ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ទាមទារ​របស់​ក្រុម​សិទ្ធិ​មនុស្ស​ឲ្យ​ដោះ​លែង​​សកម្មជន​បរិស្ថាន រង​ការ​រិះគន់​ពី​​រដ្ឋា​ភិបាល


មន្រ្តី​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ​បង្ហោះ​រូប​របស់​ខ្លួន ដោយ​ភ្ជាប់​ជាមួយ​សារ​អំពាវនាវ​ឲ្យ​ដោះ​លែង​សកម្មជន​បរិស្ថាន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន។ (រូបថត​ពី Facebook/LICADHO/លីកាដូ)
មន្រ្តី​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ​បង្ហោះ​រូប​របស់​ខ្លួន ដោយ​ភ្ជាប់​ជាមួយ​សារ​អំពាវនាវ​ឲ្យ​ដោះ​លែង​សកម្មជន​បរិស្ថាន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន។ (រូបថត​ពី Facebook/LICADHO/លីកាដូ)

ក្រោយ​មាន​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​វ័យ​ក្មេង​៣នាក់​កាល​ពី​២​សប្តាហ៍​មុន អ្នក​ការពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​បាន​ប្រើប្រាស់​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក ដោយ​ទាម​ទារ​ឲ្យ​ដោះ​លែង​ពួកគេ។ យុទ្ធនាការ​របស់​ក្រុម​អ្នកការពារ​សិទ្ធិ​មនុស្ស​ ក៏​ត្រូវ​បាន​រិះគន់​ដោយ​មន្រ្តី​រដ្ឋាភិបាល ថា​មិន​អាច​មាន​ឥទ្ធិ​ពល​លើ​តុលាការ​របស់​កម្ពុជា​នោះ​ទេ។

នៅ​លើ​បណ្តាញ​សង្គម មន្រ្តី​សិទ្ធិ​មនុស្ស​មក​ពី​អង្គការ​លីកាដូ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​ក្រុម​សកម្មជន​ផ្សេង​ទៀត បាន​បង្ហោះ​រូប​របស់​ពួកគេ ដោយ​ភ្ជាប់​ជាមួយ​សារ​ដោះ​លែង​សកម្មជន​បរិស្ថាន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន។

ភាព​សកម្ម​និយម​ក្នុង​កិច្ច​ការពារ​បរិស្ថាន​និង​ធន​ធាន​ធម្មជាតិ ​មិន​មែន​ជា​សកម្មភាព​ខុស​ច្បាប់​ទេ។ សូម​ចូល​រួម​ជាមួយ​ពួក​យើង​ក្នុង​កិច្ច​ការពារ​បរិស្ថាន​និង​ជួយ​គាំទ្រ​ដល់​អ្នកការពារ​បរិស្ថាន ដែល​កំពុង​ជាប់​ឃុំ។ ទាំង​អស់​នេះ​គឺ​ជា​សារ​អំពាវនាវ​របស់​ក្រុម​អ្នកធ្វើ​ការ​នៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន។

ក្នុង​កម្មវិធី​«សំឡេង​ការ​ពិត ដើម្បី​ប្រជាជន»​ ដែល​ផ្សាយ​តាម​ទំព័រ​ហ្វេស​ប៊ុកយុវជន​ ៧មករា​របស់​គណ​បក្ស​កាន់​អំណាច​ នៅ​ព្រឹក​ថ្ងៃអង្គារ​នេះ​ លោក​ ជិន ម៉ាលីន​ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​បាន​ហៅ​សេចក្តី​អំពាវ​នាវ​របស់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ថា​ជា ទម្លាប់​ឥត​បាន​ការ​ និង​មាន​ចេតនា​បង្អាក់​ដំណើរ​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​ដែល​ជា​រដ្ឋ​អធិបតេយ្យ។

