ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Joko Widodo ​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ឥណ្ឌូនេស៊ី


លោក​ Joko Widodo ​បាន​ក្លាយ​ជា​អ្នក​នយោ​បាយ​ដ៏​មាន​ប្រ​ជាប្រីយ៍ភាពនិងក្លាយ​​ជា​ប្រធានាធិបតី​លើក​ទី​៧​របស់​ប្រទេស​ឥណ្ឌូនេស៊ី​។​
លោក​ Joko Widodo ​បាន​ក្លាយ​ជា​អ្នក​នយោ​បាយ​ដ៏​មាន​ប្រ​ជាប្រីយ៍ភាពនិងក្លាយ​​ជា​ប្រធានាធិបតី​លើក​ទី​៧​របស់​ប្រទេស​ឥណ្ឌូនេស៊ី​។​

នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ កាលពី​ថ្ងៃ​ច័ន្ទ ​លោក​ Joko Widodo ​អតីត​សហ​គ្រិន​គ្រឿង​សង្ហារឹម​ ដែល​បាន​ក្លាយ​ជា​អ្នក​នយោ​បាយ​ដ៏​មាន​ប្រ​ជាប្រីយ៍ភាព​យ៉ាង​ខ្លាំង​ ​បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​លើក​ទី​៧​របស់​ប្រទេស​នោះ។ ​មាន​ការ​រំពឹង​និងការ​ប្រឈម​យ៉ាង​ខ្លាំង​សម្បើមនៅ​ពេល​ខាង​មុខ​សម្រាប់​ប្រធានាធិបតី​ថ្មី​នៃ​ប្រ​ទេសកាន់លទ្ធិ​ប្រជា​ធិបតេយ្យ​ធំទី​៣​របស់​ពិភព​លោក​នេះ។

ពិធី​ស្បថ​ចូល​កាន់​តំណែងរបស់​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ Joko Widodo ​បានធ្វើ​ឡើង​នៅ​សភា​ជាតិ​កាលពី​ថ្ងៃ​ច័ន្ទ​ ​ហើយ​បាន​ចូលរួម​ដោយ​ប្រមុខ​រដ្ឋ​មក​ពី​ប្រទេស​អូស្រ្តាលី​សឹង្ហបូរី​និង​ម៉ាឡេស៊ី ​និង​លោក ​John Kerry​ រដ្ឋមន្រ្តី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក។​

ពិធី​នេះ ​រួមមានការ​ដង្ហែក្បួននៅតាម​ផ្លូវ ​ដន្ត្រី ​Rock ​នៅ​ពេល​រសៀល​ហើយ​នឹង​ការ​បង្ហោះ​គោម​ក្រដាសរាប់​ពាន់។ ​នៅ​ពេល​ថ្ងៃត្រង់​ ​ពួក​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​ បាន​ប្រមូល​ផ្តុំគ្នា​នៅ​ផ្លូវ​សំខាន់ៗ​ក្នុង​រដ្ឋ​ធានី​ហ្សាកាតា​ដើម្បី​ស្វាគមន៍​ប្រធានាធិបតី​របស់​ខ្លួន។​

លោក ​Widodo ​បាន​ដឹកនាំ​ប្រទេស​ឥណ្ឌូនេស៊ី​ដោយ​មាន​ការ​គាំទ្រ​ពី​មូលដ្ឋាន​យ៉ាង​ខ្លាំង។​ ដោយ​គ្មាន​ចំណង​ទាក់ទង​ទៅនឹង​ស្ថាប័ន​នយោបាយ​ និង​វរៈ​ជន​ក្នុង​សម័យ​ប្រធានាធិបតី ​Suharto​ នោះ​ ការ​បោះឆ្នោត​របស់​អ្នក​នយោបាយ​ដ៏​មាន​ប្រជា​ប្រីយ៍ភាព​ ​ត្រូវ​បាន​ចាត់​ទុក​ថា​ជាចំណុច​របត់​ដ៏​សំខាន់​មួយ​ក្នុង​លទ្ធិ​ប្រ​ជា​ធិបតេយ្យ​ដ៏​ក្មេង​ខ្ចី​របស់​ប្រទេស​ឥណ្ឌូនេស៊ី។

