ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទំនាក់​ទំនង​អូស្ត្រាលី​ជាមួយ​ចិន​អន់ថយ​ ខណៈ​រដ្ឋាភិបាល​ចិន​ស៊ើបអង្កេត​ការ​នាំចូល​ស្រា​អូស្ត្រាលី


រូបភាពឯកសារ៖ ដបស្រា Penfolds Grange ផលិត​ដោយ​លោក Penfolds និងកាន់កាប់ដោយ Treasury Wine Estates ស្ថិត​លើ​ធ្នើរ​សម្រាប់លក់។
រូបភាពឯកសារ៖ ដបស្រា Penfolds Grange ផលិត​ដោយ​លោក Penfolds និងកាន់កាប់ដោយ Treasury Wine Estates ស្ថិត​លើ​ធ្នើរ​សម្រាប់លក់។

ប្រទេស​ចិន​បាន​ធ្វើការ​ស៊ើប​អង្កេត​លើ​ការ​នាំចូល​ស្រា​ពី​អូស្ត្រាលី​ ខណៈ​ទំនាក់​ទំនង​​ពាណិជ្ជកម្ម​រវាង​រដ្ឋាភិបាល​ចិន​​និង​រដ្ឋាភិបាល​អូស្ត្រាលី​ ​កាន់​តែ​មាន​ភាព​តាន​តឹង។

វិបុលភាព​ថ្មីៗ​របស់​ប្រទេស​អូស្ត្រាលី កើត​មាន​ឡើង​ភាគច្រើន​ដោយសារ​ទំនាក់ទំនង​ពាណិជ្ជកម្មជាមួយ​ប្រទេស​ចិន ដែល​ជាដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​មួួយ​របស់​ខ្លួន។ កាលពី​ឆ្នាំ​មុន​ការ​ធ្វើ​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មក​រវាង​ប្រទេស​ទាំងពីរ​មាន​តម្លៃ​ប្រហែល​១៧០​ពាន់លានដុល្លារ​អាមេរិក ក៏​ប៉ុន្តែ​ទំនាក់ទំនង​ដ៏​មាន​តម្លៃ​មួយ​នេះ​កំពុង​មាន​ការ​ប្រេះឆា។

អ្នក​ផលិត​ស្រា​អូស្ត្រាលី​កំពុង​តែ​ពាក់ព័ន្ធ​នៅ​ក្នុង​ភាព​តានតឹង​នយោបាយ​ភូមិសាស្ត្រដែល​កំពុង​កើន​ឡើង​រវាង​អូស្ត្រាលី​និង​ចិន។ ក្រុមហ៊ុន​នាំ​ចេញ​ស្រា​អូស្ត្រាលី ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ទម្លាក់​ថ្លៃ​ស្រា​ហើយ​ដណ្តើម​យក​ភាគ​ហ៊ុន​ទីផ្សារ​ពី​ក្រុម​ហ៊ុន​ក្នុង​ស្រុក​របស់​ចិន។ ការ​ស៊ើបអង្កេតនេះ​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​សមាគម​គ្រឿង​ភេសជ្ជៈ​ស្រវឹង​របស់​ចិន (Chinese Alcoholic Drinks Association)។ ការ​ស៊ើប​អង្កេត​នេះ នឹង​ពិនិត្យ​មើល​ថា​តើ​ក្រុម​ហ៊ុន​អូស្ត្រាលី​កំពុង​ត្រូវ​បាន​ទទួល​បាន​ការឧបត្ថម្ភ​ធន​ពី​រដ្ឋាភិបាល​ដែរ​ឬ​ទេ។

រដ្ឋាភិបាល​អូស្ត្រាលី​បាន​ទទូច​ថា ​ស្រា​ដែល​លក់​ឲ្យ​ប្រទេស​ចិន​មាន​តម្លៃ​សមរម្យ ហើយ​មន្ត្រី​អូស្ត្រាលី​ក៏​បាន​អះអាង​ថា​ពួកគេ​នឹង​សហការ​យ៉ាង​ពេញ​លេញ​ក្នុង​ការ​ស៊ើប​អង្កេត​នេះ។

រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​អូស្ត្រាលី លោកSimon Birmingham បាន​លើក​ឡើង​ថា​អ្នក​ផលិត​ស្រា​អូស្ត្រាលី​មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ទេ។

លោក​ថ្លែង​ថា៖ «យើងយល់​ថា​សំណើ​ទាំង​នោះគ្មាន​មូលដ្ឋាន​ច្បាស់លាស់​ហើយ​គួរ​ឲ្យ​សង្ស័យ​ផង​ដែរ។ ស្រា​អូស្ត្រាលី​មិន​ត្រូវ​បាន​ឧបត្ថម្ភ​ធន​ដោយ​វិធីសាស្ត្រ​ណាមួយ​ឡើយ ហើយ​មិន​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ទាប​ជាង​អត្រា​ទីផ្សារ​ពិភព​លោក​នោះ​ទេ។ ជាង​នេះទៅទៀត ក្នុង​រយៈពេល​៦ខែ​ដំបូង​ក្នុង​ឆ្នាំ​នេះ​ស្រា​អូស្ត្រាលីមាន​តម្លៃ​ខ្ពស់​បំផុត​ទីពីរ ក្នុងចំណោម​ស្រា​ដែល​ត្រូវ​បាន​លក់​ក្នុង​ទីផ្សារចិន»។

