ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កំហឹង​​ផ្ទុះ​ឡើង​បន្ទាប់​ពី​ឥណ្ឌូនេស៊ី​ប្រហារ​ជីវិត​មនុស្ស​៦​នាក់​ពី​បទ​ជួញ​ដូរ​ថ្នាំ​ញៀន​


រថយន្ត​សាមុយ​ដឹក​សាកសព​ជន​ល្មើស​ដែល​ត្រូវ​បាន​ប្រហារ​ជីវិត​ពី​បទ​ជួញ​ដូរ​ថ្នាំ​ញៀន​ នៅ​ខេត្ត​​ជ្វា​ភាគ​កណ្តាល​ ប្រទេស​ឥណ្ឌូនេស៊ី​ នាថ្ងៃ​ទី​១៨ ខែ​មករា​ ឆ្នាំ​២០១៥​។

ប្រទេស​ប្រេស៊ីល ​និង​ហូឡង់​បាន​កោះហៅ​ឯកអគ្គ​រដ្ឋទូត​របស់​ខ្លួន​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ ក្រោយពី​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​មួយនេះ​មិន​អើពើ​នឹង​ការ​អង្វរករ​សុំ​ឲ្យ​អត់​ឱន​ចំពោះ​ជន​ជាប់ចោទ ​ហើយ​បាន​ប្រហារ​ជីវិត​មនុស្ស​៦​នាក់ ​ដែល​ក្នុង​នោះ​មាន​ជន​បរទេស​៥​នាក់​ ពីបទ​ជួញដូរ​ថ្នាំញៀន។​

ការិយាល័យ​អគ្គរដ្ឋ​អាជ្ញា​ឥណ្ឌូនេស៊ីនិយាយ​ថា​ ជន​បរទេស​៥នាក់​នោះ​ និង​ជន​ជាតិ​ឥណ្ឌូនេស៊ី​ម្នាក់​ត្រូវ​ប្រហារ​ជីវិត​ដោយ​ក្រុម​បាញ់​ប្រហារជីវិត​ បន្តិច​ក្រោយ​យប់​កណ្តាលអាធ្រាត្រ​រវាង​ថ្ងៃសៅរ៍​និង​ថ្ងៃអាទិត្យ​ នៅខេត្តជ្វាភាគ​កណ្តាល។លោក Muhammad Prasetyo​ អគ្គ​រដ្ឋអាជ្ញា​ឥណ្ឌូនេស៊ីនិយាយថា ​នេះ​បាន​អះអាង​បញ្ជាក់​ពី​ការ​តាំងចិត្ត​របស់​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ថា ​ប្រទេស​នេះ​នឹងមិន​សម្រប​សម្រួល​ជាមួយ​ជនល្មើស ​អ្នកជួញដូរ​ និង​ក្រុមខុស​ច្បាប់​ណា​មួយ​ទេ។​ ​

លោក ​ Bert Koenders ​រដ្ឋមន្ត្រី​ការ​បរទេស​ហូឡង់​បាន​ហៅការ​កាត់ទោស​ប្រហារ​ជីវិត​នេះ​ថា ​ ឃោរឃៅ​ និង​ជាទណ្ឌកម្ម​អមនុស្សធម៌​ មិនអាច​ទទួល​យក​បាន​ ដែល​ជាការ​បដិសេធ​សេចក្តី​ថ្លៃ​ថ្នូរ​ និង​អធិបតេយ្យ​របស់​មនុស្ស។ ​ សេចក្តី​ថ្លែង​ការណ៍​របស់​រដ្ឋាភិបាល​ប្រេហ្ស៊ីល​និយាយថា​ ការ​ដាក់ទណ្ឌកម្ម​ប្រហារ​ជីវិតនេះ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ។ ​ ជន​ជាតិ​ម៉ាឡាវី នីហ្សេរីយ៉ា​ ​និងវៀតណាម​ ក៏ត្រូវ​សម្លាប់​ដែរ។​ ​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ Amnesty​ International ​ហៅ​ទោសការ​ប្រហារ​ជីវិតនោះថា ​ជាការ​រំលោភ​សិទ្ធិ​មនុស្ស៕

XS
SM
MD
LG