ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​គ្រោង​ពិភាក្សា​អនុម័ត​ច្បាប់​ស្តីពី​ការ​បង្ការ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ នៅ​ថ្ងៃ​ព្រហស្បតិ៍


រូបឯកសារ៖ អ្នក​ធ្វើ​ដំណើរ​​តាម​បណ្តោយ​ផ្លូវ​ព្រះនរោត្តម ជិះកាត់​ស្ថាប័ន​ព្រឹទ្ធសភា ដែល​មាន​ទីតាំង​ជាប់​នឹង​ទីស្នាក់ការកណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ។ (ស៊ុន ណារិន/វីអូអេ)
រូបឯកសារ៖ អ្នក​ធ្វើ​ដំណើរ​​តាម​បណ្តោយ​ផ្លូវ​ព្រះនរោត្តម ជិះកាត់​ស្ថាប័ន​ព្រឹទ្ធសភា ដែល​មាន​ទីតាំង​ជាប់​នឹង​ទីស្នាក់ការកណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ។ (ស៊ុន ណារិន/វីអូអេ)

ព្រឹទ្ធសភា​កម្ពុជា​គ្រោង​នឹង​លើក​យក​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​បង្ការ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ ដែល​រដ្ឋសភា​បាន​អនុម័ត​កាល​ពី​សប្តាហ៍​មុន​មក​ពិភាក្សា​និង​អនុម័ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក។

វិធានការ​របស់​ព្រឹទ្ធសភា​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ចន្ទ បាន​ស្នើ​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់​នេះ​ឲ្យ «ចូល​ជា​ធរមាន» ឲ្យ​បាន​ឆាប់ ខណៈ​ស្ថានភាព​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ក្នុង​ប្រទេស​កាន់តែ​រាលដាល​ខ្លាំង​ឡើង។

វីអូឌី​បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ​ដោយ​ស្រង់​សម្តី​អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា​លោក ម៉ម ប៊ុននាង ដែល​បាន​និយាយ​ថា ព្រឹទ្ធសភា​គ្រោង​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ​របស់​ខ្លួន ដើម្បី​ពិភាក្សា​និង​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី «វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត» នៅ​ថ្ងៃ​ទី ១១ ខែ​មីនា​នេះ។

សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​ទទួល​បាន​ការ​ចុះ​ហត្ថលេខា​ពី​ប្រមុខ​រដ្ឋ​ស្តីទី​នៅ​ពេល​ដែល​ព្រះមហាក្សត្រ​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី កំពុង​គង់​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​នៅ​ឡើយ ជាមួយ​ព្រះ​រាជ​មាតា​របស់​ព្រះ​អង្គ «ដើម្បី​ពិនិត្យ​ព្រះ​រាជ​សុខភាព»។

សេចក្ដី​ព្រាង​ច្បាប់​ដែល​មាន ៦ ជំពូក និង ១៨ មាត្រា​នេះ បាន​ចែង​ពី​ការ​ដាក់​ទោស​ទណ្ឌ​ផ្នែករដ្ឋបាល​និង​ព្រហ្មទណ្ឌ​លើ «បុគ្គល​ដែល​មិន​អនុវត្ត​តាម​វិធានការ​សុខាភិបាល វិធានការ​រដ្ឋបាល ឬ​វិធានការ​ផ្សេង​ទៀត​ដែល​ដាក់​ចេញ​តាម​ច្បាប់​នេះ»។

ទោស​ធ្ងន់ធ្ងរ​បំផុត​នៃ​ច្បាប់​នេះ​គឺ​ថា សម្រាប់​ជន​ដែល​មាន «ចេតនា» ចម្លង​ជំងឺ​កូវីដ១៩ ដល់​អ្នក​ដទៃ «តាម​គ្រប់​មធ្យោបាយ» អាច​ជាប់​ពន្ធនាគារ​រហូត​ដល់ ២០ ឆ្នាំ ប្រសិនបើ​ការ​ចម្លង​ដោយ​ចេតនា​នោះ​«មាន​ការ​រៀបចំ​ជា​ក្រុម ឬ​អង្គការ​ចាត់​តាំង»៕

XS
SM
MD
LG