ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ស្ទាក់ស្ទើរ​បញ្ចេញ​ព័ត៌មាន​នៃ​ការ​ចាក់​ថ្ម​ចូល​ទឹក​ទន្លេ​ក្នុង​ភូមិសាស្ត្រ​អរិយក្សត្រ​ខណៈ​ពលរដ្ឋ​បារម្ភ​ពី​ការ​បណ្តេញចេញ


កន្លែង​ចាក់ថ្ម​ចូល​ទឹកទន្លេ​ដែល​ស្ថិត​ក្នុង​ភូមិ​អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល កាលពី​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១។ (ស៊ុន ណារិន/វីអូអេ)
កន្លែង​ចាក់ថ្ម​ចូល​ទឹកទន្លេ​ដែល​ស្ថិត​ក្នុង​ភូមិ​អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល កាលពី​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១។ (ស៊ុន ណារិន/វីអូអេ)

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​មាត់​ទន្លេ ត្រើយ​អរិយក្សត្រ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រាជធានី​ភ្នំពេញ​បាន​បង្ហាញ​ក្តី​ព្រួយបារម្ភ​អំពី​ការ​បណ្តេញ​ចេញ ក្រោយ​ឃើញ​មាន​ការ​ចាក់ថ្ម​ក្នុង​ទឹកទន្លេ​ដែល​ជា​ការពង្រីក​ដីសម្រាប់​ការអភិវឌ្ឍ​របស់​ក្រុមហ៊ុន​ឯកជន​មួយ ដែល​អភិបាល​ខេត្ត​កណ្តាល​ហាក់​ស្ទាក់ស្ទើរ​ក្នុងការ​បង្ហាញ​ឈ្មោះ​របស់​ក្រុមហ៊ុន​នេះ។​

ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ អ្នក​ធ្វើ​ដំណើរ​តាម​សាឡាង​ពី​ភ្នំពេញ​ឆ្ពោះ​ទៅ​ត្រើយ​អរិយក្សត្រ​នៃ​ភូមិសាស្ត្រ​ស្រុក​ល្វាឯម ខេត្ត​កណ្តាល នឹង​ឃើញ​សកម្មភាព​នៃ​ការ​ចាក់ថ្ម ដើម្បី​ភ្ជាប់​គ្នា​ក្នុង​ទឹក ដែល​ជា​ការពង្រីក​ដីចូល​ក្នុង​ទឹក​ទន្លេ។

លោក គង់ សោភ័ណ្ឌ អភិបាល​ខេត្ត​កណ្តាល​បាន​ប្រាប់ VOA​ នៅ​ថ្ងៃ​ចន្ទ​នេះថា ការ​ចាក់​ថ្ម​ចូល​ទន្លេក្នុង​ភូមិសាស្ត្រ​អរិយក្សត្រ​ជា​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​លោក​ថា​បាន​ជួល​ដី​របស់​រដ្ឋ​នៅ​តាម​តំបន់។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់ថា​ក្រុម​ហ៊ុន​នោះ​មានឈ្មោះ​អ្វី និង​អភិវឌ្ឍ​អ្វី​នោះ​ទេ។

លោកថ្លែងថា៖ «ពាក់ព័ន្ធ​នឹង​ចាក់​ថ្មនេះ តាម​ពិត​ជា​ស្ថិត​ក្នុង​ដូច​ជាក្រុមហ៊ុន​មួយ​លោក​ជួល​ដីរដ្ឋ​នៅ​ជួរ​មាត់ទន្លេហ្នឹង... ហើយ​ប្រហែល​ជា​ចាក់​ហ្នឹង​ចាក់​ទប់​ជើង​ច្រាំង​ដោយសារទឹក​ជោរ​ឡើង រាង​ជ្រៅ ប៉ុន្តែ​ទឹក​ស្រក់​ទៅវិញទៅ មើល​ទៅមិន​ជ្រៅអញ្ចឹង​ទេ។ ក្នុង​ស្ថាន​ភាព​នេះ បើ​មើល​លើ​វិសាលភាព​ទន្លេ​នេះ​ធំ ដែល​វា​អាច​មិន​ពាក់​ព័ន្ធ​ហ្នឹង​ខ្សែ​ទឹក​ទៀត​ទេ»។