លោក​ថ្លែង​ថា​ការ​ទាមទារ​ណាមួយរបស់​ក្រុមអង្គការ​សង្គម​ស៊ីវិល​ ដែល​ចង់ឲ្យមានការ​ដោះ​លែង​សកម្មជន​ដែល​ត្រូវបាន​ចាប់ឃុំ​ខ្លួន​ក្នុងពន្ធនាគារ មិន​មាន​ឥទិ្ធពល​តាម​ផ្លូវ​ច្បាប់​ឡើយ។

«សង្គមស៊ីវិល​មួយ​ចំនួន​ដែល​ធ្វើ​ការ​រិះគន់​ ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​នេះ​ ដោះលែង​នោះ​ ដោយ​យកសកម្ម​ភាព​ការពារ​សិទ្ធិមនុស្ស​ការពារ​បរិស្ថានមក​ភ្ជាប់​ដើម្បី​ការពារ​សកម្មភាព​ល្មើស​ច្បាប់​ហ្នឹង​ គឺថា​មិន​មាន​ប្រសិទ្ធភា​ព​អីនោះទេ»។

លោក ​លី ចាន់​ដារ៉ា​វុទ្ធ កញ្ញា ស៊ុន រដ្ឋា លោក យីម លាងហ៊ី (រាប់​ពី​ឆ្វេង) ជា​សកម្មជន​បរិស្ថាន​វ័យ​ក្មេង ដែល​រង​ការ​ចោទ​ប្រកាន់​ថា​«រួម​គំនិត​ក្បត់» និង​«ប្រមាថ​ព្រះ​មហាក្សត្រ»។ (រូបថត​ពី​ Facebook/Mother Nature Cambodia)
លោក ​លី ចាន់​ដារ៉ា​វុទ្ធ កញ្ញា ស៊ុន រដ្ឋា លោក យីម លាងហ៊ី (រាប់​ពី​ឆ្វេង) ជា​សកម្មជន​បរិស្ថាន​វ័យ​ក្មេង ដែល​រង​ការ​ចោទ​ប្រកាន់​ថា​«រួម​គំនិត​ក្បត់» និង​«ប្រមាថ​ព្រះ​មហាក្សត្រ»។ (រូបថត​ពី​ Facebook/Mother Nature Cambodia)

មន្ត្រីនាំពាក្យ​ក្រសួង​យុត្តិធម៌​រូបនេះ​បន្តថា​ការ​អំពាវនាវ​របស់​ក្រុម​អង្គ​ការ​សង្គមស៊ីវិលមួយ​ចំនួន​នោះ​ មាន​ជាប់​ហេតុផល​នយោបាយ។

«​ការ​ថ្លែងសារ​នយោបាយ​ វោហារសព្ទ​នយោបាយ​បែបនេះ​ គឺ​មិន​អាច​ការពារ​ដល់​ ក្រុម​ដែល​ប្រព្រឹត្ត​ល្មើស​ទាំង​អស់​នេះ​ បាន​នោះ​ទេ​។​ មធ្យោបាយ​តាម​ផ្លូវ​ច្បាប់​មាន​តែ​មួយ​គត់​ គឺ​ការ​ចូលរួម​ក្នុង​ដំណើរ​ការ​នីតិវិធី​តុលាការ​ ហើយ​ស្វែងរក​ភស្តុតាង​ឲ្យបាន​រឹងមាំ​មក»។

កាល​ពី​សប្តាហ៍​មុន សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​បាន​សម្រេច​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន​៣​នាក់​ដែល​ក្នុង​នោះ​មាន​២​នាក់ គឺ​កញ្ញា ​ស៊ុន រដ្ឋា​ និង​លោកយីម ​លាងហ៊ី ក្រោម​ការ​ចោទ​ប្រកាន់២​បទល្មើស​ គឺ​«រួម​គំនិត​ក្បត់​»និង​«ប្រមាថ​អង្គ​ព្រះមហាក្សត្រ​»។ ចំណែក​លោក ​លី ចាន់ដារ៉ាវុទ្ធ​ ត្រូវ​បាន​ចោទ​ប្រកាន់​មួយ​បទ​ល្មើស​ គឺ«រួម​គំនិត​ក្បត់»។​ សហ​ស្ថាប​និក​នៃ​ក្រុម​បរិស្ថាន​ចលនា​មាតា​ធម្មជាតិ គឺ​លោក Alejandro Gonzalez Davidson​ ដែល​ជា​ជន​ជាតិ​អេស្ប៉ាញ ក៏​ត្រូវ​ចោទ​ដោយ​កំបាំង​មុខ​ពី​បទ​«​រួម​គំនិត​ក្បត់​»និង​«ប្រមាថ​អង្គ​ព្រះ​មហាក្សត្រ»។

