រាជធានីភ្នំពេញ — ស្រាថ្នាំ ស្រាបៀរ គ្រឿងស្រវឹងដទៃទៀត បានរំញោចឲ្យអ្នកផឹករីករាយ រំសាយបញ្ហាក្នុងចិត្ត។ ប៉ុន្តែនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អ្នកជំងឺជាច្រើននាក់កំពុងតែឈឺចាប់និងស្ថិតក្នុងសភាពធ្ងន់ធ្ងរ ក្រោយពីសេពគ្រឿងស្រវឹងយ៉ាងជោគជាំជាច្រើនឆ្នាំរួចមក។ ពួកគេបានចាប់ផ្តើមរីករាយជាមួយគ្រឿងស្រវឹងក្នុងពេលយុវវ័យ តែអាចបញ្ចប់ភាពរីករាយនេះនៅលើគ្រែក្នុងមន្ទីរពេទ្យ នៅក្នុងមជ្ឈឹមវ័យ។
ក្នុងវ័យ៤០ឆ្នាំ លោកប៊ុន រឿន បានចំណាយពេលប្រហែលជា១៥ឆ្នាំ ទទួលទានស្រាបៀរស្ទើររាល់ថ្ងៃ។ លោកពោលថា ក្នុងមួយខែ៣០ថ្ងៃ លោកបានចំណាយពេល២៥ថ្ងៃ ដើម្បីស៊ីផឹកជាមួយមិត្តភក្តិ។ ហើយក្នុងការផឹកស្រាបៀរម្តងៗ លោកអាចផឹករហូតដល់២០កំប៉ុង។
ប៉ុន្តែនាពេលនេះ បុគ្គលិកសាធារណៈរូបនេះកំពុងស្នាក់នៅព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីព្យាបាលរោគថ្លើមក្រិន។
ជាឪពុករបស់កូនស្រីតូចមួយ អាយុ២ឆ្នាំ លោកប៊ុន រឿន និយាយទាំងអួលដើមកថា៖ «ហើមពោះតឹងអង្គុយហត់ ជួនកាលយើងបត់ជើងមិនសូវចេញ នោមខ្ញុំធ្វើទុក្ខយូរ ហើយចេះតែក្អួត ក៏ប៉ុន្តែខ្ញុំមិនចាប់អារម្មណ៍ ថ្លើមយើងវាលែងទទួលចំណីណាដែលនេះទៅវាត្រូវការក្អួតមកវិញ ចេញពីពេទ្យវិញឈប់ហើយ តែវាហួសពេលហើយ វាមានជំងឺនេះទៅហើយ ស្តាយក៏ហួសពេលដែលយើងឈឺខាតពេល តាំងពីបងប្អូនតាំងពីប្រពន្ធគេមកថែរក្សាយើង គេមកមើលយើង ខាតទាំងលុយ ខាតទាំងការងារទាំងអស់ ការងារត្រូវចោលទាំងអស់»។
នៅក្នុងបន្ទប់មួយទៀតនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អ្នកស្រីចាន់ នឿន អាយុ៤២ឆ្នាំ ស្ថិតនៅក្នុងសភាពស្គមស្គាំង ស្លេកស្លាំង ស្បែកដណ្តប់ឆ្អឹង និងគ្មានកម្លាំងកំហែងនោះទេ។ អតីតអ្នកលក់ដំឡូងស្ងោររូបនេះបានផឹកស្រាថ្នាំ ក្នុងមួយថ្ងៃមួយលីត្រជាប្រចាំកាលពីជាងដប់ឆ្នាំមុន។
ប៉ុន្តែនាពេលនេះ អ្នកស្រី ចាន់ នឿន ត្រូវសណ្តូកខ្លួនលើគ្រែមួយ ដែលមានទទឹងប្រមាណជា៨០សង់ទីម៉ែត្រ គ្របដោយកម្រាលកៅស៊ូពណ៌ខ្មៅ ក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅទីក្រុងភ្នំពេញ។
អ្នកស្រីមិនអាចក្រោកអង្គុយបានទេ។ សូម្បីតែនិយាយក៏អ្នកស្រីស្ទើរតែមិនអាចហើបមាត់និយាយបានផង។ មានកូនបួននាក់ អ្នកស្រី ចាន់ នឿន កំពុងរួមរឹតដោយជំងឺជាច្រើន ដែលគ្រូពេទ្យអះអាងថាបណ្តាលមកពីការសេពសុរាជាច្រើនឆ្នាំរបស់គាត់។ នោះគឺជំងឺក្រិនថ្លើម ទាចទឹក ហើមពោះ ហើមដៃ និងហើមជើង។