អភិបាល​កណ្តាល​ខេត្ត​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ការចាក់​ថ្ម​ចូល​ទន្លេ​នេះ​ក្រុម​ការងារ ​អាជ្ញាធរ​និង​ក្រសួង​ពាក់ព័ន្ធ​កំពុង​សិក្សា​បន្ត​ទៀត។

លោក​បន្ថែម​ថា​៖ «ការសិក្សានៅ​លើ​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​ពីព្រោះ​ពាក់ព័ន្ធ​ដីមួយ​ជួរ​នេះ​គេ​ហៅថា​ដីដុះ រដ្ឋបាន​ជួល​ឲ្យ​ក្រុម​ហ៊ុន​ក្នុង​ការ​អភិវឌ្ឍ អញ្ចឹង​ជំនាញ​លោក​នឹង​សិក្សា​ទៅ​តាម​ការគិត​គូរ​របស់​ជំនាញ​ឲ្យបាន​ត្រឹម​ត្រូវ​»។

កាល​ពី​ថ្ងៃទី​២ ខែ​កក្កដា​ អភិបាល​ខេត្ត​កណ្តាល​រូប​នោះ​បាន​ប្រាប់​សារព័ត៌មាន​ខ្មែរណាស់​ថា​លោក​មិន​បាន​ដឹង​អំពី​ការ​ចាក់​ថ្ម​នៅ​តំបន់អរិយក្សត្រ​នោះទេ ក្រោយ​រូបភាព​នៃ​គំនរ​ថ្ម​ត្រូវ​បាន​ចែក​រំលែក​តាម​ប្រព័ន្ធសង្គម​ជា​បន្ត​បន្ទាប់។

កន្លែង​ចាក់ថ្ម​ចូល​ទឹកទន្លេ​ដែល​ស្ថិត​ក្នុង​ភូមិ​អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល កាលពី​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១។ (ស៊ុន ណារិន/វីអូអេ)
កន្លែង​ចាក់ថ្ម​ចូល​ទឹកទន្លេ​ដែល​ស្ថិត​ក្នុង​ភូមិ​អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល កាលពី​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១។ (ស៊ុន ណារិន/វីអូអេ)

ស្រប​ពេល​មាន​ការ​ចាក់​ថ្ម​ចូល​ទឹក​ទន្លេ​នេះ ប្រជាពលរដ្ឋ​ដែល​រស់​នៅ​មិន​ឆ្ងាយ​ពី​ទឹក​ទន្លេ​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​អំពី​ការ​បណ្តេញចេញ​នៅ​ពេល​ខាង​មុខ ខណៈ​ពួកគេ​មិន​មាន​ព័ត៌មាន​អំពី​ការ​អភិវឌ្ឍ​នៅ​ទីនោះ​នៅឡើយ​ទេ។

លោក​គ្រឿន​ រ៉ាវិដ្ឋ​ អាយុ​២៧​ឆ្នាំ​ជាប្រជា​ពល​រដ្ឋ​ម្នាក់​ដែល​រស់​នៅ​ទីនោះ​តាំង​ពី​កើត​មក​បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​VOA​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទថា​លោក​មិនដឹង​ថា​ការ​ចាក់​ថ្ម​ក្នុងទន្លេ​នេះ​សម្រាប់​គម្រោង​អ្វី​នោះ​ទេ ដោយសារមិនដែល​ឃើញ​អាជ្ញាធរមក​ប្រាប់​ប្រជាពលរដ្ឋឲ្យ​ដឹង​ពី​រឿង​នេះ​ទេ។​លោក​ក៏ព្រួយ​បារម្ភ​ខ្លាច​ប៉ះ​ពាល់​ដល់ទីជម្រករបស់​លោក​នៅ​ពេល​ខាង​មុខ។