​ការ​បោះឆ្នោត​របស់​លោក បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ក្តី​សង្ឃឹម​និង​ការ​ផ្លាស់​ប្តូរ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ​ ក៏ប៉ុន្តែ លោក Aleksius Jemadu ជា​អ្នក​វិភាគ​នយោបាយពី​សាកល​វិទ្យា​ល័យ​ Pelita Harapan ​និយាយ​ថា ​ប្រធានាធិបតី​ថ្មី ​ប្រឈម​បញ្ហា​យ៉ាង​ខ្លាំង។

«ខ្ញុំ ​គិតថា បញ្ហា​ដ៏​ធំបំផុត គឺថា​តើ​លោក ​ការ​ពារ​គោល​នយោបាយ​របស់​លោក​យ៉ាង​ដូចម្តេច ហើយ​ថា​តើធ្វើ​យ៉ាង​ដូចម្តេច​ដើម្បី​ទទួល​បានការ​គាំទ្រ​ពី​សមា​ជិក​សភា​ ជា​ពិសេសអ្នក​ដែល​ស្ថិត​នៅ​ម្ខាង​ទៀត​នៃ​វិសាលគម​នយោ​បាយ»។

លោក Widodo ​ដែល​បាន​ឈ្នះ​ការ​បោះឆ្នោតប្រធានាធិបតី​ដោយ​បាន​ទទួល​សន្លឹក​ឆ្នោតទូទាំង​ប្រទេស​ចំនួន៥៣ភាគរយ​ ​មិន​បាន​ទទួល​សំ​ឡេង​ភាគ​ច្រើន​នៅ​ក្នុង​សភា​របស់​ឥណ្ឌូនេស៊ី​ទេ។

ចំណាត់​ការ​កាល​ពី​ពេល​ថ្មីៗនេះ​របស់​សភាដើម្បីលប់​ចោលការ​ធ្វើ​កំណែទម្រង់​ក្រោយ​របប​ប្រធានាធិបតី​ស៊ូហាតូហើយ​នឹង​បញ្ចប់​ការ​បោះឆ្នោតដោយ​ផ្ទាល់​សម្រាប់​មេដឹកនាំ​មួល​ដ្ឋាន ​បាន​ធ្វើ​ឲ្យ​មានការ​ភ័យ​ខ្លាច​ថា ​គណបក្ស​ប្រឆាំង​ដែល​ចង​គំនុំ​ ​អាចរារាំងរបៀប​វារៈ​នៃ​ការ​ធ្វើ​កំណែទម្រង់​របស់​ប្រធានាធិបតី​ ​ហើយ​នឹងប្រកែក​មិន​អនុម័ត​ថវិការ​ដើម្បី​អនុវត្តិ​ការ​ធ្វើ​កំណែ​ទម្រង់​នោះ។

​ដោយ​សារ​សេដ្ឋ​កិច្ចឥណ្ឌូ​នេស៊ី ​កំពុង​មាន​ការ​យឺតយ៉ាវដល់​កម្រិត​ទាប​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​នៅពេល​ដែល​ការលក់របស់​ប្រើ​ប្រាស់ ​បាន​ធ្លាក់ចុះ ​ប្រធានាធិបតី​ថ្មី ​កំពុង​ផ្តោត​លើ​ការ​រីក​លូតលាស់​សេដ្ឋ​កិច្ច៧ភាគរយ​ ​ហើយ​បាន​សន្យាធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនា​សម្ព័ន្ធ ​កាត់​បន្ថយ​ការិយាធិបតេយ្យហើយ​នឹង​អនុវត្តការ​ធ្វើ​កំណែ​ទម្រង់​រចនាសម្ព័ន្ធ​ដែល​បានអូសបន្លាយ។

​ប្រធានាធិបតី​ Widodo ​ក៏​បាន​សន្យាធ្វើ​ការ​សម្រេច​ខាង​នយោបាយ​ដែល​គ្មាន​ប្រជាប្រីយ៍ភាព​ដើម្បី​បង្កើន​តម្លៃ​ឥន្ធនៈ​ដែល​ផ្តល់​ប្រាក់​ដោយ​រដ្ឋចំនួន​៥០​ភាគរយ ​ជា​ចំណាត់​ការ​មួយ​ដែល​ត្រូវ​គេ​រំពឹង​ថា​ នឹង​ជួយ​សន្សំ​ប្រាក់​រដ្ឋាភិបាល​ជិត​១៣​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។​