អ្នកស្រីបានថ្ងូរថា៖ «វាឈឺ ធ្វើទុក្ខក្នុងខ្លួន ខ្លួនឯងគ្មាននរណាគេមកមើលយើងទេ ដឹងចឹងក៏មិនផឹកដែរ ដឹងថាពិបាកចឹងក៏មិនផឹកដែរ ស្តាយក្រោយណាស់ វាឈឺក្នុងពោះ ក្បាលពោះខ្លាំងបានស្រែកឲ្យគេឮ យប់មិញគ្មានបានដេកទេ បងប្អូនជិតខាងកុំឲ្យផឹកដូចខ្ញុំ»។
នៅតាមអគារសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អ្នកជំងឺមួយចំនួនកំពុងតែដេកថ្ងូរដោយសារការឈឺចាប់។ អ្នកជំងឺខ្លះមានសភាពស្គមនៅសល់តែស្បែកដណ្តប់ឆ្អឹង តែពោះមានលក្ខណៈប៉ោងណែនធំ។ ហើយអ្នកជំងឺខ្លះទៀតមានសភាពធាត់ជ្រុល រួមទាំងមានការហើមមុខ ដៃ ជើងផងដែរ។ រីឯអ្នកជំងឺមួយចំនួនទៀតកំពុងមានដុំសាច់មហារីកនៅថ្លើមក្នុងដំណាក់កាលចុងក្រោយ។ អ្នកជំងឺទាំងអស់នេះគឺឈឺបណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹងជ្រុលហួសហេតុជាច្រើនឆ្នាំ។ នេះបើតាមការអះអាងរបស់ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
លោកវេជ្ជបណ្ឌិត ឆាយ គឹមប៉ាវ ឯកទេសថ្លើម ក្រពះ ពោះវៀន ឫសដូងបាត និងជានាយកផ្នែកជំងឺប្រព័ន្ធរំលាយអាហារនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានប្រសាសន៍ថា គ្រឿងស្រវឹង ឬសុរា ធ្វើឲ្យប៉ះពាល់ដល់សុខភាពយូរអង្វែង។ ហើយអ្នកជំងឺដែលប៉ះពាល់ដោយសារគ្រឿងស្រវឹងដែលចូលមកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនេះ ភាគច្រើនមានបញ្ហាទាក់ទងទៅនឹងថ្លើម ដូចជារលាកថ្លើម ទាចទឹក ក្រិនថ្លើម និងមហារីកថ្លើមជាដើម។
«ជាទូទៅ នៅក្នុងមន្ទីរពេទ្យនេះ យើងមានទទួលជំងឺក្រិនថ្លើមមានច្រើន សុរានៅតែជាតួនាទីទី១នៅក្នុងការដែលធ្វើឲ្យអ្នកជំងឺក្រិនថ្លើម ហើយរាល់អ្នកដែលក្រិនថ្លើមមកដេកពេទ្យ គឺសុរានាំមុខ។ មិនមែនគាត់មិនដឹងទេ គ្រាន់តែគាត់មិនទាន់ធ្វើទុក្ខ គាត់មិនទទួលស្គាល់នូវផលវិបាកមកពីសុរាទេ គាត់ឮ ធ្លាប់ដឹង គេប្រាប់ថាចឹង តែគាត់មិនជឿ ហើយគាត់អត់ទាន់ឈឺទៀត គាត់ម៉េចជឿ»។
ក្រុមវេជ្ជបណ្ឌិតឲ្យដឹងថា សុរាបណ្តាលឲ្យអ្នកផឹកច្រើនជាប្រចាំប្រឈមមុខនឹងជំងឺមហារីកបំពង់ក មាត់ បំពង់អាហារ ថ្លើម ពោះវៀន ដោះ ហើយក៏ប៉ះពាល់ដល់បេះដូង ដាច់សរសៃឈាម ក្រិនថ្លើម រលាកក្រពះ រលាកលំពែង បាត់បង់ការចងចាំ មានវិបត្តិនៃការគេងមិនលក់ មានជំងឺភ័យខ្លាចតក់ស្លុត ថប់ដង្ហើម ជំងឺធ្លាក់ទឹកចិត្ត និងវិកលចរិកជាដើម។