ការ​ស៊ើបអង្កេត​បាន​កើ​ត​មាន​ឡើង​ខណៈរដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​កំពុង​តែ​មាន​ការ​ប៉ះទង្គិច​កាន់​តែ​ខ្លាំង​ឡើង​បន្ទាប់ពី​រដ្ឋាភិបាល​អូស្ត្រាលី​បាន​ស្នើ​ឲ្យ​មាន​ការស៊ើប​អង្កេត​អន្តរជាតិ​មួយ លើ​ប្រភព​នៃ​ជំងឺ​កូវីដ​១៩ ដែល​ដំបូង​បាន​ផ្ទុះឡើង​នៅទីក្រុង​វូហាន ប្រទេស​ចិន ​កាលពី​ចុងឆ្នាំ ២០១៩។

ថ្មីៗ​នេះ ប្រទេស​ចិនបាន​ដាក់​ពន្ធ​លើ​ស្រូវ​សាលី​របស់​អូស្ត្រាលី ផ្អាក​ការ​នាំ​ចូល​សាច់គោ​មួយ​ចំនួន​ពី​អូស្ត្រាលី ហើយ​ប្រាប់​និស្សិត​ចិន​និង​ភ្ញៀវទេសចរ​ថា ការ​ធ្វើ​ដំណើរ​ទៅកាន់​អូស្រ្តាលី​មិន​មាន​សុវត្ថិភាព ដោយសារ​បញ្ហា​រើស​អើង​ជាតិ​សាសន៍។ ប្រទេស​ចិន​ត្រូវ​បាន​គេ​សង្ស័យ​ថា​បាន​រៀបចំ​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​លើ​ស្ថាប័ន​អូស្ត្រាលី​ជាច្រើន ក៏​ប៉ុន្តែរដ្ឋាភិបាល​ក្រុង​ប៉េកាំង​បដិសេធ​យ៉ាង​ពេញ​ទំហឹង​លើ​ការ​ចោទ​ប្រកាន់​នេះ។

ប៉ុន្តែ​លោក Matt Canavan តំណាងរាស្ត្រ​រដ្ឋាភិបាល​សហព័ន្ធ​ប្រចាំ​រដ្ឋធានី​កង់បេរ៉ា ចោទ​ប្រកាន់​ប្រទេស​ចិន​ថា​បានបង្ក​ការគំរាមកំហែង​ផ្នែក​សេដ្ឋកិច្ច។

លោក​បាន​ថ្លែង​ថា៖ «វា​ជា​លំនាំឥរិយាបថ​មួយ​ដែល​យើង​អាច​មើល​ឃើញ​ពី​ប្រទេស​ចិន​ហើយ​ខ្ញុំ​យល់​ថា ពួកគេ​មិន​អាច​ជា​ដៃគូ​ពាណិជ្ជកម្ម​ដែល​គួរ​ឲ្យ​ទុកចិត្ត​បាន​ទៀត​ទេ បើ​យើង​ពិនិត្យ​មើល​លើ​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ ហើយ​ខ្ញុំ​យល់​ថា អាជីវកម្ម​របស់​អូស្ត្រាលី​ទាំង​អស់​ត្រូវ​តែ​ប្រុងប្រយ័ត្ន​កាន់​តែ​ខ្លាំង​ឡើង​លើ​ដៃ​គូ​ពាណិជ្ជកម្ម​ដែល​មាន​ឥរិយាបថ​គំរាម​កំហែង​និង​រំលោភ​បំពាន​បែប​នេះ»។

ប្រទេស​ចិន​បាន​ទទូច​ថាការ​ស៊ើបអង្កេត​លើ​តម្លៃ​ស្រា​អូស្ត្រាលី​នេះ​នឹង​ធ្វើ​ឡើង​ដោយ «យុត្តិធម៌​និង​ស្រប​តាម​ច្បាប់»។ មន្ត្រី​ការបរទេស​ចិន​ម្នាក់ ក៏​បានបដិសេធ​ថា​ការ​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​នេះ​មិន​ត្រូវ​បានធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ហេតុផល​នយោបាយ​នោះ​ទេ។

ខណៈ​ដែល​ភាព​តានតឹង​ទ្វេភាគី​កំពុង​បន្ត​កើនឡើង អ្នក​វិភាគ​ភ័យ​ខ្លាច​ថា​ការ​នាំ​ចេញ​ធ្យូង​និង​រ៉ែដែករបស់​អូស្ត្រាលី​ដ៏​មាន​តម្លៃ​ខ្ពស់ អាច​នឹងរងគ្រោះ​ជា​បន្ទាប់៕

ប្រែសម្រួលដោយ​ទុំ ម្លិះ

XS
SM
MD
LG