កាលពី​សប្តាហ៍​មុន​ សារព័ត៌មាន​ Freshnews ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ក៏បាន​បង្ហោះ​វីដេអូមួយ​ប្រមាណ​៨នាទី​បង្ហាញ​ ​អំពី​ការ​សន្ទនា​គ្នា​តាម​ប្រព័ន្ធ​ Zoom ដែល​អះអាង​ថា​ជា​ការ​សន្ទនា​រវាង​លោក Alejandro Gonzalez Davidson និង​សកម្ម​ជន​បរិស្ថាន​ទាំង​៣នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន។ ក្នុង​វីដេអូ​នោះ ក៏​មាន​ការ​និយាយ​អំពី​ព្រះ​មហាក្សត្រ​ និង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ផង​ដែរ។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ លោក​ស្រី​ចក់ ​សុភាព​ ជឿថា​ការ​ចូលរួម​របស់​សកម្មជន​នៃ​ចលនា​មាតា​ធម្មជាតិ​និងយុវជន​ផ្សេង​ទៀតក្នុង​ការ​ការពារ​បរិស្ថាន ​មិនមែន​ជា​អំពើឧក្រិដ្ឋ ​ហើយ​ថា​ការ​ចូលរួម​យ៉ាង​ដូច្នេះ​ គួរ​តែ​ទទួល​បាន​នូវ​ការ​លើក​ទឹកចិត្ត។

លោកស្រី​ប្រាប់​វីអូអេ​ថា៖ «ចំណុច​សំខាន់​ដែល​យើង​ចង់​បង្ហាញ​នោះ ​គឺ​ យើង​ដឹង​ហើយ​ថា​សកម្មភាព​ពួក​គាត់​ គឺ​មិនមែន​ជា​បទ​ល្មើស​នោះ​ទេ​ ហើយ​យើង​គួរ​កត់​សម្គាល់​ថា​ ភាព​សកម្ម​ផ្នែក​សិទ្ធិមនុស្ស​ឬក៏ផ្នែក​បរិស្ថាន​នោះ​ គឺ​ជា​កិច្ចការ​ដែល​ត្រូវ​បាន​ធានា​នៅ​ក្នុង​ច្បាប់​ជាតិ​ ហើយ​និង​អន្តរជាតិ ​អីចឹ​ង ទាំង​អស់​នេះ​ គួរ​តែ​ត្រូវ​បាន​សាទរ​ មិន​គួរ​ត្រូវ​បាន​ចោទ​ប្រកាន់​ ឬក៏​រង​នូវ​ ការ​យាយី​នានា​ នោះ​ទេ»។

អង្គការ​លីកាដូ​ក៏​ស្ថិត​ក្នុង​ចំណោម​ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​ ដែល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​យុត្តិធម៌​ដល់​សកម្មជន​បរិស្ថាន​ដែល​បាន​ចាប់​ខ្លួន​ពីមុនៗ​មក ក៏​ដូច​ជា​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​៣​រូប​ចុង​ក្រោយ​នេះ។