ទោះជាបែបនេះក្តីគ្រឿងស្រវឹង ជាពិសេសស្រាបៀរត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមកញ្ចក់ទូរទស្សន៍ តាមវិទ្យុ និងតាមបណ្តាញផ្សព្វផ្សាយដទៃទៀត រួមទាំងតាមប៉ាណូពាណិជ្ជម្មតាមទីសាធារណៈទៀតផង។ ការផ្សព្វផ្សាយជាច្រើនបានបង្ហាញពីរង្វាន់រហូតដល់៤០លានរៀល ឬស្មើនឹងប្រមាណ១ម៉ឺនដុល្លារអាមេរិក ឬរង្វាន់ជារថយន្តដែលមានតម្លៃប្រមាណជា៥ម៉ឺនដុល្លារអាមេរិក។
ការផ្សព្វផ្សាយពាណិជ្ជកម្មពីគ្រឿងស្រវឹង ដែលត្រូវបានហាមឃាត់ ឬរឹតត្បិតក្នុងប្រទេសមួយចំនួន បានស្រូបយកក្រុមយុវជននិងមនុស្សវ័យកណ្តាលឲ្យប្រើប្រាស់គ្រឿងស្រវឹងទាំងនេះ។ ក្រុមយុវជននិងមនុស្សវ័យកណ្តាល ជាស្នូលនៃកម្លាំងពលកម្មដ៏មានសក្តានុពលក្នុងប្រទេស។
លោកស៊ឹម រី កសិករមកពីខេត្តតាកែវ កំពុងមើលថែកូនរបស់គាត់ នៅក្នុងមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ។ កូនរបស់គាត់ត្រូវបានចងដៃ ចងជើង ជាប់នឹងគ្រែ ហើយជារឿយៗកូនរបស់គាត់តែងតែបោកក្បាលទៅនឹងជញ្ជាំង កាច់ដៃកាច់ជើងខ្លួនឯង ផ្តួលខ្លួនទៅនឹងដី រត់ចុះ រត់ឡើងគ្មានគោលដៅ និយាយមិនដឹងខុសត្រូវ រវើរវាយ និងនិយាយតែម្នាក់ឯង។
«មកពីវាផឹកហ្នឹងបានសតិអារម្មណ៍បែកអស់ បានខ្ញុំថាដូចកូនខ្ញុំ ដូចពេទ្យទាំងគ្រាប់មាសទាំងតម្លឹងចឹង ឥឡូវវាស្តាយកូន ដែលពេលអាកន្លែងហ្នឹង កម្លាំងខ្ញុំអាយុ៦២ហើយខ្ញុំស្តាយកូនខ្ញុំណាស់ ចឹងបានថា បងប្អូនកុំធ្វើតម្រាប់តាមកូនខ្ញុំ នៅក្នុងផ្ទះមានគ្នាតែ៣នាក់ហ្នឹង ដល់ពេលវាឈឺទៀត ខ្ញុំខំធ្វើបន្លែ សុំដីគេដាំបន្លែបន្លុកដើម្បីចិញ្ចឹមជីវិត២នាក់យាយតាខ្ញុំហ្នឹង ដើម្បីតស៊ូទៅមុខទៀត»។
លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេសវិកលវិទ្យា និងជាប្រធានផ្នែក សុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀននៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានមាន ប្រសាសន៍ថា អ្នកផឹកជាច្រើនបានដឹងថាសុរាធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្នែករាងកាយ ប៉ុន្តែការយល់ដឹងរបស់ពួកគេអំពីផលប៉ះពាល់នៃសុរាលើផ្នែកសុខភាពផ្លូវចិត្ត នៅមានតិចតួចណាស់។
«អ្នកដែលមកព្យាបាលហ្នឹងច្រើនតែរហូតដល់វិកលចរិក ដោយសារគ្រឿងស្រវឹងកាចឡូឡានៅផ្ទះគាត់បញ្ចូនមកខួរក្បាលយើងបញ្ជាតួកាយយើងទាំងមូលចឹង សរីរាង្គកាយបងប្អូនត្រូវតែមានការប្រែប្រួល ដោយសារតែសារជាតិស្រវឹងហ្នឹងប្រើទៅ វាប៉ះពាល់ទៅប្រសាទកណ្តាល ទៅជាមានការព្រួយភ័យ ការចងចាំ ការគិតពិចារណា ការផ្ចង់អារម្មណ៍ប៉ះពាល់ទៅលើដំណេក មិនមែនពិសារស្រាទៅឲ្យគេងទេ មិនមែនចឹងទេ យើងត្រូវរកមូលហេតុអីឲ្យគេងមិនលក់»។
ការប្រើប្រាស់គ្រឿងស្រវឹងនៅក្នុងប្រទេសកម្ពុជា គេសង្កេតឃើញមាននៅតាមពិធីមង្គលការ ពិធីបុណ្យ ការជួបជុំមិត្តភ័ក្តិនៅតាមភោជនីយដ្ឋាន តាមផ្ទះ កម្មវិធីជប់លៀងផ្សេងៗ ស្របពេលដែលការប្រើប្រាស់គ្រឿងស្រវឹងនៅក្នុងប្រទេសនេះបានបើកយ៉ាងទូលំទូលាយ។
លោក ហេង សាវឿន សាស្ត្រាចារ្យប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្នែកគីមីវិទ្យា ធ្លាប់បានសិក្សាស្រាវជ្រាវពីផលប៉ះពាល់គ្រឿងស្រវឹងនេះដែរ។ លោកបានឲ្យដឹងថា ការស្រាវជ្រាវនេះបានបញ្ចូលទៅក្នុងកម្មវិធីសិក្សាបង្រៀនរបស់លោក ដើម្បីឲ្យកូនសិស្សយល់ដឹងពីផលប៉ះពាល់នៃគ្រឿងស្រវឹងនេះ។
សេចក្តីព្រាងច្បាប់ស្តីអំពីការគ្រប់គ្រងគ្រឿងស្រវឹងនៅក្នុងប្រទេសកម្ពុជាត្រូវបានគេដាក់ក្នុងការពិចារណាជាយូរឆ្នាំមកហើយ ក៏ប៉ុន្តែសេចក្តីព្រាងច្បាប់នោះនៅមិនទាន់ចេញជារូបរាងនៅឡើយ។ ទន្ទឹមនឹងពេលនេះដែលការផ្សព្វផ្សាយគ្រឿងស្រវឹងការជំរុញឲ្យមានការប្រើប្រាស់ឲ្យបានកាន់តែច្រើនពីសំណាក់ក្រុមហ៊ុនលក់គ្រឿងស្រវឹងកំពុងតែមានការប្រជែងគ្នាយ៉ាងខ្លាំង។
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា មានប្រសាសន៍ថា ប្រទេសកម្ពុជាគួរតែមានច្បាប់គ្រប់គ្រងគ្រឿងស្រវឹងនេះ ដើម្បីកាត់បន្ថយហានិភ័យដល់ប្រជាពលរដ្ឋ។
VOA សំឡេងសហរដ្ឋអាមេរិកមិនអាចសុំសេចក្តីអត្ថាធិប្បាយជុំវិញការបង្កគ្រោះថ្នាក់ដល់សុខភាព ដែលបង្កឡើងដោយការសេពគ្រឿងស្រវឹងពីក្រសួងសុខាភិបាលបានទេ អស់រយៈពេលជាងមួយសប្តាហ៍មកហើយ។
ទាំងលោកស្រី ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសនិងអ្នកនាំពាក្យនៃក្រសួងសុខាភិបាល ទាំងលោកស្រី ឈៀ ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាពនៃក្រសួងសុខាភិបាល ក៏ដូចជាលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីនៃក្រសួងសុខាភិបាល សុទ្ធតែបានបដិសេធផ្តល់កិច្ចសម្ភាសន៍។
លោក ម៉ម ប៊ុនហេង ថ្លែងថា លោកជាប់រវល់ប្រជុំ «ខ្ញុំជាប់ប្រជុំ»។
យ៉ាងណាក៏ដោយ យោងតាមតួលេខពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងចំណោមអ្នកមានជំងឺសរសៃប្រសាទដែលមកពិនិត្យជំងឺ ១.០០០ នាក់ក្នុងមួយថ្ងៃ មាន១៥ភាគរយកើតជំងឺសរសៃប្រសាទ ដោយសារការសេពគ្រឿងស្រវឹង។ ដោយឡែកក្នុងចំណោមមនុស្សវិកលចរិក ១.០០០ នាក់ដែលបានចូលពិគ្រោះយោបល់ មាន៧នាក់វិកលចរិកដោយសារប្រើប្រាស់គ្រឿងស្រវឹងយូរឆ្នាំ៕