ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​បើក​ការ​ស៊ើប​អង្កេត​​​ចំពោះ​​​ស្រា​​នាំ​ចូល​ពី​​អូស្រ្តាលី​ដែល​ចិន​ចោទ​ថា ​​បាន​ទម្លាក់​តម្លៃ​


រូបឯកសារ៖ ស្រាអូស្រ្តាលីធ្វើឡើងដោយក្រុមហ៊ុ​ន Penfolds និងជាកម្មសិទ្ធិរបស់ Treasury Wine Estates របស់អូស្រ្តាលី ត្រូវបានដាក់លក់នៅហាងមួយក្នុងក្រុងស៊ីដនី ប្រទេសអូស្រ្តាលី កាលពិថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤។
រូបឯកសារ៖ ស្រាអូស្រ្តាលីធ្វើឡើងដោយក្រុមហ៊ុ​ន Penfolds និងជាកម្មសិទ្ធិរបស់ Treasury Wine Estates របស់អូស្រ្តាលី ត្រូវបានដាក់លក់នៅហាងមួយក្នុងក្រុងស៊ីដនី ប្រទេសអូស្រ្តាលី កាលពិថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤។

ប្រទេស​ចិន​បាន​ធ្វើ​ការ​ព្រមាន​ជា​ថ្មី​ម្តង​ទៀត​នៅ​ថ្ងៃ​អង្គារ​ ​ក្នុង​ជម្លោះការ​ទូត​និង​ពាណិជ្ជ​កម្ម​ដ៏​ជូរចត់​មួយរបស់​ខ្លូន​ជា​មួយ​ប្រទេស​អូស្រ្តាលី​ ដោយ​បើក​ការ​ស៊ើប​អង្កេតការ​នាំ​ចូល​ស្រា​ពី​ប្រទេស​អូស្ត្រាលី​មក​កាន់​ប្រទេស​ចិន។​

ក្រសួង​ពាណិជ្ជកម្ម​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា ការ​ស៊ើប​អង្កេត​នេះ​ធ្វើ​ឡើង​ តាម​សំណើ​របស់​សមាគម​ភេសជ្ជៈ​មាន​ជាតិ​ស្រវឹង​របស់​ចិន​ ដែល​បាន​ចោទ​ប្រកាន់​អ្នក​ផលិត​ស្រា​ក្នុង​ប្រទេស​អូស្ត្រាលី​ថា​ បាន​បញ្ចុះ​តម្លៃ​ផលិតផល​ស្រាអូស្រ្តាលី​ដែល​កំពុង​លក់​ក្នុង​ប្រទេស​ចិន​ក្នុង​កម្រិត​មួយ​ដ៏​ទាប​ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​តម្លៃ​ស្រា​ដែល​ផលិត​ក្នុង​ស្រុក​របស់​ចិន។​

អាជ្ញាធរ​ចិន​និយាយ​ថា ការស៊ើប​អង្កេត​នេះ​នឹង​មាន​រយៈពេល​មួយ​ឆ្នាំ​ពេញ​ ហើយ​អាចបន្ត​ការស៊ើប​អង្កេត​៦ខែ​បន្ថែម​ទៀត​ រហូត​ដល់​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២២​។​

ការ​ប្រកាស​របស់​រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ភាគហ៊ុន​របស់​ក្រុម​ហ៊ុន Treasury Wine Estates ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អូស្តា្រលី។​ ​ក្រុម​ហ៊ុន​នេះ​ជា​ក្រុមហ៊ុន​ផលិត​ស្រា​ឯករាជ្យ​ដ៏ធំ​បផុត​មួយ​របស់​ពិភព​លោក​ ដោយ​តម្លៃ​ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន​នេះ​ចុះ​ប្រមាណ​២០%​ ក្នុង​ពេល​មួយ​កាល​ពី​ថ្ងៃអង្គារ​ ​មុន​ពេល​ដែលវា​ត្រូវ​ផ្អាក​កា​រធ្វើ​ជំនួញ​ជា​បណ្តោះ​អាសន្ន​មួយ​សន្ទុះ ហើយ​បាន​ធ្លាក់​ចុះ​ក្នុង​ពេល​រសៀល​ក្នុង​កម្រិត​១៣%។

ប្រទេស​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​បំផុត​សម្រាប់​ការ​នាំចេញ​ស្រា​របស់​ប្រទេស​អូស្ត្រាលី​ ដោយ​មាន​ទំហំ​ទឹក​ប្រាក់​ជាង​៧៩០លាន​ដុល្លារ​ក្នុង​ការ​លក់​មកប្រទេស​ចិន​កាល​ពី​ឆ្នាំ​ទៅ​ ឬ​ស្មើ​ប្រមាណ​៣៧%នៃការ​នាំ​ចេញ​ស្រា​របស់​អូស្ត្រាលី​ ហើយ​ប្រទេស​បារាំង​ឈរ​ក្នុង​លំដាប់​ទី​២​ ដោយផ្គត់ផ្គង់​ទី​ផ្សារ​២៧%​សម្រាប់​ស្រា​អូស្ត្រាលី។ ​

ដោយ​ឡែក​ក្រុម​ហ៊ុន​ផលិត​ស្រា Treasury Wine Estates បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​បញ្ជាក់​ថា​ ខ្លួន​នឹង​សហការ​ជា​មួយ​អាជ្ញាធរ​ប្រទេស​ចិនឬ​ប្រទេស​អូស្រ្តាលី​ ប្រសិន​បើ​មាន​សំណើ​សុំ​ឲ្យ​ក្រុម​ហ៊ុន​ផ្តល់​ព័ត៌មាន​ផ្សេងៗ​ទាក់​ទង​នឹង​បញ្ហា​នេះ។

ដោយឡែក​រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជ​កម្មសហព័ន្ធ​របស់​ប្រទេស​អូស្ត្រាលី​លោក Simon Birmingham បាន​ហៅ​ការ​ស៊ើប​អង្កេត​របស់​ប្រទេស​ចិន​ទាក់ទង​នឹង​រឿង​នេះ​ថា ជា​ការ​វិវត្តមួយ​ដ៏​គួរ​ឲ្យ​ខក​ចិត្ត និង​មាន​គួរ​ឲ្យ​ងឿង​ឆ្ងល់។

ការ​ស៊ើប​អង្កេត​អំពី​ការ​ទម្លាក់​ថ្លៃស្រានេះ​ជា​វិធានការ​ចុងក្រោយ​របស់​ចិន​ដែល​ទំនង​ដើម្បី​សងសឹក​ចំពោះ​ការណ៍​ដែល​អូស្ត្រាលី​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេតឯករាជ្យ​មួយ​ចំពោះ​ប្រភព​ដើម​នៃ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ដំបូង​នៅ​ទី​ក្រុង​វូហាន​ភាគ​កណ្តាល​ប្រទេស​ចិន។ កន្លង​មក​ចិន​បាន​បង្កើន​ពន្ធ​នាំ​ចូល​ខ្ពស់​ចំពោះ​ស្រូវ​សាលី​អូស្ត្រាលី​និង​ផ្អាក​ការ​នាំ​ចូល​សាច់​គោ​អូស្ត្រាលី ហើយ​ក៏​បាន​ស្នើ​ឲ្យ​ពលរដ្ឋ​ខពិចារណា​មិន​ទៅ​សិក្សា​ឬ​ទស្សនា​ប្រទេស​អូស្ត្រាលី​ ដោយ​សារ​ការ​អះអាង​ថា​មាន​ការ​រើស​អើង​ជាតិ​សាសន៍​នៅ​ទី​នោះ៕​

XS
SM
MD
LG