អតីត​ពាណិជ្ជករ​ ដែលក្លាយ​ជាអភិបាល​ក្រុង​តូច​មួយ​ហើយ​ក្រោយ​មក​បាន​ក្លាយ​ជា​អភិបាល​រដ្ឋ​ធានី​ហ្សាកាតា​មុន​ពេល​លោក​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​នោះ​ ​លោក​ប្រធានាធិបតី ​Widodo ​បាន​បង្ហាញ​ខ្លួន​ថា​ ជា​ជន​ស្អាតស្អំ ​គ្មាន​ជម្លោះ​ ជា​អ្នក​ចាត់​ចែង​ល្អិតល្អន់។​

លោក ​Yohanes ​Sulaiman ​ជា​អ្នក​វិភាគ​នយោបាយនៅ​សាកល​វិទ្យាល័យ​ការ​ពារជាតិ​របស់​ឥណ្ឌូនេស៊ី​ ​និយាយ​ថា ​ការ​សង្កត់​របស់​លោក ​WIdodo ​លើ​ការ​កែទម្រង់​ក្នុង​ប្រទេស ​ដូច​ជា​ទុក​ចន្លោះ​តូច​បំផុតដល់​ការ​ព្រួយ​កង្វល់​ពី​គោល​នយោបាយ​ការ​បរទេស។​

«ជាទូទៅ ​លោក​ចាំបាច់​ធ្វើ​កិច្ច​ការ​ទាំង​នោះ​ឲ្យ​បានជោគជ័យ​ ដែលធ្វើ​ឲ្យ​ខ្ញុំ​គិត​ឬ​និយាយ​ស្មានៗ​ថា ​គោល​នយោបាយ​ការ​បរទេស​នឹង​ដូច​កាល​ពី​មុន​ដែរ​ ខ្ញុំ​ចង់​និយាយ​ថា ​វាជា​អាទិភាព​ចុងក្រោយ​របស់​លោក។ ​លោក​ប្រាកដ​នឹង​មិន​ធ្វើ​បាន​ច្រើន​ទេ។ ​ការណ៍​នេះ​ហាក់​ដូចជា​អ្វី​ដែល​លោក​កំពុង​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់នៅ​ត្រង់​ចំណុច​នេះ​គឺ​ការ​រីកលូតលាស់​សេដ្ឋ​កិច្ច ក៏​ប៉ុន្តែ​មាន​ជោគជ័យ​តិច​តួច​លើ​គោល​នយោបាយ​ការ​បរទេស»។​

ប្រធានាធិបតី ​Widodo ​ត្រូវ​គេ​រំពឹង​យ៉ាង​ខ្លាំង​ថា ​លោក​ជា​អ្នក​និយម​អន្តរ​ជាតិ​តិច​ជាង​លោក ​Susilo​ Bambang​ Yudhoyono ​អ្នកកាន់​តំណែង​មុន​លោក។​

ទោះ​ជាយ៉ាង​ណាក៏ដោយ ​លោក​ប្រធានាធិបតី​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀតពី​ការ​តាំង​ចិត្ត​របស់​លោកដល់​គោល​នយោបាយ​ការ​បរទេស​ឯក​រាជ្យ​ និង​សកម្ម​ហើយ​នឹងធ្វើ​កំណែ​ទម្រង់​ឲ្យ​ឥណ្ឌូនេស៊ី​ដែល​ជា​ប្រទេស​មាន​ជាតិ​សាសន៍​ចម្រុះហើយដែល​កើត​ឡើង​ដោយ​សារកោះ​ជាង​១​ម៉ឺន​៧​ពាន់​នេះ​ បាន​ក្លាយ​ជា​អ័ក្ស​ផ្លូវ​នាវា​ចរណ៍​សាកល​លោក។​

