ទីភ្នាក់ងារវិទ្យាសាស្ត្រជាតិរបស់ប្រទេសអូស្ត្រាលីព្រមានថាកង្វះខាតអ្នកវិទ្យាសាស្ត្រដែលមានជំនាញខាងផ្សាំរុក្ខជាតិអាចនាំឱ្យមានបញ្ហាសន្ដិសុខស្បៀងធ្ងន់ធ្ងរនៅទូទាំងពិភពលោក។ អ្នកវិទ្យាសាស្ត្រនិយាយថាការផ្សាំរុក្ខជាតិគឺជាវិទ្យា សាស្ត្រដ៏សំខាន់មួយដែលជាមូលដ្ឋានគ្រឹះនៃផលិតកម្មស្បៀងអាហារ ចំណីអាហារសត្វ និងប្រេងឥន្ធនៈសាកលលោក។ ការរកឃើញនេះគឺស្ថិតក្នុងចំណោមសេចក្ដី សន្និដ្ឋាននានានៃការសិក្សាដែលត្រូវបានបោះពុម្ពផ្សាយកាលពីពេលថ្មីៗនេះដោយ សារក្រុមអ្នកស្រាវជ្រាវមកពីប្រទេសអូស្ត្រាលី នូវែលហ្សេឡង់ និងកាណាដា។
ការសិក្សារួមគ្នាមួយដែលត្រូវបានបោះពុម្ពផ្សាយដោយអង្គការស្រាវជ្រាវឧស្សាហកម្មនិងវិទ្យាសាស្ត្រ Commonwealth ហៅកាត់ថា CSIROក្នុងកិច្ចសហការគ្នាជាមួយនឹងសាកលវិទ្យាល័យ Lincoln ក្នុងប្រទេសនូវែលហ្សេឡង់និងសាកលវិទ្យាល័យ McGill ក្នុងប្រទេសកាណាដាបានព្រមានថាអ្នកជំនាញជាន់ខ្ពស់ខាងផ្សាំរុក្ខជាតិដែលត្រូវដល់ពេលចូលនិវត្តន៍មិនត្រូវបានជំនួសដោយនិស្សិតទើបបញ្ចប់ការសិក្សាពីសាកវិទ្យា ល័យក្នុងចំនួនដ៏ច្រើននោះ ដោយសារពួកគេភាគច្រើនជ្រើសរើសរៀនជំនាញផ្សេងទៀតទាក់ទិននឹងវិទ្យាសាស្ត្ររុក្ខជាតិដូចជាម៉ូលេគុលជីវវិទ្យាជាដើម។
អ្នកស្រី Lucy Egan គឺជាអ្នកនិពន្ធចម្បងនៃការសិក្សានេះនិងជាអ្នកវិទ្យាសាស្ត្រស្រាវ ជ្រាវម្នាក់នៃអង្គការ CSIRO។ អ្នកស្រីបានប្រាប់ VOA កាលពីថ្ងៃពុធ ទី១២ ខែមិថុនា ថាការជ្រើសរើសបុគ្គលិកថ្មីគឺជារឿងចាំបាច់។ អ្នកស្រីថ្លែងថា៖«វាពិតជាផ្អែកទៅលើការបង្កើតប្រភេទរុក្ខជាតិថ្មីសម្រាប់អាកាសធាតុនាពេលអនា គត។ ដូច្នេះការផ្សាំរុក្ខ ជាតិគឺជារឿងសន្សឹមៗមួយ។ វាត្រូវការពេលយូរដើម្បីបង្កើតប្រភេទរុក្ខជាតិថ្មីមួយ ដូច្នេះគេអាចត្រូវការពេលជាមធ្យមយ៉ាងហោចណាស់ចំនួន ១០ ឆ្នាំដើម្បីបង្កើតប្រ ភេទរុក្ខជាតិថ្មីមួយ។ នៅពេលដែលខ្វះអ្នកផ្សាំរុក្ខជាតិថ្មីដើម្បីជំនួសអ្នកមុនដែលចូលនិវត្តន៍ វាពិតជាបង្កឱ្យមានការព្រួយបារម្ភទាក់ទិននឹងការបន្ដវេន»។
ការសិក្សានេះក៏បានឱ្យដឹងថាផលប៉ះពាល់ដោយសារកង្វះខាតជំនាញអាចនឹងធ្ងន់ធ្ងរ ហើយថាសន្ដិសុខស្បៀងអាហារសាកលលោកអាចនឹងរងផលប៉ះពាល់។ ការសិក្សានេះផ្ដល់អនុសាសន៍ឱ្យបង្កើត«អគារបណ្ដុះបណ្ដាលសម្រាប់ការងារនេះនៅក្នុងបណ្ដាប្រទេសនានា»។
អ្នកស្រី Egan និយាយថា ការផ្សាំរុក្ខជាតិអាចជួយដល់បណ្ដាប្រទេសនានាឱ្យសម្របខ្លួនទៅនឹងអាកាសធាតុដែលក្ដៅជាងមុន។ អ្នកស្រីថ្លែងថា៖«ខ្ញុំគិតថាជាជាងផ្ដោតទៅលើប្រទេសមួយចំនួននិងផលប៉ះពាល់ ខ្ញុំគិតថាប្រសិនបើអ្នកពិនិត្យមើលទៅលើវាក្នុងកម្រិតសកល ការផ្សាំរុក្ខជាតិគឺពិតជាមូលដ្ឋានគ្រឹះ សំខាន់នៃវិស័យកសិកម្ម។ គ្មានការផលិតរុក្ខជាតិប្រភេទថ្មីឱ្យស្របទៅតាមអាកាស ធាតុនិងកត្តាផ្សេងៗទៀតដែលកំពុងកើតឡើងនៅទូទាំងសកលលោក យើងត្រូវតែពង្រឹងសក្តានុពល ហើយភាពធន់ក្នុងវិស័យកសិកម្មនិងការផ្សាំរុក្ខជាតិគឺពិតជាកត្តាចម្បងក្នុងការធ្វើដូច្នេះ»។
ការសិក្សានេះត្រូវបានបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិដែលមានឈ្មោះថាCrop Science។ ការសិក្សានេះបង្ហាញថា ចាប់តាំងពីទសវត្សរ៍ ១៩៦០ មក ផលិតកម្មដំណាំសកលបានកើនឡើងជាង ២៥០ ភាគរយ ដែលមួយផ្នែកធំគឺដោយសារតែវិទ្យា សាស្ត្រនៃការផ្សាំរុក្ខជាតិនេះ៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា