ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​អូស្ត្រាលី​ការពារ​ការ​ស៊ើប​អង្កេតក្រុម​ជន​អន្ធពាល Bali Nine


រូបថតឯកសារ៖ រូបថត​កាលពីឆ្នាំ​២០០៦​ ដែល​បង្ហាញ​រូប​អ្នក​រត់ពន្ធ​គ្រឿងញៀន​ Myuran Sukumaran (ឆ្វេង) និង Andrew Chan ក្នុង​ពេល​វិនិច្ឆ័យទោស​នៅ​ប្រទេស​ឥណ្ឌូនេស៊ី។
រូបថតឯកសារ៖ រូបថត​កាលពីឆ្នាំ​២០០៦​ ដែល​បង្ហាញ​រូប​អ្នក​រត់ពន្ធ​គ្រឿងញៀន​ Myuran Sukumaran (ឆ្វេង) និង Andrew Chan ក្នុង​ពេល​វិនិច្ឆ័យទោស​នៅ​ប្រទេស​ឥណ្ឌូនេស៊ី។

ប៉ូលិសសហព័ន្ធអូស្ត្រាលី​បាន​ការពារ​កិច្ច​សហប្រតិបត្តិការ​របស់​ពួក​គេ​ជា​មួយអាជ្ញាធរ​ឥណ្ឌូនេស៊ី ​ក្នុង​ករណីយ​អ្នកជួញ​ដូរ​គ្រឿង​ញៀន​ពីរ​នាក់​ដែល​បាន​ត្រូវ​ប្រហារ​ជីវិតកាល​ពី​សប្តាហ៍​មុន។ ​ពលរដ្ឋអូស្ត្រាលី​ពីរ​នាក់​ឈ្មោះ​ Myuran Sukumaran និង​ឈ្មោះ​ Andrew Chan ​ជា​សមាជិក​នៃក្រុម​ជន​អន្ធពាល ជួញ​ដូរគ្រឿង​ញៀន​មួយ​ក្រុម​ដែល​គេ​ស្គាល់​ថា ​ពួក​ជន​អន្ធពាល​ Bali ​៩​នាក់ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ Bali Nine ​ដែល​បាន​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត​ដោយសារ​ការ​រួម​ចំណែក​របស់​ពួក​គេ​ក្នុង​គម្រោងការ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ក្នុង​ការ​រត់ពន្ធ​គ្រឿង​ញៀន​កាល​ពី​មួយ​ទសវត្សរ៍មុន​នេះ។​

ប៉ូលិស​សហព័ន្ធ​អូស្ត្រាលី​ហៅ​កាត់​ថា AFP ​បានធ្វើ​សន្និសីទ​កាសែត​មួយកាល​ពី​ថ្ងៃ​ច័ន្ទ​ដើម្បី​«បំភ្លឺ»​អំពី​ពួកជន​អន្ធពាល​ Bali ៩​នាក់​នោះ។

ពួក​ពលរដ្ឋ​អូស្ត្រាលី​វ័យ​ក្មេង​មួយ​ក្រុម​នេះ​បាន​ត្រូវ​ចាប់​ខ្លួន​ពីព្រោះ​បាន​ព្យាយាមរត់ពន្ធ​ហេរ៉ូអ៊ីន ​ជាង​៨គ.ក្រ.​ពីកោះ​សម្រាក​កាយ​ Bali ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ​ទៅ​កាន់​ក្រុង​ស៊ីដនី ​កាល​ពី​ឆ្នាំ​២០០៥។​ សមាជិក​៧​នាក់​នៃ​ក្រុម​ជន​អន្ធពាល​នេះ​កំពុង​ជាប់​គុក​ក្នុង​រយៈពេល​យូរ​ នៅ​ពេល​ដែល​ពួក​មេៗ​នៃ​ក្រុម​ជន​អន្ធពាល​នេះ​គឺ​ឈ្មោះ​ Andrew Chan និង​ឈ្មោះ​ Myuran Sukumaran​ បាន​ត្រូវ​ប្រហារ​ជីវិត​ក្នុង​ប្រទេស​ ប្រទេស​ឥណ្ឌូនេស៊ី ​កាល​ពី​សប្តាហ៍​មុន។​

ភ្នាក់ងារ​ AFP ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ដែល​ថា ​ពួកគេ​មាន​«ដៃ​ប្រឡាក់​ឈាម»​ដោយសារ​កិច្ច​សហប្រតិបត្តិការ​របស់​ពួក​គេ​ជាមួយ​ប្រទេស ប្រទេស​ឥណ្ឌូនេស៊ី​ អំពី​ក្រុម​ជន​អន្ធពាល Bali ​៩នាក់​នោះ។ ​ពួក​នាយ​ប៉ូលិស​ជាន់​ខ្ពស់​បាន​ទទួល​ស្គាល់​ថា​ ពួក​គេ​បាន​ដឹង​ថា​សកម្មភាព​នៃ​ពួក​ជន​ទាំង​៩​នាក់​នេះ​កាល​ពី​មួយ​ទសវត្សរ៍​មុន​នេះ​ អាច​នាំ​ឱ្យ​ពួក​បុគ្គលទទួល​ទោស​ប្រហារជីវិត​បាន។ ​ពួក​មន្ត្រី​ប៉ូលិស​ទាំង​នេះ​បាន​គូស​បញ្ជាក់​ថា​ ពួក​គេ​គ្មាន​ហេតុផល​អ្វី​នឹង​ត្រូវ​សុំ​អភ័យទោស​ចំពោះ​ការ​ខិតខំ​ព្យាយាមបញ្ឈប់​ការ​ហូរ​ចូល​គ្រឿង​ញៀន​ខុស​ច្បាប់​ក្នុង​ប្រទេសអូស្ត្រាលី​ទេ។