នៅ​ក្នុង​សុន្ទរកថា​ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែងរបស់​លោក​កាល​ពី​ថ្ងៃ​ច័ន្ទ ​លោក​ ​វិល​ត្រឡប់​ទៅ​កាន់​គំនិតរបស់​សុភាសិត​ថា ​«ក្នុង​ឋានៈ​ជា​កាពីតេន​កប៉ាល់​ ​ខ្ញុំ អញ្ជើញ​ជន​ជាតិ​ឥណ្ឌូនេស៊ី​ទាំងអស់​ឡើង​ជិះ​កប៉ាល់​ដើម្បី​ធ្វើ​ដំណើរ​ជាមួយ​គ្នា​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី​ដ៏​រុងរឿង​មួយ»។​

ដោយ​តាំង​នៅ​ចន្លោះ​ឥណ្ឌា ​និង​មហាសមុទ្រ​ប៉ាស៊ី​ហ្វិកហើយ​នឹង​មាន​ព្រំ​ដែន​ជា​មួយសមុទ្រ​ចិន​ខាង​ត្បូង​នោះ​ ​ប្រទេស​ឥណ្ឌូនេស៊ី​មាន​ឱកាស​បាន​យក​ផល​ប្រយោជន៍​ផ្លូវ​នាវាចរណ៍។​ ក៏ប៉ុន្តែ ​អ្នក​វិភាគ​នយោបាយ​ Jemadu និយាយ​ថា ​គោល​ដៅ​និង​សមត្ថភាព​ជា​លក្ខណៈ​២​ខុស​គ្នា​នៃ​សមីការ។​

«ដើម្បី​សម្រេច​គោលដៅ​ទាំងអស់​របស់​លោក ​ដែល​ទាក់​ទិន​ទៅ​នឹង​គំនិតនេះ ​វា ត្រូវ​ការ​សមត្ថភាព​ សមត្ថភាព​ខាង​ការទូត​ ​សេដ្ឋ​កិច្ច ​បច្ចេក​វិទ្យា​ដើម្បី​គាំទ្រ​ផែន​ការ​ឬ​គំនិត​របស់​លោក​ដើម្បី​ក្លាយ​ជា​មជ្ឈ​មណ្ឌល​នាវាចរណ៍នៅ​ក្នុងពេល​ប្រកួត​ប្រជែងដ៏​ស្វិត​ស្វាញក្នុង​ចំណោម​មហា​អំណាច​ធំៗ​នៅ​ជុំវិញ​ប្រទេស​ឥណ្ឌូនេស៊ី​នេះ»។​

ពិធី​ស្បថ​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃ​ច័ន្ទ​នេះកត់​សម្គាល់​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ីថា ​អំណាច​បាន​ត្រូវ​ប្រគល់​ដោយ​ផ្ទាល់​ពី​មេ​ដឹកនាំ​ជាប់​ឆ្នោតមួយ​ទៅ​ឲ្យ​មេ​ដឹកនាំ​ជាប់​ឆ្នោត​មួយ​ទៀត។​

ប្រធានាធិបតី ​Widodo ​បាន​សន្យា​ខំធ្វើ​ការងារ​ដើម្បី​ប្រជា​ពលរដ្ឋ​ឥណ្ឌូនេស៊ី​ទាំង​អស់ ​ចាប់​តាំងពី​អ្នកមាន​អាជីព​ដល់​កសិករ ​អ្នក​នេសាទ​ហើយ​នឹង​អ្នក​លក់​ដូរ​នៅ​តាម​ផ្លូវ ​ដោយ​អំពាវនាវដល់​ប្រជា​ពលរដ្ឋ​ឥណ្ឌូនេស៊ី​ទាំងអស់​កាល​ពី​ថ្ងៃ​ច័ន្ទ​ នៅ​ក្នុង​ឱកាស​ជា​ប្រវត្តិ​សាស្រ្ត​នេះ​ ធ្វើការ​ជាមួយ​គ្នា​ដើម្បីធ្វើ​ឲ្យ​ប្រទេស​រុងរឿង​ និង​មាន​សន្តិភាព៕

ប្រែសម្រួលដោយ​ ​ជឹង ​ប៉ូជីន

XS
SM
MD
LG