោល​ការណ៍​ទាំង​អស់​របស់​ រាជ​រដ្ឋាភិបាល​ ជាពិសេស​នៅ​ក្នុង​បរិបថ​កូវីដ​១៩​នេះ​ គឺ​បុគ្គលិក​អប់រំ​ គ្រប់​លំដាប់​ថ្នាក់​ សិស្សានុសិស្ស​ លោក​គ្រូ​ អ្នកគ្រូ​ ហើយ​និង​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំងអស់​ ក៏​ចូលរួម​ជា​បន្ត​ទៀតជាមួយ​នឹង​រាជ​រដ្ឋាភិបាល​ អនុវត្ត​នូវគោល​ការណ៍​ច្បាប់​ដែល​មាន​ជាធរមាន»។

បន្ថែម​លើ​វិធានការ​ខាងលើ​នេះ ក្រសួង​អប់រំ​ បាន​បន្ត​ស្នើ​ឲ្យ​គ្រឹះ​ស្ថាន​អប់រំ​ ដែល​ស្ថិត​ក្នុង​ទីតាំង​ប្រឈម​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ឲ្យ​ផ្អាក​សកម្មភាព​សិក្សា​ រង់ចាំ​ការ​ជូន​ដំណឹង​ជា​ថ្មី​របស់​ក្រសួង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក រស់ សុវាចា​ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ។

លោក​បន្ថែម​ថា​ ក្រសួង​បាន​បន្ត​ឃ្លាំ​មើល​គ្រឹះស្ថាន​សិក្សា​ផ្សេង​ទៀត​ ដែល​មិន​ទាន់​ត្រូវ​បាន​ស្នើ​ឲ្យ​ផ្អាក​ ក្រោម​ហេតុ​ផល​ថា​ គ្រឹះស្ថាន​ទាំង​នោះ​ មិន​ស្ថិត​ក្នុង​ស្ថានភាព​ប្រឈម​ខ្លាំង​ជាមួយ​ព្រឹត្តិការណ៍​ឆ្លង​សហគមន៍​២០​កុម្ភៈ​នោះ។

«ដោយ​ឡែក​នៅទីតាំងភូមិសាស្ត្រ​ដទៃ​ទៀត​ ដែល​មិន​ទាន់​មាន​ផល​ប៉ះពាល់​ផ្ទាល់​ ពី​សហគមន៍​ ព្រឹត្តការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​ទេ​ គឺ​មិន​ទាន់​មាន​ផ្អាក​ដំណើរការ​បណ្តោះ​អាសន្ន​ទេ​ ដោយ​អាស្រ័យ​ទៅ​លើ​ការ​បន្ត​តាម​ដាន​ យ៉ាង​យកចិត្ត​ទុក​ដាក់​កម្រិត​ខ្ពស់​ពី​សំណាក់​ក្រសួង​អប់រំ យុវជន​ និង​កីឡា​ដែល​ជា​សេនាធិការ​របស់​រាជ​រដ្ឋាភិបាល​ នៅ​ក្នុង​ការ​ពិនិត្យ​វាយ​តម្លៃ​ស្ថានការណ៍​ជាក់​ស្តែង​ទាក់​ទង​ទៅ​នឹង​ព្រឹត្តិការណ៍​នានា​ជុំវិញ​កូវីដ​១៩នេះ មុន​នឹង​ឈាន​ទៅដល់​ការ​សម្រេច​ស្នើ​សុំ​គោលការណ៍​ផ្អាក​ដំណើរ​ការ​បណ្តោះ​អាសន្ន​ នៅ​គ្រឹះស្ថាន​សិក្សា​ នៅ​ទីតាំង​ភូមិសាស្ត្រ​មួយ​ណា​ទៀត​នោះ​បាទ»។

ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ ក្នុង​ព្រឹត្តការណ៍​សហគមន៍​២០​កុម្ភៈ​ បាន​រាល​ដាល​ទាំងនៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ និង​តាម បណ្តា​ខេត្ត​មួយចំនួន​ដូច​ជា​ខេត្ត​កណ្តាល​ ​ព្រៃវែង​ ​ស្វាយរៀង​ កំពង់ចាម​ កំពង់ធំ​ កោះកុង​ និង​ខេត្ត​ព្រះសីហនុ​។ អាជ្ញាធរ​បាន​បិទ​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​ខេត្ត​ព្រះសីហនុ​ ទី​ដែល​មាន​កម្រិត​ឆ្លង​ខ្ពស់​មួយ​គួរ​ឲ្យ​ព្រួយ​បារម្ភ។

នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន សែន​ បាន​ចេញ​បញ្ជា​កាល​ពី​យប់​ថ្ងៃ​ចន្ទ​ ឲ្យ​ផ្អាក​សកម្មភាព​ការងារ​រដ្ឋាភិបាល​មួយ​ផ្នែក​ធំ ​និង​ទទូច​ឲ្យ​ព្រឹទ្ធសភា​កម្ពុជា​អនុម័ត​ឲ្យ​បាន​ឆាប់​នូវ​ច្បាប់​គ្រប់គ្រង​ជំងឺ​កូវីដ​១៩​ស្រប​ពេល​ការ​ឆ្លង​នៅ​ក្នុង​សហគមន៍​មិន​ថមថយ។

វិធានការ​របស់​លោក​ ហ៊ុន សែន ​ធ្វើ​ឡើង​ក្រោយ​ពី​ក្រសួង​សុខាភិបាល​បាន​រាយការណ៍​ថា​បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ​១៩ ​យ៉ាងតិចណាស់​៤៩ ​នាក់​បន្ថែម​ទៀត​ ​ត្រឹម​យប់​ថ្ងៃ​ចន្ទ​ ដែល​ជា​ចំនួន​ខ្ពស់​បំផុត​ក្នុង​ការ​ឆ្លង​តែ​ក្នុង​ពេល​១​ថ្ងៃ។

លោក​ ទឹម វរ៉ា​ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​សម្រប​សម្រួល​សកម្មភាព​សុខភាព​ យល់​ថា​បុគ្គល​ម្នាក់ៗ​ត្រូវ​ផ្តើម​ដើរ​តាម​វិធាន​សុខាភិបាល​ផ្សេងៗ​របស់​អាជ្ញាធរ​សុខាភិបាល​ ក៏ដូច​ជា​តាម​ការ​ណែ​នាំ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​បន្តតាមដាន​សុខភាព​ខ្លួន​ឯង​ផ្ទាល់​ ដើម្បី​បញ្ចៀស​ការ​ចម្លង​ជំងឺ​កូវីដ​១៩​ទៅ​សមាជិក​គ្រួសារ។

លោក​មាន​ប្រសាសន៍​ថា​ បើ​បុគ្គល​ណា​ម្នាក់​មាន​ការ​សង្ស័យ​ថា​ខ្លួន​មាន​រោគ​សញ្ញា​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​នោះ​ បុគ្គល​នោះ​ត្រូវ​មក​ទទួល​ការ​ពិនិត្យ​សុខភាព ​ដើម្បី​ការពារ​សុវត្ថិភាព​សុខភាពសាច់​ញាតិ​ ឬ​មិត្តភ័ក្ត​ជា​ដើម។

«អា​ហ្នឹង​គឺ​ជា​ចំណុច​មួយ​ដែល​ពិចារណា​ដែរ​បាទ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ដែរ​ បើសិន​ជា​យើង​សង្ស័យ​ យើង​ត្រូវ​តែ​សុំ​គេ​ធ្វើ​តេស្ត ដើម្បី​បញ្ជាក់​ហើយ​យើង​ធ្វើ​យ៉ាង​ណា ការពារ​ក្រុម​គ្រួសារ​យើង​មិត្តភ័ក្តិ​យើង​កុំ​ឲ្យ​ឆ្លង​បាទ​...ព្រោះ​អី​នៅ​តាម​ឥឡូវ​គេ យើង​មើល​យន្តការ​យើង​កំពុង​តែ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ ទាក់​ទង​ទៅ​នឹង​រឿង​ការ​ ចាក់​វ៉ាក់​សាំង​ផង​ ហើយ​ក៏​យើង​ស្វែង​រក​អ្នក​ដែល​មាន​ជនសង្ស័យ»។

ជា​ផ្នែក​មួយ​នៃកិច្ច​ខិតខំ​ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​ ក្រសួង​សុខាភិបាល​បាន​អំពាវនាវ​ឲ្យ​សាធារណជន​គោរព​តាម​ការ​ចង្អុល​បង្ហាញ​របស់​ លោក​ ហ៊ុន សែន​ ដែល​បាន​លើក​ឡើង​វិធានការ​ ៣​ការពារ​ ដែល​សំដៅ​ដល់​ការ​ពាក់​ម៉ាស់​ លាង​ដៃ​ឲ្យ​បាន​ញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​មួយ​ម៉ែត្រ​កន្លះ​ឡើង​ និង​៣​កុំ​ គឺ​កុំ​ទៅ​កន្លែង​ដែល​មាន​មនុស្ស​កុះករ​កកកុញ​ច្រើន​ កុំ​ទៅ​កន្លែង​ដែល​បិទ​ជិត​គ្មាន​ខ្យល់​ចេញ​ចូល​ ប្រើ​ម៉ាស៊ីន​ត្រជាក់​ច្រើន​ពេក និង​កុំ​ចាប់​ដៃ​គ្នា​ កុំ​កៀក​ស្មា​គ្នា​ កុំ​ឱប​គ្នា​នៅ​ពេល​ជួប​គ្នា​ធ្វើ​គារវកិច្ច​គ្នា​ជាដើម៕

XS
SM
MD
LG