ពួក​អ្នក​រិះគន់​បាន​និយាយ​ទទូច​ថា​ ពួក​ជន​អន្ធពាល​ទាំង​នេះ​អាច​ត្រូវ​ចាប់ខ្លួន​នៅ​មុន​ពេល​ពួក​គេ​ចាក​ចេញ​ពី​ប្រទេស​អូស្ត្រាលី​ ក៏​ប៉ុន្តែ​លោក​ Andrew Colvin ស្នងការ​ទីភ្នាក់ងារ​ AFP ​បាន​និយាយ​ថា​ មាន​ភ័ស្តុតាង​មិន​គ្រប់​គ្រាន់​ដើម្បី​ឃុំឃាំង​ពួក​ជន​ទាំង​នេះ​ទេ។ ​ទោះណា​ជា​សេចក្តី​ណែ​នាំ​របស់​កងកម្លាំង​ប៉ូលិស​សហព័ន្ធ​អូស្ត្រាលី​បាន​ត្រូវ​កែ​ប្រែ​ហើយ​ក៏​ដោយ​ ក៏​លោក​ Colvin បាន​ព្រមាន​ថា​ការ​ស៊ើបអង្កេត​ក្នុង​ពេល​អនាគតអាច​នាំ​ឱ្យ​មាន​ជន​ជាតិ​អូស្ត្រាលី​ប្រឈម​មុខ​នឹង​ទោសប្រហារ​ជីវិត​នៅ​ក្រៅ​ប្រទេស​បាន។

«វា​ជា​ការ​ពិត​ជាក់​ស្តែង​ដ៏​ពិបាក​មួយ​ដែល​ថា​ ប្រទេសជាច្រើន​នៅ​មាន​ទោស​ប្រហារ​ជីវិត​សម្រាប់​ការ​ប្រព្រឹត្តិបទ​ល្មើស​ធ្ងន់ធ្ងរ​។​ ព្រោះ​ហេតុនេះ​ហើយ ​យើង​មិន​អាច​កម្រិត​កិច្ច​សហប្រតិបត្តិការ​របស់​យើង​ត្រឹម​តែ​ជាមួយ​បណ្តា​ប្រទេស​ដែល​មាន​ប្រព័ន្ធ​យុត្តិធម៌​ស្រដៀង​នឹង​ប្រព័ន្ធ​របស់​យើង​ឬ​មាន​គោលនយោបាយស្រដៀង​គ្នា​នឹង​គោលនយោបាយ​របស់​យើង​ទេ។​ យើង​ត្រូវ​តែអាច​ធ្វើការ​ដោយ​មានប្រសិទ្ធិភាព​ជាមួយ​ប្រទេស​ទាំង​នោះ​ដែល​នៅ​ជិត​យើង​បំផុត​នៅ​ពេល​យើង​ពិចារណា​អំពី​តំបន់​ដែល​យើង​ឋិត​នៅ​ក្នុង​នោះ។ ​ចំពោះសំណួរ​សំខាន់​ដែល​ថា​ការណ៍​នេះ​អាច​កើត​មាន​បាន​ទៀត​ទេ​ ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​អាច​ធានារ៉ាប់​រង​ដល់​លោក​អ្នក​ថា​ សេណារីយ៉ូ​នេះ​មិន​អាច​កើត​មានបាន​ទៀតទេ ​ក៏​ប៉ុន្តែ​ខ្ញុំ​មិន​អាច​សន្យា​បាន​ឡើយ‍»។

ពួក​អ្នកគាំទ្រ​ឈ្មោះ Andrew Chan និង​ឈ្មោះ ​Myuran Sukumaran ​បាន​និយាយ​ថា​ ពួក​គេ​បាន​ត្រូវ​កែប្រែ​ជា​ថ្មី​ហើយ​បាន​ក្លាយ​ទៅ​ជា​គម្រូ​ល្អ​សម្រាប់​ពួក​អ្នកទោស​ឯទៀតៗ។​ Chan ​បាន​ក្លាយ​ទៅ​ជា​អ្នកផ្សព្វផ្សាយ​គ្រឹស្តសាសនា​នៅ​ក្នុង​គុក​ហើយ​ Sukumaran បាន​ក្លាយ​ទៅ​ជា​វិចិត្រករ​ចំណាន​ម្នាក់។​ ជន​ទាំង​ពីរ​នាក់​នេះ​បាន​ត្រូវ​ប្រហារ​ជិវិត​កាល​ពី​អាទិត្យ​មុន​រួម​ជាមួយ​ពួក​អ្នកទោស​មាន​ទោស​ដូចគ្នាមក​ពី​ប្រទេស​ប្រេស៊ីល និង​ប្រទេស​នីហ្សេរីយ៉ា ​ដែល​បណ្តាល​ឱ្យ​មាន​ការខឹង​សម្បា​ពី​អន្តរជាតិ។ ​ប្រទស​អូស្ត្រាលី​បាន​ដក​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ចេញ​ពី​ប្រទេស​ឥណ្ឌូនេស៊ី​ ជា​ការ​តវ៉ា។ ប្រទេសឥណ្ឌូនេស៊ី​បាន​និយាយ​ថា​ ការ​ប្រហារ​ជីវិត​ពួក​ជន​ទាំង​នេះ​ជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​ខ្លួន​ហៅ​ថា​«ការ​ទប់ទល់​នឹង​ភាព​មាន​អាសន្ន​ដោយសារ​គ្រឿងញៀន»។

ប្រែ​សម្រួល​ដោយ ឈឹម សុមេធ

XS
SM
MD
LG