លោកថ្លែង​ថា៖ «ខ្ញុំ​ព្រួយ​ចេះ​តែ​ព្រួយ​ហើយ​តែ​ព្រួយ​បានតែ​ព្រួយ​ហ្នឹង​ធ្វើ​អ្វីមិនកើត​ផង ភូមិឃុំ​គេ​មិន​អើ​ពើ​អ្វី​បន្តិច​ផង។ អ្នកខ្លះ​ចាក់​អញ្ចឹង គេ​មាន​ប៉ូលិសអីមកមើល។ តែ​នេះ​អត់​មាន​ឃើញ​ស្ងាត់​ជ្រាបតែម្តង យើង​អត់ហ៊ាន​ដែរ​យើង​អត់​ដឹង​ថាគេ​ធ្វើអី​ឲ្យ​ប្រាកដ​»។

ចំណែក​អ្នក​ស្រី ដួង​ ណាវី អាយុ​៣៤ឆ្នាំ មាន​កូន​២​នាក់​ក្នុង​បន្ទុក​ប្រាប់​VOAថា​អ្នកស្រី​ក៏​ដូចជា​អ្នកភូមិផ្សេង​ទៀតមាន​ការ​ព្រួយ​បារម្ភអំពី​ផល​ប៉ះពាល់​លើកន្លែង​រស់របស់​ប្រជាពលរដ្ឋ ខណៈ​អ្នកស្រីដែលរស់នៅជិត​កន្លែង​ចាក់​ថ្ម​នោះ​មិន​ទាន់​មាន​ព័ត៌មាន​ថា​តើ​គេ​នឹង​អភិវឌ្ឍ​អ្វី​នៅ​ឡើយ។ អ្នកស្រី​បន្ថែម​ថាបើ​សិន​គម្រោង​នេះប៉ះពាល់​កន្លែង​រស់នៅ​របស់​អ្នក​ស្រី អ្នកស្រី​អំពាវនាវ​ឲ្យផ្តល់​សំណងសមរម្យ​ដើម្បី​មាន​លទ្ធ​ភាព​ទៅរក​ទីតាំង​ថ្មីសមរម្យ​ក្នុងការ​រស់​នៅ​បន្ត​ទៀត។

អ្នកស្រី​រៀបរាប់​ថា៖ «មតិ​ពលរដ្ឋ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា​បើ​ឲ្យ​ជា​សំណង​ប្រជាពលរដ្ឋ​អាច​ទិញ​ដីនៅ​កន្លែង​ណា​អាច​សង់ផ្ទះ​បាន។ អញ្ចឹងប្រជាជល​រដ្ឋ​ក៏​សម្រេច​ចិត្ត​ដែរ​នឹង​ចេញ​ដែរ។ បើ​ថា​ឲ្យ​ចេញ​ទទេ អត់​មានសំណង​អ្វី ក៏ប្រជាពល​រដ្ឋអត់​សុខ​ចិត្ត​ដែរ​គ្នា​បាន​ដី​ឯណានៅ។ ចាំ​មើល​បន្ត​ទៅ​មុខ​ទៀត​ព្រោះ​ឥឡូវ​យើង​ឃើញ​ហើយ ឃើញ​គេ​បូមហើយ​ទម្លាក់​ថ្ម​យើង​ឃើញ​ហើយ»។​

ពលរដ្ឋ​ម្នាក់​ទៀត​ដែល​ជា​ចាស់​ទុំ​ក្នុង​ភូមិ​អរិយក្សត្រ លោក ដួង បុត្រ​ អាយុ​៧៦​ឆ្នាំ ប្រាប់VOAថា លោក​មិន​ហ៊ាន​តតាំង​នឹង​ការ​សម្រេច​របស់​រដ្ឋាភិបាល​នោះ​ទេ ប៉ុន្តែ​លោក​សុំ​ឲ្យតែ​ផ្តល់​ជា​សំណង​សមរម្យ​ដល់រូប​លោក​ដែរ។