នាយករង​ទទួល​បន្ទុក​ឃ្លាំមើល​ និង​ការ​ពារ​សិទ្ធិមនុស្ស​នៃអង្គការ​លីកាដូ លោក​អំ សំអាត​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះថា​ភាគី​រដ្ឋាភិបាល​ ច្រើន​មាន​ទម្លាប់​ប្រកែក​មិនទទួល​យក​នូវ​អ្វីដែល​ជា​មតិ​របស់​អង្គការ​សង្គម​ស៊ីវិល​នោះទេ។ លោក​យល់​ថាសកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ ដែល​ជំទាស់​នឹង​ការចាប់​ខ្លួន​សកម្មជន​កន្លង​មក​នោះ​ គឺគ្រាន់​តែ​ជាការផ្តល់​កម្លាំង​ចិត្ត​ដល់​សកម្ម​ជន​គ្រប់រូប​ ដែល​សកម្ម​ក្នុងការ​បម្រើ​ប្រយោជន៍​សាធារណជន​ ដូច​ជា​កិច្ចការពារ​បរិស្ថាន​នេះ​ជា​ដើម។

«អ្វីដែល​យើង​ធ្វើ​ គឺ​ចង់​ឲ្យ​មាន​ការ​លើក​គាំ​ទ្រ​ ទៅលើ​សកម្មជន​ការពារ​បរិស្ថាន​ ជាពិសេស​អ្នកដែល​គាត់​មាន​ចិត្ត​ចង់​ចូលរួម​នៅ​ក្នុង​កិច្ច​ការ​ពារ​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​ ឬក៏​ព្រៃឈើ​ អាហ្នឹង​វា​ជា​រឿង​សំខាន់​»។

កាល​ពី​សប្តាហ៍​មុន ក្រសួង​មហាផ្ទៃ​ក៏បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ចោទ​ប្រកាន់​ចលនាមាតា​ធម្ម​ជាតិ​ថា​ជាអង្គការ​ដំណើរ​ការ​ដោយ​ខុសច្បាប់​ ព្រោះអង្គការ​នេះ​ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ​ចាប់​តាំង​ពី​ឆ្នាំ​២០១៧។

ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថាលោក Alejandro Gonzalez Davidson ​ជនជាតិអេស្ប៉ាញ​ និង​ជា​ស្ថាបនិក​នៃ​ចលនា​មាតា​ធម្មជាតិ ត្រូវបាន​បណ្តេញ​ចេញ​ពី​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៥ ប៉ុន្តែ​នៅ​បន្ត​ធ្វើ«​សកម្ម​ភាព​ខុស​ច្បាប់» ដូច​ជា​ការ​ដឹកនាំ​កិច្ច​ប្រជុំ​មួយ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០២១ ហើយ​ក្នុង​ប្រជុំ​នោះ​ ​ក្រសួង​ថាលោក Alejandro ​បាន​ប្រើ​ប្រាស់​«ពាក្យ​ពេចន៍​ប្រមាថ​យ៉ាង​ធ្ងន់​ធ្ងរ​មក​លើ​អង្គ​ព្រះ​មហាក្សត្រ និង​ប្រមុខ​រាជ​រដ្ឋា ភិបាល»។ ក្រសួង​មហាផ្ទៃ​បាន​ផ្អែក​លើ​វីដេអូ​ឃ្លីប​មួយ​ដែល​សមត្ថកិច្ច​ចាប់​បាន​តាម​ប្រព័ន្ធ​ Zoom ហើយ​ថា​សកម្មជន​ទាំង​នោះ​ធ្វើ​ការ​ងារ«មិន​មែន​ក្នុង​បុព្វ​ហេតុ​ស្មោះ​ត្រង់​ចំពោះ​ការ​ការពារ​ធនធាន​ធម្មជាតិ ​និង​បរិស្ថាន​នោះ​ទេ»។

លោកស្រី ​ចក់​ សុភាព​ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លើក​ឡើង​ថា​មន្ត្រី​សាធារណៈ​ដែល​មាន​តំណែង​ក្នុងរដ្ឋាភិបាល មិន​គួរ​បកស្រាយ​ពី​បទ​ល្មើស​របស់​ក្រុម​សកម្មជន​ដែល​ត្រូវ​ចាប់​ខ្លួន​ ដោយ​ទុក​ឲ្យ​តុលា ការ​ជា​អ្នក​វិនិច្ឆ័យ៕

XS
SM
MD
LG