នាយករដ្ឋមន្រ្តីប្រទេសអូស្រ្តាលី លោក Tony Abbott កំពុងបង្កើនការដាក់សំពាធលើប្រទេសឥណ្ឌូនេស៊ី ដើម្បីទុកជីវិតអ្នកជួញដូរថ្នាំញៀនជនជាតិអូស្រ្តាលី២នាក់ ដែលស្ថិតក្នុងបញ្ជីប្រហារជីវិត។
នៅឯសន្និសីទសារព័ត៌មាននៅថ្ងៃពុធនេះ លោក Abbottបានមានប្រសាសន៍ថា អូស្រ្តាលីនឹងធ្វើឲ្យឥណ្ឌូនេស៊ីដឹងយ៉ាងច្បាស់ពី «លក្ខខណ្ឌពិតប្រាកដដែលធ្វើអូស្រ្តាលីមានការខកចិត្តយ៉ាងខ្លាំង» ប្រសិនបើការប្រហារជីវិតនោះធ្វើឡើង។
លោកនាយករដ្ឋមន្រ្តីក៏បានជំរុញឥណ្ឌូនេស៊ីឲ្យមានការតបតវិញនូវជំនួយដ៏ធំដែលអូស្រ្តាលីបានផ្តល់ទៅឲ្យរដ្ឋាភិបាលទីក្រុងហ្សាកាតា បន្ទាប់ពីប្រទេសដែលសំបូរដោយកោះនោះបានទទួលរងផលប៉ះពាល់ដោយសារមហារលកយក្សស៊ូណាមិកាលពីឆ្នាំ២០០៤។
លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា៖ «សូមកុំភ្លេចថា កាលពី3-4ឆ្នាំមុននៅពេលដែលប្រទេសឥណ្ឌូនេស៊ី បានរងផលប៉ះពាល់ដោយរលកយក្សស៊ូណាមិនៃមហាសមុទ្រឥណ្ឌា អូស្រ្តាលីបានបញ្ជូនជំនួយដែលមានប្រាក់រាប់ពាន់លានដុល្លារ យើងបានបញ្ជូនកងទ័ពរបស់យើងយ៉ាងច្រើនដើម្បីជួយឥណ្ឌូនេស៊ីក្នុងផ្នែកមនុស្សធម៌ ហើយជនជាតិអូស្រ្តាលីបានបាត់បង់ជីវិតរបស់ខ្លួននៅក្នុងយុទ្ធនាការដើម្បីជួយឥណ្ឌូនេស៊ីនោះ»។
ខណៈដែលលោកនាយករដ្ឋមន្ត្រី Abbott បានបញ្ជាក់ប្រាប់ឥណ្ឌូនេស៊ីថា «អូស្រ្តាលីជានិច្ចកាលស្ថិតនៅប្រទេសនោះដើម្បីជួយឥណ្ឌណេស៊ី» លោកនាយករដ្ឋមន្រ្តីក៏បានមានប្រសាសន៍ដែរថា៖ «យើងមិនអាចធ្វើព្រងើយកន្តើយអំពីបញ្ហាទាំងនេះទេ»។ លោកបន្ថែមទៀតថា គ្មានសញ្ញាណាបង្ហាញថាឥណ្ឌូនេស៊ីមានបំណងផ្តល់ការអត់ឱនទោសដល់ជនជាតិអូស្រ្តាលីទាំង២នាក់នោះទេ។
សេចក្តីសង្ឃឹមបានកើតមានឡើងកាលពីថ្ងៃអង្គារ បន្ទាប់ពីក្រុមអាជ្ញាធរឥណ្ឌូនេ ស៊ីបានពន្យារការផ្ទេរអ្នកទោសទាំង២នាក់នោះទៅកាន់កន្លែងផ្សេងទៀត ដែលនៅទីនោះគេគ្រោងនឹងសម្លាប់អ្នកទាំង២នាក់នោះដោយការបាញ់ជាក្រុម៕