លោក​ថ្លែង​ថា៖ «គេ​ឲ្យ​យើង​រស់​ប៉ុនណាយើង​យក​ប៉ុណ្ណឹង។ យើង​ទៅ​ប្រឡង​ប្រណាំង​ជាមួយ​ច្បាប់​យើង​អត់​បាច់ប្រឡង​ប្រណាំង​ទេ ដោះ​ស្រាយ​អី​ទៅ​ថា​យើង​មិន​លោភ​លន់​ពេក​មិន​ចង់បាន​ពេក យើង​មើល​តាម​ទី​ផ្សារ។ បើ​យើង​ចេញ​ពី​កន្លែងនេះ​ទៅ​យើង​ទៅនៅ​តំបន់​មួយ​ទៀត​វា​អាច​សម​ល្មម យើង​អាច​ទិញ​បាន យើងធ្វើ​បាន​ យើងនៅ​ទៅ​គេ​ចង់​អភិវឌ្ឍ​កន្លែង​ណា ស្រេចតែ​គេទៅ»។

ប្រជាពល​រដ្ឋ​នៅ​តំបន់​នោះ​បាន​ឲ្យ​ដឹង​ថា​កាល​ពី​មុន ពួកគេសង្កេត​ឃើញ​មាន​តែ​ការ​បូមខ្សាច់​មក​ចាក់​នៅ​តាម​មាត់​ទន្លេ​តែ​ប៉ុណ្ណោះ​ប៉ុន្តែ​ប្រមាណ​២ខែ​ចុង​ក្រោយ​នេះ​មាន​ការ​ចាក់​ថ្ម​ចូលក្នុង​ផ្ទៃ​ទឹកទន្លេ ក្បែរ​កន្លែងដែល​ប្រជាពល​រដ្ឋ​ធ្លាប់​អាស្រ័យ​ផល​ធ្វើ​កសិកម្ម​ដាំ​ដំណាំ​បន្លែប្រដេញ​ទឹក។

លោក ឌុច ចាន់ មេឃុំ​អរិយក្សត្រ ប្រាប់VOA​ថា​លោក​មិនបាន​ដឹងកន្លែង​ចាក់​ថ្ម​ចូល​ទឹក​ទន្លេ​នោះ​ជា​ការ​អភិវឌ្ឍ​សម្រាប់​គម្រោង​អ្វី​និង​ជា​របស់​ក្រុមហ៊ុន​ណា​នោះ​ទេ។

លោក​ប្រាប់​វីអូអេ​ថា៖ «គេមាន​គោល​ការណ៍​ហើយ​ប៉ុន្តែ​យើង​អត់​ដឹង​ថា​គេ​ធ្វើ​អ្វីខ្លះ។ ឥឡូវ​កំពុង​ក្រុម​ការ​ងារ​គាត់​ចុះ​មកពី​ពិនិត្យ​មើល​ខាង​ខេត្ត​ខាង​មន្ទីរ​គេ​ចុះ​មក​មើល»។

ប្រធាន​កម្ម​វិធី​ផ្នែក​ស្រាវជ្រាវ និង​តស៊ូ​មតិ​របស់​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ហេង គឹមហុង បាន​ប្រាប់​VOAនៅ​ថ្ងៃចន្ទនេះ​ថា​អាជ្ញា​ធរ​ហាក់ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​មាន​ភាព​ស្រពេច​ស្រពិល​លើការ​ចាក់​ថ្ម​ចូល​ទន្លេ​នេះ​ឬ​ក្នុង​ការ​អភិវឌ្ឍ​គម្រោង​ណា​មួយ។ លោក​ថា​អាជ្ញាធរគួរ​តែ​បង្ហាញ​នូវ​របាយ​ការណ៍​ឬ​ព័ត៌មាន​ច្បាស់​លាស់​អំពី​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់​នោះ។

