ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ទីភ្នាក់ងារ​អវកាស NASA ថា​​​អាចម៍​ផ្កាយ​ទំហំ​ប៉ុន​​រថយន្ត​ក្រុង​ហោះ​មក​​យ៉ាង​​កៀក​នឹង​ផែនដី


រូបភាពដកស្រង់ចេញពីវីដេអូដែលត្រូវបានផ្សព្វផ្សាយដោយទីភ្នាក់ងារអវកាស NASA បង្ហាញឲ្យឃើញគន្លងរបស់អាចម៍ផ្កាយ 2020 SW ដែលបានធ្វើដំណើរគៀកនឹងភពផែនដី នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០។

អ្នកវិទ្យាសាស្ត្រ​ប្រចាំ​ទី​ភ្នាក់ងារ​អវកាស NASA របស់​សហរដ្ឋ​អាមេរិក​ បាន​ឲ្យ​ដឹង​ថា អាចម៍​ផ្កាយ​តូច​មួយ ដែល​មាន​ទំហំប៉ុនរថយន្តក្រុង បាន​ហោះ​មក​យ៉ាង​កៀក​នឹង​ផែនដី​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ចម្ងាយ​ត្រឹម​តែ ២២.០០០ គីឡូម៉ែត្រ​ពី​ផ្ទៃ​ផែន​ដី​ ហើយ​ស្ថិតនៅ​ក្នុង​គន្លង​ផ្កាយ​រណប​ដែល​នៅ​ជុំវិញ​ផែនដី។

ទោះ​បីរយៈចម្ងាយ​ជិតនេះ​អាច​បង្ក​ឲ្យ​មាន​ការ​បារម្ភ​ខ្លាំង​ក៏​ដោយ ក៏​អ្នក​វិទ្យាសាស្ត្រ​ប្រចាំ​មន្ទីរ​ពិសោធន៍ Jet Propulsion Laboratory (JPL) នៃ​ទីភ្នាក់ងារ​អវកាស​ NASA នៅ​ភាគខាង​ត្បូង​រដ្ឋ​កាលីហ្វ័រញ៉ា បាន​ឲ្យ​ដឹង​ថា បើ​សិន​ទោះ​បីជា​អាចម៍​ផ្កាយ​នោះ ចូល​មក​ក្នុង​បរិយាកាស​ផែនដី ក៏​បរិយាកាស​ផែនដី​នឹងបែកវា​ជា​បំណែកៗ ហើយ​ឆេះក្លាយ​ជា​អាចម៍​ផ្កាយដែល​ចេញពន្លឺ។​

អាចម៍​ផ្កាយ​ដែល​មាន​ឈ្មោះ​ថា 2020SW​ មាន​បណ្ដោយ​ប្រហែល​ពី​ ៥ ទៅ ១០ ​ម៉ែត្រ ត្រូវ​បាន​រក​ឃើញ​កាល​ពី​ថ្ងៃទី​១៨ ខែ​កញ្ញា ដោយ​អង្គការ Catalina Sky Survey ដែលឧបត្ថម្ភ​ថវិកា​ដោយ​ទីភ្នាក់ងារ​អវកាស NASA ដែល​មាន​ទីតាំង​នៅ​ក្នុង​រដ្ឋ​ Arizona។​

មន្ទីរ​ពិសោធន៍ Jet Propulsion Laboratory (JPL) ក្រោយ​មក បាន​តាមដាន​ពី​ដំណើរ​នៃ​អាចម៍​ផ្កាយ​និងគន្លង​គោចរ​របស់​វា​ ហើយ​បាន​បញ្ជាក់​ថា ​វា​នឹង​មិន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ផែនដីអ្វីឡើយ៕

XS
SM
MD
LG