ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កែវយឹត​អូស្រ្តាលី​រក​ឃើញ​កាឡាក់ស៊ី​ថ្មី​ចំនួន​១លាន​


រូប​ឯកសារ៖ កែវយឹត​​​នៅ​​តំបន់ Murchison នៅ​ក្នុង​រដ្ឋ Western Australia ក្នុង​ប្រទេស​អូស្ត្រាលី។
រូប​ឯកសារ៖ កែវយឹត​​​នៅ​​តំបន់ Murchison នៅ​ក្នុង​រដ្ឋ Western Australia ក្នុង​ប្រទេស​អូស្ត្រាលី។

កែវយឹត​ថ្មី​មួយ​ប្រកប​ដោយ​កម្លាំង​ខ្លាំង​នៅ​អូស្រ្តាលី​បាន​កំណត់​ផែនទីលំហ​អវកាសដ៏​ធំ​ធេង​នៃ​ចក្រវាឡ​ក្នុង​រយៈពេល​លឿន​បំផុតមិន​ធ្លាប់​មាន។​កែវយឹត​ឈ្មោះ​ថា ​Square Kilometre Array Pathfinder​ អាច​កំណត់​នូវ​កាឡាក់ស៊ី​ចំនួន​៣​លាន​ក្នុង​រយៈ​ពេល​ត្រឹម​តែ​៣០០​ម៉ោង​ប៉ុណ្ណោះ​ដែល​នៅ​ក្នុង​នោះ​កាឡាក់ស៊ី​ចំនួន ១​លាន​ មិន​ធ្លាប់​ត្រូវ​បាន​គេ​ឃើញ​ពី​មុន​មក​នោះ​ទេ។​

កាឡាក់ស៊ី​គឺ​ជា​បណ្តុំ​ផ្កាយ​ក្នុង​ចក្រវាឡ។​ ពី​តំបន់​ជាយ​ដាច់​ស្រយាល​មួយ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អូស្រ្តាលី​ កែវយឹត​ថ្មី​ដែល​អាច​ប្លែង​រលក​វិទ្យុ​ក្នុង​លំហ​អវកាសទៅ​ជា​រូបភាព​នោះ​ បាន​ពិនិត្យ​មើល​ផ្ទៃ​មេឃ​ភាគ​ខាង​ត្បូង​ប្រទេស​អូស្រ្តាលី​ទាំង​មូល​នៅ​ក្នុង​រូបភាព​លម្អិត​ជាង​មុន​ដែល​មិនធ្លាប់​មាន​ពី​មុន​មក។​

កែវយឹត​ឈ្មោះ​ Square Kilometre Array Pathfinder ​ស្ថិត​នៅ​ចម្ងាយ​៨០០​គីឡូម៉ែត្រ​ភាគខាង​ជើង​ក្រុង ​Perth ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​អង្គការ​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​និង​ឧស្សាហកម្ម​នៃ​បណ្តា​ប្រទេស​ Commonwealth​ ហៅ​កាត់​ថា ​CSIRO ​ដែល​ជា​ទីភ្នាក់ងារ​វិទ្យាសាស្រ្ត​ជាតិ​របស់​អូស្រ្តាលី។​

កែវយឹត​នេះ​មិនមែន​មាន​អង់តែន​មួយ​នោះ​ទេ​ ប៉ុន្តែ​មាន​បណ្តុំ​អង់តែន​រហូត​ដល់​៣៦។​វា​មាន​កម្ពស់​ស្មើ​នឹង​អគារ​បី​ជាន់​និង​ត្រូវ​ភ្ជាប់​ដោយ​ខ្សែ​កាប​ប្រភេទ​Fiber-optic​ដើម្បី​អាច​ឲ្យ​អង់តែន​ទាំងអស់​ដំណើរការ​ជា​កែវយឹត​យក្ស​មួយ។​

កែវយឹត​នេះ​បាន​ជួយ​អ្នក​វិទ្យាសាស្រ្ត​សិក្សា​ពី​បាតុភូត​រន្ធ​ខ្មៅ​ក្នុង​ទី​អវកាស ​(Black Hole)​ លក្ខណៈ​សម្បត្តិ​របស់​ទំនាញ​និង​ប្រភព​ដើម​នៃ​ផ្គាយ​នៅ​ដំបូង​គេ​បង្អស់។

តាមរយៈ​ការ​រៀបចំ​ជា​ប្រភេទ​តាម​ក្រុម​ផ្សេងៗ​នៃ​កាឡាក់ស៊ី​ច្រើន​លាន​ អ្នក​វិទ្យាសាស្រ្ត​សង្ឃឹម​ថា​នឹង​អាច​ទម្លាយ​អាថ៌​កំបាំង​អំពី​ការ​វិវត្ត​របស់​ចក្រវាឡ។​

លោក ​Douglas Bock​ គឺ​ជា​នាយក​ផ្នែក​តារា​សាស្រ្ត​និង​វិទ្យាសាស្រ្ត​អវកាស​នៃ​ទីភ្នាក់ងារ CSIRO។​

លោក​ថ្លែងថា៖​ «ប្រសិន​បើ​យើង​ពិនិត្យ​មើល​ពី​ស្ថិតិ​កាឡាក់ស៊ី​នៅ​ក្នុង​លំហ​មេឃ​និង​ពី​របៀប​ដែល​កាឡាក់ស៊ី​ប្រាស័្រយ​នឹង​គ្នា​ដូច្នេះ​យើង​អាច​ដឹង​ពី​របៀប​ដែល​កាឡាក់ស៊ីដូចជា​កាឡាក់ស៊ី​របស់យើងត្រូវ​បាន​បង្កើត​ឡើង​និង​ការវិវត្ត​ផ្សេងៗ​ដែល​នាំ​ឲ្យ​ពួក​យើង​អាច​នៅ​លើ​ផែន​ដី​បាន។ហើយ​ប្រសិន​បើ​យើង​ពិនិត្យ​មើល​កាឡាក់ស៊ី​ដែល​ស្ថិត​នៅ​សែនឆ្ងាយ​ប្រហែល​១២​ពាន់​លាន​ឆ្នាំ​ពន្លឺ​គឺ​យើង​មើល​ត្រឡប់​ទៅ​អតីតកាល។​ ដូច្នេះ​យើង​កំពុង​តាមដាន​ពន្លឺ​ពី​កាឡាក់ស៊ី​នោះ​នៅ​ពេល​ដែល​វា​ទើប​ត្រូវ​បាន​បញ្ចេញ​ត្រឹម​តែ​ពីរ​បីពាន់លាន​ឆ្នាំបន្ទាប់​ពី​ការ​ចាប់ផ្តើម​ដំបូង​របស់​ចក្រវាឡ​របស់​យើង»។​

ក្រុម​អ្នក​ស្រាវជ្រាវ​និយាយ​ថា​ ទីតាំង​ដាច់​ស្រយាល​របស់​កែវយឹត​នៅ​តំបន់​ភាគ​ខាង​លិច​ប្រទេស​អូស្រ្តាលី​គឺ​ល្អ​បំផុត​សម្រាប់​តារាសាស្រ្ត​ពីព្រោះ​វា​មាន​សភាព​ស្ងប់ស្ងាត់ និងស្ថិត​នៅ​ឆ្ងាយ​ពី​ការ​បញ្ជូន​រលក​សញ្ញា​វិទ្យុ​នៅ​លើ​ផែនដី។​ នៅ​មាន​ការងារ​ជា​ច្រើន​ត្រូវ​ធ្វើ​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ។ ទីភ្នាក់ងារ​ CSIRO ​ប៉ាន់​ប្រមាណ​ថា​ចក្រវាឡ​អាច​មាន​កាឡាក់ស៊ី​រហូត​ដល់​ទៅ​១​លាន​លាន​ឯ​ណោះ៕​

ប្រែសម្រួល​ដោយ​លោក ​ណឹម សុភ័ក្ត្របញ្ញា

XS
SM
MD
LG