លោក​ថ្លែងថា៖ «ប្រសិន​បើ​មាន​គម្រោង​ច្បាស់​លាស់ ឬ​ដឹង​ឮ​ពី​ស្ថាប័ន​ណាមួយ គម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ច្បាស់​ទៅ​ដល់​ប្រជាល​រដ្ឋ​ជាពិសេសអ្នកពាក់ព័ន្ធ​គួរតែ​ទទួលបាន​ព័ត៌មាន​ប្រកប​ដោយតម្លាភាព និង​គណនេយ្យភាព​ក្នុងនាម​ជា​ស្ថាប័ន​សាធារណៈ...ជា​ពិសេសអ្វី​ដែល​យើង​ចង់ដឹងនោះ​គឺការ​ធ្វើ​របាយ​ការណ៍​វាយតម្លៃ​ផល​ប៉ះ​ពាល​បរិស្ថាន​ថា​បាន​ធ្វើ​ច្បាស់​លាស់​ដែរ​ឬទេ ហើយ​បាន​កំណត់​ដែរ​ឬទេថា ការចាក់ដី​ចូលទន្លេ​នេះ វា​នឹង​ប៉ះពាល់​យ៉ាង​ដូច​ម្តេច​ទៅ​ដល់​ចរន្ត​ទឹក​ទន្លេ​ហើយ​ធនធាន​មច្ឆាជាតិ​នៅ​ក្នុង​ចរន្ត​ទឹក​ទន្លេមេគង្គ​នេះ»។

លោក ពេជ្រ​ ស្រស់ ប្រធាន​គណ​បក្ស​យុវជន​កម្ពុជា ដែល​បាន​បង្ហោះ​រូប​ថត​នៃ​ការ​ចាក់​ថ្ម​នេះ​លើ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​កន្លង​ទៅ​បាន​ប្រាប់​VOAនៅថ្ងៃ​ចន្ទ​នេះ​ថា លោក​មាន​ការ​សោក​ស្តាយ​ណាស់ នៅ​ពេល​ដែល​សម្បត្តិ​ធម្មជាតិ​ត្រូវ​បាន​លុប​ជា​បន្តបន្ទាប់​ដែល​រួម​មាន​បឹង​កក់​បឹង​ទំពុន និង​បឹង​តាមោក​ជាដើម។​

​លោកថ្លែងថា៖ «ទន្លេ​ធំ​វា​ជា​សម្បត្តិ​របស់​ធម្មជាតិ និង​ជាតិ​ទាំងមូល​ ​ហើយ​មិន​មែន​ឲ្យ​ក្រុម​ហ៊ុន​ឯកជន​ទៅធ្វើ​តាម សេរី​ [តាម​]ទំនើង​ចិត្ត​អញ្ចឹង​ទេ។ ហើយ​បើ​រដ្ឋ​ចង់​បាន​ការ​អភិវឌ្ឍ​យើង​រក​មើល​កន្លែង​ណា​អភិវឌ្ឍ​កុំ​ឲ្យ​ប៉ះពាល់​ទ្រព្យ​សម្បត្តិ​ជាតិ ហើយ​ទ្រព្យសម្បត្តិ​រដ្ឋ​ទៅ​យើងអាច​ផ្តល់​ឲ្យ​បាន។​ហើយ​ដូចជា​ទន្លេ​អញ្ចឹង ពី​មុន​ពីណា​ពីណី​មក​យើង​នៅ​រក្សា​បាន​ទម្រង់​ដើម​ស្អាត​ល្អ​ដល់​ពេល​ឥឡូវ​យើង​ឲ្យ​អភិវឌ្ឍមួយជា​ពីរ ពីរ​ជាបី បីជាបួន យូរៗ​ទៅ​ទន្លេ​ចតុមុខ​នឹង​រួម​តូច​តើនៅពេល​ទឹក​ធំ​លិច​ទីក្រុង​ភ្នំពេញ តើអ្នកណា​ទទួលខុសត្រូវ?»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក ម៉េត មាសភក្តី អ្នកនាំពាក្យ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ទេ​នៅថ្ងៃ​ចន្ទ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG